ខ្មែរប៉ុស្ដិ៍ Close

គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 49
គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០» គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០»

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ បានអនុម័ត​ទាំង​ស្រុងហើយលើ «សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ឆ្នាំ​២០២១-២០៣០»

ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាផែនការសកម្ម​ភាព​​រយៈ​១០ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០។ នេះជាផែនការជាតិលើកទី២ បន្តពីផែនការ​ជា​តិ​លើក​ទី១ ឆ្នាំ២០១១ ដល់ឆ្នាំ២០២០ ដែលបានអនុវត្តរួចកន្លងមក។ ផែនការនេះ​ក៏បានសម្របសម្រួលទៅតាមផែនការសកម្មភាពសកលរបស់អង្គការសហប្រជាជាតិ ផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកស្របទៅនឹងការវិវឌ្ឍន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ ពិសេសវិស័យពាក់ព័ន្ធសកម្មភាពចរាចរណ៍ផ្លូវគោកដូចជា អត្រាកំណើន​ប្រជា​ជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្តឹងអនុវត្តច្បាប់ និងបញ្ហាប្រឈម​នានា។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងផែនការជាតិទសវត្សរ៍​សកម្មភាពសុវត្ថិភាព​ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ មានគោលបំណង កាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគរយ នៅឆ្នាំ​២០៣០ ដោយផ្តោតលើគោលដៅសំខាន់ចំនួន២ គឺទី១៖ កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២៖ បង្កើនប្រសិទ្ធ​ភាព​កា​រអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយផ្អែកតាមសសរស្ដម្ភចំនួន៦។

លោក ផៃ ស៊ីផាន បានឱ្យដឹងដែរថា ផែនការជាតិនេះ មានយុទ្ធសាស្ត្រអនុវត្តលើ​រាជ​ធានី ខេត្តគោលដៅដែលមានអត្រាអ្នកស្លាប់ និងរបួសដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ចំនួន១៦រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិ៍​សាត់ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។

យុទ្ធសាស្ត្រនេះមានសសរស្តម្ភចំនួន៦។ ក្នុងនោះ សសរស្ដម្ភចំនួន៥ ស្របតាមផែន​ការ​សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និង​សសរស្តម្ភចំនួន១ (សសរស្ដម្ភទី២) ផ្អែកតាមស្ថានភាពជាក់ស្ដែងរបស់ប្រទេសកម្ពុជា។

សសរស្តម្ភទាំង៦នេះ រួមមាន៖

  1. ពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
  2. ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
  3. ពង្រឹងការអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
  4. ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់
  5. ពង្រឹងប្រសិទ្ធភាពនៃសេវាសង្រ្កោះបឋម និងសង្រ្គោះបន្ទាន់
  6. ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត៕

អត្ថបទទាក់ទង