ខ្មែរប៉ុស្ដិ៍ Close

ស្ថានភាពរបស់សហរដ្ឋអាមេរិកដែលមិនអាចបង់សងបំណុលអាចធ្វើឱ្យប្រាក់ដុល្លារដួលរលំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 48
ស្ថានភាពរបស់សហរដ្ឋអាមេរិកដែលមិនអាចបង់សងបំណុលអាចធ្វើឱ្យប្រាក់ដុល្លារដួលរលំ ការមិនអាចបង់សងបំណុលបានរបស់សហរដ្ឋអាមេរិកនឹងបំផ្លាញកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ប្រាក់ដុល្លារ។ រូបភាព៖ photovideostock / Getty Images តាមរយៈ The Conversation

ការជជែកដេញដោលអំពីកម្រិតបំណុលអតិបរមា (Debt Ceiling) បានកើតមានសារជាថ្មី។ គណបក្សសាធារណរដ្ឋដែលបានទទួលការគ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញនៅខែវិច្ឆិកា ឆ្នាំ ២០២២ កំពុងគំរាមថា «ពួកគេនឹងមិនអនុញ្ញាតឱ្យបង្កើនកម្រិតបំណុលនោះទេ ប្រសិនបើមិនមានការកាត់បន្ថយការចំណាយ»។

តាមរយៈការធ្វើ បែបនេះពួកគេកំពុងរុញច្រានរដ្ឋាភិបាលអាមេរិកឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពមិនអាច បង់សងបំណុល (Default)។ សកម្មភាពគំរាមកំហែងផ្នែកនយោបាយទៅលើកម្រិតបំណុលបានក្លាយជាទម្លាប់ទៅហើយ ដោយក្នុងនោះ វាបានកើតឡើងនៅក្រោមរដ្ឋបាល Clinton នៅឆ្នាំ ១៩៩៥, នៅក្នុងរដ្ឋបាល Barack Obama នៅឆ្នាំ. ២០១១ និងនៅពេលថ្មីៗនេះគឺ នៅឆ្នាំ ២០២១។

ស្ថានភាពមិនអាច បង់សងបំណុលជាតិ នឹងបង្កឱ្យមានផលវិបាក។ សូម្បីតែហានិភ័យនៃការរុញសហរដ្ឋអាមេរិកឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពមិនអាចបង់សងបំណុល ក៏បានជះឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចរួចស្រេចទៅហើយ។

នៅខែសីហា ឆ្នាំ ២០២២ លទ្ធភាពនៃការអាចកើតមានស្ថានភាពមិនអាចបង់សងបំណុលបាននាំមកនូវការទម្លាក់ចំណាត់ថ្នាក់ឥណទាន (Credit Rating) ដោយបានបង្កផលប៉ះពាល់ដល់កិត្យានុភាពហិរញ្ញវត្ថុរបស់អាមេរិក ក៏ដូចជាដល់រូបវន្តបុគ្គលជាច្រើននាក់បូករួមទាំងអ្នកចូលនិវត្តន៍ផងដែរ។

បញ្ហាទាំងនេះគឺបង្កឡើងដោយសារហានិភ័យនៃការអាចកើតមានស្ថានភាពមិនអាចបង់សងបំណុល។ ហេតុដូច្នេះហើយការមិនអាចបង់សងបំណុលដ៏ពិតប្រាកដច្បាស់ណាស់នឹងបង្កការខូចខាតកាន់តែធ្ងន់ធ្ងរ។ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតនោះគឺ «ការដួលរលំនៃប្រាក់ដុល្លារអាមេរិក និងការចូលមកជំនួសប្រាក់ដុល្លារក្នុងនាមជាឯកតាតម្លៃ (Unit of Account) នៃការធ្វើពាណិជ្ជកម្មសកល»។

