ខ្មែរប៉ុស្ដិ៍ Close

សមាជគណបក្សនឹងធ្វើឱ្យប្រទេសចិនស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្រ្គាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 68
សមាជគណបក្សនឹងធ្វើឱ្យប្រទេសចិនស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្រ្គាម សមាជគណបក្សនឹងធ្វើឱ្យប្រទេសចិនស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្រ្គាម

វិស័យការពារជាតិរបស់ប្រទេសជប៉ុនកំពុងត្រូវបានផ្លាស់ប្តូរ ហើយថវិកាការពារជាតិកាន់តែច្រើនជាងមុន បូករួមនឹងការពង្រឹងសមត្ថភាពក៏កំពុងស្ថិតក្រោមដំណើរការ។ ប៉ុន្តែពេលវេលាជាក់លាក់ក្នុងការសម្រេចបាននូវកិច្ចការទាំងនេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ខណៈដែលនាយករដ្ឋមន្រ្តីជប៉ុន និងមន្ត្រីផ្សេងទៀតតែងតែលើកឡើងថា «វានឹងអាចសម្រេចបាននៅក្នុងរយៈ ពេល ៥ ឆ្នាំ»។

តាមស្តង់ដាររបស់ប្រទេសជប៉ុនសកម្មភាពនានាតែងត្រូវបានធ្វើឡើងនៅក្នុងល្បឿនផ្លេកបន្ទោរ ក៏ប៉ុន្តែជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងរបស់ចិន កិច្ចការទាំងនេះអាចនឹងមានល្បឿនកាន់តែលឿនជាងធម្មតា។ ខណៈពេលដែលសមាជគណបក្សកុម្មុយនិស្តចិន (CPC) លើកទី ២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែតុលា ជម្លោះនៅក្នុងតំបន់អាស៊ីបូព៌ាអាចនឹងកើតមាននៅក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើការពង្រឹងសមត្ថភាពនៅក្នុងវិស័យការពារជាតិមានសភាពយឺតយ៉ាវ ប្រទេសជប៉ុនអាចនឹងត្រូវប្រឈមមុខនឹងការប្រយុទ្ធដោយប្រើប្រាស់នូវអ្វីដែលខ្លួនមានបច្ចុប្បន្ន។

ចាប់តាំងពីសម័យរបស់លោកម៉ៅសេទុង នេះគឺជាសមាជ CPC លើកដំបូងហើយដែលនឹងនាំមកនូវការពង្រឹងជំហររបស់មេដឹកនាំចិនដែលអាចនាំប្រទេសចិនឆ្ពោះទៅរកសង្រ្គាម។ ការជួបប្រជុំគ្នានេះនឹងធ្វើឱ្យលោក Xi Jinping អាចបន្តកាន់អំណាចដោយគ្មានកាលកំណត់ និងដោយគ្មានដែនកំណត់។ ក្រុមប្រឆាំងនឹងលោកត្រូវបានគេទុកចោល, រងនូវការបំភិតបំភ័យ ឬត្រូវបានចាប់ដាក់គុក។

មូលដ្ឋានការងារត្រូវបានដាក់ចេញ ដើម្បីឈានទៅសម្រេចការងារអាក្រក់ៗ។ លោក Xi គឺជាមេដឹកនាំចិនដំបូងគេដែលមានចំណង់ក្នុងការបង្កសង្គ្រាម ប្រសិនបើលោកមិនអាចទទួលបាននូវអ្វីដែលលោកចង់បាន តាមរយៈការបំភិតបំភ័យ។ លោកបានចាត់ទុកខ្លួនឯងជាបុរសម្នាក់ ដែលត្រូវបានវាសនាកំណត់ឱ្យមកស្ដារប្រទេសចិនឡើងវិញ។

ប្រធានាធិបតីចិនលោក Xi Jinping ជួបជាមួយមន្ត្រីយោធា និងកងទ័ពដែលឈរជើងនៅតំបន់ស្វយ័ត Xinjiang Uyghur ភាគពាយ័ព្យនៃប្រទេសចិនកាលពីថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2022។ រូបថត៖ Li Gang / Xinhua

