ខ្មែរប៉ុស្ដិ៍ Close

    ការកំណត់តម្លៃប្រេងរុស្ស៊ីនឹងជួយពន្លឿនការធ្វើបដិដុល្លារនីយកម្ម (De-dollarization)

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1401
    ការកំណត់តម្លៃប្រេងរុស្ស៊ីនឹងជួយពន្លឿនការធ្វើបដិដុល្លារនីយកម្ម (De-dollarization)ឥទ្ធិពលនៃប្រាក់ដុល្លារក្នុងការជួញដូរប្រេងអាចនឹងឈានដល់ទីបញ្ចប់។ រូបភាព៖ Twitter

    ការកំណត់តម្លៃប្រេង ៦០ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងរុស្ស៊ី គឺជាទង្វើដ៏ចម្រូងចម្រាសមួយរបស់សហភាពអឺរ៉ុប និងបណ្តាក្រុមប្រទេស G7។ ការកំណត់តម្លៃនេះបានហាមឃាត់ក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសលោកខាងលិច និងក្រុមហ៊ុនដឹកជញ្ជូន ដែលមានចំណែកច្រើនជាង ៩០% នៃសេវាកម្មធានារ៉ាប់រងលើដែនសមុទ្រមិនឱ្យផ្តល់សេវាកម្មដល់នាវាផ្ទុកប្រេងរុស្ស៊ីដែលមានតម្លៃលើសពី ៦០ ដុល្លារក្នុងមួយបារ៉ែល។

    ចេតនានេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា «វាគឺជាការរារាំងរុស្ស៊ីមិនឱ្យទទួលផលចំណេញពីតម្លៃប្រេងខ្ពស់របស់ពិភពលោក ប៉ុន្តែវាក៏ជាការផ្តល់នូវការលើកទឹកចិត្តសម្រាប់រុស្ស៊ីផងដែរក្នុងការបន្តផ្គត់ផ្គង់ប្រេងដល់ប្រទេសដែលងាយរងគ្រោះនៅតំបន់អាហ្វ្រិកនិងអាស៊ី»។ ការកំណត់តម្លៃបែបនេះក៏អាចនឹងបង្កឱ្យមានអស្ថិរភាព និងផលវិបាកដែលមិនអាចទាយទុកជាមុនបានផងដែរ។

    អ្នកទិញប្រេងរុស្ស៊ីបច្ចុប្បន្នដែលរួមមានឥណ្ឌា និងចិនអាចនឹងទាមទារឱ្យមានការបញ្ចុះតម្លៃបន្ថែមទៀត ព្រោះពួកគេដឹងថា «រុស្ស៊ីមិនមានជម្រើសច្រើននោះទេ»។ បន្ថែមពីលើការធ្លាក់ចុះនៃតម្រូវការពិភពលោក សកម្មភាពនេះអាចជំរុញឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះនៅក្នុងរយៈពេលខ្លី ហើយវាអាចនឹងធ្វើឱ្យរុស្ស៊ីស្ថិតនៅក្នុងស្ថានភាពដ៏តឹងតែង។

    ប្រសិនបើតម្លៃប្រេងរបស់ខ្លួនធ្លាក់ចុះក្រោមតម្លៃផលិតកម្មដែលមានតម្លៃប្រហែល ៣៥-៤០ ដុល្លារក្នុងមួយបារ៉ែលនោះ ប្រទេសរុស្ស៊ីអាចនឹងផ្អាកការនាំចេញប្រេងជាបណ្តោះអាសន្ន ឬបញ្ឈប់ការផលិតទាំងស្រុង។ រុស្ស៊ីមិនមានកន្លែងស្តុកប្រេងច្រើននោះទេ។ តួអង្គសំខាន់មួយទៀតគឺអង្គការ OPEC ដែលជាសម្ព័ន្ធមិត្តជួញដូរប្រេងពិភពលោក និងជាដៃគូប្រកួតប្រជែងដ៏សំខាន់ជាមួយនិងប្រេងឆៅរបស់រុស្ស៊ី។

    សម្ព័ន្ធភាពនេះអាចនឹងជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ដើម្បីបង្កើនប្រាក់ចំណេញ, កាត់បន្ថយការផ្គត់ផ្គង់ និងធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើងវិញយ៉ាងឆាប់រហ័ស។ ការចាប់ផ្តើមប្រតិបត្តិការប្រេងរបស់រុស្ស៊ីឡើងវិញ បន្ទាប់ពីការផ្អាកជាបណ្តោះអាសន្ននឹងជួបប្រទះនឹងការលំបាក ហើយអាចត្រូវចំណាយពេលវេលាច្រើន។ ទោះបីជាប្រេងរបស់រុស្ស៊ីបានឈានទៅដល់ទីផ្សារពិភពលោកក៏ដោយ ក៏ការដាក់ទណ្ឌកម្មបន្ថែមទៀតនឹងកាត់បន្ថយលទ្ធភាពរបស់ពួកគេក្នុងការបញ្ចុះតម្លៃ។