ពលរដ្ឋអាមេរិកភាគច្រើនអាចនឹងមិនបានដឹងទេអំពីអំណាចសេដ្ឋកិច្ច និងនយោបាយ ដែលខ្លួនទទួលបានពីការមានប្រាក់ដុល្លារជាឯកតាតម្លៃរបស់ពិភពលោក។ បច្ចុប្បន្នពាណិជ្ជកម្មពិភពលោកជាងពាក់កណ្តាលដោយរាប់ចាប់ពីប្រេងនិងមាស រហូតដល់រថយន្តនិងទូរស័ព្ទទំនើប ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិកដោយក្នុងនោះប្រាក់អឺរ៉ូមានចំណែកប្រមាណ ៣០% ហើយចំនួនដែលនៅសេសសល់ គឺជារូបិយបណ្ណផ្សេងទៀត។

ដោយសារភាពមានប្រៀបនេះ សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់នៅលើផែនដី ដែលអាចបង់សងបំណុលបរទេសជារូបិយបណ្ណផ្ទាល់របស់ខ្លួន។ រឿងនេះបានផ្តល់ឱ្យរដ្ឋាភិបាលអាមេរិកនិងបណ្តាក្រុមហ៊ុនអាមេរិកនូវសេរីភាពដ៏មហាសាលនៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ។

មិនថារដ្ឋាភិបាលអាមេរិកជាប់ជំពាក់បំណុលវិនិយោគិនបរទេសច្រើនប៉ុណ្ណាក៏ដោយ ក៏អាមេរិកនៅតែអាចសងបំណុលបានដោយគ្រាន់បោះពុម្ពក្រដាសប្រាក់តាមការចង់បាន ខណៈ ដែលប្រទេសផ្សេងៗទៀតត្រូវទិញប្រាក់ដុល្លារអាមេរិក ឬប្រាក់អឺរ៉ូ ដើម្បីយកទៅសងបំណុលបរទេស។

វិធីសាស្ត្រតែមួយគត់សម្រាប់ពួកគេ ក្នុងការអាចទទួលបានប្រាក់ដុល្លារអាមេរិក ឬប្រាក់អឺរ៉ូ គឺការនាំចេញឱ្យបានច្រើនជាងការនាំចូល ឬត្រូវខ្ចីប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូកាន់តែច្រើននៅលើទីផ្សារអន្តរជាតិ។ សហរដ្ឋអាមេរិកអាចរួចផុតពីបញ្ហាទាំងអស់នេះ ហើយអាចមានឱនភាពពាណិជ្ជកម្មយ៉ាងធំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយពុំចាំបាច់រងនូវផលវិបាកដូចប្រទេសផ្សេងទៀត។

សម្រាប់បណ្តាក្រុមហ៊ុនអាមេរិកភាពមានប្រៀបនៃប្រាក់ដុល្លារបានជួយឱ្យពួកគេរួចផុតពីហានិភ័យនៃអត្រាប្តូរប្រាក់ដែលជាអ្វីដែលដៃគូប្រកួតប្រជែងបរទេសរបស់ពួកគេបានជួបប្រទះ។ ហានិភ័យនៃអត្រាប្តូរប្រាក់គឺសំដៅទៅលើរបៀបដែលការប្រែប្រួលនៃតម្លៃរូបិយបណ្ណ អាចបង្កផលប៉ះពាល់ដល់ផលចំណេញរបស់ក្រុមហ៊ុន។

ដោយសារការធ្វើពាណិជ្ជកម្មអន្តរជាតិជាទូទៅត្រូវបានទូទាត់ជាប្រាក់ដុល្លារ បណ្តាធុរកិច្ចអាមេរិកអាចទិញនិងលក់ទំនិញដោយប្រើរូបិយបណ្ណផ្ទាល់ខ្លួនរបស់ពួកគេ។ រឿងនេះបានផ្តល់ឱ្យក្រុមហ៊ុនអាមេរិកនូវភាពមានប្រៀបដ៏មហាសាលលើការប្រកួតប្រជែង។

