ខ្មែរប៉ុស្ដិ៍ Close

    តើពិភពលោកត្រូវការអ្វីខ្លះដើម្បីសម្រេចបាននូវកំណើនដោយចីរភាពនិងបរិយាប័ន្ន?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1669
    តើពិភពលោកត្រូវការអ្វីខ្លះដើម្បីសម្រេចបាននូវកំណើនដោយចីរភាពនិងបរិយាប័ន្ន?តើពិភពលោកត្រូវការអ្វីខ្លះដើម្បីសម្រេចបាននូវកំណើនដោយចីរភាពនិងបរិយាប័ន្ន?

    នៅក្នុងខែវិច្ឆិកា ប្រធានក្រុមហ៊ុនធំៗ និងប្រមុខរដ្ឋាភិបាលរាប់រយនាក់បានជួបប្រជុំគ្នានៅលើកោះបាលី នៃប្រទេសឥណ្ឌូណេស៊ីសម្រាប់ជំនួបកំពូលផ្នែកធុរកិច្ចសកល B20។ ប្រធានបទនៅក្នុងរបៀបវារៈសម្រាប់ឆ្នាំនេះ គឺវិលជុំវិញគោលដៅដែលមានទំនាក់ទំនងគ្នាចំនួន ៣ គឺ ចីរភាព, បរិយាប័ន្ន និងកំណើនសេដ្ឋកិច្ច។

    ដោយមានភាពដាច់ដោយឡែកពីគ្នា គោលដៅទាំង ៣ នេះអាចជួយបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

    ពិភពលោកដែលប្រកបដោយចីរភាព អាចគ្រប់គ្រងទៅលើការបម្រែបម្រួលអាកាសធាតុ និងថែរក្សាមូលធនធម្មជាតិ និងប្រព័ន្ធជីវៈចម្រុះបាន។ ភាពមានបរិយាប័ន្ន នឹងបង្កើតនូវកាលានុវត្តភាពសេដ្ឋកិច្ចនិងវឌ្ឍភាព រួមសម្រាប់មនុស្សគ្រប់គ្នា។

    ខណៈមនុស្សមួយចំនួនជឿជាក់ថា កំណើនសេដ្ឋកិច្ចមិនមានភាពស៊ីសង្វាក់គ្នាទៅនឹងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនោះ គេចាំបាច់ត្រូវតែបង្កើតធនធានហិរញ្ញវត្ថុដើម្បីបង្កើតឱ្យបាននូវពិភពលោកមួយដែលមានចីរភាពនិងបរិយាប័ន្ន ហើយធនធានទាំងនោះគប្បីត្រូវយកមកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

    ដើម្បីប៉ាន់ប្រមាណនូវទំហំនៃបញ្ហាប្រឈមនៅពេលខាងមុខ យើងត្រូវពិនិត្យទៅលើសូចនាករសំខាន់ៗចំនួន ២។

    ទី១៖ យើងត្រូវវាស់ស្ទង់អំពីគម្លាតចីរភាព ដែលសំដៅទៅលើការវិនិយោគបន្ថែមនៅក្នុងផ្នែកបច្ចេកវិទ្យាបំភាយឧស្ម័នទាប ដែលរាល់ប្រទេសទាំងអស់ត្រូវតែសម្រេចឱ្យបាននូវការបំភាយឧស្ម័នកម្រិត ០ នៅត្រឹមឆ្នាំ ២០៥០។

    ដោយហេតុថាពិភពលោកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការកាត់បន្ថយ «កម្រិតសារធាតុកាបូន – Carbon budget» ឱ្យធ្លាក់មកនៅត្រឹមកម្រិតមួយដែលនឹងមិនបង្កនូវផលប៉ះពាល់ដល់ការកើនឡើងនៃកម្ដៅផែនដីនៅត្រឹមឆ្នាំ ២០៣០ នោះគេស្ទើរតែគ្មានពេលវេលាសេសសល់ទៀតនោះទេ ដើម្បីធ្វើការវិនិយោគចាំបាច់ៗទាំងនោះ។ អន្តរកាលទៅកាន់សេដ្ឋកិច្ចដែលមានការបំភាយឧស្ម័នកម្រិត ០ នឹងតម្រូវឱ្យមានការចាត់នូវវិធានការយ៉ាងមុតមាំនៅត្រឹមចុងទសវត្សរ៍នេះ។

    ទី២៖ សូចនាករមួយទៀតដែលយើងហៅថា គម្លាតនៃសិទ្ធិអំណាច (empowerment gap) ដែលសំដៅទៅលើកម្រិតថវិកាដែលចាំបាច់សម្រាប់បំពេញតាមសេចក្តីត្រូវការជាមូលដ្ឋាន ដូចជាម្ហូបអាហារនិងថាមពល, កម្រិតប្រាក់ចំណូលសមរម្យលើសពីសេចក្តីត្រូវការចាំបាច់នានា, និងអាចដោះស្រាយបញ្ហានៅពេលមានគ្រោះអាសន្ន។ យោងតាមការគណនា កម្រិតនៃសិទ្ធិអំណាចខាងលើមានចំនួន ១១ ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃនៅតាមបណ្តាប្រទេសក្រីក្រ និងចំនួន ៥៥ ដុល្លារនៅតាមបណ្តាប្រទេសអ្នកមាន។

    ប្រសិនបើមនុស្សគ្រប់រូបនៅក្នុងពិភពលោកអាចទទួលបានកម្រិតថវិកាដូចការគណនាខាងលើនៅត្រឹមឆ្នាំ ២០៣០ នោះនៅត្រឹមឆ្នាំ ២០៥០ រាល់មនុស្សពេញវ័យទាំងអស់នឹងអាចងើបចេញពីភាពក្រីក្រ ហើយពួកគេនឹងមានសន្តិសុខផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែពិភពលោកចាំបាច់ត្រូវតែធ្វើការប្តូរផ្លាស់ឱ្យបានលឿននៅមុនទសវត្សរ៍នេះត្រូវបញ្ចប់។

    កំណើនសេដ្ឋកិច្ចអាចជួយយើងឱ្យឈានដល់គោលដៅទាំងពីរនេះបាន។ រដ្ឋាភិបាលទាំងឡាយអាចចំណាយប្រាក់ចំណូលដែលបានមកពីកំណើនរបស់ពួកគេខ្លះដើម្បីនាំយកបណ្តាពលរដ្ឋក្រីក្រឱ្យឈានចូលដល់ក្រុមពលរដ្ឋថ្នាក់កណ្តាលជាសកល ហើយត្រូវបែងចែកថវិកាខ្លះទៀត ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបៃតង។

    ទន្ទឹមគ្នានេះដែរ ការស្រាវជ្រាវដែលយើងបានធ្វើបទបង្ហាញនៅក្នុងជំនួបកំពូល B20 នោះ បានបង្ហាញថា កំណើនសេដ្ឋកិច្ចមួយមុខនឹងមិនអាចជួយកាត់បន្ថយគម្លាតចីរភាព និងគម្លាតសិទ្ធិអំណាចនោះបានទេ។ ប្រសិនបើប្រទេសនិងតំបន់ដែលយើងបានសិក្សា នៅតែរក្សាបាននូវកម្រិតចំណាយរបស់គេដូចពេលបច្ចុប្បន្ននេះ មានប្រទេសតិចតួចណាស់ដែលនឹងអាចកាត់បន្ថយគម្លាតសិទ្ធិអំណាចរបស់ពួកគេបានជាងពាក់កណ្តាលនៅត្រឹមឆ្នាំ ២០៣០ ហើយគ្មានប្រទេសណាមួយអាចកាត់បន្ថយគម្លាតចីរភាពរបស់ពួកគេបានជាងពាក់ណ្តាលនោះទេ។

