ខ្មែរប៉ុស្ដិ៍ Close

អាស៊ានប្រឈមមុខនឹងការខូចខាតផ្នែកសេដ្ឋកិច្ចដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 76
អាស៊ានប្រឈមមុខនឹងការខូចខាតផ្នែកសេដ្ឋកិច្ចដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាស៊ានប្រឈមមុខនឹងការខូចខាតផ្នែកសេដ្ឋកិច្ចដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនកំពុងបង្កការគំរាមកំហែងដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើទោះបីជាតំបន់នេះមិនរងនូវផលប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏ផលប៉ះពាល់ដោយប្រយោលនៅតែអាចកើតមាន

ខណៈពេលដែលក្រុមអ្នកវិភាគនៅតែបន្តលើកឡើងថា «ព្រឹត្តិការណ៍សង្គ្រាមនេះនឹងបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់សេដ្ឋកិច្ចរបស់អាស៊ាន» ក៏ដោយ ពួកគេក៏បានព្រមានផងដែរថា «ការបន្តអូសបន្លាយនៃជម្លោះនេះ នឹងជះឥទ្ធិពលលើវិស័យពាក់ព័ន្ធផ្សេងៗនៅក្នុងតំបន់ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម រហូតដល់វិស័យទេសចរណ៍»។

ធនាគារ Maybank របស់ម៉ាឡេស៊ីបានព្រមាននៅក្នុងខែនេះអំពី «វិនាសកម្មមកលើអាស៊ាន» ដែលបង្កឡើងដោយសារតែជម្លោះ និងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។ ធនាគារនេះបានលើកឡើងថា «ការធ្លាក់ចុះខ្លាំងនៃសេដ្ឋកិច្ចរបស់អឺរ៉ុប នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស និងកំណើនសេដ្ឋកិច្ចរបស់អាស៊ាន»។

ធនាគារ Maybank ក៏បានបញ្ជាក់ផងដែរថា «សហភាពអឺរ៉ុបបានរួមចំណែកយ៉ាងច្រើន គឺរហូតដល់ទៅ ៩% នៃការនាំចេញសរុបរបស់អាស៊ាន និងច្រើនជាង ១១% នៅក្នុងការនាំចេញសរុបរបស់ប្រទេសវៀតណាម និងហ្វីលីពីន»។ ជាងនេះទៅទៀត សហភាពអឺរ៉ុបក៏បានរួមចំណែកនៅក្នុងការវិនិយោគផ្ទាល់ពីបរទេសរបស់អាស៊ានរហូតដល់ទៅ ១១% ផងដែរ។

សម្រាប់ប្រទេសសិង្ហបុរី អ្នកវិភាគ Chua Hak Bin និងលោកស្រី Lee Ju Ye បានធ្វើការកត់សម្គាល់ថា «សហភាពអឺរ៉ុបបានរួមចំណែករហូតដល់ទៅ ៩,២% នៃការនាំចេញផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរី ដោយមិនរាប់បញ្ចូលប្រេង (Non-Oil Domestic Export)»។

ពួកគេបានកាត់បន្ថយការព្យាករណ៍កំណើន GDP របស់សិង្ហបុរីសម្រាប់ឆ្នាំនេះមកនៅត្រឹម ២,៨% ដោយសារតែការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោកនិងសហភាពអឺរ៉ុប តម្លៃថាមពលកើនឡើងខ្ពស់ និងការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្ម។

ពួកគេបានលើកឡើងពីការព្រួយបារម្ភថា «សេដ្ឋកិច្ចរបស់អឺរ៉ុបអាចនឹងបន្តរងនូវការធ្លាក់ចុះបន្ថែមទៀត ឬអាចនឹងឈានដល់ការកើតមានវិបត្តិសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបទៀតផង»។