    ប្រទេសផ្សេងទៀតក៏អាចនឹងព្យាយាមបង្កការរំខានបន្ថែមទៀតដល់ទីផ្សារប្រេងផងដែរដូចជាទួរគី ឬអាហ្សែបៃហ្សង់ ដែលប្រទេសទាំង ២ អាចនឹងបិទផ្លូវប្រេងរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយវាទំនងទេ ដែលថា «តម្លៃប្រេងពិភពលោកនឹងកើនឡើងនៅក្នុងរយៈពេលមធ្យមទៅរយៈពេលវែង»។

    គេរំពឹងថា ឆ្នាំ ២០២៣ នឹងជាឆ្នាំដ៏ច្របូកច្របល់មួយទៀតនៅក្នុងទីផ្សារថាមពល។ រូបថត៖ AFP

    ទីផ្សារប្រេងដែលមានអស្ថិរភាពអាចនឹងបង្កមហន្តរាយសម្រាប់សេដ្ឋកិច្ចពិភពលោកដោយក្នុងនោះ វាអាចកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកជាអចិន្ត្រៃយ៍ដែលនឹងជំរុញឱ្យតម្លៃថាមពល និងអត្រាអតិផរណាកាន់តែកើនឡើង។ ករណីខាងលើនឹងអាចបង្កឱ្យមានផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ទល់នឹងការកើនឡើងនៃអត្រា អតិផរណានិងជំរុញឱ្យធនាគារកណ្តាលអាមេរិកនិងធនាគារកណ្តាលពិភពលោកផ្សេងទៀត បន្តអនុវត្តជំហររូបិយវត្ថុដ៏តឹងរឹងរបស់ពួកគេ។

    អត្រាការប្រាក់ខ្ពស់ក៏នឹងបង្កើនការចំណាយលើការផ្តល់កម្ចីសម្រាប់បច្ចេកវិទ្យាថ្មីៗដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើឥន្ធនៈហ្វូស៊ីល។ គេបានព្យាករថា «គេនឹងត្រូវចំណាយថវិកា ៣,៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដើម្បីធ្វើឱ្យពិភពលោកអាចឈានដល់ការបំភាយកាបូន ០ នៅត្រឹមឆ្នាំ ២០៥០ ខាងមុខ»។

    ប៉ុន្តែការធ្វើឱ្យតំបន់អឺរ៉ុបឈប់ពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីនឹងត្រូវចំណាយថវិកាប្រមាណ ៣១៤ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។ អ្វីដែលកាន់តែអាក្រក់ទៅទៀតនោះគឺ «ការចំណាយលើការផ្តល់ប្រាក់កម្ចីកាន់តែខ្ពស់ក៏នឹងបង្កើនការចំណាយលើការទូទាត់បំណុលរបស់រដ្ឋាភិបាលផងដែរ ដែលបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានរួចស្រេចទៅហើយដោយសារតែវីរុសកូវីដ-១៩»។

    ផលប៉ះពាល់ដ៏សំខាន់និងគួរឱ្យព្រួយបារម្ភបំផុតនៃការកំណត់តម្លៃប្រេងគឺ «ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងពិភលោកដែលអាចនឹងធ្វើឱ្យកម្រិតជីវភាពនៃការរស់នៅកាន់តែមានសភាពអាក្រក់»។ ប្រទេសផលិតប្រេងផ្សេងទៀតនឹងត្រូវបានទាញចូលទៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក។

    ទន្ទឹមគ្នានេះដែរ ការចូលរបស់ចិនទៅកាន់ការប្រើប្រាស់ប្រេងឆៅរបស់រុស្ស៊ីនិងប្រភពថាមពលផ្សេងទៀតដូចជាឧស្ម័នធម្មជាតិ និងអ៊ុយរ៉ាញ៉ូមនឹងជួយកាត់បន្ថយការចំណាយសម្រាប់ការផលិតរបស់ចិន។ ការជំរុញរបស់លោកខាងលិចសម្រាប់ការវិនិយោគបៃតងនឹងជួយបង្កើនការត្រួតត្រារបស់ប្រទេសចិននៅក្នុងវិស័យបច្ចេកវិទ្យាបៃតង ហើយវាក៏អាចជួយបង្កើនទំហំសេដ្ឋកិច្ចដ៏ធំសម្រាប់ប្រទេសចិនផងដែរ។

    នៅពេលលោកខាងលិចដាក់ចេញនូវរនាំងពាណិជ្ជកម្មកាន់តែច្រើនប្រទេសចិននិងរុស្សីអាចបង្ខំឱ្យក្រុមហ៊ុនផលិតផ្លាស់ប្តូរទីតាំងមកកាន់ប្រទេសជាច្រើនដែលស្ថិតនៅក្បែរខាងហើយបញ្ហានេះអាចនឹងបង្កើនតម្លៃផលិតកម្ម។ ការកំណត់តម្លៃក៏អាចជួយពន្លឿនការកាត់ផ្តាច់ទំនាក់ទំនងនៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

