ហ្វីលីពីនកំពុងប្រើប្រាស់គុណតម្លៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីប្រែក្លាយខ្លួនជាមហាអំណាចឥណ្ឌូ-ប៉ាស៊ីហ្វិក
កាលពីថ្ងៃទី ៣ ខែមិថុនា ប្រមុខការពារជាតិហ្វីលីពីននិងសមភាគីរបស់លោកមកពីអាមេរិក, ជប៉ុន និងអូស្ត្រាលី បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចតុភាគី ដោយបានអះអាងអំពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ។ តើនេះជាសញ្ញានៃការបង្កើតក្រុម «Quad» ថ្មីមែនដែរឬទេ? នេះគឺជាលទ្ធផលមួយនៃយុទ្ធសាស្ត្ររបស់ហ្វីលីពីនក្នុងការបង្កើនគុណតម្លៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីបង្កើនអំណាចជាតិរបស់ខ្លួន និងដើម្បីអាចក្លាយជាមហាអំណាចឥណ្ឌូ-ប៉ាស៊ីហ្វិក។
កង្វល់ផ្នែកសន្តិសុខដ៏ធំបំផុតរបស់ហ្វីលីពីនគឺ «ការគាបសង្កត់នៅសមុទ្រចិនខាងត្បូង និងជម្លោះនៅកោះតៃវ៉ាន់»។ GDP របស់ចិនសម្រាប់មនុស្សម្នាក់ៗមានទំហំធំជាងហ្វីលីពីនប្រហែល ៣,៥ ដង។ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ហ្វីលីពីនបានចំណាយជាមធ្យមត្រឹមតែ ១,១៥% នៃ GDP របស់ខ្លួនលើវិស័យការពារជាតិ បើធៀបនឹង ១,៧% នៅចិន។
ភាពខុសគ្នានៃអំណាចដែនសមុទ្រ មានលក្ខណៈគួរឱ្យកត់សម្គាល់។ កងទ័ពជើងទឹកចិនកំពុងប្រតិបត្តិការនាវាមុជទឹក ៥៩ គ្រឿង និងនាវាចម្បាំង ៩២ គ្រឿង។ កងទ័ពជើងទឹកនិងឆ្មាំឆ្នេរសមុទ្រកំពុងប្រតិបត្តិការនាវាល្បាត និងនាវាប្រយុទ្ធតាមឆ្នេរសមុទ្រជិត ៧០០ គ្រឿង ហើយកងជីវពលដែនសមុទ្ររបស់ចិនត្រូវបានប៉ាន់ស្មានថាមាននាវាប្រហែល ៤០០ គ្រឿង ប្រៀបធៀបនឹងនាវាចម្បាំង ២ គ្រឿងរបស់ហ្វីលីពីន និងនាវាល្បាត និងនាវាប្រយុទ្ធតាមឆ្នេរចំនួន ១២៥ គ្រឿង របស់ហ្វីលីពីន។
ប្រឈមមុខនឹងភាពមិនស្មើគ្នានៃអំណាច ហ្វីលីពីនកំពុងប្រើប្រាស់គុណតម្លៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ផ្នែកយោធានិងសេដ្ឋកិច្ចពីអាមេរិក, ជប៉ុន និងអូស្ត្រាលី។ នេះមិនមែនជាប្រតិបត្តិការដើម្បីទទួលជំនួយពីបរទេសទេ។ ផ្ទុយទៅវិញ ហ្វីលីពីនកំពុងព្យាយាមប្រែក្លាយខ្លួនជាដៃគូដ៏រឹងមាំ និងស្មើភាពគ្នាដើម្បីថែរក្សាសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ និងការពារនូវផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់ហ្វីលីពីន គឺសម្ព័ន្ធភាពរបស់ខ្លួនជាមួយអាមេរិកដែលត្រូវបានបង្កើតឡើងដោយផ្អែកលើប្រវត្តិសាស្ត្រនៃសង្រ្គាម, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងសិទ្ធិចូលទៅប្រើប្រាស់មូលដ្ឋានកាន់តែទូលំទូលាយ។ សម្ព័ន្ធមិត្តទាំងពីរនេះមានគោលបំណងយុទ្ធសាស្ត្ររួម ដែលនោះគឺការថែរក្សាសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់នៅសមុទ្រចិនខាងត្បូង និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។