ដូចគ្នានេះដែរ នៅក្នុងខែនេះ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ «Morgan Stanley Asia» បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួនដែលរួមមាន ប្រទេសសិង្ហបុរី (ពី ៤,៨% មកនៅត្រឹម  ៣,៧%), ប្រទេសថៃ (ពី ៤,៣% មកនៅត្រឹម ៣,៣%) និងហ្វីលីពីន (ពី ៧,៥% មកនៅត្រឹម ៧%) ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន «DBS Group Holdings» ក៏បានលើកឡើងអំពីការព្រមានស្រដៀងគ្នានេះដែរជុំវិញហានិភ័យនៃការធ្លាក់ចុះបន្តិចម្តងៗនៃសេដ្ឋកិច្ចរបស់អាស៊ាន ដោយក្នុងនោះ ពួកគេបានលើកឡើងថា «ផលប៉ះពាល់មកលើការនាំចេញរបស់អាស៊ានអាចនឹងកើតមានដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អឺរ៉ុប ប្រសិនបើវិបត្តិនេះនៅតែបន្តអូសបន្លាយកាន់តែយូរ»។

លោក Chua Han Teng, លោកស្រី Radhika Rao និងលោក Irvin Seah បានបញ្ជាក់ថា «ដោយសារប្រទេសរុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែជាប្រទេសនាំចេញស្រូវសាលីដ៏សំខាន់ ហើយប្រទេសអ៊ុយក្រែនថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងការនាំចេញពោតទៀតនោះ ប្រទេសឥណ្ឌូណេស៊ីនិងហ្វីលីពីន អាចនឹងងាយទទួលរងផលប៉ះពាល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ស្រូវសាលី ហើយប្រទេសវៀតណាមក៏អាចនឹងប្រឈមមុខ នឹងបញ្ហាទាក់ទងនឹងការផ្កត់ផ្គង់ពោតផងដែរ»។

សម្រាប់ប្រទេសហ្វីលីពីន ការកើនឡើងនៃតម្លៃប្រេងអាចនឹងបង្កផលប៉ះពាល់ដល់ GDP ហើយវាអាចនឹងបង្កជាសម្ពាធបន្ថែមទៀតទៅលើឱនភាពពាណិជ្ជកម្មដ៏ធំ ដែលប្រទេសនេះកំពុងជួបប្រទះស្រាប់ និងទៅលើប្រាក់ប៉េសូរបស់ហ្វីលីពីន»។

វិស័យទេសចរណ៍នៅតែស្ថិតក្នុងការព្រួយបារម្ភដដែល ខណៈពេលដែលប្រទេសជាសមាជិកអាស៊ានបានចាប់ផ្តើមស្តារវិស័យនេះឡើងវិញ។ រដ្ឋាភិបាលក្នុងតំបន់កំពុងលុបចោលនូវការរឹតបន្តឹងនៅតាមព្រំដែន ដោយក្នុងនោះ ប្រទេសថៃបាន ប្រកាសថា «ភ្ញៀវទេសចរនឹងលែងតម្រូវឱ្យមានលិខិតបញ្ជាក់អវិជ្ជមានវីរុសកូវីដ-១៩ ទៀតហើយ នៅមុនពេលហោះហើរចូលមកក្នុងប្រទេសថៃចាប់ពីថ្ងៃទី ១ ខែមេសា ខាងមុខនេះ»។

ប្រទេសហ្វីលីពីន និងវៀតណាមបានបើកដំណើរការវិស័យទេសចរណ៍របស់ពួកគេឡើងវិញ ខណៈដែលម៉ាឡេស៊ីនឹងចាប់ផ្តើមបើកដំណើរការវិស័យនេះនៅដើមខែក្រោយ។ ក៏ប៉ុន្តែប្រទេសទាំងនេះនឹងនៅតែបន្តតម្រូវឱ្យមានការធ្វើតេស្តរកវីរុស។ ប្រទេសសិង្ហបុរីនឹងអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញមកពីគ្រប់ប្រទេសទាំងអស់អាចចូលមកប្រទេសសិង្ហបុរីបាន ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ដោយគិតចាប់ពីថ្ងៃទី ១ ខែមេសាខាងមុខ»។

លោក Wellian Wiranto ដែលជាសេដ្ឋវិទូនៅក្រុមហ៊ុន «Oversea-Chinese Banking Corp» របស់ប្រទេសសិង្ហបុរីបានលើកឡើងកាលពីពេលថ្មីៗនេះថា «ឧស្សាហកម្មទេសចរណ៍ដែលកំពុងតែទទួលរងទុក្ខ ឥឡូវនេះអាចនឹងមានក្តីសង្ឃឹមសម្រាប់ការស្តារឡើងវិញជាថ្មីហើយ ក៏ប៉ុន្តែសង្រ្គាមនៅអ៊ុយក្រែននឹងបង្កការបំផ្លាញខ្លះដល់ក្តីសង្ឃឹមនេះ»។

ធនាគារ Maybank បានកត់សម្គាល់ថា «នៅមុនពេលកើតមានវីរុសរាតត្បាត ប្រជាជនអឺរ៉ុបគឺជាភ្ញៀវទេសចរដែលបានធ្វើដំណើរមកកាន់ប្រទេសថៃច្រើនជាងគេបំផុត ដែលមានចំនួនរហូតដល់ទៅ ១៧% ខណៈដែលប្រទេសឥណ្ឌូណេស៊ីទទួលបានភ្ញៀវទេសចរអឺរ៉ុបចំនួន ១៣% ហើយប្រទេសសិង្ហបុរីក៏ទទួលបានភ្ញៀវទេសចរអឺរ៉ុបចំនួន ១១% ផងដែរ»។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចអឺរ៉ុប និងបញ្ហាអតិផរណានឹងបង្អាក់ការធ្វើដំណើរទេសចរណ៍របស់ពួកគេ។

ធនាគារនេះបានលើកឡើងទៀតថា «បញ្ហានៅក្នុងប្រទេសរុស្ស៊ីក៏បានបង្កហានិភ័យដោយផ្ទាល់យ៉ាងធំចំពោះវិស័យទេសចរណ៍របស់ប្រទេសថៃផងដែរ ខណៈដែលប្រទេសរុស្ស៊ីបានចូលរួមចំណែកនៅក្នុងប្រាក់ចំណូលទេសចរណ៍របស់ប្រទេសថៃរហូតដល់ ៥,៤% ដែលស្ថិតនៅលេខរៀងបន្ទាប់ពីប្រទេសចិន (២៨%) និងម៉ាឡេស៊ី (៥,៦%)»។

ធនាគារម៉ាឡេស៊ីមួយនេះបានសង្កេតឃើញថា «ភ្ញៀវទេសចរណ៍ជនជាតិរុស្សីបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃរួចទៅហើយ ដោយសារតែការធ្លាក់ចុះនៃតម្លៃរបស់ប្រាក់ Rubles រុស្សី, ការលុបចោលជើងហោះហើរ និងការលំបាកក្នុងការផ្ទេរប្រាក់»។

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរបស់ប្រទេសបារាំង «Amundi» បានធ្វើការព្រមាននៅក្នុងខែនេះថា «អឺរ៉ុបអាចប្រឈមមុខនឹងហានិភ័យនៃភាពជាប់គាំងនៃសេដ្ឋកិច្ច (Stagflation) ដែលរួមមានទាំងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃទំនិញដែលអាចឈានទៅដល់ការកើតមានវិបត្តិសេដ្ឋកិច្ចបណ្តោះអាសន្នទៀតផងនៅក្នុងឆ្នាំនេះ»។

ក្រុមហ៊ុន Amundi បានលើកឡើងថា «យើងរំពឹងថា អតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូនឹងនៅតែបន្តរក្សាអត្រាខ្ពស់ពេញមួយឆ្នាំ ជាពិសេសនៅក្នុងវិស័យថាមពល និងចំណីអាហារ ដែលអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការ និងផលិតកម្ម។ ទស្សនវិស័យសេដ្ឋកិច្ចនឹងកាន់តែមានភាពយ៉ាប់យ៉ឺន ហើយសេណារីយ៉ូដ៏សំខាន់នៅពេលឥឡូវនេះគឺ សម្រាប់រយៈពេលខ្លីខាងមុខ តំបន់អឺរ៉ុបនឹងមានកំណើនសេដ្ឋកិច្ចទាប បូករួមនឹងអតិផរណាខ្ពស់»។

