ខ្មែរប៉ុស្ដិ៍ Close

តើរដ្ឋាភិបាលចាំផ្ទះរបស់ថៃ មានបំណងចង់បានកេរ្តិ៍ដំណែលស្របច្បាប់តាមរយៈកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា ឬយ៉ាងណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 148
តើរដ្ឋាភិបាលចាំផ្ទះរបស់ថៃ មានបំណងចង់បានកេរ្តិ៍ដំណែលស្របច្បាប់តាមរយៈកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា ឬយ៉ាងណា? នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​ លោក ប្រាយុទ្ធ ចាន់អូចា ដែល​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤។ នៅក្នុងខែឧសភា ការបោះឆ្នោតសកលមួយបានរកឃើញថាគណបក្ស Move Forward ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ទទួលបានសំឡេងឆ្នោតគាំទ្ររាប់លានសំឡេង។ រូបថត៖ EPA-EFE

ការប៉ុនប៉ងរបស់ប្រទេសថៃដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ដ៏ចម្រូងចម្រាសមួយ ដែលជាប់ពាក់ព័ន្ធនិងមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺជាសញ្ញាមួយដែលបានបង្ហាញថា រដ្ឋាភិបាលចាំផ្ទះរបស់ទីក្រុងបាងកក អាចនឹងទាមទារ «ភាពស្របច្បាប់» ក្រោយពីការបោះឆ្នោត ហើយថែមទាំងអាច «បង្កើតបរិយាកាសមួយផ្សេងទៀត» សម្រាប់រដ្ឋាភិបាលថ្មី។ នេះបើយោងតាមការឱ្យដឹងពីសំណាក់ក្រុមអ្នកវិភាគ។

កាលពីថ្ងៃចន្ទ ប្រទេសថៃបានរៀបចំកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសជិតខាងរបស់ខ្លួន និងដើម្បីចូលរួមឡើងវិញជាមួយរបបយោធាដែលកំពុងតែជាប់ពាក់ព័ន្ធនៅក្នុងជម្លោះបង្ហូរឈាមជាមួយកងជីវពលប្រឆាំងប្រដាប់អាវុធ ចាប់តាំងពីមានការដណ្តើមអំណាចនៅក្នុងការធ្វើរដ្ឋប្រហារមួយកាលពីខែកុម្ភៈ ឆ្នាំ ២០២១។

រដ្ឋាភិបាលដែលគាំទ្រដោយក្រុមយោធារបស់ទីក្រុងបាងកក ក៏បានអញ្ជើញបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានដែលរួមមានទាំងមនុស្សដែលត្រូវបានតែងតាំងដោយរបបយោធាមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីសំណើឱ្យ «ប្រទេសមីយ៉ាន់ម៉ាអាចចូលរួមបានពេញលេញឡើងវិញ នៅក្នុងកម្រិតមេដឹកនាំ» នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសថៃបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចសន្ទនាខាងលើគឺពិតជាមានភាពចាំបាច់ណាស់ ដើម្បីការពារព្រំដែនរបស់ខ្លួនជាមួយប្រទេសដែលកំពុងតែហែកហួរដោយជម្លោះមួយនេះ។ សមាជិកអាស៊ានមួយចំនួនដែលរួមមានទាំងឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី មិនបានទទួលយកការអញ្ជើញក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំនៅទីក្រុងបាងកកទេ ដែលនេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីការមិនយល់ស្របរបស់ពួកគេ ខណៈដែលប្រទេសផ្សេងទៀត បានបញ្ជូនមន្ត្រីជាន់ខ្ពស់មកចូលរួម។

ក្រសួងការបរទេសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា គោលបំណងនៃកិច្ចសន្ទនាក្រៅផ្លូវការខាងលើ គឺដើម្បីបំពេញកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកអាស៊ានទាំង ១០។ ការអញ្ជើញនោះត្រូវបានផ្ញើទៅកាន់បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃពុធ។

