ខ្មែរប៉ុស្ដិ៍ Close

វិធីសាស្ត្រចំនួន ៨ ដែលសេដ្ឋកិច្ចវិលជុំ (Circular Economy) នឹងផ្លាស់ប្តូររបៀបរបបធ្វើជំនួញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 67
វិធីសាស្ត្រចំនួន ៨ ដែលសេដ្ឋកិច្ចវិលជុំ (Circular Economy) នឹងផ្លាស់ប្តូររបៀបរបបធ្វើជំនួញ នេះជាឧទាហរណ៍មួយនៃសេដ្ឋកិច្ចរាងជារង្វង់។ ទួរប៊ីនដែលដើរដោយកម្លាំងខ្យល់បក់ដែលមានស្រាប់ អាចត្រូវបានជួសជុលឡើងវិញ និងអាចប្រើប្រាស់បានជាថ្មីក្នុងរយៈពេល ៤ ខែ បើប្រៀបធៀបទៅនឹងការរង់ចាំរយៈពេល 2 ឆ្នាំក្នុងការទទួលបានទួរប៊ីនថ្មី។

សូមនឹកស្រមៃដល់សេដ្ឋកិច្ចមួយដែលធនធាននឹងត្រូវបានទាញយកមកប្រើប្រាស់ ក៏ប៉ុន្តែនឹងមិនប្រើប្រាស់រហូតដល់អស់នោះទេ ហើយយុទ្ធសាស្ត្រធុរកិច្ចថ្មីៗនឹងរក្សាទុកនូវផលិតផល, សមាសភាព និងវត្ថុធាតុដើមនៅក្នុងប្រព័ន្ធទាំងក្នុងអំឡុងពេលកំពុងប្រើប្រាស់ និងក្រោយពេលប្រើប្រាស់ ដែលធ្វើឱ្យកាកសំណល់កខ្វក់ដ៏គ្រោះថ្នាក់ ស្ថិតនៅក្នុងកម្រិតទាបខ្លាំង។

នេះគឺជាសេដ្ឋកិច្ចវិលជុំ (Circular Economy)។ សេដ្ឋកិច្ចវិលជុំគឺជាការងាកចេញពីសេដ្ឋកិច្ចខ្សែបន្ទាត់បែបប្រពៃណី ដែលផលិតផលតែងត្រូវបានផលិត, ត្រូវបានប្រើប្រាស់ និងត្រូវបានបោះចោល បើទោះបីជានៅពេលបច្ចុប្បន្ន វាត្រូវគេកែច្នៃឡើងវិញខ្លះៗក៏ដោយ។

សេដ្ឋកិច្ចវិលជុំមានដំណើរលើសពីនេះ តាមរយៈការបង្កើតវដ្តវិលជុំនៅក្នុងការប្រើប្រាស់ ដែលរួមមានការផលិត, ការជួសជុល, ការកែលម្អ, ការប្រើប្រាស់ឡើងវិញ, ការផលិតឡើងវិញ និងការកែច្នៃឡើងវិញ។ ភាពរអាក់រអួលមិនមែនជារឿងថ្មីនោះទេ ហើយយើងធ្លាប់បានឃើញរឿងទាំងនេះកើតឡើង ជាមួយនឹងការចាប់ផ្តើមនៃក្រុមហ៊ុនឌីជីថលថ្មីៗដែលបាននាំមកនូវការបញ្ចប់នូវរបៀបធ្វើជំនួញហួសសម័យ។

សេដ្ឋកិច្ចវិលជុំគឺមានអត្ថន័យច្រើនជាងការកែច្នៃឡើងវិញ។ រូបភាព៖ DXC Technology

បណ្តាក្រុមហ៊ុនចាស់ៗដែលនៅសេសសល់ បានចូលរួមនៅក្នុងចរន្តថ្មី និងបានធ្វើឌីជីថលូបនីយកម្មនូវរបៀបធ្វើជំនួញរបស់ពួកគេ ខណៈដែលបណ្តាក្រុមហ៊ុនដែលមិនព្រមដើរតាមចរន្តថ្មីនេះ ក៏បានដួលរលំ និងរលាយបាត់រូបរាង។ ស្រដៀងគ្នានេះដែរ បណ្តាក្រុមហ៊ុនដែលបានស្វែងយល់ដឹងអំពីសារៈសំខាន់ដ៏ច្រើននៃផ្លូវដែក បើធៀបនឹងនាវាដែលដើរដោយចំហាយទឹក បានបង្កើតទីតាំងផលិតកម្មក្នុងទ្រង់ទ្រាយធំៗ និងបានកម្ចាត់បណ្តារោងចក្រក្នុងស្រុកតូចៗ។

