ខ្មែរប៉ុស្ដិ៍ Close

នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ឬដ៏រង្គោះរង្គើ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 121
នៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ឬដ៏រង្គោះរង្គើ? លោក Pita

ប្រភពនយោបាយមួយបានឱ្យដឹងថា «សម្ព័ន្ធភាពដឹកនាំដោយបក្ស Move Foward (MFP) បានទទួលការចាប់អារម្មណ៍ ដោយសារការដណ្តើមបាននូវការគ្រប់គ្រងប្រទេស»។ ភាពមិនប្រាកដប្រជាដែលកំពុងកើតឡើងហើយដែលអ្នករិះគន់បានចាត់ទុកថា «ជាកូនមាន់មុនពេលពង មាន់នោះមិនទាន់ញាស់» បានផ្តល់ឱ្យអ្នកគាំទ្រនូវអារម្មណ៍មួយថា «ថ្ងៃថ្មីសម្រាប់ប្រទេសថៃកំពុងឈានចូលមកដល់»។

ការរំពឹងទុកជុំវិញសម្ព័ន្ធភាពរបស់គណបក្ស ៨ បានកើនឡើងដល់កម្រិតដែលធ្វើឱ្យមនុស្សចាប់ផ្តើមមានអារម្មណ៍ថា «ប្រសិនបើបក្សទាំងនោះមិនអាចបង្កើតរដ្ឋាភិបាលថ្មីបានដោយហេតុផលណាមួយ នោះការខកចិត្តដ៏ធំ អាចនាំទៅរកភាពចលាចលដ៏ធំនៅតាមដងផ្លូវ»។ សេណារីយ៉ូបែបនេះអាចដាក់សម្ពាធលើបុគ្គល ឬទីភ្នាក់ងារនានា (ដែលអ្នកគាំទ្រមួយចំនួនបានចាត់ទុកជាក្រុមប្រឆាំងនឹងប្លុកដែលដឹកនាំដោយបក្ស MFP) ឱ្យកាត់បន្ថយការធ្វើអត្ថាធិប្បាយ ឬសកម្មភាពរបស់ពួកគេ។

ពាក់ព័ន្ធ​នឹង​រឿងនេះ គណៈកម្មាធិការរៀបចំ​ការបោះឆ្នោតថៃ (EC) និង​ព្រឹទ្ធសភា ​អាចក្លាយជាអ្នកកំណត់​ជោគវាសនា​របស់​ប្លុក​នេះ។ គណៈកម្មាធិការរៀបចំ​ការបោះឆ្នោតមិនទាន់បានបង្ហាញនូវការសម្រេចនៅឡើយនោះទេចំពោះបេក្ខជនឈ្នះឆ្នោតចំនួន ៥០០ នាក់ទាំងអ្នកឈ្នះតាមមណ្ឌលបោះឆ្នោត និងប្រព័ន្ធបញ្ជីគណបក្សនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា។

និយតករនៃការបោះឆ្នោត (Poll Regulator) បាននិងកំពុងត្រួតពិនិត្យពាក្យបណ្តឹងប្រឆាំងនឹងសមាជិកសភាជាប់ឆ្នោតចំនួន ២០ នាក់ ដែលអាចនឹងត្រូវបានផ្តល់ឱ្យនូវ «កាតក្រហម ឬកាតពណ៌ទឹកក្រូច»។ កាតពណ៌ក្រហមមានន័យស្មើនឹង «ការដកសិទ្ធិ ដោយសារការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់បោះឆ្នោត» ចំណែកឯកាតពណ៌ទឹកក្រូចមានន័យស្មើនឹង «ការផ្អាកសិទ្ធិ ដោយសារបទល្មើសដែលមានលក្ខណៈមិនសូវធ្ងន់ធ្ងរ»។

នៅក្នុងករណីទទួលបានកាតក្រហម ការបោះឆ្នោតពិសេស (By-election) នឹងត្រូវបានរៀបចំឡើង ដោយក្នុងនោះសមាជិកសភាដែលត្រូវបានដកសិទ្ធិ នឹងត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតប្រជែងនោះទេ។ កាតពណ៌ទឹកក្រូច អាចនឹងជំរុញឱ្យមានការបោះឆ្នោតឡើងវិញ ដោយក្នុងនោះសមាជិកសភាដែលត្រូវបានព្យួរសិទ្ធិអាចចូលរួមប្រកួតប្រជែងបាន។