លោក Dedi Dinarto អ្នកវិភាគឥណ្ឌូនេស៊ីនៅក្រុមហ៊ុនផ្តល់ប្រឹក្សាយុទ្ធសាស្ត្រអន្តរជាតិ Global Counsel បាននិយាយថា ចំណាត់ការរបស់រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ មានគោលបំណងបង្ហាញអំពី «ការបន្តភាពស្របច្បាប់» របស់ខ្លួនរហូតដល់មានការបង្កើតរដ្ឋាភិបាលថ្មី។

ចាប់តាំងពីមានការបោះឆ្នោតនៅក្នុងប្រទេសថៃកាលពីខែមុនមក ក្រុមការងារអន្តរកាលមួយត្រូវបានបង្កើតឡើង។ ក្រុមនេះត្រូវបានបង្កើតឡើងដោយអ្នកតំណាងមកពីគណបក្សនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៨ ដែលដឹកនាំដោយបក្ស Move Forward (MFP)។ សម្រាប់លទ្ធផលបោះឆ្នោត វាគឺជាកំណត់ត្រាមួយដែលពួកគេទទួលបានសម្លេងគាំទ្រ ១៤ លានសំឡេង ដែលនេះគឺជាចំនួនច្រើនបំផុត និងទទួលបានអសនៈចំនួន ១៥១ នៅក្នុងសភា។

សភាជាតិរបស់ប្រទេសនេះមានសមាជិកសរុបចំនួន ៧៥០ រូប ទាំងនៅក្នុងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។ សមាជិកចំនួន ៥០០ រូបត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាតិ ខណៈដែលសមាជិកព្រឹទ្ធសភាចំនួន ២៥០ រូបត្រូវបានតែងតាំងដោយយោធា។

មេដឹកនាំគណបក្ស Move Forward របស់ប្រទេសថៃ លោក Pita Limjaroenrat ជាមួយមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងទៀត នៅមុនសន្និសីទសារព័ត៌មាននៅទីក្រុងបាងកក កាលពីថ្ងៃទី១៨ ខែឧសភា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតសកល ដែលពួកគេទទួលបានសំឡេងឆ្នោតគាំទ្ររាប់លានសំឡេង។ រូបថត៖ Reuters

ប្រសិនបើក្រុមចម្រុះបានទទួលការគាំទ្រដោយសំឡេងភាគច្រើនដែលមានអសនៈចំនួន ៣៧៦ នៅទូទាំងសភាទាំងពីរនោះ មេដឹកនាំគណបក្ស MFP លោក Pita Limjaroenrat នឹងក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសនេះ នៅក្នុងសម័យប្រជុំសភារួមគ្នានៅក្នុងខែកក្កដា ជំនួសឱ្យរដ្ឋាភិបាលចាំផ្ទះ។

លោក Pavin Chachavalpongpun សាស្ត្រាចារ្យរងនៅមជ្ឈមណ្ឌលសិក្សាតំបន់អាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យក្យូតូ បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសថៃដែលផុតអាណត្តិរបស់លោក Prayuth Chan-ocha «ចង់បង្កើតបរិយាកាសនៅក្នុងទំនាក់ទំនងថៃ-មីយ៉ាន់ម៉ា មុនពេលដែលលោកចាកចេញពីតំណែង»។

លោកបាននិយាយថា ជំនួបជាមួយរបបយោធាមីយ៉ាន់ម៉ាក៏អាចត្រូវបានគេមើលឃើញថាជាការឆ្លើយតបចំពោះតួនាទីរបស់នាយករដ្ឋមន្ត្រីថ្មីអំពីទំនាក់ទំនងរបស់ទីក្រុងបាងកកជាមួយទីក្រុងណៃពីដោផងដែរ។

អ្នកសិក្សាស្រាវជ្រាវរូបនេះបាននិយាយថា «រដ្ឋាភិបាលចាំផ្ទះខិតខំដើម្បីទាមទារមុខមាត់សម្រាប់ផែនការរបស់ខ្លួនក្នុងការផ្តួចផ្តើមការផ្សះផ្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា» ដោយលោកបានកត់សម្គាល់ថា កិច្ចពិភាក្សានៅក្នុងប្រទេសថៃនឹងផ្តោតទៅលើ «ភាពស្របច្បាប់នៃរដ្ឋាភិបាលខ្លួន» ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