ការផ្លាស់ប្តូរនេះត្រូវបានជំរុញបន្ថែម ដោយការប្រើប្រាស់ទូរកុងតឺន័រ (Containerization) នៅក្នុងការធ្វើអាជីវកម្ម។ នៅពេលនេះ បណ្តាក្រុមហ៊ុនដែលអនុវត្តសេដ្ឋកិច្ចវិលជុំ និងរបៀបធ្វើធុរកិច្ចប្រកបដោយការប្រកួតប្រជែង នឹងបង្កការរំខានដល់បណ្តាក្រុមហ៊ុនបែបប្រពៃណី ដែលជាហេតុនឹងធ្វើអោយកម្លាំងទីផ្សាររបស់ក្រុមហ៊ុនប្រពៃណីទាំងនោះធ្លាក់ចុះខ្សោយ។

ប៉ុន្តែដូចគ្នានឹងបដិវត្តន៍ឌីជីថលដែរ បណ្តាធុរកិច្ចចាស់ៗដែលយល់ព្រមទទួលយកម៉ូដែលធុរកិច្ចថ្មីតាមបែបសេដ្ឋកិច្ចវិលជុំ នឹងអាចបន្តរស់ និងអាចមានវត្តមានបន្តទៀតបាន។ ការផ្លាស់ប្តូរងាកទៅរកសេដ្ឋកិច្ចវិលជុំ បានទទួលនូវការគាំទ្រផ្នែកនយោបាយ ដោយក្នុងនោះសហភាពអឺរ៉ុបក៏មានគោលដៅផ្លាស់ប្តូឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំផងដែរ ដើម្បីធ្វើឱ្យអឺរ៉ុបកាន់តែមានសភាពស្អាត (Clean) និងកាន់តែមានលក្ខណៈប្រកួតប្រជែង។

សកម្មភាពនេះក៏បានទទួលនូវការគាំទ្រពីសំណាក់អតិថិជនផងដែរ។ គេបានព្យាករថា «នៅត្រឹមឆ្នាំ ២០២៩ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់នឹងមិនត្រូវបានអនុញ្ញាតឱ្យផលិតកាកសំណល់នោះទេ ដោយសារតែអតិថិជន និងរដ្ឋាភិបាលនឹងចាត់ទុកវាជារឿងដែលមិនអាចទទួលយកបាន»។

ការកើនឡើងនៃប្រាក់ចំណូលពេញមួយជីវិត និងប្រាក់ចំណេញពេញមួយខ្សែច្រវ៉ាក់តម្លៃ។ រូបភាព៖ DXC Technology

រឿងនេះកំពុងវិវឌ្ឍទៅមុខយ៉ាងលឿន ហើយនៅត្រឹមឆ្នាំ ២០៣០ ប្រសិនបើម៉ូដែលធុរកិច្ចរបស់អ្នកមិនមានលក្ខណៈជាសេដ្ឋកិច្ចវិលជុំទេ នោះអ្នកនឹងបាត់បង់ភាពប្រកួតប្រជែង។ ខាងក្រោមនេះគឺជាផលប្រយោជន៍ចំនួន ៨ ដែលការធ្វើជំនួញតាមបែបសេដ្ឋកិច្ចវិលជុំ (Circular Businesses) នឹងទទួលបាន។

១. ផលិតផលកាន់តែមានភាពទាក់ទាញ

ការស្ទង់មតិកាលពីពេលថ្មីៗនេះពីសំណាក់ក្រុមហ៊ុន McKinsey និង NielsenIQ បានបង្ហាញនូវទំនាក់ទំនងរវាងយុទ្ធសាស្ត្រ ESG និងការចំណាយរបស់អ្នកប្រើប្រាស់, ការកើនឡើងនៃភក្តីភាព និងកំណើនផលិតផល។

