ខ្មែរប៉ុស្ដិ៍ Close

ឥទ្ធិពលដ៏អាក្រក់របស់ចិនកំពុងបង្ហាញវត្តមាននៅក្នុងប្រទេសថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 58
ឥទ្ធិពលដ៏អាក្រក់របស់ចិនកំពុងបង្ហាញវត្តមាននៅក្នុងប្រទេសថៃ ថ្មីៗ​នេះ ប៉ូលិស​ថៃ​បាន​ដោះស្រាយ​រឿងអាស្រូវ និង​ការ​ឆបោក​ពាក់ព័ន្ធ​នឹង​ធាតុ​ផ្សំខុសច្បាប់របស់ជនជាតិ​ចិន​។ រូបភាព៖ Twitter

រឿងអាស្រូវ ២ ដែលបានកើតឡើងស្របគ្នានៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងប្រទេសថៃ បានបង្កើតជាព្យុះយ៉ាងខ្លាំងដែលអាចបង្កការគំរាមកំហែងដល់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស «Palang Pracharat» នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខាងមុខនេះ។ រឿងអាស្រូវនេះក៏បានលាតត្រដាងឱ្យឃើញផងដែរនូវបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានជាប់ទាក់ទងនឹងមូលធនរបស់ចិន, ឧក្រិដ្ឋកម្ម និងអ្នកនយោបាយថៃ។

ផ្អែកលើបញ្ហានេះ រដ្ឋាភិបាលត្រូវបង្ខំចិត្តលុបចោលសំណើរដែលមានបំណងបង្កើនការវិនិយោគពីបរទេស តាមរយៈការលុបចោលការហាមឃាត់សិទ្ធិកាន់កាប់ដីធ្លីដោយជនបរទេស។ រណសិរ្សរួបរួមដែលប្រឆាំងនឹងវិធានការនេះដែលរួមមានទាំងសហសេវិកគណបក្ស «Palang Pracharat» គឺលោក Pareena Kraikupt បានប្រើប្រាស់វោហាសាស្ត្រដ៏មានអានុភាពបំផុតនៅក្នុងសង្វៀននយោបាយរបស់ប្រទេសថៃ ដែល នោះគឺថា «ការលក់ប្រទេសជាតិ»។

ប៉ូលីសថៃបានប្រកាសថា «ពួកគេបានធ្វើការវាយឆ្មក់នៅទីក្រុងបាងកក និងបានចាប់ខ្លួនជនជាតិចិនម្នាក់ ដែលបានប្រើប្រាស់អត្តសញ្ញាណបណ្ណថៃក្លែងក្លាយ និងបានកាន់កាប់សាច់ប្រាក់, រថយន្តទំនើប និងបណ្ណកម្មសិទ្ធិអចលនទ្រព្យ»។ រឿងរ៉ាវទាំងនេះបានកើតឡើងស្របគ្នាជាមួយនឹងការជំទាស់ដែលក្រុមប្រឆាំងនឹងវិធានការធ្វើកំណែទម្រង់លក់ដីធ្លីបានលើកឡើងថា «ច្បាប់បន្ធូរបន្ថយនេះអាចបង្កើនលំហូរនៃលុយប្រផេះរបស់ចិន (Gray Money) ចូលទៅក្នុងប្រទេសថៃ»។

«លុយប្រផេះ» សំដៅទៅលើប្រាក់ចំណូលពីសហគ្រាសឧក្រិដ្ឋកម្មដែលរួមមានទាំងគ្រឿងញៀន និងល្បែងស៊ីសងដែលលុយនឹងត្រូវបានលាងតាមរយៈការទិញអចលនទ្រព្យ។ ប៉ូលីសថៃបានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានជាបន្តបន្ទាប់ថា «លុយដែលបានមកពីការជួញដូរគ្រឿងញៀននៅតំបន់ត្រីកោណមាសដែលបានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តល់ហិរញ្ញប្បទានដល់មេឧក្រិដ្ឋកម្មចិនក្នុងការទទួលបានលិខិតឆ្លងដែន, អត្តសញ្ញាណ និងដីធ្លីរបស់ប្រទេសថៃ»។