ប្រភពបាននិយាយថា «ប្រសិនបើពាក់កណ្តាល ឬ ១០ នៃករណីទាំង ២០ មានពាក់ព័ន្ធនឹងការដកសិទ្ធិ ឬការព្យួរសិទ្ធិរបស់សមាជិកបក្ស MFP ហើយបក្ស Pheu Thai ដែលជាគណបក្សធំលំដាប់ទី២ អាចគេចផុតពីកាតក្រហម ឬកាតទឹកក្រូច នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទិដ្ឋភាពនយោបាយ»។ វាអាចមានន័យថា «បក្ស MFP ដែលជាបក្សដ៏ធំបំផុតរហូតមកដល់ពេលនេះ នឹងទទួលបានលទ្ធផលស្មើជាមួយបក្ស Pheu Thai ជាមួយចំនួនអាសនៈ ១៤១ រៀងៗខ្លួន»។

យោងតាមសេចក្តីរាយការណ៍ មានសមាជិកសភាជាប់ឆ្នោតមួយចំនួនដែលមកពីបក្សដ៏ធំមួយ (អាចជាបក្ស MFP) កន្លងមកបានខកខានមិនបានបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ។ ដោយសារការបោះឆ្នោតជាកាតព្វកិច្ច ការខកខានក្នុងការបោះឆ្នោតអាចប្រឈមនឹងការផាកពិន័យ បូករួមទាំងការមិនមានសិទ្ធិចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិផងដែរ។

ក្នុងបរិបទនេះគណបក្ស Pheu Thai អាចនឹងមានសិទ្ធិស្មើគ្នានឹងបក្ស MFP ក្នុងការដឹកនាំការបង្កើតរដ្ឋាភិបាលថ្មី ដែលអាចរាប់បញ្ចូលទាំងបណ្តាបក្សមកពីសម្ព័ន្ធភាពបច្ចុប្បន្ន ដូចជាបក្ស Bhumjaithai, បក្ស Chartthaipattana និងសូម្បីតែគណបក្សពូៗ (Uncle Party) គឺបក្ស Palang Pracharath (PPRP) និងបក្ស United Thai Nation (UTN)។ បក្ស Pheu Thai អាចមានភាពងាយស្រួលក្នុងការធ្វើការជាមួយបក្ស Bhumjaithai និងបក្ស Chartthai pattana ដែលជាបក្សដែលពួកគេធ្លាប់បានធ្វើការជាមួយគ្នានៅក្នុងរដ្ឋាភិបាលចម្រុះមុន។

ឧបសគ្គចម្បង ដែលរារាំងបក្ស PPRP និង UTN ពីការចូលរួមនៅក្នុងរដ្ធាភិបាលដែលដឹកនាំដោយបក្ស Pheu Thai គឺជាការប្តេជ្ញារបស់បក្សនេះដែលថានឹងមិនធ្វើការជាមួយបក្សទាំងពីរ ដោយសារពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់ «ពូទាំង ២ នាក់» ដែលជាអតីតមេដឹកនាំរដ្ឋប្រហារ គឺនាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែលជាប្រធានទីប្រឹក្សានៃបក្ស UTN និងឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon ដែលដឹកនាំបក្ស PPRP ។

អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​យល់​ថា «ជំហរ​របស់​បក្ស Pheu Thai ​ប្រហែល​ជា​មិន​ប្រែ​ប្រួល​នោះទេ»។ ប្រសិនបើលោកពូទាំងពីរ លាលែងពីមុខតំណែងនៅក្នុងបក្ស ការភ្ជាប់ទំនាក់ទំនងជាមួយបក្ស Pheu Thai ប្រហែលជាអាចទៅរួច។ ប្រភពមួយបាននិយាយថា «បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ប្លុកដែលដឹកនាំដោយបក្ស MFP ក្នុងការបង្កើតរដ្ឋាភិបាលថ្មីក៏ដោយ ក៏ផ្លូវទៅកាន់វិមានរដ្ឋាភិបាលអាចនឹងមិនប្រព្រឹត្តទៅដោយរលូននោះទេ»។

ក្តីប្រាថ្នារបស់មេដឹកនាំ Pita Limjaroenrat ក្នុងការក្លាយជានាយករដ្ឋមន្ត្រី អាចនឹងពិបាកសម្រេចជោគជ័យណាស់។ ឧបសគ្គចម្បងបន្ទាប់គឺបញ្ហាថា «តើបក្ស MFP ឬ បក្ស Pheu Thai នឹងសុខចិត្តដើរចេញ ហើយយល់ព្រមឱ្យភាគីផ្សេងទៀតទទួលតំណែងប្រធានសភាដែរឬទេ»។

