ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ អំពាវនាវដល់ក្រ​សួងអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនទីកន្លែងហ្វឹកហាត់កីឡាបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
លោក ទៀ បាញ់ អំពាវនាវដល់ក្រ​សួងអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនទីកន្លែងហ្វឹកហាត់កីឡាបន្ថែមទៀត លោក ទៀ បាញ់ អំពាវនាវដល់ក្រ​សួងអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនទីកន្លែងហ្វឹកហាត់កីឡាបន្ថែមទៀត

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ នៅវិមានមិត្តភាពថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០។ ក្នុងឱកាសនោះ​ លោក ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមលើកទី២៣ បានធ្វើការអំពាវនាវដល់ក្រ​សួងអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនទីកន្លែងហ្វឹកហាត់កីឡាបន្ថែមទៀត ខណៈយុវជនខ្មែរខ្លះមានទេពកោសល្យតាំងពីកំណើតតែពួកគេគ្មានឱកាសក្នុងការហ្វឹកហាត់ដោយ សារតែជីវភាព និងគ្មានកន្លែងត្រឹមត្រូវសម្រាប់ការហាត់ជាដើមនោះ។

លោក ទៀ បាញ់ បានលើកឡើងថាការបង្កើនទីកន្លែងច្រើនសម្រាប់ហ្វឹកហាត់កីឡា គឺជាឱកាសសម្រាប់យុវជនខ្មែរ ហើយលោករំពឹងថា កូនខ្មែរនឹងមានអ្នកខ្លាំងច្រើនផ្សេង ទៀតនៅតាមខេត្ត និងទីជនបទ ប៉ុន្តែពួកគេគ្មានឱកាសចូលរួមដោយសារ តែគ្មានកន្លែងហ្វឹកហាត់ត្រឹមត្រូវ។​ លោក ទៀ បាញ់ បានសង្កត់ធ្ងន់ថា «យើងត្រូវតែជំរុញឱ្យខ្លាំងក្លាបន្ថែមទៀតតាមរយៈមន្ទីរអប់រំយុវជន និងកីឡាត្រូវឱ្យមានកន្លែងហាត់ឱ្យបានច្រើន យុវជនខ្លះវាខ្លាំងតែពួកគេមិនបានចេញមុខចេញមាត់ដោយសារតែពួកគេនៅតាមទីជនបទ ហើយក្មេងខ្លះមានជំនាញនិងចាប់អារម្ភណ៍តាំងពីតូចតែពួកគេ មិនអាចធ្វើអ្វីកើតដោយសារតែគ្នានខ្សែរយៈ និងសម្ភារៈគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ជាដើមនោះ»។

លោក ទៀ បាញ់ ក៏បានថ្លែងកោតសរសើរចំពោះកីឡាករកម្ពុជា នាពេលបច្ចុប្បន្នស្ទើរតែគ្រប់វិញ្ញាសារកីឡាទាំង​អស់ បានកំពុងរីកចម្រើនជាបន្តបន្ទាប់ដោយសារតែ មាន​ការយកចិត្តទុកដាក់ច្រើន និងការទទួលខុសត្រូវខ្ពស់ពីសំណាក់គ្រូបង្វឹកនិងការខិតខំផ្ទាល់របស់កីឡាករ -កីឡាការិនី បើទោះបីកម្ពុជាយើងនៅមានការខ្វះខាតខ្លះៗ នូវឧបករណ៍សម្ភារ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាល ជាពិសេសបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងលើវិស័យកីឡានៅមានកម្រិត ប៉ុន្តែវាត្រូវទាមទារឱ្យយើងទាំងអស់គ្នា ខិតខំរួមគ្នាដោះស្រាយការងារទាំងអស់នេះជាបន្តបន្ទាប់ទៀតដើម្បីធ្វើយ៉ាងណាឱ្យវិស័យកីឡានេះកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង