ខ្មែរប៉ុស្ដិ៍ Close

    សមិទ្ធផលរបស់អាស៊ាននៅក្រោមតំណែងជាប្រធានរបស់កម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 2244
    សមិទ្ធផលរបស់អាស៊ាននៅក្រោមតំណែងជាប្រធានរបស់កម្ពុជាសមិទ្ធផលរបស់អាស៊ាននៅក្រោមតំណែងជាប្រធានរបស់កម្ពុជា

    វាគឺជាមោទនភាពនិងកិត្តិយសដ៏អស្ចារ្យដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ានលើក ទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតកាលពីខែវិច្ឆិកា ហើយក្រុមការងាររៀបចំទាំងអស់របស់កម្ពុជា នៅទីបំផុតអាចមានអារម្មណ៍ធូរស្រាលចិត្ត ខណៈពេលដែលតំណែងជាប្រធាន ត្រូវបានផ្ទេរជូនឥណ្ឌូណេស៊ីនៅក្រោយកិច្ចខិតខំបំពេញការងារអស់ពេល ១ ឆ្នាំពេញ ពីសំណាក់សមាជិកគ្រប់រូបរបស់គណៈកម្មាធិការរៀបចំកិច្ចប្រជុំ។

    កម្ពុជាបានព្យាយាមយ៉ាងខ្លាំង ដើម្បីផ្តល់នូវស្នាមញញឹមដល់គ្រប់មេដឹកនាំទាំងអស់ ដែលបានមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលដែលអាចធ្វើឱ្យពួកគេទាំងអស់គ្នាវិលត្រឡប់ទៅកាន់ប្រទេសវិញ ជាមួយនឹងការចងចាំនិងអនុស្សាវរីយ៍ល្អៗ នៅក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដោយរាប់ចាប់ពីភាពជោគជ័យនៃខ្លឹមសារនៃកិច្ចប្រជុំ, ការបង្កើនមិត្តភាពនិងការជួបធ្វើការងារដោយផ្ទាល់មុខគ្នានៅក្នុងចំណោមមេដឹកនាំ បន្ទាប់ពីបានអាក់ខានអស់រយៈពេលជាយូរ ដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩។

    ការគាំទ្រនិងការជួយជ្រោមជ្រែង, កិច្ចសហប្រតិបត្តិការ និងភាពចេះបត់បែនរបស់បណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ ក៏ដូចជារបស់ដៃគូខាងក្រៅរបស់យើង ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក្នុងការដឹកនាំដំណើរការរបស់អាស៊ានប្រកបដោយជោគជ័យនៅពេញមួយឆ្នាំ ២០២២ ស្ថិតក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ : ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា»។

    គ្រប់គ្នាអាចយល់ស្របថា «ឆ្នាំ ២០២២ គឺជាឆ្នាំដែលមានការប្រឈមខ្លាំងដោយក្នុងនោះ ដុំថ្មក្តៅជាច្រើន (ជាពាក្យដែលប្រើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសំដៅទៅលើបញ្ហាលំបាកៗដែលមាន លក្ខណៈធ្ងន់ធ្ងរជាងដំឡូងក្តៅ) បានបន្តជះឥទ្ធិពលអាក្រក់ចំពោះតំបន់និងពិភពលោក ខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏កំពុងមានការកើនឡើង»។

    បញ្ហាទាំងអស់រួមមានផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែន, វិបត្តិនៅមីយ៉ាន់ម៉ា និងការកើនឡើងកម្តៅនៅឧបទ្វីបកូរ៉េ និងច្រកសមុទ្រតៃវ៉ាន់ ខណៈពេលដែលយើងគ្រប់គ្នាក៏កំពុងមមាញឹកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ងើបចេញពីវិបត្តិ Covid-19, ពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ និងបញ្ហាជាច្រើនផ្សេងទៀត។