សាលា «Wharton School of the University of Pennsylvania» បានរកឃើញថា «អតិថិជនបានងាកទៅទិញផលិតផល និងម៉ាកយីហោណាដែលមានលក្ខណៈចីរភាព ដោយសារពួកគេចង់ពង្រឹងបរិស្ថានឱ្យមានភាពប្រសើរឡើង (៣០%), ចង់កាត់បន្ថយការផលិតកាកសំណល់ផលិតកម្ម (២៣%), ចង់កាត់បន្ថយការបំភាយឧស្ម័នកាបូន (២២%) និងដោយសារក្តីបារម្ភអំពីសុខមាលភាពរបស់សត្វ (១៧%)»។

ជាមួយម៉ូដែលធុរកិច្ចតាមបែបសេដ្ឋកិច្ចវិលជុំ កាកសំណល់នឹងក្លាយជាទ្រព្យសកម្ម ជាជាងក្លាយជារបស់គ្មានតម្លៃដែលនឹងត្រូវគេយកទៅបោះចោល។ ធាតុចូលដែលទទួលបានពីធនធានកកើតឡើងវិញ និងដែលអាចកែច្នៃឡើងវិញ នឹងក្លាយជាផ្នែកដ៏សំខាន់នៃផលិតកម្មដែលអាចនាំមកនូវការកាត់បន្ថយ ឬលុបបំបាត់កាកសំណល់, ភាពកខ្វក់ និងការបាត់បង់ជីវៈចម្រុះ។

២. ភាពទុកចិត្តកាន់តែខ្លាំងពីសំណាក់អតិថិជន

នៅក្នុងសេដ្ឋកិច្ចខ្សែបន្ទាត់តាមបែបប្រពៃណី បណ្តាក្រុមហ៊ុននានាតែងលក់ផលិតផលថ្មីៗទៅឱ្យអតិថិជនផ្ទាល់របស់ខ្លួន ហើយផលិតផលនោះនឹងត្រូវបានលក់បន្តទៅឱ្យអ្នកប្រើប្រាស់។ ប៉ុន្តែសម្រាប់ម៉ូដែលធុរកិច្ចតាមបែបសេដ្ឋកិច្ចវិលជុំ ការប្រាស្រ័យទាក់ទងបែបនេះគឺមិនគ្រប់គ្រាន់ទេ ដោយក្នុងនោះវានឹងតម្រូវឱ្យមានការប្រាស្រ័យទាក់ទងគ្នានៅពាសពេញប្រព័ន្ធអេកូឡូហ្ស៊ីនៃធុរកិច្ច សម្រាប់ពេញមួយអាយុកាលរបស់ផលិតផល។

បណ្តាក្រុមហ៊ុននៅក្នុងសេដ្ឋកិច្ចវិលជុំនឹងផ្តល់ជូននូវសេវាកម្មប្រើប្រាស់ផលិតផល (Product-as-a-service) ដោយក្នុងនោះ អតិថិជនអាចបង់ថ្លៃចំណាយលើការប្រើប្រាស់សេវាកម្មក្នុងរយៈពេលកំណត់ជាក់លាក់មួយ។ អ្នកផ្តល់សេវាកម្មនោះនៅតែជាម្ចាស់ផលិតផលនោះ និងនៅតែទទួលខុសត្រូវលើការថែទាំ, ភាពរឹងមាំ, ការកែលម្អ និងការកែច្នៃឡើងវិញនៃផលិផលនោះនៅចុងបញ្ចប់នៃការប្រើប្រាស់របស់វា។

សេដ្ឋកិច្ចបែបចែករំលែកនេះនឹងជួយពង្រីករបៀបដែលទ្រពសកម្មតូចមួយត្រូវបានប្រើប្រាស់នៅក្នុងសហគមន៍ ទន្ទឹមនឹងការផ្តល់ឱ្យអតិថិជននូវលទ្ធភាពកាន់តែងាយស្រួលក្នុងការទទួលបាន និងក្នុងការប្រើប្រាស់ផលិតផលនិងសេវាកម្ម។

