មេរោគកូរ៉ូណាថ្មី៖រដ្ឋាភិបាលចិនបានទទួលស្គាល់ពីចំណុចខ្វះខាត និងអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយ
នៅក្នុងប្រទេសចិន ចំនួនមនុស្សស្លាប់ និងចំនួនអ្នកឆ្លងដោយមេរោគកូរ៉ូណាថ្មីកំពុងបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្អែកតាមតួលេខរបស់គណៈកម្មការសុខាភិបាលជាតិចិន ចំនួនមនុស្សស្លាប់មាន ៤២៥នាក់ និងចំនួនអ្នកឈឺមានជាង ២០ ០០០នាក់គិតត្រឹមថ្ងៃអង្គារ ទី៤ កុម្ភៈ។ ក្រៅពីនៅទឹកដីចិនដីគោក មានជនជាតិចិនម្នាក់បានស្លាប់ដោយមេរោគកូរ៉ូណាថ្មីនៅហុងកុង។ នេះជាករណីស្លាប់ទី២ បន្ទាប់ពីមានជនជាតិចិនម្នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន។ ប្រឈមនឹងកំណើនឥទ្ធិពលរបស់មេរោគកូរ៉ូណាថ្មី មានប្រទេសកាន់តែច្រើនបានចាត់វិធានការជម្លៀសពលរដ្ឋខ្លួនចេញពីទីក្រុងវូហាន ផ្អាកជើងហោះហើរទៅ មកជាមួយចិន ឬផ្អាកទិដ្នាការដល់ពលរដ្ឋចិនជាដើម។ ដោយឡែក និងជាលើកទី១ រដ្ឋាភិបាលចិនបានទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួននៅក្នុងវិធានការទប់ស្កាត់នឹងមេរោគផ្លូវដង្ហើមថ្មី និងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយ។
ប្រតិកម្មរបស់ចិនបានធ្វើឡើងដោយគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយសនិស្តដែលចុះផ្សាយដោយទីភ្នាក់ងារផ្លូវការចិនឈ្មោះស៊ីនហួរ។ តាមស៊ីនហួរ គណៈកម្មាធិការបានសម្គាល់ឃើញពីកង្វះខាត និងការលំបាកនៅក្នុងចំណាត់ការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី។ គណៈកម្មាធិការបានស្នើរដ្ឋាភិបាលឲ្យចាត់វិធានការឲ្យបានប្រសើរជាងនេះ និងឲ្យសក្តិសមដើម្បីឆ្លើយតបនឹងស្ថានការណ៍អាសន្នសុខភាព។ ទន្ទឹមគ្នានេះ គណៈកម្មាធិការក៏សង្ឃឹមពីការចូលរួមរបស់សហគមន៍អន្តរជាតិក្នុងការប្រឈមទប់នឹងមេរោគផ្លូវដង្ហើមថ្មី។ តែចិនមិនមែនកំពុងដេកដួល រង់ចាំជំនួយអ្នកដទៃទេ។ ជាក់ស្តែង ចិនបានសាងសង់រួចមន្ទីរពេទ្យទី១ តែក្នុងរយៈពេល ១០ថ្ងៃ ហើយមន្ទីរពេទ្យ ទី២ នឹងសាងសង់រួចនៅប៉ុន្មានថ្ងៃខាងមុខដើម្បីទទួលព្យាបាលអ្នកផ្ទុកមេរោគកូរ៉ូណាថ្មី។
បន្ទាប់មក ចិនបានចាក់លុយជាច្រើនពាន់លានដុល្លារដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងរងគ្រោះដោយមេរោគកូរ៉ូណាថ្មី។ គួរបញ្ជាក់ថា ចិនសព្វថ្ងៃមិនដូចចិនកាលពីជិត ២០ឆ្នាំមុនដែលជួបវិបត្តិជំងឺសារស៍ទេ។ ចិនសព្វថ្ងៃជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោកបន្ទាប់ពីអាមេរិក និងសម្បូរលុយ។ តែអ្វីដែលចិនខ្វះ និងតម្រូវការជាបន្ទាន់នៅចំពោះមុខពេលនេះ គឺសម្ភារៈបរិក្ខារពេទ្យ ពិសេសម៉ាស់ សម្លៀកបំពាក់ និងវ៉ែនតាសម្រាប់ការពារការឆ្លងមេរោគ។ តម្រូវការសម្ភារៈបន្ទាន់ទាំងនេះធ្លាប់បានបញ្ជាក់ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីហួរ ជុនយីង។ តាមលោកស្រីជុនយីង មានប្រទេសមួយចំនួន ដូចយ៉ាងបារាំង អង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូងបានបញ្ជូនសម្ភារៈពេទ្យឲ្យចិន តែនៅមិនទាន់គ្រប់គ្រាន់។ ផ្អែកតាមក្រសួងឧស្សាហកម្មចិន រដ្ឋាភិបាលបានបង្ខំចិត្តនាំចូលម៉ាស់ សម្លៀកបំពាក់ និងវ៉ែនតាពីអឺរ៉ុប ជប៉ុន និងអាមេរិក។