ទាំងអតីតអ្នកនយោបាយ និងអ្នកនយោបាយបច្ចុប្បន្នជាច្រើនបានទទួលស្គាល់អំពីសកម្មភាពរបស់ក្រុមជនពាលចិននៅក្នុងប្រទេសថៃ។ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺ «វាមានការចោទប្រកាន់ជាច្រើនដែលថា ក្រុមជនពាលទាំងនោះមិនខ្លាចប៉ូលីស ឬច្បាប់នោះទេ ដោយសារតែភាពទន់ខ្សោយនៃការអនុវត្តច្បាប់នៅក្នុងប្រទេសថៃ បូករួមនឹងកង្វះតម្លាភាព»។

បញ្ហានេះបានកើតឡើងដោយសារតែក្រុមជនពាលទាំងនោះទទួលបាននូវការគាំទ្រពីអ្នកនយោបាយ និងមន្ត្រីថៃ។ សញ្ញាមួយចំនួនដែលបង្ហាញថា «មូលធននិងឥទ្ធិពលរបស់ចិនបានបង្កផលប៉ះពាល់ដល់សុចរិតភាពនៃដំណើរការនយោបាយរបស់ប្រទេសថៃ» បានកើតមានអស់មួយរយៈពេលមកហើយ និងបានទទួលនូវការចាប់អារម្មណ៌តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។

ឯកសាររបស់ក្រសួងការបរទេសថៃក្នុងឆ្នាំ ១៩៩២ បានលើកឡើងនូវការព្រមានថា «ភាគីចិនអាចកេងចំណេញពីទំនាក់ទំនងដ៏ជិតស្និទ្ធ (ផ្ទាល់ខ្លួន) ជាមួយឥស្សរជនថៃ និងមន្ត្រីជាន់ខ្ពស់នៅក្នុងរាជធានីថៃ ហើយអាចនឹងដណ្តើមយកការគ្រប់គ្រងលើសហគ្រាសឯកជន»។

ក្នុងឆ្នាំ ២០២០ នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ថៃបានលាតត្រដាងបណ្តាញឧក្រិដ្ឋកម្មដ៏ធំមួយដែលមានជាប់ពាក់ព័ន្ធនឹងជនជាតិចិនដែលទទួលបានអត្តសញ្ញាណបណ្ណថៃ និងបានប្រើប្រាស់វាដើម្បីបង្កើតក្រុមហ៊ុនចុះបញ្ជីនៅក្នុងប្រទេសថៃ។ បណ្តាញនៃក្រុមហ៊ុនចំនួន ១០៤ ដែលមានជាប់ពាក់ព័ន្ធនៅក្នុងអាជីវកម្មស្របច្បាប់មួយចំនួន ដូចជាអចលនទ្រព្យកំពុងតែបង្វិលប្រាក់រាប់រយលានដុល្លារ ដែលអាចមានជាប់ទាក់ទងនឹងការលាងលុយកខ្វក់ ឬការគេចពន្ធ។

ជនជាតិចិនដែលត្រូវបានប៉ូលីសថៃឃាត់ខ្លួនកាលពីពេលកន្លងទៅ

បុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលមានឈ្មោះនៅក្នុងការស៊ើបអង្កេតគឺ លោក Wang Hongbin បានកាន់លិខិតឆ្លងដែនជាច្រើន និងមានទំនាក់ទំនងល្អជាមួយទាំងសហគមន៍ធុរកិច្ចចិននៅក្រៅប្រទេស និងអ្នកនយោបាយថៃ បូករួមទាំងអតីតនាយករដ្ឋមន្ត្រី Chavalit Yongchaiyudh ផងដែរ។

នៅឆ្នាំ ២០១៣ លោក Wang ជាមួយប្រធានសភាតំណាងរាស្រ្ត Somsak Kiatsuranont បានបង្កើតមុខតំណែងក្លែងក្លាយនៅក្នុងសភាដែលមានឈ្មោះថា «ប្រធាននាយកដ្ឋានកិច្ចការចិន»។ នាយកដ្ឋានក្លែងក្លាយនេះបានអញ្ជើញមន្ត្រីខេត្តចិនរាប់សិបនាក់ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសថៃ។