ទីភ្នាក់ងារផ្សេងទៀតក៏បានកាត់បន្ថយការព្យាករណ៍កំណើនរបស់ពួកគេផងដែរ ដូចជានៅក្នុងខែនេះ ក្រុមហ៊ុនផ្តល់ចំណាត់ថ្នាក់ឥណទាន «Fitch» បានកាត់បន្ថយការព្យាករណ៍កំណើន GDP ពិភពលោកសម្រាប់ឆ្នាំ ២០២២ មកនៅត្រឹម ៣,៥% រីឯកំណើនរបស់តំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានបញ្ចុះមកនៅត្រឹម ៣% ប៉ុណ្ណោះ។

ដោយសារប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ថាមពលដល់តំបន់ដែលចាយប្រាក់អឺរ៉ូនៅក្នុងឆ្នាំ ២០១៩ រហូតដល់ទៅ ២៥% ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន «Fitch» លោក Brian Coulton បានបញ្ជាក់ថា «ប្រសិនបើប្រទេសរុស្ស៊ីធ្វើការផ្អាកការផ្គត់ផ្គង់ថាមពលភ្លាមៗ នោះអឺរ៉ុបអាចនឹងជួបប្រទះនឹងកង្វះខាតថាមពលសម្រាប់ការប្រើប្រាស់»។

លោក Enrico Tanuwidjaja ដែលបម្រើការនៅធនាគារ «United Overseas Bank» របស់ប្រទេសសិង្ហបុរី បានលើកឡើងនៅក្នុងខែនេះថា «ការសិក្សាជាច្រើនដែលយើងបានប្រមូលផ្តុំ បានបង្ហាញថា អតិផរណា និងកំណើនសេដ្ឋកិច្ច មានទំនាក់ទំនងរយៈពេលវែងរវាងគ្នាប្រសិនបើត្រូវបានវាស់វែងដោយកំណើន GDP»។

លោកបានបន្តទៀតថា «ការប៉ាន់ប្រមាណមួយសម្រាប់ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា នៅរាល់ពេលដែលអតិផរណាមានការកើនឡើង ១% កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងទទួលរងផលប៉ះពាល់អវិជ្ជមានក្នុងកម្រិត ០,០៨% ដែលមានន័យថា ការកើនឡើងខ្ពស់នៃអត្រាអតិផរណានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចមានល្បឿនកាន់តែយឺត»។

ក្រុមហ៊ុនផ្តល់ចំណាត់ថ្នាក់ឥណទាន «Moody’s» ក៏បានលើកឡើងផងដែរថា «អត្រាអតិផរណាអាចនឹងកើនឡើងកាន់តែលឿនសម្រាប់ប្រទេសដែលមានតម្លៃប្រេងឥន្ធនៈ និងអគ្គិសនីថ្លៃ និងប្រទេសដែលមានការ នាំចូលប្រេងឥន្ធនៈច្រើន ដូចជាប្រទេសឡាវ, ហ្វីលីពីន និងវៀតណាម»។

បញ្ហាទាំងនេះនឹងធ្វើឱ្យរដ្ឋាភិបាលអាស៊ានជួបប្រទះនឹងភាពតានតឹងកាន់តែខ្លាំង បន្ទាប់ពីបានរងគ្រោះអស់រយៈពេលជាង ២ ឆ្នាំ រួចមកហើយ ដោយសារតែវិបត្តិនៃវីរុសរាតត្បាត។ ក្រុមហ៊ុន Moody’s បានកត់សម្គាល់ថា «បណ្តារដ្ឋាភិបាលនានានឹងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងការជំរុញឱ្យមានការបង្កើនការឧបត្ថម្ភធន ហើយបញ្ហានេះអាចនឹងឈានទៅកើតមានបញ្ហាផ្នែកសារពើពន្ធកាន់តែច្រើន»។ Nikkei Asia