មេរោគកូរ៉ូណាថ្មីគ្មានព្រំដែន និងគ្មានសញ្ជាតិ
នៅថ្ងៃចន្ទ ទី៣ កុម្ភៈ ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ក្នុងលោក G៧ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ G៧ បានព្រមព្រៀងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី ដូចយ៉ាងវិធានការបង្ការ ណែនាំពីការធ្វើដំណើរ និងចូលរួមនៅក្នុងការស្រាវជ្រាវលើមេរោគថ្មីនេះដោយមានសហការណ៍ជាមួយអង្គការសុខភាពពិភពលោក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម G៧ ចង់ឲ្យមានការដោះដូរមតិយោបល់ដោយផ្ទាល់រវាងរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅក្នុងរង្វង់ G៧ លើមេរោគកូរ៉ូណាថ្មីដែលគ្មានព្រំដែន និងគ្មានសញ្ជាតិ។
ចំណែកធនាគារពិភពលោកបានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ក្នុងលោកឲ្យពង្រឹងការឃ្លាំមើលសុខភាព និងផ្តល់ចម្លើយសមស្របប្រឈមនឹងមេរោគកូរ៉ូណាថ្មី។ ទន្ទឹមគ្នានេះ ធនាគារពិភពលោកក៏បានបញ្ជាក់ពីការពិនិត្យមើលលើធនធានលុយ និងបច្ចេកទេសដែលអាចប្រើប្រាស់ភ្លាមៗដើម្បីជួយគាំទ្រដល់ក្រុមប្រទេសដែលរងគ្រោះដោយមេរោគកូរ៉ូណាថ្មី។ នៅក្នុងន័យនេះ ធនាគារពិភពលោកបានបញ្ជាក់ពីការជជែកជាមួយដៃគូអន្តរជាតិដើម្បីស្វែងកុងសង់ស៊ុសរួមមួយជាលក្ខណៈអន្តរជាតិដើម្បីជួយក្រុមប្រទេសឲ្យដោះស្រាយទាន់ពេលលើវិបត្តិមេរោគកូរ៉ូណាថ្មីដែលជាវិបត្តិសុខភាពពិភពលោកទាំងមូល។
ប្រទេសនីមួយៗកំពុងបន្តចាត់វិធានការរៀងៗខ្លួន
គេបានសង្កេតឃើញថាមកទល់ពេលនេះ ប្រទេសនីមួយៗបានចាត់ការខ្លួនឯងដើម្បីបញ្ជៀសការចម្លងមេរោគចូលស្រុក និងជួយសង្រ្គោះពលរដ្ឋខ្លួនឯង។ វិធានការដែលគេប្រើដើម្បីបញ្ឈៀសការឆ្លងរាលដាលមេរោគ មានការបិទព្រំដែន បិទការចូលរបស់ពលរដ្ឋចិនជាលក្ខណទូទៅ និងជនបរទេសដែលបានស្នាក់នៅចិនក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ។ ដោយឡែក ពលរដ្ឋដែលប្រទេសកំណើតបានជម្លៀសចេញពីទីក្រុងវូហានត្រូវបានរដ្ឋអំណាចយកទៅដាក់នៅកន្លែងដាច់ដោយឡែកដើម្បីតាមដានស្ថានភាពសុខភាពរយៈពេល ១៤ថ្ងៃ។ រយៈពេលនេះត្រូវបានគេសម្រេចដោយផ្អែកលើមូលដ្ឋាននៃរយៈពេលដែលមេរោគកូរ៉ូណាថ្មីអាចលេចរូបរាងឡើង។
បើមានមនុស្សណាម្នាក់ពិតជាបានឆ្លងមេរោគកូរ៉ូណាថ្មីនៅទីក្រុងវូហានមែន រោគសញ្ញានឹងចាប់លេចឡើងនៅក្នុងរយៈពេល ១៤ថ្ងៃនោះ។ តែបើគ្មានលេចចេញនូវរោគសញ្ញាអ្វីទេ មនុស្សពិតជាគ្មានឆ្លងមេរោគកូរ៉ូណាថ្មី និងអាចត្រូវដោះឡើយ។ កាលពីប៉ុន្មានថ្ងៃមុននេះ អង្គការសុខភាពពិភពលោកបានកំណត់រយៈពេលតាមដានតែចន្លោះពី ២ ទៅ ១០ថ្ងៃប៉ុណ្ណោះ។ ចំណែកការសិក្សាមួយរបស់ចិនបានគិតជារយៈពេលមធ្យមដែលមានប្រមាណត្រឹម ៥,២ថ្ងៃ។ តើវិធានការបង្ខាំងមនុស្សដែលជម្លៀសពីវូហាន ឬពីវេនហ៊្សូក្នុងរយៈពេល ១៤ថ្ងៃដើម្បីតាមដានស្ថានភាពសុខភាពពិតជាអាចបញ្ជៀសហានិភ័យមេរោគកូរ៉ូណាថ្មីដោយប្រសិទ្ធិភាពដែរ ឬទេ។ ចម្លើយ គេនៅមិនទាន់មានវិធានការអ្វីផ្សេងក្រៅពីនេះនៅឡើយទេ៕