លោក Wang អាចបន្តធ្វើការយ៉ាងសកម្មនៅក្នុងប្រទេសថៃ បើទោះបីជាលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងបទឧក្រិដ្ឋក៏ដោយ។ ភាពស្ទាក់ស្ទើររបស់ថៃក្នុងការដោះស្រាយបញ្ហានេះអាចបណ្តាលមកពីកត្តាជាច្រើន។ ១/៣ នៃចំនួនប្រជាជននៅទីក្រុងបាងកកមានជាប់ខ្សែចិន ដោយសាររលកនៃការធ្វើចំណាកស្រុករបស់ជនជាតិចិននៅចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០។

ជនភៀសខ្លួនចិនបានទទួលរងនូវការរើសអើងជាច្រើន ហើយប្រជាជនថៃដើមកំណើតចិនអាចមានការព្រួយបារម្ភអំពីបញ្ហានេះ។ ការស្ទាក់ស្ទើរក្នុងការរិះគន់លើប្រទេសចិនក៏អាចកើតមានដោយសារសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ព្រះម្ចាស់ក្សត្រី Sirindhorn ចំពោះប្រទេសចិន បូករួមនឹងការធ្វើដំណើរជាញឹកញាប់របស់ទ្រង់ទៅកាន់ប្រទេសចិន។

អាជីវកម្មចិន-ថៃ ដ៏មានឥទ្ធិពលដែលគ្របដណ្តប់នៅក្នុងសេដ្ឋកិច្ចថៃ ដូចជាក្រុមហ៊ុន Charoen Pokphand Group មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិន។ នាយកប្រតិបត្តិនៃក្រុមហ៊ុន «Charoen Pokphand Group» គឺលោក Dhanin Chearavanont បានប្រើប្រាស់ឈ្មោះ Xie Guomin នៅក្នុងប្រទេសចិន ហើយលោកក៏ជាប្រធានសហព័ន្ធអ្នកជំនួញចិននៅក្រៅប្រទេសផងដែរ ដែលជាសាខារបស់ក្រុមហ៊ុន «United Front Work Group»។

គណបក្សនយោបាយមួយចំនួនត្រូវបានផ្តល់មូលនិធិដោយប្រភពទាំងនេះ បូករួមទាំងគណបក្ស «Palang Pracharat» ដែលត្រូវបានចោទប្រកាន់ថាបានទទួលយកសំណូកចំនួន ៣ លានបាត (៨៤ ២៥០ ដុល្លារអាមេរិក) ពីពាណិជ្ជករជនជាតិចិនដែលបើកក្លឹបរាត្រីខុសច្បាប់នៅប៉ាតាយ៉ា។

ស្ថាបនិកក្រុមហ៊ុន CP Group លោក Dhanin Chearavanont ថ្លែងនៅក្នុងសន្និសីទមួយ។ រូបថត៖ Facebook

ភាពរីកចម្រើននៃសមាគមថៃ-ចិន ដែលប្រមូលផ្តុំទៅដោយមន្ត្រីយោធា, អ្នកនយោបាយ និងពាណិជ្ជករថៃដូចជា «សមាគមវប្បធម៌ និងសេដ្ឋកិច្ចថៃ» ដែលត្រូវបានបង្កើតឡើងដោយលោក Chavalit ផ្ទាល់ ទំនងជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់ការព្រួយបារម្ភអំពីបញ្ហានេះនៅក្នុងចំណោមសាធារណជនថៃ។

វាគឺជាលើកទីមួយហើយដែលបញ្ហានេះទទួលបាននូវការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងទ្រង់ទ្រាយធំបែបនេះ ហើយវាពិតជាអាចទៅរួចដែលថា «មូលធនប្រផេះនឹងក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ»។ មនុស្សមួយចំនួនដូចជាលោក Rangsiman Rome ដែលមកពីគណបក្ស «Move Forward Party» មិនខ្លាចនឹងការលើកឡើងអំពីប្រធានបទពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ៕

Asia Times

អត្ថបទទាក់ទង