ខ្មែរប៉ុស្ដិ៍ Close

ក្រសួងផែនការ រៀបចំសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួងកម្រិតនយោបាយ ស្តីពីសេចក្តីព្រាងផែនការសកម្មភាព ២០១៩-២០២១ នៃគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 81
ក្រសួងផែនការ រៀបចំសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួងកម្រិតនយោបាយ ស្តីពីសេចក្តីព្រាងផែនការសកម្មភាព ២០១៩-២០២១ នៃគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្រសួងផែនការ រៀបចំសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួងកម្រិតនយោបាយ ស្តីពីសេចក្តីព្រាងផែនការសកម្មភាព ២០១៩-២០២១ នៃគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ អន្តរក្រសួងកម្រិតនយោបាយ ស្តីពីសេចក្តីព្រាងផែនការសកម្មភាព ២០១៩-២០២១ នៃគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដោយមានការចូលរួមពីលោក Daniel Alemu តំណាងរង អង្គការ UNFPA ប្រចាំនៅកម្ពុជា លោក លោកស្រី ជាថ្នាក់ដឹកនាំ មកពី២៩ក្រសួង-ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធចូលរួមផងដែរ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព ២០១៩-២០២១ ជាពិសេសតារាងម៉ាទ្រីស។ តារាងម៉ាទ្រីសនេះ គឺជាស្នូលនៃផែនការសកម្មភាព ដែលមានរំលេចអំពីលទ្ធផលចុងក្រោយ ធាតុចេញ និងសកម្មភាព ហើយធាតុចូលទាំងអស់ ដែលបានដាក់បញ្ចូលក្នុងតារាងម៉ាទ្រីស គឺទទួលបានពីក្រសួង-ស្ថាប័នរបស់ លោក លោកស្រី តាមរយៈសមាជិកនៃក្រុមការងារអន្តរក្រសួង តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។តារាងម៉ាទ្រីសនេះ ក៏បានរំលេចផងដែរ អំពីសូចនាករ ចំណុចដៅ ការប៉ាន់ស្មានថវិកា ប្រភពធនធាន និងស្ថាប័នទទួលខុសត្រូវ។

លោក ឆាយ ថន ក៏បានរំលឹកថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក៏ត្រូវបានផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ ជាក្រុមប្រឹក្សារាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងមន្ទីរពាក់ព័ន្ធរាជធានី-ខេត្ត រួមទាំងតំណាងសង្គមស៊ីវិលទាំង២៥ រាជធានី-ខេត្ត កាលពីឆ្នាំ២០១៦ និង២០១៧។

លោកទេសរដ្ឋមន្ត្រី បានបន្តថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ បានកំណត់នូវវិស័យអាទិភាពបួន រួមមាន៖
(១) ការអភិវឌ្ឍនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ
(២) ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម
(៣) ការពង្រីកវិស័យកសិកម្មពាក់ព័ន្ធ និង
(៤) ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។

ក្នុងអាទិភាពនីមួយៗបានកំណត់នូវការតម្រង់ទិសគោលនយោបាយ និងកម្មវិធី ដែលការតម្រង់ទិសគោលនយោបាយនិងកម្មវិធីនេះត្រូវបានយកធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កំណត់អំពីគម្រោង និងសកម្មភាពអាទិភាព តាមវិស័យ និងតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ ផែនការសកម្មភាព ២០១៩-២០២១នេះ។ ក្រសួង-ស្ថាប័ននីមួយៗ បានតម្រឹមតម្រង់គម្រោង និងសកម្មភាពរបស់ខ្លួនឱ្យស៊ីគ្នាទៅនឹងការតម្រង់ទិសគោលនយោបាយនិងកម្មវិធីទាំងនេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការ UNFPA ចំពោះការបន្តការគាំទ្រ និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាសុខភាពបន្តពូជរបស់យុវជន ជាពិសេស ចំពោះកិច្ចសហការប្រកបដោយផ្លែផ្កាជាមួយនឹងក្រសួងផែនការ ក្នុងការងារផែនការ ស្ថិតិ និងការងារពាក់ព័ន្ធនឹងបញ្ហាប្រជាជននិងការអភិវឌ្ឍ ហើយការរៀបចំសិក្ខាសាលាថ្ងៃនេះ ក៏ជាចំណែកមួយនៃការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់UNFPAផងដែរ៕

អត្ថបទទាក់ទង