រាជរដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ច្រើនសន្ធឹកសន្ធាប់ជូនដល់អត្តពលិកកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,៧០៨,៦០០,០០០រៀល (ពីរប៊ីលាន ប្រាំពីររយប្រាំបីលាន ប្រាំមួយរយពាន់រៀល) របស់រាជរដ្ឋាភិបាល ជូនអត្តពលិកម្ចាស់ជ័យលាភី និងគ្រូបង្វឹក ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។
លោកបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្ពុជា បានចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាបានបញ្ជូលអត្តពលិកចំនួន ១១៥នាក់ និងអ្នកបច្ចេកទេសចំនួន ៣៤នាក់ លើវិញ្ញាសារសរុប ១៣៤ ហើយយើងបានចូលរួមលើប្រភេទកីឡាចំនួន ១១ រួមមាន៖ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយ(បរុស-នារី) បាល់ទះរទេះ(បរុស-នារី) វាយកូលឃ្លីលើតុ ប៊ូស្យា(បុរស-នារី) អ៊ុក វាយសី បាល់ទាត់ និងបាល់បោះ។ ក្នុងព្រឹត្តិការណ៍ អាស៊ាប៉ារ៉ាហ្គេមលើកទី១១នេះ កម្ពុជាទទួលបានមេដាយមាសចំនួន ៧គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរិទ្ធចំនួន ១១គ្រឿង។ ជារួមកម្ពុជាស្ថិតនៅក្នុងកម្រិតលេខរៀងទី៧ ក្នុងចំណោមប្រទេសទាំង១១។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ានី ដែលបានដឹកនាំប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាំមកនូវកិត្តិយសជូនជាតិមាតុភូមិនៃយើង។ លទ្ធផលទាំងនេះ ពិតជាបានបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជំរុញវិស័យកីឡាជនពិការកម្ពុជាឱ្យបានស្មើមុខ ស្មើមាត់ ទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងការអបអរសាទរ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី បើទោះបីស្ថិតក្នុងកាលៈទេសៈការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស តំបន់ និងពិភពលោកក្តី ប៉ុន្តែ កីឡាករ កីឡាការិនី នៅតែខិតខំប្រឹងប្រែងហ្វឹកហាត់ចូលរួមប្រកួតរហូតទទួលបានជ័យលាភីជាមោទនភាពសម្រាប់ប្រទេសកម្ពុជា។ ជោគជ័យនេះ បានបង្ហាញពីវិស័យកីឡាជនពិការនៅកម្ពុជាបាននឹងកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់មានវឌ្ឍនភាពល្អប្រសើរ ទាក់ទិននឹងគុណភាពកីឡាករ កីឡាការិនី។ នៅចំពោះមុខកីឡាករ កីឡាការិនី។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ យុវជន និងកីឡា ជាពិសេសកីឡាជនពិការ រួមជាមួយនឹងការគាំទ្រដ៏ផុលផុសរបស់ប្រជាជនកម្ពុជាគ្រប់រូប នៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាឱ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេសស័ក្តិសមនឹងពាក្យថា «កីឡាជាទូតមួយដ៏សំខាន់លើឆាកអន្តរជាតិ» «អរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាព សន្តិភាពជាកូនសោរវឌ្ឍនភាពលើគ្រប់វិស័យ រួមទាំងការពារអាយុជីវិតរបស់យើង»។
ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលដែលផ្តល់ជូនកីឡាករ គឺមានចំនួន២,៧០៨,៦០០,០០០រៀល (ពីរប៊ីលាន ប្រាំពីររយប្រាំបីលាន ប្រាំមួយរយពាន់រៀលគត់) ដោយមេដាយ មាស១គ្រឿង (១ វិញ្ញាសា) ទទួលបាន ៤០ លានរៀល, មេដាយប្រាក់១ គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន ១៦លានរៀល ៕