    នៅខែមករា ឆ្នាំ ២០២២ យើងបានចាប់ផ្តើមតំណែងជាប្រធានអាស៊ាន ជាមួយនឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលបានផ្តល់នូវពន្លឺវិជ្ជមានដ៏ធំធេង នៅចំពេលដែលស្ថានភាពសេដ្ឋកិច្ចសកលកំពុងរងនូវភាពអាប់អួរ។ គួរកត់សម្គាល់ផងដែរថា «ការចរចាកិច្ចព្រមព្រៀង RCEP បានចាប់ផ្តើមនៅឆ្នាំ ២០១២ ដែលនៅពេលនោះ ប្រទេសកម្ពុជាក៏កំពុងកាន់តំណែងជាប្រធានអាស៊ានផងដែរ»។

    នៅខែសីហា ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ក្រសែភ្នែកទាំងអស់បានផ្តោតមកលើប្រទេសកម្ពុជាជាមួយនឹងក្តីសង្ស័យដោយសារតែការបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងឆ្នាំ ២០១២។ ប៉ុន្តែប្រទេសកម្ពុជាបានធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៥៥ ដោយជោគជ័យ ហើយសេចក្តីថ្លែងការណ៍រួមក៏ត្រូវបានអនុម័តទទួលយកដោយរលូននៅក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានទាំងអស់។

    ការអនុម័តទទួលយកសេចក្តីថ្លែងការណ៍ទាំង៣ របស់វេទិកាតំបន់អាស៊ាន (ASEAN Regional Forum) គឺជាឧទាហរណ៍មួយទៀតដែលបញ្ជាក់អំពីភាពជោគជ័យយ៉ាងត្រចះត្រចង់។ ការធ្វើជាប្រធាននៃកិច្ចចរចាដែលមានការចូលរួមពីសំណាក់ប្រទេសចំនួន ២៧ ដែលរួមមានទាំងភាគីដែលកំពុងមានជម្លោះជាមួយគ្នា គឺពិតជាកិច្ចការដ៏លំបាក។ កម្ពុជាបានក្លាយជាវេទិកាដែលប្រទេសចិន, រុស្ស៊ី និងសហរដ្ឋអាមេរិក បានចូលរួម និងបានផ្តោះប្តូរទស្សនៈផ្ទុយគ្នាប្រកបដោយកាយវិការថ្លៃថ្នូរ។

    ទំនុកចិត្តត្រូវបានផ្តល់ឱ្យកម្ពុជាវិញ បន្ទាប់ពីរយៈពេល ១០ ឆ្នាំដោយសារតែប្រទេសនានាបានទទួលស្គាល់នូវភាពស្មោះត្រង់ និងភាពស្មោះស្ម័គ្ររបស់ប្រធានអាស៊ានដែលដឹកនាំដោយប្រទេសកម្ពុជាដែលបានព្យាយាមស្តាប់ក្តីកង្វល់ទាំងអស់របស់ពួកគេយ៉ាងយកចិត្តទុកដាក់។ ដោយបូកបញ្ចូលនូវសមិទ្ធផលដែលកើតចេញពីជំនួបកំពូលទាំងអស់ រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកសារជាង ១៣០ ត្រូវបានអនុម័ត។

    ប្រទេសថ្មីចំនួន ៧ បានក្លាយជាភាគីនៃសន្ធិសញ្ញាស្តីពីមេត្រីភាព និងកិច្ចសហប្រតិបត្តិការដែលបានធ្វើឱ្យចំនួនសរុបកើនដល់ ៥០ ភាគី។ សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈដែលប្រទេសប្រេស៊ីលនិងអារ៉ាប់រួមបានក្លាយជាដៃគូសន្ទនាទៅតាមវិស័យ ហើយប្រទេសទីម័ឡេស្តក៏ត្រូវបានទទួលយកជាគោលការណ៍ឱ្យក្លាយជាសមាជិកទី ១១ របស់អាស៊ាន។