លោក Pavin បានថ្លែងថា «នេះគឺការប្រឆាំងនឹងពិធិសារនយោបាយ» ជាពិសេសនៅពេលដែលរដ្ឋាភិបាលថ្មីនឹងចូលកាន់តំណែងនៅក្នុងពេលឆាប់ៗនេះ។

លោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃ បានិយាយថា វិបត្តិរបស់មីយ៉ាន់ម៉ាកំពុងបញ្ជូនជនភៀសខ្លួនរបស់ប្រទេសនេះចេញពីប្រទេស ហើយប្រទេសថៃគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ រូបថតឯកសារ៖ Bloomberg

លោក Hunter Marston អ្នកស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា ទោះបីជាប្រទេសថៃនិយាយថា ខ្លួននឹងជំរុញឱ្យមានវិធីសាស្រ្តប្រកបដោយបរិយាប័ន្ននៅក្នុងអាស៊ានក៏ដោយ ក៏វាបានរួមចំណែកដល់ «ការបែកបាក់» របស់ក្រុមមួយនេះផងដែរ តាមរយៈការបង្ខំឱ្យប្រទេសនានាជ្រើសរើសនូវអ្វីដែលជាបញ្ហាតានតឹងសម្រាប់សមាជិកភាគច្រើន។

លោក Marston បាននិយាយថា «វាជាវិធីសាស្រ្តដែលបរាជ័យ ហើយប្រទេសថៃកំពុងតែដើរតួជាអ្នកបំផ្លិចបំផ្លាញ។ គេគ្រាន់តែសង្ឃឹមថា រដ្ឋាភិបាលរបស់បក្ស MFP ថ្មី នឹងនាំមកនូវវិធីសាស្រ្តដែលសកម្ម និងមានភាពវិជ្ជមានបន្ថែមទៀតចំពោះវិបត្តិអាស៊ាន និងមីយ៉ាន់ម៉ា»។

នៅក្នុងរយៈពេលប៉ុន្មានខែមុនឈានទៅដល់ការបោះឆ្នោតនៅក្នុងប្រទេសថៃ លោក Pita បានសន្យាថានឹងបញ្ចប់វិធីសាស្រ្តបច្ចុប្បន្នចំពោះប្រទេសមីយ៉ាន់ម៉ា ហើយលោកនឹងធ្វើការពង្រឹងសិទ្ធិមនុស្ស យុត្តិធម៌ និងនីតិរដ្ឋ បន្ថែមទៀតនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសថៃ។

មេ​ដឹក​នាំ​គណបក្ស​ Move Forward ​របស់​ប្រទេស​ថៃ លោក Pita Limjaroenrat កំពុងនិយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នាអំឡុង​ការ​បោះ​ឆ្នោត​សកលកាលពី​ខែ​ឧសភា។ ប្រសិនបើលោកអាចទទួលបានការឯកភាពនៅក្នុងសភា នោះលោកនឹងក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសនេះ នៅខែកក្កដា។ រូបថត៖ AP

លោក Dinarto បាននិយាយថា ប្រទេសថៃមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបណ្តាលឱ្យមានរលកនៃពលរដ្ឋភៀសខ្លួនមកកាន់ប្រទេសថៃក្នុងនាមជាជនចំណាកស្រុកដែលគ្មានឯកសារ។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រី Prayuth Chan-ocha បាននិយាយថា ប្រទេសថៃរងផលប៉ះពាល់ច្រើនជាងប្រទេសដទៃ ដោយសារតែប្រទេសនេះមាន «ព្រំដែនគោករួមគ្នាជាង ៣ ០០០ គីឡូម៉ែត្រ បូករួមទាំងព្រំដែនសមុទ្រ។ នោះហើយជាមូលហេតុ ដែលការពិភាក្សា គឺជាភាពចាំបាច់។ វាមិនមែនជាការជ្រើសរើសយកភាគីណាមួយនោះឡើយ»។

