នាយិកាគ្រប់គ្រងមូលនិធិ IMF បានព្រមានថា៖ សេដ្ឋកិច្ចពិភពលោកនឹងត្រូវប្រឈមនឹងភាពលំបាកកាន់តែខ្លាំងនៅឆ្នាំ ២០២៣
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃអាទិត្យថា សម្រាប់ប្រទេសលើពិភពលោក ភាគច្រើន ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏លំបាក ខណៈដែលក្បាលម៉ាស៊ីនសំខាន់ៗនៃកំណើនសកលលោក ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងចិន ជាដើម កំពុងតែមានសកម្មភាពចុះខ្សោយ។
នាយកគ្រប់គ្រងមូលនិធិ IMF លោក ស្រី Kristakina Georgieva បាននិយាយនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹកថ្ងៃអាទិត្យ «Face the Nation» របស់ទូរទស្សន៍ CBS ថា «ឆ្នាំថ្មីនេះនឹងមានភាពតឹងតែងជាងឆ្នាំចាស់ដែលយើងទើបនឹងឆ្លងផុតថ្មីៗនេះទៅទៀត»។ លោកស្រីបានបន្ត ទៀតថា «ហេតុអ្វី? ដោយសារតែប្រទេសសេដ្ឋកិច្ចធំៗចំនួន៣ គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ចិន កំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា»។
កាលពីខែតុលាឆ្នាំមុន មូលនិធិ IMF បានកាត់បន្ថយទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០២៣ ដោយសារតែការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាសម្ពាធអតិផរណា និងអត្រាការប្រាក់ដ៏ខ្ពស់ដែលធនាគារកណ្តាលមួយចំនួន ដូចជាធនាគារកណ្តាលរបស់អាមេរិកបានដាក់ចេញ ដើម្បីកាត់បន្ថយសំពាធតម្លៃ។
ចាប់តាំងពីពេលនោះមក ប្រទេសចិនបានលុបចោលគោលនយោបាយ Zero-COVID របស់ខ្លួន ហើយបានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បើទោះបីជាប្រជាជននៅតែបន្តមានការប្រុងប្រយ័ត្ន ស្របពេលដែលករណីវីរុសកូរ៉ូណាបានកើនឡើងក៏ដោយ។
ចាប់តាំងពីមានការផ្លាស់ប្តូរគោលនយោបាយមក កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការរួបរួមគ្នាបន្ថែមទៀត នៅពេលដែលប្រទេសចិនឈានចូលដល់ដំណាក់កាលថ្មីមួយ។
លោកស្រី Georgieva បាននិយាយថា «នេះគឺជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ ដែលកំណើនរបស់ប្រទេសចិននៅឆ្នាំ ២០២២ អាចស្ថិតនៅក្នុងកម្រិតប្រហាក់ប្រហែល ឬទាបជាងកំណើនពិភពលោក»។
លោកស្រី Georgieva ដែលទើបនឹងបានធ្វើដំណើរទៅកាន់ប្រទេសចិនជុំវិញកិច្ចការរបស់មូលនិធិ IMF កាលពីចុងខែមុនបាននិយាយថា ការរាលដាលនៃការឆ្លងមេរោគកូវីដ-១៩ នៅទីនោះក្នុងរយៈពេលប៉ុន្មានខែខាងមុខ ទំនងជានឹងអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិនបន្ថែមទៀតនៅឆ្នាំនេះ និងបន្តទាញទំលាក់ទាំងកំណើនក្នុងតំបន់និងកំណើនក្នុងពិភពលោក។ លោកស្រីបាននិយាយថា «ខ្ញុំនៅក្នុងទីក្រុងមួយនៃប្រទេសចិនកាលពីសប្តាហ៍មុនដែលមិនមានករណីឆ្លងកូវីដ។ ប៉ុន្តែវានឹងមិនស្ថិតស្ថិរទេ នៅពេលដែលមនុស្សចាប់ផ្តើមធ្វើដំណើរ»។
លោកស្រីបាននិយាយថា «សម្រាប់រយៈពេល ២ ទៅ ៣ ខែខាងមុខ វានឹងមានការលំបាកសម្រាប់ប្រទេសចិន ហើយឥទ្ធិពលលើកំណើនរបស់ចិននឹងមានភាពអវិជ្ជមាន, ផលប៉ះពាល់ក្នុងតំបន់នឹងអវិជ្ជមាន ហើយផលប៉ះពាល់លើកំណើនពិភពលោកក៏នឹងអវិជ្ជមានដែរ»។