    ការជំរុញឱ្យមានការយល់ព្រមទទួលយកទីម័ឡេស្ត នៅក្រោយការដាក់ពាក្យស្នើរសុំជាង ១ ទសវត្សរ៍ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា។ ស្ថិតក្រោមតំណែងជាប្រធានរបស់កម្ពុជាបញ្ហានេះត្រូវបានលើកយកមកធ្វើជាចំណុចអាទិភាពចម្បងបំផុតមួយរបស់អាស៊ាន ហើយអាស៊ានក៏បានបន្តបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាផងដែរជាមួយដៃគូសន្ទនាទាំង ១១ របស់ខ្លួន។

    ក្រៅពីភារកិច្ចសំខាន់ៗនៃការធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលជាច្រើនជាមួយដៃគូសន្ទនានៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើជាសហប្រធានដោយជោគជ័យផងដែរជាមួយប្រធានាធិបតី Joe Biden នៅឯជំនួបកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលជាកិច្ចប្រជុំដំបូងបំផុតដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ ២០២២។

    សូមអាន ការរំពឹងទុកពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន

    លើសពីនេះទៅទៀត លោកនាយករដ្ធមន្ត្រី ហ៊ុន សែន ក៏បានធ្វើជាសហប្រធាននៃជំនួបកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ នៅឯទីក្រុងព្រុចស៊ែលក្នុងឱកាសខួបលើកទី ៤៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។

    ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាននិងប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំរុញការអនុវត្តនូវចំណុចកុងសង់ស៊ីសទាំង ៥ របស់អាស៊ានក្នុងគោលបំណងជួយប្រទេសមីយ៉ាន់ម៉ាស្ដារសន្តិភាពនិងស្ថិរភាពឡើងវិញ ដើម្បីអាចវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។

    ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង អាស៊ាននិងចិនបានបង្កើតឱ្យមានវឌ្ឍនភាពនៅក្នុងការចរចាលើក្រមប្រតិបត្តិ។ កាលពីឆ្នាំមុនកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចំនួន ២ ជាប់ៗគ្នា ដើម្បីចរចាលើក្រមប្រតិបត្តិដែលលើកទីមួយត្រូវបានធ្វើឡើងនៅខែឧសភានៅខេត្តសៀមរាប និងម្តងទៀតនៅខែតុលានៅទីក្រុងភ្នំពេញ។

    ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ ប្រទេសកម្ពុជាបានព្យាយាមសម្របសម្រួលលើការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយបានសម្តែងនូវក្តីកង្វល់ជុំវិញស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីអាចឈានទៅរកការសន្ទនាផ្នែកនយោបាយ។

    ពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងមហាអំណាច នៅថ្ងៃទី ២២ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និង រដ្ឋមន្ត្រីការពារជាតិចិន ឧត្តមសេនីយ៍ Wei Fenghe បានជួបប្រជុំទល់មុខគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលថ្នាក់ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ASEAN Defense Ministers Meeting Plus) នៅឯខេត្តសៀមរាប។ ជំនួបនេះត្រូវបានគេចាត់ទុកជាជំនួបដែលមានលក្ខណៈផ្លែផ្កានិងវិជ្ជាជីវៈ និងប្រកបដោយខ្លឹមសារពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យជា យុទ្ធសាស្ត្រ និងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ។

    កិច្ចប្រជុំដ៏ជោគជ័យនោក្នុងអំឡុងភាពជាប្រធានអាស៊ានរបស់កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់នូវការគោរពចំពោះមជ្ឈភាពអាស៊ាននៅក្នុងផែនការថ្នាក់តំបន់ និងការគាំទ្រចំពោះសារៈសំខាន់នៃយន្តការអាស៊ាន ក្នុងការផ្តល់នូវវេទិកាបើកចំហ និងប្រកបដោយបរិយាប័ន្នសម្រាប់កិច្ចសន្ទនាក្នុងន័យស្ថាបនាដើម្បីដោះស្រាយក្តីកង្វល់រួម, ភាពខ្វែងគំនិតគ្នា និងដើម្បីកាត់បន្ថយភាពតានតឹង៕

    Sim Vireak/Asia Times