សមត្ថភាពរបស់កងទ័ពរំដោះ ប្រជាជនចិន (PLA) បានកើនឡើងដល់ចំណុចមួយដែលថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ត (និងជាពិសេសលោក Xi) ជឿថា «ប្រទេសចិនអាចធ្វើសង្រ្គាមដ៏ខ្លី និងមុតស្រួចនៅជិតព្រំដែនរបស់ខ្លួន ហើយអាចធានាបាននូវភាពជោគជ័យ»។ ប្រទេសចិនបានចំណាយពេល ៤៥ ឆ្នាំចុងក្រោយដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកសាងកម្លាំងយោធារបស់ខ្លួន។

ចិនបានស្តារប្រទេសឡើងវិញពីសម័យម៉ៅសេទុងដ៏អាក្រក់។ ប៉ុន្តែនៅពេលនេះ លោក Xi Jinping កំពុងប្រថុយនឹងហានិភ័យដើម្បីអាចទទួលបាននូវអ្វីដែលលោកចង់បានដោយប្រើកម្លាំងនិងការគំរាមកំហែង។ ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមគឺជារឿងដែលមិនអាចទាយទុកជាមុនបានទេ។

ក្រៅពីការបង្កឱ្យមានការស្លាប់សង្រ្គាមនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលការធ្វើពាណិជ្ជកម្មជាអន្តរជាតិកំពុងមានការធ្លាក់ចុះ។ ក្នុងរយៈពេល ៤៥ ឆ្នាំចុងក្រោយនេះ មនុស្សជាច្រើនយល់ឃើញថា «អ្វីៗនឹងបន្តមានភាពប្រសើរឡើងនៅក្នុងប្រទេសចិន» ក៏ប៉ុន្តែភាពប្រសើរឡើងអាចនឹងឈានដល់ទីបញ្ចប់ហើយហើយជីវិតរបស់ជនជាតិចិនភាគច្រើននឹងត្រូវជួបប្រទះនឹងការលំបាកកាន់តែខ្លាំង។

នាវាចម្បាំងកងទ័ពជើងទឹក PLA ដែលបានបើកឆ្លងកាត់នៅតំបន់ប្រជុំកោះ Senkaku កាលពីខែកក្កដា ឆ្នាំ 2022។ រូបថតផ្តល់ដោយក្រសួងការពារជាតិជប៉ុន

ប្រសិនបើសហរដ្ឋអាមេរិក, ជប៉ុន និងបណ្តាប្រទេសសេរីផ្សេងៗទៀតមិនអាចរួបរួមគ្នា និងធ្វើឱ្យប្រទេសចិនដើរតាមផ្លូវត្រឹមត្រូវបាននោះទេ ពិភពលោកអាចនឹងត្រូវបែកបាក់ចេញជាប្លុកធំៗចំនួន២ គឺពិភពលោកសេរី និងពិភពលោកមិនសេរី។ វានឹងមានលក្ខណៈដូចគ្នានឹងសម័យកាលសង្រ្គាមត្រជាក់ចាស់ ក៏ប៉ុន្តែពេលនេះវានឹងរួមមាននូវការប្រយុទ្ធគ្នាដ៏ពិតប្រាកដក្នុងរយៈពេលជាក់លាក់ណាមួយ។

ស្ថាប័នសកលអាចនឹងដួលរលំ ឬបាត់បង់សារៈសំខាន់ ក៏ប៉ុន្តែរឿងនេះនឹងមិនបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរនោះទេ ប្រសិនបើបណ្តាប្រទេសសេរីអាចបង្កើតស្ថាប័នផ្ទាល់ខ្លួនបាន។ ប្រសិនបើលោក Xi ពិតជានឹងរុញ ប្រទេសចិនឆ្ពោះទៅរកផ្លូវសង្រ្គាមមែន ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន នឹងវិលត្រឡប់ទៅដូចកាលពីឆ្នាំ ១៩៥០។

