ខ្មែរប៉ុស្ដិ៍ Close

របៀបបញ្ឈប់សង្គ្រាមរវាងអាមេរិក និងចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 84
របៀបបញ្ឈប់សង្គ្រាមរវាងអាមេរិក និងចិន នាវាពិឃាត Arleigh Burke-class guided-missile USS Milius (DDG 69) ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃអាទិត្យ ទី 16 ខែមេសា ឆ្នាំ 2023។ (កងទ័ពជើងទឹកអាមេរិកតាមរយៈ AP)

តាមរយៈដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ការជជែកគ្នាស្តីអំពីសង្គ្រាមរវាងចិននិងអាមេរិក បានក្លាយជាប្រធានបទដ៏ពេញនិយម និងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។ ការពិភាក្សាត្រូវបានបន្ទរដោយសេចក្តីថ្លែងការណ៍ដោយឥតសំចៃមាត់ ពីសំណាក់បណ្ដាមេទ័ពអាមេរិកដែលបាននាំគ្នាលើកឡើងអំពីកាលបរិច្ឆេទនៃការបើកទំព័រនៃអរិភាព។

មតិ​ទាំង​នេះបានឆ្លុះបញ្ចាំងអំពីការពិភាក្សាដ៏ទូលំទូលាយស្តីអំពីចិន ដែលបានកើតមាននៅទីក្រុងវ៉ាស៊ីនតោនទាំងក្នុងនិងក្រៅរដ្ឋាភិបាលអាមេរិក។ អ្នក​មាន​ឥទ្ធិពល​ជាច្រើន​ហាក់​គិត​ថា «សង្គ្រាម​អាមេរិក​ និង​ចិន​មិន​ត្រឹម​តែ​អាច​កើត​ឡើងប៉ុណ្ណោះ​ទេ តែ​វាថែមទាំងមានភាពទំនងខ្លាំងទៀតផង»។

វោហាសាស្ត្រ​ដែល​មានប្រភពមកពីទីក្រុងប៉េកាំងក៏​បាននាំមកនូវការបញ្ឆេះកំហឹងផងដែរ។ កាលពីខែមុន លោក Qin Gang ដែលជារដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា «ប្រសិនបើភាគីអាមេរិកមិនបញ្ឈប់ ហើយបន្តដើរលើផ្លូវខុសទៀត នោះការប្រឈមមុខដាក់គ្នា និងជម្លោះរវាងប្រទេសទាំងពីរ គឺជារឿងដែលចៀសមិនរួចនោះឡើយ»។

នៅពេលដែលបណ្ដាមន្ត្រីអាមេរិកព្យាយាមរក្សាស្ថិរភាពនៃទំនាក់ទំនងជាមួយចិន ពួកគេក៏កំពុងងាកទៅរកសង្រ្គាមត្រជាក់ផងដែរ ដែលមិនមែនជាការព្រមាននោះទេ ក៏ប៉ុន្តែជាការយកគំរូតាមដ៏មានសក្តានុពល។ មន្ត្រីជាច្រើនបានលើកឡើងអំពីដំណាក់កាលធូរស្រាលនៃសង្រ្គាមត្រជាក់ (Detente) នៅទសវត្សរ៍ឆ្នាំ ១៩៧០ ដោយបានចាត់ទុកវាជាឧទាហរណ៍មួយនៃស្ថិរភាពជាយុទ្ធសាស្រ្តដែលមហាអំណាចចំនួន ២ ដែលមានអរិភាពនឹងគ្នា និងដែលមានអាវុធប្រល័យលោកដូចគ្នា អាចរៀនរស់នៅជាមួយគ្នាបាន ដោយមិនចាំបាច់ធ្វើសង្គ្រាម។

ដំណាក់កាល Detente អាចសម្រេចបាន បន្ទាប់ពីគ្រប់គ្នាបានឆ្លងកាត់វិបត្តិដ៏គ្រោះថ្នាក់នៃសង្គ្រាមត្រជាក់នៅដំណាក់កាលដំបូង។ វាគឺជាសម័យកាល «ស្លាប់រស់» (ដូចអ្វីដែលមន្ត្រីអាមេរិកម្នាក់បានហៅ) នៃវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ដែលជាពេលដែលពិភពលោកហៀបនឹងឈានដល់សង្រ្គាមនុយក្លេអ៊ែរ ពោលគឺជាពេលដែលអាមេរិកនិងរុស្ស៊ីបានទទួលស្គាល់អំពីតម្រូវការក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានស្ថិរភាពឡើងវិញ។