សកម្មភាពនេះនឹងជួយបង្កើននូវទំនុកចិត្តរបស់អតិថិជនដែលអាចនាំមកនូវការសន្ទនារវាងគ្នាដោយរលូន ដែលនឹងជួយឱ្យអ្នកផ្តល់សេវាអាចស្វែងយល់កាន់តែច្បាស់អំពីទម្រង់នៃការប្រើប្រាស់ និងទស្សនៈរបស់អតិថិជន។ ការបន្តការសន្ទនាជាមួយអតិថិជន ដែលជាអ្នកប្រើប្រាស់ផ្ទាល់នឹងក្លាយជាបទពិសោធន៍ថ្មីមួយសម្រាប់អ្នកផ្តល់សេវាកម្ម។

៣. តម្លៃកាន់តែទាប

ផលិតផលនៅក្នុងសេដ្ឋកិច្ចវិលជុំត្រូវបានគេរចនាឡើងដើម្បីប្រើប្រាស់ឡើងវិញ, ជួសជុល ឬកែលម្អឡើងវិញ និងនៅចុងក្រោយនឹងត្រូវបានគេយកទៅផលិតឡើងវិញ។ ជាលទ្ធផល ផលិតផលទាំងនោះនឹងមានតម្លៃកាន់តែទាប ហើយសេវាកម្មទាក់ទងនឹងការប្រើប្រាស់ផលិតផល នឹងមានតម្លៃកាន់តែសមរម្យ។

ជាក់ស្តែង ក្រុមហ៊ុនផ្គត់ផ្គង់បាដាង (Bearing) ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត នៅពេលនេះបានផ្តល់នូវសេវាកម្មប្រើប្រាស់ប្រេងរំអិល (Oil-as-a-service) ជាមួយនឹងសេវា RecondOil របស់ខ្លួន។

ក្រុមហ៊ុននេះបានអនុវត្តវិធីសាស្ត្រ «Double Separation Technology» ដើម្បីដកចេញនូវសារធាតុកខ្វក់តូចៗបំផុតចេញពីប្រេងរំអិលដែលត្រូវបានប្រើដើម្បីធ្វើឱ្យវាស្អាត និងអាចប្រើប្រាស់បានឡើងវិញ។ សេវា «Oil-as-a-service» បានជួយកាត់បន្ថយការចំណាយលើការដូរប្រេងរំអិលនៅក្នុងដំណើរការផលិតកម្ម។

៤. ប្រភពចំណូលកកើតឡើងវិញ

ម៉ូដែលធុរកិច្ចតាមបែបសេដ្ឋកិច្ចវិលជុំមានជាប់ពាក់ព័ន្ធនឹងការលក់ដូរឡើងវិញនូវសមាសធាតុ និងវត្ថុធាតុដើមដែលត្រូវបានកែច្នៃឡើងវិញ ដែលនឹងបង្កើតប្រាក់ចំណូលនៅរាល់ពេលដែលផលិតផលត្រូវបានលក់ដូរសាជាថ្មី។ សេវាកម្មពាក់ព័ន្ធដូចជាការជួសជុល, ការចែកចាយឡើងវិញ និងការកែលម្អឡើងវិញ ក៏នឹងនាំមកនូវប្រាក់ចំណូលឡើងវិញផងដែរ ខណៈកាកសំណល់អាចត្រូវបានកែច្នៃឡើងវិញក្លាយជាទ្រព្យសកម្ម។

៥. ភាពធន់កាន់តែខ្លាំង

ផលិតផលនៅក្នុងសេដ្ឋកិច្ចវិលជុំ ត្រូវបានគេរចនាឡើងជាពិសេស ដោយក្នុងនោះនៅពេលដែលវាលែងមានដំណើរការនៅក្នុងការប្រើប្រាស់បច្ចុប្បន្ន។ សមាសធាតុ, វត្ថុធាតុដើម, ថាមពល និងធនធានសំខាន់ៗផ្សេងទៀតរបស់វា នឹងអាចត្រូវបានគេទាញយកមកប្រើប្រាស់ឡើងវិញ។ អ្នកប្រើប្រាស់ត្រូវបានគេលើកទឹកចិត្តឱ្យសងត្រឡប់មកវិញនូវផលិតផលនោះ តាមរយៈការតម្កល់ប្រាក់ ឬតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យា «Product-as-a-service»។