តាមការព្យាករណ៍កាលពីខែតុលាឆ្នាំមុន មូលនិធិ IMF បានកំណត់កំណើន GDP សរុបរបស់ប្រទេសចិនកាលពីឆ្នាំមុននៅត្រឹម ៣,២% ដែលស្មើនឹងទស្សនវិស័យសកលរបស់មូលនិធិនេះនៅឆ្នាំ ២០២២។ នៅពេលនោះពួកគេក៏បានឃើញថា កំណើនប្រចាំឆ្នាំរបស់ប្រទេសចិននៅក្នុងឆ្នាំ ២០២៣ នឹងកើនឡើងដល់ ៤,៤% ខណៈដែលសកម្មភាពសកលបានធ្លាក់ចុះបន្ថែមទៀត។
ទោះបីជាយ៉ាងនេះក្តី ការលើកឡើងរបស់លោកស្រីពិតជាបានបង្ហាញថា មូលនិធិ IMF នឹងកាត់បន្ថយទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងសកលលោកបន្ថែមទៀតនៅក្នុងការព្យាករណ៍ចុងក្រោយក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos នៃប្រទេសស្វីស។
ទន្ទឹមគ្នានេះដែរ លោកស្រី Georgieva បាននិយាយថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងឈរនៅដាច់ពីគេ ហើយអាចចៀសផុតការធ្លាក់ចុះភ្លាមៗ ដែលការធ្លាក់ចុះនេះអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងរហូតដល់ ១/៣ នៃសេដ្ឋកិច្ចពិភពលោក។ លោកស្រីបាននិយាយថា «សហរដ្ឋអាមេរិកមានភាពធន់បំផុតហើយប្រទេសនេះអាចជៀសផុតការធ្លាក់ចុះនៃសេដ្ឋកិច្ច។ យើងមើលឃើញថា ទីផ្សារការងាររបស់ពួកគេនៅតែមានភាពរឹងមាំ»។
ប៉ុន្តែការពិតទាំងនោះបានបង្ហាញអំពីហានិភ័យមួយ ព្រោះវាអាចនឹងបង្កការរារាំងដល់វឌ្ឍនភាពដែលធនាគារកណ្តាលអាមេរិកចាំបាច់ត្រូវតែធ្វើឱ្យអត្រាអតិផរណារបស់អាមេរិកពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ ឱ្យមកនៅត្រឹមកម្រិតគោលដៅរបស់ខ្លួនវិញ។ អត្រាអតិផរណាហាក់បានបង្ហាញអំពីសញ្ញានៃការឡើងដល់កម្រិតកំពូលរបស់ខ្លួននៅឆ្នាំ ២០២២ ប៉ុន្តែក្រោយការអនុវត្តវិធានការរបស់ធនាគារកណ្តាលហើយ តួលេខនៃអត្រាអតិផរណានៅតែស្ថិតនៅខ្ពស់ជាងតួរលេខគោលដៅ ២%ប្រហែលជិត ៣ ដង។
លោកស្រី Georgieva បាន និយាយថា «នេះគឺជាស្ថានភាពមួយដែលមានលទ្ធផលទាំងវិជ្ជមាននិងអវិជ្ជមាន ពីព្រោះប្រសិនបើទីផ្សារការងារមានភាពរឹងមាំខ្លាំង នោះធនាគារកណ្តាលអាមេរិកនឹងត្រូវរក្សាអត្រាការប្រាក់ឱ្យកាន់តែតឹងរ៉ឹងឱ្យបានយូរជាងមុនដើម្បីកាត់បន្ថយអតិផរណា»។
កាលពីឆ្នាំមុន ធនាគារកណ្តាលអាមេរិកបានតម្លើងអត្រាគោលនយោបាយគោលរបស់ខ្លួនពីជិត ០ នៅក្នុងខែមីនាដល់កម្រិតបច្ចុប្បន្នដែលមានចន្លោះពី ៤,២៥% ទៅ ៤,៥% ហើយក្រុមមន្ត្រីរបស់ធនាគារកណ្តាលកាលពីខែមុនបានព្យាករណ៍ថា វានឹងលោតទៅដល់ ៥% នៅឆ្នាំ ២០២៣ ដែលនេះគឺជាកម្រិតមួយដែលគេមិនធ្លាប់បានជួបប្រទះសោះចាប់តាំងពីឆ្នាំ ២០០៧។
ជាការពិតណាស់ទីផ្សារការងារនៅសហរដ្ឋអាមេរិក គឺជារឿងដែលគេត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់សម្រាប់ក្រុមមន្ត្រីធនាគារកណ្តាលដែលចង់ឱ្យវិធានការកាត់បន្ថយកម្លាំងពលកម្មជួយកាត់បន្ថយសម្ពាធតម្លៃ។
សប្តាហ៍ដំបូងនៃឆ្នាំថ្មីនឹងនាំមកនូវទិន្នន័យសំខាន់ៗនៃវិស័យការងារដែលរួមមានទាំងរបាយការណ៍ប្រាក់បៀវត្សរ៍ប្រចាំខែដែលនឹងបង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកាត់បន្ថយការងារចំនួន ២០ ម៉ឺនកន្លែង នៅក្នុងខែធ្នូ ហើយអត្រាគ្មានការងារធ្វើស្ថិតក្នុងកម្រិត ៣,៧% ដែលជាកម្រិតទាបបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មក៕
Reuters