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃ លោក Don Pramudwina បានប្រាប់ទូរទស្សន៍ Thai PBS ថា វិបត្តិរបស់មីយ៉ាន់ម៉ាដែលកំពុងបញ្ជូនជនភៀសខ្លួនឆ្លងកាត់ព្រំដែនដ៏ច្រើននោះ កំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្ម។

លោកបាននិយាយថា «ប្រទេសថៃទទួលរងផលប៉ះពាល់ខ្លាំងបំផុត ប្រសិនបើយើងអូសបន្លាយពេលវេលា»។ លោកបានបន្ថែមទៀតថា «ប្រទេសអាស៊ានផ្សេងទៀតគួរតែអរគុណយើងដែលបានធ្វើអ្វីមួយដើម្បីជួយគាំទ្រដល់គោលដៅចម្បងរបស់ពួកគេ»។

ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីជំនួបកាលពីខែឧសភា។ ប្រទេស​ថៃ​បាន​និយាយ​ថា​ កិច្ចប្រជុំ​ថ្នាក់​តំបន់​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ នឹង​មាន​ការ​ចូលរួម​ដោយ​តំណាង​អាស៊ាន​ និង​ប្រទេស​ចិន។ រូបថត៖ តាមរយៈ AFP

អ្នកវិភាគ Dinarto បានកត់សម្គាល់ថា នៅក្នុងកម្រិតថ្នាក់តំបន់ «វាមិនមានច្បាប់ចងកាតព្វកិច្ចនៅក្នុងអាស៊ានដែលហាមឃាត់រដ្ឋជាសមាជិកមិនឲ្យរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងខ្លួនឯង ឬជាមួយដៃគូសន្ទនានោះឡើយ»។

លោកបានបន្ថែមថា បញ្ហានេះនឹងកាន់តែមានភាពចម្រូងចម្រាស នៅពេលដែលគំនិតផ្តួចផ្តើមរបស់ថៃប្រឆាំងនឹងជំហរផ្លូវការរបស់អាស៊ានដែលតម្រូវឱ្យប្រទេសមីយ៉ាន់ម៉ាត្រូវតែអនុវត្តន៍តាមការមូលមតិគ្នា ៥ ចំណុច ដែលជាផែនការសន្តិភាពដែលអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សា និងរក្សាការសន្ទនារវាងគ្រប់ភាគីទាំងអស់។

ប្រទេសថៃបាននិយាយថាកិច្ចប្រជុំនៅថ្ងៃចន្ទនឹងមានការចូលរួមពីសំណាក់តំណាងអាស៊ានមកពី ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌា ឡាវ និងវៀតណាម ព្រមទាំងចិនដែលមិនមែនជាសមាជិករបស់អាស៊ាននោះទេ ប៉ុន្តែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ស្ថាប័ននេះ។

លោក Dinarto បាននិយាយថា លើកលែងតែប្រទេសប្រ៊ុយណេ ការចូលរួមរបស់ប្រទេសផ្សេងៗទៀតគឺជារឿង «សមហេតុសមផល» ដោយសារប្រទេសទាំងនេះមានព្រំប្រទល់ជាមួយប្រទេសមីយ៉ាន់ម៉ា ឬជា
ផ្នែកមួយនៃតំបន់ឥណ្ឌូចិន។

លោក Dinarto បាននិយាយថា «វិបត្តិកាន់តែអាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជិតខាង»។ គាត់បានបន្ថែមទៀតថា ការចូលរួមរបស់ប្រទេសចិនក៏អាចជាឱកាសសម្រាប់បណ្តាប្រទេសដែលចូលរួម អាចជួបជជែកនៅក្នុងកិច្ចសន្ទនាដាច់ដោយឡែកជាមួយទីក្រុងប៉េកាំងនៅខាងក្រៅកិច្ចប្រជុំផងដែរ។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកពីមីយ៉ាន់ម៉ា កំពុងហូបបាយ បន្ទាប់ពីមន្ត្រីថៃបានរកឃើញពួកគេនៅលើកោះមួយក្នុងប្រទេសថៃកាលពីឆ្នាំ ២០២២។ រូបថត៖ Royal Thai Navy តាមរយៈ EPA-EFE