ផ្អែកលើគោលដៅនេះ ពួកគេបានពង្រីកយ៉ាងឆាប់រហ័សនូវវិសាលភាពនៃទំនាក់ទំនងរបស់ពួកគេ។ សន្ធិសញ្ញាការពារជាតិទៅវិញទៅមក (MDT) ជាមួយអាមេរិក បានធានានូវសមត្ថភាពរបស់ហ្វីលីពីនក្នុងការក្រោកឈរឡើងដោយខ្លួនឯង។ បន្ទាប់ពីចិនបានរឹបអូសយកកោះ Scarborough Shoal ពីហ្វីលីពីនក្នុងឆ្នាំ ២០១២ ហ្វីលីពីនបានប្តឹងសំណុំរឿងមជ្ឈត្តកម្មក្រោមច្បាប់ UNCLOS ដែលជាលទ្ធផល សេចក្តីសម្រេចឆ្នាំ ២០១២ បាននាំមកនូវការមិនទទួលស្គាល់ខ្សែបន្ទាត់ ៩ ចំណុចរបស់ចិន។
ទន្ទឹមនឹងនេះដែរ នៅក្នុងឆ្នាំ ២០១៤ ហ្វីលីពីននិងអាមរិកបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ដែលបានផ្តល់ឱ្យអាមេរិកនូវលទ្ធភាពចូលទៅកាន់មូលដ្ឋានទ័ពរបស់ហ្វីលីពីនចំនួន ៥។ បច្ចុប្បន្ន ហ្វីលីពីនបានបន្តផ្សព្វផ្សាយជាសាធារណៈអំពីការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងដែនសមុទ្ររបស់ចិន។ សកម្មភាពទាំងនេះ មានលក្ខណៈខុសប្លែកពីគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាទីដែលបណ្តាប្រទេសផ្សេងទៀតតែងព្យាយាមកាត់បន្ថយភាពតានតឹងរបស់ពួកគេជាមួយចិន។
កាលពីមុន សម្ព័ន្ធភាពនេះមានលក្ខណៈដូចជាប្រតិបត្តិការមួយ ដែលនោះគឺហ្វីលីពីនបានផ្តល់មូលដ្ឋានជាថ្នូរនឹងជំនួយពីអាមេរិក ហើយហ្វីលីពីនបានអត់ឱនចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តិដោយទាហានអាមេរិក ខណៈដែលអាមេរិកក៏បានមើលរំលងការរំលោភសិទ្ធិមនុស្សរបស់លោក Ferdinand Marcos Sr.។ សព្វថ្ងៃនេះ សម្ព័ន្ធភាពកំពុងវិវឌ្ឍដោយបានផ្តល់ភាពស្មើគ្នាដល់ភាគីទាំងសងខាង។
កាលពីខែមុន សម្ព័ន្ធមិត្តបានចុះហត្ថលេខាលើគោលការណ៍ណែនាំការពារទ្វេភាគីរបស់ពួកគេ។ គោលការណ៍ណែនាំត្រូវបានរៀបចំឡើងដើម្បីបង្កើនការសម្របសម្រួលសម្ព័ន្ធភាពនិងអន្តរប្រតិបត្តិការ, គាំទ្រការធ្វើទំនើបកម្មយោធាហ្វីលីពីន និងពង្រីកការចែករំលែកព័ត៌មាន។ លើសពីនេះ គោលការណ៍ណែនាំបានបញ្ជាក់ជាថ្មីថា «ការវាយប្រហារលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន, ឆ្មាំឆ្នេរសមុទ្រ, យន្តហោះ ឬនាវាសាធារណៈនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនឹងនាំទៅដល់ការអនុវត្តសន្ធិសញ្ញា MDT»។
ហ្វីលីពីននិងអាមេរិកក៏បានពង្រីកសម្ព័ន្ធភាពរបស់ពួកគេផងដែរនៅក្នុងវិស័យផ្សេងក្រៅពីសន្តិសុខ ដើម្បីដោះស្រាយបញ្ហាអាទិភាពយុទ្ធសាស្ត្រដទៃទៀត។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ទៅកាន់សេតវិមានកាលពីខែមុន រូបលោកនិងប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសអំពីគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីដែលគ្របដណ្តប់លើពាណិជ្ជកម្ម, ទំនាក់ទំនង, ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត។