ការបង្ហូរឈាមណាមួយដែលមានជាប់ពាក់ព័ន្ធនឹងកងកម្លាំងរបស់សហរដ្ឋអាមេរិក និង/ឬរបស់បណ្តប្រទេសដៃគូរបស់សហរដ្ឋអាមេរិក (ដូចជាប្រទេសជប៉ុនជាដើម) នឹងធ្វើឱ្យទំនាក់ទំនងវិវឌ្ឍទៅកាន់តែអាក្រក់។ ទំនាក់ទំនងជាធម្មតានឹងមិនអាចទៅរួចនោះទេ ប្រសិនបើការបង្ហូរឈាមកើតឡើង។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក និងសូម្បីតែជប៉ុននិងអឺរ៉ុបក៏បាន ចាប់ផ្តើមទទួលស្គាល់នូវការគំរាមកំហែងកាន់តែខ្លាំងរបស់ចិន និងបាននាំគ្នាចាត់វិធានការដើម្បីការពារខ្លួន។

ការ​បាញ់​មីស៊ីល​ផ្លោង​ចូល​ទៅ​ក្នុង​តំបន់​ហ្វឹកហាត់​ជុំវិញ​កោះ​តៃវ៉ាន់ និងទៅ​ក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ EEZ របស់​ជប៉ុន កាល​ពី​ថ្ងៃ​ទី ៤ ខែ​សីហា ឆ្នាំ​២០២២។ រូបថត៖ Weibo

អ្នកសង្កេតការណ៍ខ្លះបានលើកឡើងថា «នៅពេលដែលលោក Xi ពង្រឹងអំណាចនិងការគ្រប់គ្រងរបស់លោក លោកនឹងព្យាយាមពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយប្រទេសចិននឹងលែងសូវមានហានិភ័យ»។ ប៉ុន្តែវាអាចនឹងមិនពិតនោះទេ។ ប្រសិនបើលោក Xi អាចសម្លឹងឃើញឱកាសក្នុងការជំរុញផែនការរបស់លោក នោះលោកនឹងចាប់យកឱកាសនោះ។

លោកបាននិយាយអំពី «ភាពធន់ចំពោះទណ្ឌកម្ម» នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ចិន ហើយលោកថែមទាំងបានអនុវត្តការគ្រប់គ្រងទាំងស្រុងលើប្រជាជនតាមរយៈយុទ្ធសាស្ត្រ «Zero Covid» ទៀតផង។ ប្រទេសចិនបានស្តុកទុកស្បៀងអាហារ និងប្រេងឥន្ធនៈហើយបាន និងកំពុងសាងសង់រោងចក្រថាមពលធ្យូងថ្មក្នុងល្បឿនដ៏អស្ចារ្យ។

មន្ត្រីនៃគណបក្សកុម្មុយនិស្តចិនក៏ត្រូវបានបញ្ជាឱ្យលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងរបស់សាច់ញាតិរបស់ពួកគេដែលមាននៅក្រៅប្រទេសដើម្បីនាំយកសាច់ប្រាក់ត្រឡប់មកកាន់ប្រទេសចិនវិញ។ ជាក់ស្តែង ការពង្រីកខ្លួនរបស់កងទ័ព PLA នៅតែបន្តឥតឈប់ឈរ។ វាហាក់បីដូចជាលោក Xi កំពុងរៀបចំផែនការ និងកំពុងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ។

រដ្ឋការរបស់ប្រធានាធិបតី Joe Biden ហាក់ដូចជានៅខ្វះការប្តរជ្ញាចិត្ត ហើយលោក Xi អាចនឹងគិតថា «ពេលវេលាដ៏សមស្របបានមកដល់ហើយ»។ ដូច្នេះ ទីក្រុងតូក្យូត្រូវធ្វើឱ្យបានល្អបំផុតដោយប្រើភាពឈ្លាសវៃខាងផ្នែកការពារជាតិដែលខ្លួនមានដោយអាចចាប់ផ្តើមជាមួយនឹងការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងស្វ័យការពារជប៉ុន។

សកម្មភាពទាំងនេះមិនត្រូវការលុយ ឬគ្រឿងចម្បាំងថ្មីច្រើននោះទេ។ សម្រាប់មេដឹកនាំជប៉ុននិងអាមេរិក រឿងដ៏សំខាន់គឺ «ការផ្លាស់ប្ដូរផ្នត់គំនិត ហើយបន្ទាប់មក គឺការចាប់ផ្តើមកិច្ចការនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»៕

Asia Times

អត្ថបទទាក់ទង