សកម្មភាពបែបនេះនឹងក្លាយជាសម្បទានដ៏ធំសម្បើម ពីព្រោះវាគឺជាអ្វីដែលបក្សទាំងពីរបានបន្តបដិសេធមិនយល់ព្រម។ បន្ថែមពីលើនេះ លោក Pita នឹងត្រូវខិតខំការពារខ្លួននៅចំពោះមុខគណៈកម្មាធិការ EC និងអាចនៅតុលាការធម្មនុញ្ញ ប្រឆាំងនឹងការចោទប្រកាន់លើរូបលោកពាក់ព័ន្ធនឹងកម្មសិទ្ធិភាគហ៊ុននៅក្រុមហ៊ុនផ្សព្វផ្សាយ iTV។

ច្បាប់បានហាមប្រាមអ្នកកាន់តំណែងនៅការិយាល័យសាធារណៈពីការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដោយសារការព្រួយបារម្ភថា «ពួកគេអាចមានឥទ្ធិពលគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ពួកគេនៅក្នុងអំឡុងពេលកាន់តំណែង»។ លោក Pita បានទទួលភាគហ៊ុនចំនួន ៤២ ០០០ ហ៊ុន នៅក្នុងក្រុមហ៊ុន iTV តែលោកប្រហែលជាបានផ្ទេរភាគហ៊ុនរបស់លោកទៅឱ្យអ្នកផ្សេងនៅក្នុងគ្រួសាររបស់លោក។

អ្នកជំនាញផ្នែកច្បាប់មួយចំនួនបានយល់ស្របថា «កាចែករំលែកភាគហ៊ុននៅពេលនេះ អាចមិនគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះលោក Pita បាននោះទេ ដោយសារការបំពានច្បាប់បានកើតឡើងរួចស្រេចទៅហើយ»។ កម្មសិទ្ធិភាគហ៊ុនរបស់លោកត្រូវបានគេរាយការណ៍ថាបានកើតឡើងមុនការចុះហត្ថលេខារបស់លោក ក្នុងនាមជាមេដឹកនាំបក្ស MFP លើពាក្យស្នើសុំដាក់បេក្ខជន MFP ដើម្បីឈរឈ្មោះនៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា។

ប្រសិនបើលោកចាញ់ក្តីពាក់ព័ន្ធនឹងបញ្ហាកម្មសិទ្ធិភាគហ៊ុន ហើយត្រូវបានដកចេញពីតំណែងជាមេដឹកនាំបក្ស MFP អ្វីក៏ដោយដែលលោកបានចុះហត្ថលេខា បូករួមទាំងពាក្យស្នើសុំដាក់បេក្ខជន អាចនឹងត្រូវបានប្រកាសចាត់ទុកជាមោឃៈ ហើយសមាជិកសភានៃបក្ស MFP នីមួយៗ អាចទទួលបានកាតក្រហម។

ការឈ្នះអាសនៈចំនួន ១៥១ នៅក្នុងការបោះឆ្នោតជាតិ បានធ្វើឱ្យបក្ស MFP ស្ថិតក្នុងជំហរល្អបំផុតក្នុងការបង្កើតក្រុមចម្រុះ ហើយមេដឹកនាំរបស់បក្សគឺ លោក Pita Limjaroenrat ក៏អាចក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសផងដែរ។

ប៉ុន្តែភាពចម្រូងចម្រាសជុំវិញការកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ ហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុន iTV ដែលជាក្រុមហ៊ុនផ្សព្វផ្សាយឯករាជ្យមួយដែលត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានបង្កការគំរាមកំហែងដល់ឱកាសរបស់លោកក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ និងក្នុងការដឹកនាំប្រទេស។

បញ្ហានៃការកាន់កាប់ភាគហ៊ុនត្រូវបានលើកឡើងទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដោយសកម្មជននយោបាយ Ruangkrai Leekitwattana ដែលជាអតីតបេក្ខជនតំណាងរាស្រ្តរបស់បក្ស Palang Pracharath (PPRP) ដែលបានស្នើឱ្យស្ថាប័នរៀបចំការបោះឆ្នោតធ្វើការស៊ើបអង្កេតភាគហ៊ុននេះកាលពីថ្ងៃទី ១០ ខែឧសភា គឺនៅប៉ុន្មានថ្ងៃមុនការបោះឆ្នោត។