លោក Dinarto បាននិយាយថា «កិច្ចសន្ទនាប្រកបដោយអត្ថន័យអាច ប្រព្រឹត្តទៅបានតាមកម្រិត និងតាមការកំណត់ផ្សេងៗ»។ គាត់បន្ថែមទៀតថា វាគឺជារឿងដ៏សំខាន់ក្នុងការចៀសវាងការពឹងផ្អែកទាំងស្រុងទៅលើអាស៊ានដើម្បីធ្វើជាបណ្តាញតែមួយគត់សម្រាប់ការដោះស្រាយវិបត្តិនយោបាយ។

លោក Pavin បាននិយាយថា «បណ្តាប្រទេសដែលចូលរួមបានប្រកាន់ជំហរមិនសេរីនិយមនៅក្នុងគោលនយោបាយការបរទេសរបស់ពួកគេ ហេតុដូច្នេះហើយបានពួកគេហាក់មានឆន្ទៈក្នុងការគាំទ្ររបបលោក Prayuth»។

លោក Pavin បានថ្លែងថា «គ្មានអ្នកណាម្នាក់ជាម្ចាស់ជើងឯកនៃលទ្ធិប្រជាធិបតេយ្យទេ» ដោយគាត់បានកត់សម្គាល់ថា លទ្ធផលនៃកិច្ចប្រជុំស្តីពីប្រទេសមីយ៉ាន់ម៉ា ទំនងជាមិនមានឥទ្ធិពលលើជំហរអាស៊ានទេ។

លោក Marston បាននិយាយថា ប្រទេសកម្ពុជាដែលពេលខ្លះបាននិយាយប្រឆាំងនឹងរបបយោធាដែរនោះ ហាក់សង្ឃឹមថា «អាស៊ាននឹងមិនរិះគន់ចំពោះការបោះឆ្នោតដែលមិនសេរី និងមិនយុត្តិធម៌របស់ខ្លួននៅខែក្រោយនេះទេ»។

សមាជិកនៃកងជីវពលការពារប្រជាជនមីយ៉ាន់ម៉ា សែងសាកសពជនរងគ្រោះពីការវាយប្រហារតាមអាកាសរបស់ពួកយោធាលើភូមិមួយកាលពីខែមេសា។ រដ្ឋាភិបាលរួបរួមជាតិរបស់គណបក្សប្រឆាំងបាននិយាយថា មានមនុស្សប្រហែល ១០០ នាក់ រួមទាំងកុមារផង ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ។ រូបថត៖ EPA-EFE

សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ដែលជាបណ្តាញនៃសមាជិកសភាបច្ចុប្បន្ន និងជាអតីតអ្នកធ្វើការដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា «ការចូលរួមឡើងវិញរបស់ប្រទេសថៃជាមួយរបបយោធាមីយ៉ាន់ម៉ា គឺជា «អំពើក្បត់» នឹងប្រជាជនមីយ៉ាន់ម៉ា។

សហប្រធាន APHR លោក Charles Santiago បាននិយាយថា «រដ្ឋាភិបាលថៃបច្ចុប្បន្នបានទទួលបរាជ័យយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតសកលនៅពេលថ្មីៗនេះ និងលែងមានសិទ្ធិតំណាងឱ្យប្រជាជនទៀតហើយ។ ការផ្តួចផ្តើមការចរចាបែបនេះ គឺជាការទះកំផ្លៀងអ្នកបោះឆ្នោតរបស់ប្រទេសថៃ»។