ពួកគេក៏បានប្រកាសអំពីគំនិតផ្តួចផ្តើមមួយចំនួនទៀតទាក់ទងនឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, សិទ្ធិការងារ, ការប្រែប្រួលអាកាសធាតុ និងថាមពលជំនួសនិងសុខភាព។ ជាក់ស្តែង មូលដ្ឋានយោធានៅតែជាធាតុផ្សំដ៏សំខាន់នៃសម្ព័ន្ធភាពនេះ។ នៅឆ្នាំនេះ ប្រទេសទាំងពីរបានបង្កើនចំនួនទីតាំង EDCA ពី ៥ ទៅ ៩ ហើយរដ្ឋបាល Biden បានប្តេជ្ញាចិត្តផ្តល់ថវិកា ១០០ លានដុល្លារសម្រាប់ការកែលម្អ និងការពង្រឹង។
ដូចជប៉ុននិងអូស្ត្រាលីពីមុនដែរ ហ្វីលីពីនកំពុងព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យបានកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តអាមេរិក។ ជប៉ុននិងអូស្ត្រាលីបានទទួលស្គាល់ថា «ហ្វីលីពីនដ៏ខ្លាំងនឹងផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផ្ទាល់របស់ពួកគេ»។ អូស្ត្រាលីគឺជាដៃគូសន្តិសុខដ៏ជិតស្និទ្ធបំផុតមួយរបស់ហ្វីលីពីន និងជាប្រទេសទី២ បន្ទាប់ពីអាមេរិកដែលបា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ចជាមួយហ្វីលីពីន។
ក្នុងឆ្នាំ ២០១៩ ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅ តាមរយៈកម្មវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានបង្កើតឱកាសបណ្តុះបណ្តាលសម្រាប់កងកម្លាំងហ្វីលីពីន។ អូស្ត្រាលីបានបង្ហាញគុណតម្លៃរបស់ខ្លួនក្នុងនាមជាដៃគូសន្តិសុខតាមរយៈកិច្ចខិតខំប្រឹងប្រែងសង្គ្រោះរបស់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង Yolanda និងការផ្តល់ជំនួយដល់ការស៊ើបការណ៍ សម្រាប់ Marawi ក្នុងអំឡុងពេលសង្គ្រាម។
កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese និងលោក Marcos បានយល់ព្រមលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ នៅខែកុម្ភៈនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការពារជាតិជាផ្លូវការ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ ហើយកាលពីខែមុន លោក Marcos និង Biden បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបានបង្ហាញពីបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយអូស្ត្រាលី និងជប៉ុន។
ទំនាក់ទំនងរបស់ហ្វីលីពីនជាមួយជប៉ុនក៏កំពុងត្រូវបានពង្រីកផងដែរ។ ក្នុងខែនេះ ហ្វីលីពីន, ជប៉ុន និង អាមេរិក (អូស្ត្រាលីចូលរួមជាអ្នកអង្កេតការណ៍) បានធ្វើសមយុទ្ធឆ្មាំឆ្នេរសមុទ្រត្រីភាគីជាលើកដំបូងដែលមិនធ្លាប់មាន ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសទាំង ៣ ក៏បានជួបប្រជុំគ្នាផងដែរ ដើម្បីផ្លាស់ប្តូរទស្សនៈលើវិធីសាស្រ្តជាក់ស្តែងសម្រាប់ការកែលម្អកិច្ចសហប្រតិបត្តិការត្រីភាគី។
ការវិវឌ្ឍទាំងនេះ បានកើតឡើងបន្ទាប់ពីទំនាក់ទំនងហ្វីលីពីន-ជប៉ុន ត្រូវបានពង្រឹងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Marcos ទៅកាន់ទីក្រុងតូក្យូក្នុងខែកុម្ភៈ។ ក្នុងដំណើរទស្សនកិច្ចនោះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៧ បូករួមទាំងលក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិការយោធាលើការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ។