រដ្ឋធម្មនុញ្ញបានហាមបានឃាត់បេក្ខជនបោះឆ្នោតមិនឱ្យកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ហើយប្រសិនបើរកឃើញថាមានកំហុស លោក Pita ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រោមប្រព័ន្ធបញ្ជីគណបក្ស នឹងត្រូវបានដកសិទ្ធិ។ ដើម្បីការពារខ្លួន លោក Pita បានប្រកែកថា «លោកកាន់កាប់ភាគហ៊ុនក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យបន្តពីឪពុករបស់លោក ហើយកាន់តែសំខាន់ជាងនេះទៅទៀតគឺក្រុមហ៊ុន iTV មិនបានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានទៀតនោះទេ»។

ក្រុមហ៊ុននេះបានឈប់ចាក់ផ្សាយព័ត៌មានតាំងពីឆ្នាំ ២០០៧ ហើយអាជ្ញាបណ្ណរបស់វាត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Thai PBS ។ ក្រុមហ៊ុននេះត្រូវបានដកចេញពីផ្សារហ៊ុនថៃក្នុងឆ្នាំ ២០១៤។ ការចុះបញ្ជីអាជីវកម្មរបស់ខ្លួន នៅតែមានសុពលភាពព្រោះវាកំពុងជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល លើថ្លៃសម្បទានដែលមិនទាន់បានបង់។

ទន្ទឹមនឹងការទទូចថា «លោកមិនបានបំពានច្បាប់» លោក Pita បានប្រកាសថា «ការផ្ទេរភាគហ៊ុនទៅឱ្យអ្នកស្នងមរតកផ្សេងទៀតនៅដើមសប្តាហ៍នេះ គឺដើម្បីរារាំងរាល់ការប៉ុនប៉ងធ្វើអោយក្រុមហ៊ុន iTV ដែលជាស្ថាប័នសារព័ត៌មាន បានរស់ឡើងវិញដើម្បីវាយប្រហារមកលើរូបលោក»។

លោកបានចង្អុលទៅកិច្ចប្រជុំម្ចាស់ភាគហ៊ុន iTV នៅថ្ងៃទី ២៦ ខែមេសា ដែលម្ចាស់ភាគហ៊ុនម្នាក់បានសួរថា «តើ iTV នៅតែជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយដែរឬទេ»។ លោក Pita បាន​បង្ហោះ​លើ Facebook ថា «តើ​សំណួរ​នេះ​មាន​បង្កប់ហេតុផល​នយោបាយ​ដែរ​ឬ​ទេ? តើ​វា​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​ទូរទស្សន៍ iTV រស់​ឡើង​វិញក្នុង​នាម​ជា​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយដ៏​ធំ​មែនដែរ​ឬ​ទេ?»

ខណៈពេលដែលអ្នកសង្កេតការណ៍មានការខ្វែងគំនិតគ្នាលើបញ្ហានេះ ដោយក្នុងនោះអ្នកខ្លះបានលើកឡើងថា «វានៅតែមានឱកាសផ្លូវច្បាប់សម្រាប់លោក Pita ក្នុងការជំទាស់នឹងបណ្តឹង» អ្នកនយោបាយជើងចាស់ លោក Jatuporn Prompan ជឿជាក់ថា «ជោគវាសនារបស់លោក Pita នឹងឈានចូលដល់ទីបញ្ចប់»។ យោងតាមលោក Jatuporn ដែលស៊ាំនឹងការប្តឹងផ្តល់ និងដំណើរការផ្លូវច្បាប់ «របាយការណ៍កិច្ចប្រជុំម្ចាស់ភាគហ៊ុន iTV ខែមេសា បានបញ្ជាក់ថា iTV នៅតែជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ»។

អ្នកនយោបាយមួយចំនួនត្រូវបានដកសិទ្ធិបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ ២០១៩ ដោយសារការកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ម្នាក់​ក្នុង​ចំណោម​នោះ​គឺ Thanathorn Juangroongruangkit ដែល​ជា​អ្នក​ដឹកនាំ​ចលនា​កំណែទម្រង់។ លោក Thanathorn ដែលនៅពេលនោះជាមេដឹកនាំនៃបក្ស Future Forward ត្រូវបានគេរកឃើញថាមានភាគហ៊ុនចំនួន ៦៧៥ ០០០ ហ៊ុននៅក្នុងក្រុមហ៊ុនបោះពុម្ភផ្សាយ មុននឹងឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោត ហើយលោកត្រូវបានដកហូតឋានៈជាសមាជិកសភាដោយតុលាការធម្មនុញ្ញ។