រដ្ឋាភិបាលរួបរួមជាតិរបស់មីយ៉ាន់ម៉ា (NUG) ដែលបង្កើតឡើងដោយសមាជិកសភាដែលត្រូវបានគេបណ្តេញចេញ ក៏បានថ្កោលទោសចំពោះគំនិតផ្តួចផ្តើមនេះផងដែរ ដោយពួកគេបាននិយាយកាលពីថ្ងៃសៅរ៍ថា «ការអញ្ជើញរបបយោធាខុសច្បាប់មកពិភាក្សា នឹងមិនរួមចំណែកដល់ការដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ានោះទេ» ខណៈដែលក្រុមជនស៊ីវិលជាង ៣៤០ នៅប្រទេសមីយ៉ាន់ម៉ា ក៏បានចេញលិខិតចំហមួយកាលពីថ្ងៃអាទិត្យ ដើម្បីរិះគន់ចំពោះកិច្ចប្រជុំនោះដូចគ្នា។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យបានលើកឡើងថា រដ្ឋមន្ត្រីការបរទេស លោក Zambry Abdul Kadir នឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំខាងលើនោះទេ «ដោយសារតែការប្តេជ្ញាចិត្តកាលពីមុន» និងបានសង្កត់ធ្ងន់ថា ចំណុចកុងសង់ស៊ីសទាំង ៥ នៅតែជាវិធីដ៏ត្រឹមត្រូវរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា»។

អំឡុង​ពេល​បាតុកម្មកាលពីខែ​កុម្ភៈ បាតុករ​កាន់​រូប​មេដឹកនាំ​មីយ៉ាន់ម៉ា ​លោកស្រី Aung San Suu Kyi ដែល​ត្រូវ​គេ​ទម្លាក់​ក្នុង​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី២ នៃ​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០២១ របស់​មីយ៉ាន់ម៉ា នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក។ រូបថត៖ Reuters

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយកាលពីថ្ងៃសុក្រថា វាពិតជាលឿនពេកហើយក្នុងការចូលរួមឡើងវិញជាមួយរបបយោធានៅកម្រិតកិច្ចប្រជុំកំពូល ឬសូម្បីតែនៅកម្រិតរដ្ឋមន្ត្រីការបរទេស។

ឥណ្ឌូណេស៊ីបានបដិសេធការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ ដោយពួកគេបានបញ្ជាក់ថា វាជារឿងសំខាន់ដែលយើងត្រូវការពារសន្ទុះដែលមានស្រាប់ ហើយយើងត្រូវតែចងចាំថា បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងត្រូវជួបពិភាក្សាបន្ថែមទៀតអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំរបស់យើងនៅទីក្រុងហ្សាកាតានៅក្នុងខែកក្កដា។

នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសថៃបានរៀបចំកិច្ចសន្ទនា Track 1.5 ដែលជាកិច្ចពិភាក្សារវាងតំណាងរដ្ឋាភិបាល និងអ្នកជំនាញមិនមែនរដ្ឋាភិបាលដែលរួមមានទាំងរបបយោធា និងតំណាងមកពីប្រទេស ជិតខាង។

លោក Pita មេដឹកនាំគណបក្ស Move Forward របស់ប្រទេសថៃកំពុងត្រូវបានគេស៊ើបអង្កេតថា តើលោកមិនស័ក្តិសមក្នុងការចុះឈ្មោះជាបេក្ខជនសភា ដោយសារតែការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានហាមឃាត់ដោយច្បាប់បោះឆ្នោតមែនដែរឬទេ។

លោក Pita បាននិយាយថា ភាគហ៊ុននៅក្រោមឈ្មោះរបស់លោក គឺដោយព្រោះតែលោកគឺជាអ្នកគ្រប់គ្រងទៅលើទ្រព្យសម្បត្តិកេរ្តិ៍មរតករបស់ឪពុកលោក។ លោកក៏បាននិយាយផងដែរថា ក្រុមហ៊ុននោះបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ ២០០៧ មកម៉្លេះ៕

South China Morning Post

អត្ថបទទាក់ទង