ខ្មែរប៉ុស្ដិ៍ Close

នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ និង​ទំនិញ​ ត្រូវ​រឹត​បន្តឹង​លើ​អ្នកបើកបរ​របស់​ខ្លួន​បន្ថែម​ទៀត​

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40

​ភ្នំពេញ​ ៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​បន្ត​ធ្វើការ​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​ដឹង​ជញ្ជូន​អ្នកដំណើរ​ និង​ទំនិញ​ទាំងអស់​ ត្រូវ​រឹត​បន្តឹង​ដល់​អ្នកបើកបរ​របស់​ខ្លួន​បន្ថែម​ទៀត​ ខណៈ​អ្នកបើកបរ​ខ្លះ​នៅ​តែ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ គ្រឿងញៀន​ និង​ប័ណ្ណបើកបរ​ ជា​ដើម​ ។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ប្រមាណ​១០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ បាន​លើក​ឡើង​ថា​ តាម​ការ​ត្រួតពិនិត្យ​នៅ​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ​ នៅ​តែ​ឃើញ​មាន​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ និង​រថយន្ត​ដឹក​ទំនិញ​ធំៗ​នៅ​ប្រើប្រាស់​សារធាតុ​ញៀន​ និង​គ្រឿង​ស្រវឹង​នៅ​ពេល​បើកបរ​ដដែល​ ដូច្នេះ​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​គប្បី​ត្រួតពិនិត្យ​ពួក​គាត់​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កំពុង​កើត​មាន​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ​ ។​

​ឯកឧត្តម​បាន​ថ្លែង​បន្ត​ទៀត​ថា​ មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ខ្លះ​បើកបរ​ល្មើសច្បាប់​ ហើយ​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ។​ តែ​បុគ្គល​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ឃាត់ខ្លួន​ហើយ​ជនល្មើស​ខ្លះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​ផង​ដែរ​។​

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​តំណាង​ក្រុមហ៊ុន​ទាំងអស់​ ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ​ប្រសិនបើ​នៅ​មាន​នគរបាល​ណាមួយ​ដាក់​ខែ​យក​លុយ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​ ដើម្បី​ជា​ថ្នូរ​មិន​ឆែកឆេរ​ និង​ធ្វើការ​ផាកពិន័យ​ពេល​ដែល​អ្នកបើកបរ​ទាំងនោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ចរាចរណ៍​នោះ​ ។​

បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ​ ប្រតិបត្តិការ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៦៥៥.៣៣១​គ្រឿងក្នុង​នោះ​ម៉ូតូ​ចំនួន​៥៧​ភាគរយ​។​

របាយការណ៍​បាន​បន្ត​ទៀត​ថា​ យានយន្ត​ល្មើសច្បាប់​មាន​ចំនួន​៩៦,៤៨០​គ្រឿង​ ស្មើនឹង​១៥​ភាគរយ​នៃ​យានយន្ត​សរុប​ ហើយ​ក្នុង​នោះ​៥០,៩៥២​គ្រឿង​ស្មើនឹង​៥៣​ភាគរយ​ ត្រូវ​បាន​ផាកពិន័យ​ដោយ​បាន​ទឹកប្រាក់​ចំនួន​ជាង​មួយ​ពាន់​ពីរ​រយ​លាន​រៀល​ផង​ដែរ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លង​ទៅ​នេះ​ ៕

ប្រភព៖ Cambodiapolice

អត្ថបទទាក់ទង