ប្រធាន​រណសិរ្ស​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆាំង​របប​ផ្តាច់ការ (UDD) បានចាត់​ទុក​ប្រភព​ព័ត៌មាន​របស់​លោក Ruangkrai ជា​​ផ្នែកមួយនៃផែនការ​ដើម្បីធានាថា «បក្ស​ Pheu Thai នឹង​ក្លាយ​ជា​បក្ស​ស្នូល​ក្នុងការ​បង្កើត​ក្រុមចម្រុះ»។ សម្ព័ន្ធភាព ៨ បក្សអាចប្រមូលបានតែ ៣១២ សំឡេង ហើយនឹងត្រូវការ ៦៤ សំឡេងបន្ថែមទៀតពីបក្សផ្សេងទៀត ឬពីសមាជិកព្រឹទ្ធសភាដើម្បីអាចបង្កើតក្រុមចម្រុះបានដោយជោគជ័យ។

យោងតាមលោក Jatuporn «ប្រសិនបើគ្មានការគាំទ្រពីគណបក្សមួយក្នុងចំណោមគណបក្សពូៗទាំងពីរនោះទេ ប្លុកនេះនឹងមិនអាចបង្កើតរដ្ឋាភិបាលបានទេ បើទោះជាបក្ស Pheu Thai ក្លាយជាបក្សស្នូលក៏ដោយ»។ គណបក្សពូៗសំដៅលើបក្ស United Thai Nation (UTN) ដែលមាននាយករដ្ឋមន្ត្រី Prayut Chan-o-cha ជាប្រធាន និងបក្ស PPRP ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon។

បក្ស UTN និង PPRP បានឈ្នះអាសនៈសភា ៣៦ និង ៤០ រៀងគ្នា។ តាមទស្សនៈរបស់លោក សម្ព័ន្ធភាព ៨ បក្សមិនអាចងាកទៅរកព្រឹទ្ធសភាសម្រាប់ការគាំទ្របាននោះទេ ដោយសារលក្ខណៈសម្បត្តិដ៏គួរឱ្យសង្ស័យរបស់លោក Pita និងគោលនយោបាយរបស់ MFP ស្តីពីច្បាប់ប្រមាថព្រះមហាក្សត្រ។

លោក Jatuporn បាននិយាយថា «ប្រសិនបើបក្ស Pheu Thai មិនប្តូរជំរំ ហើយបន្តតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនសម្រាប់ការបោះឆ្នោតនៅក្នុងសភា ខ្ញុំជឿថា : ព្រឹទ្ធសភានឹងមិនបោះឆ្នោតឱ្យបុគ្គល នោះទេ ហើយពួកគេនឹងត្រៀមការពន្យល់សម្រាប់រឿងនោះ។ ប៉ុន្តែវាមិនមែនជាពេលដែលត្រូវនិយាយរឿងនេះនៅពេលឥឡូវនេះទេ ព្រោះបេក្ខជនពេលនេះគឺលោក Pita»។

លោក Jatuporn

គណបក្ស Pheu Thai នឹងប្រឈមមុខនឹងផលប៉ះពាល់ ប្រសិនបើខ្លួនសម្រេចចិត្តបោះចោលបក្ស MFP ហើយនាំយកគណបក្សពូមួយឱ្យមកចូលរួម ជាថ្នូរនឹងការទទួលបានសំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភា (នេះបើយោងតាមអតីតមេដឹកនាំក្រុមអាវក្រហម)។

លោក Jatuporn បានព្រមានថា «បក្ស Pheu Thai អាចនឹងទទួលបានលទ្ធផលបោះឆ្នោតកាន់តែអាក្រក់នៅពេលអនាគត ខណៈដែលអ្នកដែលបានបោះឆ្នោតឱ្យគណបក្សទាំងពីរ ដើម្បីទទួលបានរដ្ឋាភិបាលនៃបក្ស MFP-Pheu Thai នឹងដាក់ទណ្ឌកម្មលើបក្ស Pheu Thai នៅពេលបោះឆ្នោតលើកក្រោយ»។

លោក Jatuporn បានលើកឡើងថា «តើ​លោក​ថាក់ស៊ីន​នឹង​ហ៊ានប្រថុយ​ទេ?» យោងតាមលោក Jatuporn «ការរំពឹងទុកនៃសម្ព័ន្ធភាពបក្ស Pheu Thai – PPRP អាចក្លាយជាការពិត ដោយសារជម្រើសមានតិចតួច ហើយការតវ៉ាតាមដងផ្លូវក៏អាចនឹងកើតឡើងផងដែរ ប្រសិនបើបក្ស MFP ក្លាយជាបក្សប្រឆាំង»៕

Bangkok Post

អត្ថបទទាក់ទង