ប្រសិនបើគណបក្សសាធារណរដ្ឋរុញច្រានសហរដ្ឋអាមេរិកឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពមិនអាចបង់សងបំណុលបានប្រាក់ដុល្លារអាចនឹងបាត់បង់អំណាចរបស់ខ្លួនក្នុងនាមជាឯកតាតម្លៃអន្តរជាតិ ដែលអាចបង្ខំឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនអាមេរិកត្រូវទូទាត់ការចំណាយដោយប្រើរូបិយបណ្ណផ្សេងវិញ។

ដោយសារតែការធ្វើពាណិជ្ជកម្មជាអន្តរជាតិភាគ ច្រើនត្រូវប្រើប្រាក់ដុល្លារអាមេរិកការធ្វើពាណិជ្ជកម្មត្រូវតែឆ្លងកាត់ធនាគារអាមេរិកនៅក្នុងកម្រិតណាមួយដោយចៀសមិនរួច។ នេះគឺជាវិធីសាស្ត្រដ៏សំខាន់មួយដែល ភាពមានប្រៀបរបស់ប្រាក់ដុល្លារបានផ្តល់ឱ្យសហរដ្ឋអាមេរិកនូវអំណាចនយោបាយដ៏មហាសាល ជាពិសេសការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើគូប្រកួតប្រជែងនិងបណ្តារដ្ឋាភិបាលដែលជាសត្រូវ។

នៅពេលដែលអតីតប្រធានាធិបតី Donald Trump ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ លោកបានរារាំងប្រទេសនេះមិនឱ្យចូលទៅកាន់បណ្តាធនាគារអាមេរិក និងទៅកាន់ប្រាក់ដុល្លារ។ លោកក៏បានដាក់ទណ្ឌកម្មមួយផ្សេងទៀតផងដែរ ដែលនោះគឺ «បណ្តាក្រុមហ៊ុនមិនមែនជារបស់អាមេរិកដែល កំពុងរកស៊ីជាមួយប្រទេសអ៊ីរ៉ង់ក៏ត្រូវរងនូវការដាក់ទណ្ឌកម្មដែរ»។

ជាមួយនឹងជម្រើសរវាងការប្រើប្រាក់ដុល្លារ និងការបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ បណ្តាប្រទេសភាគច្រើននៅក្នុងពិភពលោកបានជ្រើសរើសយកលទ្ធភាពចូលទៅប្រើប្រាស់ប្រាក់ដុល្លារ និងបានគោរពតាមការដាក់ទណ្ឌកម្ម។ ជាលទ្ធផលអ៊ីរ៉ង់បានធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ចយ៉ាងជ្រៅ ហើយរូបិយបណ្ណរបស់ខ្លួនក៏បានធ្លាក់ចុះប្រមាណ ៣០%។

ប្រធានាធិបតី Joe Biden បានចាត់វិធានការស្រដៀងគ្នាលើប្រទេសរុស្ស៊ីដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ការរឹតត្បិតលទ្ធភាពរបស់រុស្ស៊ី ក្នុងការចូលទៅប្រើប្រាស់ប្រាក់ដុល្លារបានរុញឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ច និងអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ (Depression)។

គ្មានប្រទេសផ្សេងណាមួយនៅពេលបច្ចុប្បន្ននេះ អាចមានសមត្ថភាពដាក់ទណ្ឌកម្មកម្រិតនេះជាឯកតោភាគី លើប្រទេសផ្សេងមួយទៀតបាននោះទេ។ អ្វីទាំងអស់ដែលប្រធានាធិបតីអាមេរិកត្រូវការនៅពេលបច្ចុប្បន្ននេះគឺ «ប៊ិចតែ ១ ដើមប៉ុណ្ណោះ»។

ផលវិបាកមួយទៀតដែលអាចកើតមានដោយសារការដួលរលំនៃប្រាក់ដុល្លារគឺ «ការបង្កើនអំណាចដល់គូប្រជែងដ៏ធំបំផុតរបស់អាមេរិកគឺប្រទេសចិនក្នុងការដណ្តើមយកឥទ្ធិពលនៅក្នុងពិភពលោក»។ ខណៈដែលប្រាក់អឺរ៉ូអាចនឹងមកជំនួសតំណែងប្រាក់ដុល្លារ ក្នុងនាមជាឯកតាតម្លៃចម្បងគេរបស់ពិភពលោកប្រាក់យ័ន (Yuan) របស់ចិននឹងឡើងមកកាន់តំណែងទី២។