    តួយ៉ាងដូចជានៅសហរដ្ឋអាមេរិកជាដើម! យើងបានប៉ាន់ប្រមាណថា គម្លាតសិទ្ធិអំណាចមានចំនួន ៥ ទ្រីលានដុល្លារ ហើយគម្លាតចីរភាព មានចំនួន ៥,៦ ទ្រីលានដុល្លារ។ ប្រសិនបើសេដ្ឋកិច្ចសហរដ្ឋអាមេរិករីកលូតលាស់ក្នុងល្បឿនប្រចាំឆ្នាំចំនួន ២,១% រហូតដល់ចប់ទសវត្សរ៍នេះ ពួកគេនឹងកាត់បន្ថយគម្លាតសិទ្ធិអំណាចរបស់ខ្លួនត្រឹមតែ ៣៦% និងគម្លាតចីរភាពរបស់ខ្លួនត្រឹមតែចំនួន ៧% ប៉ុណ្ណោះនៅត្រឹមឆ្នាំ ២០៣០។

    ស្ថានភាពទាំងនេះមានសភាពខុសគ្នាកាន់តែខ្លាំងនៅតំបន់ Sub-Saharan Africa ដែលយើងបានប៉ាន់ប្រមាណថា គម្លាតសិទ្ធិអំណាចមានទំហំធំជាងឆ្ងាយណាស់ គឺរហូតដល់ចំនួន ១០,៣ ទ្រីលានដុល្លារ ខណៈគម្លាតចីរភាពមានចំនួនសរុបប្រមាណ ៦០០ ពាន់លានដុល្លារ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលគេបានព្យាករនៅពេលបច្ចុប្បន្ន គេរំពឹងថាពួកគេនឹងអាចកាត់បន្ថយគម្លាតសិទ្ធិអំណាចបានត្រឹមតែ ៦% និងគម្លាតចីរភាពចំនួន ២៥% ប៉ុណ្ណោះ។

    ដើម្បីបិទគម្លាតទាំងនេះ កំណើនសេដ្ឋកិច្ចទាមទារឱ្យមានការជំរុញដោយកម្លាំងបន្ថែម។ ជាដំបូងការធ្វើនវានុវត្តដែលដឹកនាំដោយធុរកិច្ច អាចធ្វើឱ្យមានការប្រែប្រួលដល់ម៉ូដែលកំណើននៅពេលបច្ចុប្បន្នតាមរបៀបនៃការផ្តោតកាន់តែខ្លាំងទៅលើបរិយាប័ន្ននិងចីរភាព។

    ក្រុមហ៊ុនធំៗ នៅក្នុងបណ្តាប្រទេស G20 បានចំណាយប្រាក់ជាង ២ ទ្រីលានដុល្លារក្នុងមួយឆ្នាំទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍហើយពួកគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗដើម្បីកាត់បន្ថយការចំណាយទៅលើអន្តរកាលចីរភាពនោះ។

    ហើយនៅពេលធុរកិច្ចទាំងនេះបានរកឃើញនូវរបៀបកាត់បន្ថយការចំណាយទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលបំភាយឧស្ម័នទាបនោះ ពួកគេក៏អាចជួយតម្រង់ទិសកំណើនឡើងវិញដើម្បីឆ្ពោះទៅរកស្ថិរភាព តាមរយៈការបង្វែរចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ឆ្ពោះទៅរកផលិតផលបៃតង ដូចអ្វីដែលក្រុមហ៊ុនយានយន្តអគ្គិសនីបានធ្វើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះអញ្ចឹង។