បណ្តាក្រុមហ៊ុនដែលគ្រប់គ្រងធាតុចូលនៅក្នុងផលិតកម្មរបស់គេតាមរយៈការស្តារឡើងវិញនូវសមាសធាតុ និងការកែច្នៃឡើងវិញនូវវត្ថុធាតុដើម (ជាជាងការបោះវាចោល) អាចនឹងមានសមត្ថភាពកាន់តែល្អជាងមុនក្នុងការទប់ទល់នឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលគ្មានស្ថិរភាព, កង្វះខាតផលិតផល និងអ្នកផ្គត់ផ្គង់ដែលមានការទាមទារខ្ពស់។ វាក៏អាចជួយទប់ទល់នឹងការឡើងចុះនៃតម្លៃផងដែរ។

៦. ការប្រើប្រាស់សមាសធាតុ និងផលិតផលកាន់តែទូលំទូលាយ

ម៉ូដែលធុរកិច្ចនៃសេដ្ឋកិច្ចខ្សែបន្ទាត់តាមបែបប្រពៃណី ត្រូវបានគេរចនាឡើងដោយផ្តោតលើអ្នកប្រើប្រាស់ដែលជាម្ចាស់នៃផលិតផលនោះ ដែលមានការប្រើប្រាស់អន់ខ្សោយ (ឧទាហរណ៍ : រថយន្តត្រូវបានចត ចោលប្រមាណ ៩៥% នៃពេលវេលាប្រើប្រាស់របស់វា)។

ម៉ូដែលសេដ្ឋកិច្ចបែបចែករំលែក និងក្នុងទម្រង់សេវាកម្មនៃការប្រើប្រាស់ផលិតផល (Product-as-a-service) បានផ្តល់នូវការធានាថា «ការប្រើប្រាស់នឹងត្រូវបានបង្កើនដើម្បីបង្កើនប្រាក់ចំណូលឱ្យបានកាន់តែខ្ពស់សម្រាប់ផលិតផលនីមួយៗ»។

ផលិតផលនៅក្នុងសេដ្ឋកិច្ចវិលជុំ ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ឡើងវិញ, ជួសជួល និងកែលម្អឡើងវិញ និងធ្វើបច្ចុប្បន្នភាពឡើងវិញដើម្បីជំរុញ និងបង្កើនការប្រើប្រាស់។ ស្រដៀងគ្នានេះដែរ សមាសធាតុនឹងត្រូវបានគេប្រមូលយក និងផលិតឡើងវិញ និងប្រើប្រាស់ជាថ្មី ហើយនៅទីបំផុត វត្ថុធាតុដើមនឹងត្រូវបានកែច្នៃឡើងវិញ។

៧. ការកាត់បន្ថយពេលវេលានៃផលិតកម្ម

ផលិតផលនិងសមាសធាតុដែលលែងមានដំណើរការ អាចត្រូវគេកែច្នៃឡើងវិញទៅរកស្ថានភាពជិតដូចដើមវិញ ដែលជាហេតុជួយកាត់បន្ថយការត្រូវផលិតផលិតផលថ្មីៗ។ ថាមពលខ្យល់គឺជាឧទាហរណ៍ជាក់ស្តែងមួយ។

តម្រូវការសម្រាប់ក្បាល Turbine ខ្យល់បច្ចុប្បន្នេះ មានកម្រិតខ្ពស់រហូតដល់ធ្វើឱ្យក្រុមហ៊ុនផលិតមួយចំនួនចំណាយពេលរហូតដល់ ២ ឆ្នាំ ដើម្បីបំពេញតាមការបញ្ជាទិញ។ ប៉ុន្តែការកែលម្អក្បាល Turbine ខ្យល់ដែលមានស្រាប់ឡើងវិញ ត្រូវការចំណាយពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ។

