ខ្មែរប៉ុស្ដិ៍ Close

ក្រសួងផែនការប្រកាសដាក់ឱ្យប្រើប្រាស់ របាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 66
ក្រសួងផែនការប្រកាសដាក់ឱ្យប្រើប្រាស់ របាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ក្រសួងផែនការប្រកាសដាក់ឱ្យប្រើប្រាស់ របាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់របាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ។

ថ្លែងក្នុងពិធីបើកឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការអនុវត្តជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ គឺជាការងារដ៏សំខាន់លើកទីពីរជាប្រវត្តិសាស្រ្ត ដែលគាំទ្រថវិកាទាំងស្រុងពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីជំរឿនសេដ្ឋកិច្ចត្រូវបានធ្វើលើកទី១នៅឆ្នាំ២០១១ ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)។ របាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ត្រូវបានរៀបចំទ្បើងយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើការប្រមូលទិន្នន័យកំណត់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទយោងនៃជំរឿនសេដ្ឋកិច្ច ហើយនិងការធ្វើប្រតិបត្តិការចុះសម្ភាសន៍ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត បានបន្តថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ត្រូវបានអនុវត្តគ្របដណ្តប់គ្រប់អង្គភាពសេដ្ឋកិច្ចទាំងអស់ ដែលស្ថិតនៅក្នុងដែនដីនៃប្រទេសកម្ពុជា លើកលែងតែអង្គភាពកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គទូត និង អង្គភាពប្រហាក់ប្រហែល ដូចជាក្រសួងស្ថាប័ន ឬអង្គភាពរដ្ឋាភិបាល ទីបញ្ជាការដ្ឋានទាហាន និងអង្គភាពសេដ្ឋកិច្ចចល័ត និងផ្នែកសកម្មភាពការងារបម្រើឱ្យគ្រួសារនៃចំណាត់ថ្នាក់ឧស្សាហកម្មតាមស្ដង់ដារអន្តរជាតិ និងផ្អែកលើមូលដ្ឋានគ្រឹះនៃច្បាប់ស្តីពីស្ថិតិ និងអនុក្រឹត្យលេខ១៥១ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្តីពីការកំណត់កាលបរិច្ឆេទ ការរៀបចំនិងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចកម្ពុជា។

ជាលទ្ធផល ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ផ្អែកលើរបាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ដែលបានមកពីការធ្វើជំរឿនសេដ្ឋកិច្ច ស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ បានបង្ហាញលទ្ធផលថា អង្គភាពសេដ្ឋកិច្ចមានចំនួនសរុប ៧៥៣,៦៧០ទីតាំងនៅឆ្នាំ២០២២ ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។ ចំនួនអង្គភាពសេដ្ឋកិច្ចបានកើនទ្បើងប្រមាណជាង ១,៤% បើធៀបនឹងលទ្ធផលចុងក្រោយ នៃការធ្វើបញ្ជីអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសកម្ពុជានៅឆ្នាំ២០២១(មានចំនួនត្រឹមតែ ៧៤២,៩៤០ អង្គភាពសេដ្ឋកិច្ច)។ ដោយទ្បែកចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ២០២២ បានកើនទ្បើងប្រមាណជាង៤៧% បើធៀបទៅនឹងលទ្ធផលជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០១១ (មានចំនួន៥០៥,១៣៤ អង្គភាពសេដ្ឋកិច្ច) ហើយនឹងបានកើនទ្បើងប្រមាណជាង ៤៥% បើធៀបទៅនឹងលទ្ធផលនៃទិន្នន័យអង្កេតចន្លោះជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០១៤។ ការកើនទ្បើងនេះ បង្ហាញឱ្យឃើញអំពីការប្រែប្រួលរចនាសម្ព័ន្ធកំណើនសេដ្ឋកិច្ច និងប្រជាជន និងភូមិសាស្រ្តរដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន(ភូមិ ឃុំ/សង្កាត់)នៅតាមរាជធានីខេត្ត ដែលមានប្រជាជនសរុបបានកើនទ្បើងជាង ១៦,៨លាននាក់ នៅឆ្នាំ២០១៩។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងក្នុងការអនុវត្តការងារជំរឿនសេដ្ឋកិច្ចពីសំណាក់វិទ្យាស្ថានជាតិស្ថិតិ និងធនាគារពិភពលោក(The World Bank) ក្រុមការងារស្នូលបច្ចេកទេស និងគណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ចគណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ច គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្តនាពេលកន្លងមក សម្រេចបានលទ្ធផលជោគជ័យ ក្នុងការអនុវត្តជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដោយទទួលបានទិន្នន័យដូចបានបង្ហាញនៅក្នុងរបាយការណ៍ស្តីពីលទ្ធផលបឋមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២។ ចំពោះលទ្ធផលចុងក្រោយ ក្រសួងផែនការ នឹងគ្រោងធ្វើការប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ក្នុងអំឡុងខែឧសភា ឬ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។


អត្ថបទទាក់ទង