    ទន្ទឹមគ្នានោះដែរ អមជាមួយនឹងយុទ្ធសាស្ត្រនិងគោលនយោបាយសាធារណៈដែលអាចធ្វើឱ្យវិស័យអប់រំ, ការបណ្តុះបណ្តាល, ការថែទាំកុមារ, ការថែទាំសុខភាព, និងការជ្រើសរើសបុគ្គលិក កាន់តែមានបរិយាប័ន្នថែមទៀតនោះ ការធ្វើនវានុវត្តដែលដឹកនាំដោយធុរកិច្ចពិតជាអាចជួយកាត់បន្ថយគម្លាតសិទ្ធិអំណាចនោះបាន តាមរយៈការបង្កើនប្រាក់ចំណូលរបស់បុគ្គលិក។

    រដ្ឋាភិបាលនិងក្រុមសប្បុរសធម៌ ក៏អាចជួយតម្រង់ការលើកទឹកចិត្ត និងធនធានសាធារណៈឱ្យងាកទៅរកចីរភាព និងបរិយាប័ន្នផងដែរ។ តួយ៉ាង រដ្ឋាភិបាលទាំងឡាយអាចកៀរគរមូលធនឯកជនជាច្រើនបន្ថែមទៀត ដើម្បីសាងសង់គម្រោងដែលមានចីរភាព តាមរយៈការវិនិយោគទៅលើគម្រោងទាំងនោះ ដែលនេះគឺជាអភិក្រមមួយដែលគេស្គាល់ថាជាការធ្វើហិរញ្ញប្បទានបូកបញ្ចូលគ្នា។

    ការយកពន្ធលើសារធាតុកាបូន និងការឧបត្ថម្ភធនសម្រាប់គម្រោងទាំងឡាយដែលមានកាបូនទាប ក៏អាចជាការលើកទឹកចិត្តឱ្យវិនិយោគិនកាត់បន្ថយគម្លាតចីរភាពទាំងនោះផងដែរ។ តាមរបៀបផ្សេងមួយទៀត រដ្ឋាភិបាលទាំងឡាយ អាចប្រើប្រាស់ការផ្ទេរប្រាក់ដោយផ្ទាល់ដើម្បីជួយឱ្យពលរដ្ឋកាន់តែច្រើនបន្ថែមទៀត ឱ្យងើបចេញផុតពីខ្សែបន្ទាត់សិទ្ធិអំណាចខាងលើ។

    គួរឱ្យសោកស្តាយ គម្លាតសិទ្ធិអំណាចនិងចីរភាពរបស់ពិភពលោកនៅពេលបច្ចុប្បន្នមិនអាចបិទបញ្ចប់ភ្លាមៗបានទេ។ ប៉ុន្តែករណីនេះគួរតែជាការដាស់ស្មារតីឱ្យកាន់តែខំប្រឹងខ្លាំងឡើង និងមិនត្រូវមិនធ្វើសកម្មភាពអីសោះទៀតនោះទេ។

    ក្រុមហ៊ុនទាំងឡាយ មិនត្រឹមតែត្រូវជម្នះទៅលើបញ្ហាប្រឈមនិងធ្វើនវានុវត្តនោះទេ ពួកគេក៏ត្រូវតែចាប់យកកាលានុវត្តភាពជាច្រើនដែលកំពុងតែកើតមានរួចហើយនោះផងដែរ។ ស្រដៀងគ្នានេះដែរ រដ្ឋាភិបាលនិង សប្បុរសជនទាំងឡាយ គួរតែផ្តោតទៅលើផ្នែកណាដែលកំពុងតែមានទីផ្សារខ្វះខាតនៅពេលបច្ចុប្បន្ននេះ។

    ប្រសិនបើធុរកិច្ច, សាធារណជន និងវិស័យសង្គមធ្វើការរួមគ្នា យើងនឹងអាចបង្កើតកំណើនសេដ្ឋកិច្ចដែលប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាអ្វីដែលពិភពលោកកំពុងត្រូវការជាបន្ទាន់នៅពេលនេះជាក់ជាមិនខាន៕

    Project Syndicate