«ខ្សែទូរសព្ទបន្ទាន់» (Hotline) ត្រូវបានបង្កើតឡើងរវាងសេតវិមាននិងវិមានក្រឹមឡាំងនៅក្នុងឆ្នាំ ១៩៦៣។ យោធាសូវៀតនិងយោធាអាមេរិកបានចាប់ផ្តើមនិយាយគ្នាទៅវិញទៅមកជាទៀងទាត់ ដើម្បីកាត់បន្ថយការភ័យខ្លាចអំពីសមយុទ្ធយោធា ឬពីការវាយប្រហារដោយមីស៊ីលដែលអាចនឹងកើតមាន។ អាមេរិក​ក៏បាន​អំពាវនាវ​ឱ្យចិន​​ដាក់ចេញនូវ «របងការពារ» ស្រដៀង​គ្នា​នេះ​ដែរដើម្បី​ការពារ​ហានិភ័យ​នៃ​ជម្លោះ​ដែលអាចកើតមានដោយ​ចៃដន្យ​។

ទោះយ៉ាងណាក៏ដោយ ចិនមិន​​បានបង្ហាញអំពីការចាប់​អារម្មណ៍​នោះ​ទេ។ ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសចិនអំពីគ្រោះថ្នាក់ដែលបណ្ដាលមកពីជម្លោះនិងការប្រឈមមុខដាក់គ្នាបានបដិសេធយ៉ាងដាច់អហង្ការចំពោះ «របងការពារ» ដែលស្នើឡើងដោយអាមេរិក ដោយក្នុងនោះលោកបានលើកឡើងថា «វាគ្រាន់តែជាវិធីសាស្ត្រមួយក្នុងការព្យាយាមបង្ខំមិនឱ្យចិនឆ្លើយតប នៅពេលមានការបង្កាច់បង្ខូច ឬការវាយប្រហារមកលើខ្លួនប៉ុណ្ណោះ»។

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កំពុងអានរដ្ឋធម្មនុញ្ញរបស់ចិន នៅពេលឆ្លើយសំណួរដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិចិន (NPC) នៅទីក្រុងប៉េកាំង ថ្ងៃទី 7 ខែមីនា ឆ្នាំ 2023។ (AP រូបថត/Mark Schiefelbein)

ការ​ជំទាស់យ៉ាងដាច់ណាត់ពី​សំណាក់រដ្ឋាភិបាល Xi Jinping គឺ​ «រដ្ឋបាល Biden កំពុង​ព្យាយាម​រៀបចំ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន ដែល​ចិន​បានចាត់​ទុក​ជារឿងគ្មានមូលដ្ឋាន​​​ច្បាប់»។ ជនជាតិចិនយល់ឃើញថា «អាមេរិកគ្មានអ្វីដែលត្រូវទៅការពារកោះតៃវ៉ាន់ (បើតាមទស្សនៈរបស់ពួកគេ តៃវ៉ាន់គឺជាខេត្តឧទ្ទាមមួយ) ឬធ្វើប្រតិបត្តិការសេរីភាពស្តីពីការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលចិនបានអះអាងអធិបតេយ្យភាពលើផ្ទៃសមុទ្រស្ទើរតែទាំងស្រុងនោះទេ»។

មន្ត្រី​អាមេរិក​ម្នាក់​ធ្លាប់បាន​និយាយថា «​ពួកគេ​គិត​ថា​ : ការ​លើកឡើងរបស់យើង​អំពីរបងការពារ ប្រៀបដូចជាការ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាពលើ​អ្នកបើកបរ​ដែល​កំពុងបង្កើនល្បឿន​យានយន្តដូច្នោះដែរ»​។ អាមេរិកបានចាត់ទុកចិនជាអ្នកបើកបរដ៏គ្រោះថ្នាក់ម្នាក់។ មន្ត្រីនានារបស់អាមេរិកបានចង្អុលបង្ហាញអំពីការកសាងសមត្ថភាពយោធាចិនអស់រយៈពេលជាច្រើនទសវត្សរ៍ បូករួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសនេះ។

ចិនក៏បានបង្កើនសមយុទ្ធយោធារបស់ខ្លួននៅក្បែរឆ្នេរសមុទ្រតៃវ៉ាន់ផងដែរ ដែលមើលទៅមានលក្ខណៈដូចជាការហាត់សមត្រៀមសម្រាប់ការឈ្លានពានកោះនេះ។ ការវាយតម្លៃរបស់អាមេរិកលើចេតនានយោបាយ និងយុទ្ធសាស្ត្រដែលជាមូលហេតុនៅពីក្រោយការវិវឌ្ឍទាំងនេះគឺជារឿងមិនត្រឹមត្រូវនោះទេ។ មន្ត្រីអាមេរិកជឿថា «លោក Xi Jinping បានសម្រេចចិត្តថា : ការបង្រួបបង្រួមចិនដីគោកនិងកោះតៃវ៉ាន់ អាចក្លាយជាកេរ៍ដំណែលដ៏អស្ចារ្យរបស់លោក»។

ពួកគេក៏បានគិតដែរថា «លោកបានត្រៀមប្រើកម្លាំងដើម្បីសម្រេចគោលដៅនេះឱ្យបាន ហើយលោកទំនងជាបានប្រាប់យោធារបស់លោកឱ្យត្រៀមខ្លួនឱ្យបានរួចរាល់នៅត្រឹមឆ្នាំ ២០២៧»។ ប្រសិនបើនេះជាការពិត នោះការបង្កើត «របងការពារ» នឹងមិនគ្រប់គ្រាន់នោះទេ ក្នុងការធានានូវសន្តិភាព។