ដូចអាមេរិកដែរ ទំនាក់ទំនងជប៉ុនជាមួយហ្វីលីពីនក៏បានវិវឌ្ឍហួសព្រំដែនសន្តិសុខផងដែរដើម្បីដោះស្រាយបញ្ហាអាទិភាពផ្សេងៗទៀត។ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម និងបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង។ ជប៉ុនគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ហ្វីលីពីនសម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ផ្តល់មូលនិធិច្រើនជាងអាមេរិកប្រហែល ១០ ដង)។
កាលពីមួយឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ទទួលបានការចាប់អារម្មណ៍ពីបណ្តាញព័ត៌មានអន្តរជាតិនៅពេលដែលលោកបានអះអាងថា «អ៊ុយក្រែនអាចជាតំបន់អាស៊ីបូព៌ានៃថ្ងៃស្អែក»។ សមភាគីរបស់លោកនៅអាមេរិក និងអូស្ត្រាលីអាចនឹងយល់ស្របនឹងរឿងនេះ។ សព្វាវុធនិងការហ្វឹកហ្វឺនរបស់លោកខាងលិចគឺជាធាតុដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់អ៊ុយក្រែន។ ដូច្នេះ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលថា «ការធ្វើទំនើបកម្មយោធាហ្វីលីពីនគឺជាអាទិភាពយុទ្ធសាស្ត្រសម្រាប់ហ្វីលីពីន និងបណ្តាដៃគូ»។
ដោយទទួលបានពីមេរៀនរបស់អ៊ុយក្រែន ពួកគេបានប្តេជ្ញាចិត្តសម្រេចឱ្យបាននូវការធ្វើទំនើបកម្មមុនពេលជម្លោះកើតឡើង។ ថ្មីៗនេះ អូស្ត្រាលីបានប្តេជ្ញាចិត្តពង្រឹងសន្តិសុខដែនសមុទ្ររបស់ហ្វីលីពីន តាមរយៈការផ្តល់យន្តហោះគ្មានមនុស្សបើក, ការបណ្តុះបណ្តាល និងបច្ចេកវិទ្យាផ្សេងៗទៀត។ ជប៉ុនកំពុងគ្រោងសាកល្បងផ្តល់ជំនួយសន្តិសុខជាផ្លូវការជាលើកដំបូង ហើយហ្វីលីពីនអាចជាអ្នកទទួលផលដំបូងគេ។
អាមេរិកមានការលក់អាវុធជាង ១ ពាន់លានដុល្លារជាមួយហ្វីលីពីន និងបានសន្យាផ្តល់ប្រាក់ ១០០ លានដុល្លារបន្ថែមសម្រាប់ហិរញ្ញប្បទានយោធាបរទេសកាលពីខែតុលាឆ្នាំមុន។ ក្នុងអំឡុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី ២+២ រវាងហ្វីលីពីននិងអាមេរិកក្នុងខែមេសា ភាគីទាំងពីរ បានប្តេជ្ញាថានឹងអនុម័តឱ្យបានឆាប់រហ័សនូវផែនទីបង្ហាញផ្លូវស្តីពីជំនួយផ្នែកសន្តិសុខ។ ហ្វីលីពីនមិនដែលទិញអាវុធពីរុស្ស៊ី ឬចិននោះទេ។ ខុសពីប្រទេសដែលមានចំណូលទាបផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីនតែងទិញអាវុធពីអាមេរិក និងពីសម្ព័ន្ធមិត្តរបស់ខ្លួន។
ចាប់តាំងពីឆ្នាំ ១៩៩០ មក ហ្វីលីពីនបានទិញអាវុធចំនួន ៧៨% ពីបណ្តាប្រទេស NATO, ជប៉ុន, អូស្ត្រាលី និងកូរ៉េខាងត្បូង រួមបញ្ចូលទាំងយន្តហោះកងទ័ពជើងទឹកនិងនាវាការពារឆ្នេរសមុទ្រស្ទើរតែទាំងអស់។ រឿងនេះបានផ្តល់ឱ្យហ្វីលីពីននូវអត្ថប្រយោជន៍ចំនួន ២៖
- ទី១ វាមានន័យថា «ឧបករណ៍របស់ហ្វីលីពីនមានស្តង់ដារស្របគ្នាសម្រាប់ការធ្វើអន្តរប្រតិបត្តិការជាមួយដៃគូរបស់ខ្លួន»។