៨. ការផ្តោតសំខាន់លើអាកាសធាតុ និងបរិស្ថាន

ការកែច្នៃឡើងវិញ, ការជួលជុលឡើងវិញ, ការកែលម្អឡើងវិញ និងការប្រើប្រាស់ឡើងវិញនូវផលិតផល ទាមទារនូវថាមពលកាន់តែតិច ហើយផលប៉ះពាល់ចំពោះបរិស្ថានក៏មានទំហំកាន់តែតូច បើប្រៀបធៀបនឹងវិធីសាស្ត្រចាស់ៗដែលបានបង្កឱ្យមានការបាត់បង់ប្រព័ន្ធជីវៈចម្រុះ, ព្រៃឈើ និងរ៉ែ។

លើសពីនេះ បណ្តាក្រុមហ៊ុនដែលប្រកាន់យកវិធីសាស្ត្រចោលកាកសំណល់ដោយសុវត្ថិភាព ក៏អាចជួយកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានផងដែរ។ កម្មវិធី «Global E-waste Monitor 2020» បានរកឃើញថា «កាកសំណល់អេឡិចត្រូនិកចំនួន ៥៣,៦ លានតោន ត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោកនៅឆ្នាំ ២០១៧ (ចំនួន ៧,៣ គីឡូក្រាមសម្រាប់មនុស្សម្នាក់ៗ)»។

ចំនួននេះត្រូវបានគេព្យាករថានឹងឈានដល់ចំនួន ៧៤,៧ មេហ្គាតោន (megatonnes) នៅត្រឹមឆ្នាំ ២០៣០។ ដូច្នេះបណ្តាសហគ្រាសផលិត, ក្រុមហ៊ុននាំចូល និងក្រុមហ៊ុនចែកចាយ បានចាប់ផ្តើមគំនិតផ្តួចផ្តើមទទួលខុសត្រូវលើការគ្រប់គ្រងគ្រឿងអេឡិចត្រូនិច។ ឧទាហរណ៍មួយគឺ «n2s» ដែលបានតស៊ូមតិលើការប្រើប្រាស់ឡើងវិញស្របតាមផែនការគ្រប់គ្រងកាកសំណល់អឺរ៉ុប (European Hierarchy of Waste Management)។

ជាមួយនឹងការផ្លាស់ប្តូរយ៉ាងច្រើនសន្ធឹកសន្ធាប់ បណ្តាក្រុមហ៊ុនដែលអនុវត្តតាមវិធីសាស្ត្រសេដ្ឋកិច្ចខ្សែបន្ទាត់តាមបែបប្រពៃណី នឹងមិនអាចឈរឱបដៃនៅស្ងៀមបានទេ។ ការចាកចេញពីដំណើរការសេដ្ឋកិច្ចខ្សែបន្ទាត់ដែលអស់រយៈពេលច្រើនសតវត្សរ៍មកហើយ បានជួយដល់ដំណើរការផលិតកម្ម និងការប្រើប្រាស់ផលិតផល គឺមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសសម្រាប់ក្រុមហ៊ុនធំៗ។

វិធី ៨ យ៉ាងដែលសេដ្ឋកិច្ចវិលជុំ មានដំណើរការលើសពីគំរូអាជីវកម្មសេដ្ឋកិច្ចខ្សែបន្ទាត់តាមបែបប្រពៃណី។ រូបភាព៖ DXC Technology

ទោះជាយ៉ាងណាក៏ដោយ ដើម្បីអាចរក្សាការប្រកួតប្រជែងចាប់ពីឆ្នាំ ២០៣០ តទៅ បណ្តាមេដឹកនាំត្រូវតែប្រកាន់យកម៉ូដែលធុរកិច្ចតាមបែបសេដ្ឋកិច្ចវិលជុំ បូករួមនឹងការអនុវត្តដំណើរការសាកល្បង និងការបង្កើតយុទ្ធសាស្ត្រមួយសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅកាន់សេដ្ឋកិច្ចថ្មី គឺសេដ្ឋកិច្ចវិលជុំ (Circular Economy)៕

World Economic Forum

អត្ថបទទាក់ទង