ប្រសិនបើប្រាក់យ័នអាចក្លាយជាឯកតាតម្លៃអន្តរជាតិ ដ៏គួរឱ្យកត់សម្គាល់មែននោះ វានឹងជួយបង្កើនអំណាចរបស់ចិននៅលើឆាកអន្តរជាតិទាំងនៅផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ ទន្ទឹមគ្នានេះដែរ ប្រទេសចិនបាននិងកំពុងធ្វើការជាមួយបណ្តាប្រទេស BRIC ផ្សេងទៀត ដែលរួមមាន ប្រេស៊ីល, រុស្ស៊ី និងឥណ្ឌាដើម្បីជំរុញការទទួលយកប្រាក់យ័នមកធ្វើជាឯកតាតម្លៃ។

ក្រៅពីប្រទេសទាំង ៣ នេះ វាក៏មានប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ដែលកាលពីពេលថ្មីៗនេះបានលើកឡើងថា «ខ្លួននឹងបើកចំហចំពោះការធ្វើការជួញដូរប្រេងរបស់ខ្លួន ដោយអាចប្រើរូបិយបណ្ណផ្សេងៗទៀតក្រៅតែពីប្រាក់ដុល្លារអាមេរិក»។ បញ្ហានេះនឹងបង្កឱ្យមានការប្រែប្រួលរយៈពេលវែងលើគោលនយោបាយ។

ក្រៅពីផលប៉ះពាល់មកលើប្រាក់ដុល្លារ និងអំណាចសេដ្ឋកិច្ចនិងនយោបាយរបស់សហរដ្ឋអាមេរិក ស្ថានភាពមិនអាចបង់សងបំណុលក៏អាចបង្កឱ្យមានបញ្ហាផ្សេងៗជាច្រើនទៀតផងដែរ ហើយមនុស្សរាប់មិនអស់អាចនឹងរងនូវផលប៉ះពាល់។ នៅអាមេរិកពលរដ្ឋអាមេរិករាប់សិបលាននាក់និងក្រុមហ៊ុនរាប់ពាន់ ដែលពឹងផ្អែកលើការគាំទ្ររបស់រដ្ឋាភិបាលអាចនឹងរងគ្រោះ។

សេដ្ឋកិច្ចអាចនឹងធ្លាក់ចូលជ្រៅទៅក្នុងវិបត្តិ ហើយបណ្តាអ្នកចូលនិវត្តន៍អាចនឹងទទួលបានប្រាក់ចូលនិវត្តន៍កាន់តែតិចជាងមុន។ ការពិតគឺថា «យើងពិតជាមិនអាចដឹងបានទេថា តើវានឹងមានអ្វីកើតឡើង ឬតើវានឹងមានសភាពធ្ងន់ធ្ងរដល់កម្រិតណា»។ ទំហំនៃការខូចខាតដែលបង្កឡើងដោយស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិក គឺលំបាកក្នុងការគណនាជាមុនណាស់ ដោយសារតែវាមិនធ្លាប់កើតមាននោះទេ។

ប៉ុន្តែវាមានរឿងមួយដែលយើងអាចដឹងច្បាស់បំផុត ដែលនោះគឺ «ប្រសិនបើគណបក្សសាធារណរដ្ឋបង្កើនហានិភ័យកាន់តែខ្លាំងជុំវិញស្ថានភាពមិនអាចបង់សងបំណុលបាន សហរដ្ឋអាមេរិកនិងពលរដ្ឋអាមេរិកច្បាស់ណាស់នឹងរងគ្រោះយ៉ាងដំណំ»៕

Asia Times

អត្ថបទទាក់ទង