ដូច្នេះទន្ទឹមនឹងការព្យាយាមចាប់ផ្តើមការសន្ទនាជាធម្មតាឡើងវិញ អាមេរិកក៏កំពុងព្យាយាមផ្លាស់ប្តូរការគិតគូររបស់លោក Xi ផងដែររវាងផលប៉ះពាល់និងអត្ថប្រយោជន៍ ដែលអាចកើតមានពីការប្រើប្រាស់កម្លាំងយោធា បូករួមនឹងការធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីពង្រឹងការរារាំងចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

រដ្ឋបាល Biden គិត​ថា ​«វិធានការនេះអាច​ដំណើរការ​ទៅមុខ​បាន​ល្អ»។ ពួកគេបានចង្អុលបង្ហាញអំពីការកើនឡើងយ៉ាងខ្ពស់នៃថវិកាយោធារបស់ជប៉ុន, ការចុះហត្ថលេខាលើសន្ធិសញ្ញា AUKUS រវាងអូស្ត្រាលី អង់គ្លេស និងអាមេរិក ទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុនរវាងអាមេរិកនិងឥណ្ឌា, ការពង្រឹងក្រុម Quad ដែលមាន អាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ជាសមាជិក និងការសម្រេចចិត្តរបស់ហ្វីលីពីនក្នុងការអនុញ្ញាតឱ្យអាមេរិកទទួលបានសិទ្ធិកាន់តែច្រើន ក្នុងការចូលទៅកាន់មូលដ្ឋានទ័ពនានារបស់ខ្លួននៅជិតកោះតៃវ៉ាន់។

វាគឺដូចអ្វីដែលមន្ត្រីអាមេរិកម្នាក់បាននិយាយដោយការពេញចិត្តថា «យើងកំពុងទទួលបានផ្លែផ្កាយ៉ាងល្អ»។ ក្នុងពេលជាមួយគ្នានេះ អាមេរិកកំពុងព្យាយាមបង្កការភ័យខ្លាចតាមរយៈការបង្កើនការគាបសង្កត់លើ សេដ្ឋកិច្ចរបស់ចិន។ ទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរវាងអាមេរិកនិងចិនគឺជាចំណុចដ៏លេចធ្លោមួយដែលបង្ហាញថា «គូប្រកួតប្រជែងនៅក្នុងពេលបច្ចុប្បន្ននេះគឺមានលក្ខណៈខុសគ្នាពីក្នុងអំឡុងសង្គ្រាមត្រជាក់»។

ទោះយ៉ាង​ណា​ក៏​ដោយ ការ​ត្រៀម​ខ្លួន​សម្រាប់​ជម្លោះ​នៅ​តែ​បន្ត​វិវឌ្ឍទៅ​មុខសម្រាប់ភាគីទាំង​សងខាង។ ហានិភ័យជាក់ស្តែងគឺថា «អាមេរិកនិងចិនកំពុងជាប់គាំងទៅក្នុងវដ្តនៃសកម្មភាពនិងប្រតិកម្មជាច្រើន ដែលអាចរុញពួកគេឱ្យខិតទៅជិតចំណុចផ្ទុះនៃជម្លោះ» ហើយនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុត។ វាមិនទំនងទេដែលចិននិងអាមេរិកនឹងសហការគ្នាលើបញ្ហាប្រឈមជាសកលដែលកំពុងបង្កផលប៉ះពាល់ដល់ប្រទេសទាំងអស់ ដោយរាប់ចាប់ពីការទប់ស្កាត់វីរុសរាតត្បាតបន្ទាប់, ការប្រែប្រួលអាកាសធាតុ រហូតដល់ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI)។

ការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យយោធាគឺច្បាស់ជានឹងកើតមាន ដែលទាំងអាមេរិកនិងចិននឹងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រមូលផ្តុំចំណេះដឹងរបស់ពួកគេ បើទោះបីជាភាគីទាំងពីរ អាចមើលឃើញអំពី
ហានិភ័យដែលអាចកើតមានចំពោះមនុស្សជាតិ ដែលបង្កឡើងដោយការអភិវឌ្ឍបច្ចេកវិទ្យា AI នេះក៏ដោយ។

អ្នកបង្កើតគោលនយោបាយអាមេរិកបានអះអាងថា «គោលដៅរយៈ ពេលវែងរបស់ពួកគេ គឺការសម្រេចឱ្យបាននូវស្ថិរភាពជាយុទ្ធសាស្រ្តជាមួយចិន» ក៏ប៉ុន្តែវាហាក់ដូចជានៅឆ្ងាយពីការពិតណាស់ខ្លាំងណាស់៕

Channel News Asia

អត្ថបទទាក់ទង