- ទី២ វាអាចរារាំងចិននិងរុស្ស៊ីពីការដាក់សម្ពាធនយោបាយក្នុងនាមជាអ្នកផ្គត់ផ្គង់។
សម្ពាធនេះបានបង្កជាឧបសគ្គដ៏ធំលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងឥណ្ឌា។ បណ្តាញដែលកំពុងរីកចម្រើនរវាងហ្វីលីពីន, អាមេរិក, ជប៉ុន និងអូស្ត្រាលី មិនមែនគ្រាន់តែជាការប្រមូលផ្តុំអំណាចខាងក្រៅនោះទេ។ ក្រៅពីការធ្វើសមយុទ្ធនិងផ្តល់សព្វាវុធ បណ្តាដៃគូកំពុងព្យាយាមពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររបស់ពួកគេឱ្យកាន់តែស៊ីជម្រៅដើម្បីពង្រឹងអំណាចជាតិទាំងមូលរបស់ហ្វីលីពីន និងដើម្បីឱ្យហ្វីលីពីនអាចក្លាយជាដៃគូដ៏រឹងមាំ និងស្មើភាពគ្នានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ការរៀបចំស្ថាប័នទំនាក់ទំនងទាំងនេះនឹងធ្វើឱ្យហ្វីលីពីនក្លាយជាសម្ព័ន្ធមិត្តនិងដៃគូដែលអាចជឿទុកចិត្តបាន ជាពិសេសបន្ទាប់ពីអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មានទំនោរងាកទៅរកចិន។ បណ្តាញនេះនឹងផ្លាស់ប្តូរបរិយាកាសយុទ្ធសាស្ត្ររបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តែវានឹងមិនជំនួសក្រុម Quad រវាង អូស្ត្រាលី, ឥណ្ឌា, ជប៉ុន និងអាមេរិក នោះទេ។
ដូចប្រទេសអាស៊ីភាគច្រើនដែរ ឥណ្ឌាបានប្ដេជ្ញាចិត្តមិនចូលបក្សសម្ព័ន្ធ ហេតុដូច្នេះ Quad បានផ្ដល់នូវយន្តការសម្រាប់ការសម្របសម្រួលយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកជាមួយឥណ្ឌា។ បើទោះបីក្រុម Quad អាចសម្រេចបាននូវលទ្ធផលជាក់លាក់មួយចំនួនក៏ដោយ ក៏វានៅតែជាស្ថាប័នមិនសូវរឹងមាំដដែល។ ជាងនេះទៅទៀត ទំនាក់ទំនងសន្តិសុខរបស់ឥណ្ឌាជាមួយរុស្ស៊ីបានលាតត្រដាងនូវដែនកំណត់នៃអ្វីដែល Quad អាចសម្រេចបាន។
ប៉ុន្តែគុណតម្លៃយុទ្ធសាស្ត្ររបស់ឥណ្ឌាបានធ្វើឱ្យការសន្ទនាក្លាយជារឿងមិនអាចខ្វះបានសម្រាប់សមាជិក Quad ផ្សេងទៀត។ បណ្តាញដែលកំពុងរីកចម្រើនជាមួយហ្វីលីពីនគឺមានលក្ខណៈខុសគ្នាពីនេះ។ វាមិនត្រឹមតែជាយន្តការសន្ទនាប៉ុណ្ណោះទេ តែវាក៏ជាក្រុមដ៏ជិតស្និទ្ធរបស់អាមេរិកនិងសម្ព័ន្ធមិត្តសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកចំនួន ៣ ដែលព្យាយាមធ្វើឱ្យសមាជិកទន់ខ្សោយបំផុតរបស់ពួកគេ ក្លាយជាដៃគូដ៏រឹងមាំ និងស្មើភាពគ្នា។
ដោយសារតែបណ្តាញនេះបានសង្កត់ធ្ងន់ទៅលើការធ្វើទំនើបកម្មយោធា, អន្តរប្រតិបត្តិការ, ការធ្វើផែនការរួមគ្នា និងការគាំទ្រទំនាក់ទំនងនៅក្នុងដែនផ្សេងទៀត កិច្ចសហប្រតិបត្តិការអាចត្រូវបានអនុវត្ត ដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែងនៅក្នុងពេលវេលាសន្តិភាពនិងជម្លោះ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហ្វីលីពីនអាចចាប់ផ្តើមបំពេញគម្លាតរបស់តំបន់អាស៊ីអាគ្នេយ៍នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ៕
The Diplomat