    ការហាមឃាត់ទាំងស្រុងមិនឱ្យក្រុមហ៊ុនធានារ៉ាប់រងរបស់លោកខាងលិច និងក្រុមហ៊ុនដឹកជញ្ជូន ធ្វើការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីនឹងជួយបង្កើនសន្ទុះនៃការបង្កើតប្រព័ន្ធអេកូហិរញ្ញវត្ថុដែលមិនមែនជាប្រាក់ដុល្លារអាមេរិក។ ស្ថានភាពនេះមានលក្ខណៈស្របតាមការជំរុញរបស់ប្រធានាធិបតីចិន Xi Jinping ដែលចង់ឱ្យមានការទូទាត់ការធ្វើពាណិជ្ជកម្មប្រេង និងឧស្ម័នដោយប្រើប្រាស់រូបិយបណ្ណរបស់ចិន។

    អន្តរភាវូបនីយកម្មដ៏ទូលំទូលាយនៃប្រាក់យ័ននឹងជួយបង្កើនចំនួនសាច់ប្រាក់នៅក្រៅប្រទេស ហើយនឹងបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុ ដែលមានប្រសិទ្ធភាពជាងមុនដែលនឹងអនុញ្ញាតឱ្យមានកំណើននៃការធានារ៉ាប់រងលើ ដែនសមុទ្រដែលមានតម្លៃថ្លៃ និងការផ្តល់ប្រាក់កម្ចីជាប្រាក់យ័នឆ្លងព្រំដែន។

    ការកាត់ផ្តាច់ទំនាក់ទំនងដ៏ឆាប់រហ័សនេះអាចនឹងជំរុញឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែខិតជិតដល់ចំណុចផ្លាស់ប្តូដ៏ធំមួយពីប្រព័ន្ធហិរញ្ញវត្ថុដែលពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកទៅជារូបិយបណ្ណដែលមិនមែនជាប្រាក់ដុល្លារអាមេរិក ដែលអាចជាប្រព័ន្ធហិរញ្ញវត្ថុពហុរូបិយបណ្ណ។

    ក្រដាសប្រាក់យ័នចិន និងប្រាក់ដុល្លារអាមេរិក។ រូបថត៖ Asia Times

    ប្រសិនបើប្រវត្តិសាស្ត្រដើរជាន់ដានចាស់វិញនោះការផ្លាស់ប្តូរនេះនឹងមិនមានលក្ខណៈរលូននោះទេ ហើយវានឹងធ្វើឱ្យអត្រាអតិផរណាកើនឡើងកាន់តែខ្ពស់បូករួមនឹងការបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុ។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ការកាត់ផ្តាច់ដ៏ឆាប់រហ័សនៅក្នុងវិស័យហិរញ្ញវត្ថុអាចបង្កការរំខានយ៉ាងខ្លាំងដោយសារពួកគេនៅតែពឹងផ្អែកទៅលើប្រព័ន្ធបច្ចុប្បន្នសម្រាប់ការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម និងការវិនិយោគ។

    បណ្តាប្រទេសនានាអាចចាត់វិធានការដើម្បីកាត់បន្ថយការប្រែប្រួលនៃតម្លៃប្រេងពិភពលោក និងការកាត់ផ្តាច់ទំនាក់ទំនងជាសកល។ ពួកគេគួរតែធ្វើពិពិធកម្មប្រភពដើមនៃការនាំចូលប្រេងរបស់ខ្លួន និងបង្កើតកិច្ចសន្យានៅពេលអនាគតដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ជាមុនមុនពេលវេលាកំណត់។ បើទោះបីជាជីវឥន្ធនៈប្រហែលជាមិនមែនជាជម្រើសដែលល្អចំពោះបរិស្ថានបំផុតក៏ដោយក៏វានៅតែជាជម្រើសមួយក្នុងចំណោមឥន្ធនៈដែលមានប្រសិទ្ធភាពបំផុត។

    បណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនគួរតែសហការជាមួយប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនលើកម្មវិធីប្រេងជីវសាស្ត្រ តាមរយៈការប្រើប្រាស់ប្រេងដូងដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅ។ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ប្រទេសនានាគួរតែប្រើប្រាស់ការផ្លាស់ប្តូរទីតាំងផលិតកម្មដែលកំពុងកើតមាន ដើម្បីរួមបញ្ចូលខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកថ្មី និងការធ្វើពិពិធកម្មការ នាំចេញទៅកាន់ទីផ្សារថ្មី។

    ប្រទេសដែលពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិកក៏គួរតែចាប់ផ្តើមធ្វើពិពិធកម្មផងដែរដោយអាចងាកមកប្រើរូបិយបណ្ណក្នុងស្រុកជំនួសវិញ។ កិច្ចខិតខំប្រឹងប្រែងនៅពេលថ្មីៗនេះរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនក្នុងការរួមបញ្ចូលយន្តការទូទាត់ជារូបិយបណ្ណក្នុងស្រុក គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក៏ប៉ុន្តែវានៅមានរឿងជាច្រើនទៀតដែលគេអាចធ្វើបាន៕

    Asia Times

    អត្ថបទទាក់ទង