ខ្មែរប៉ុស្ដិ៍ Close

ធនាគារពិភពលោកដំឡើងការព្យាករអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពី ៤.៥% ដល់ ៤.៨% សម្រាប់ឆ្នាំ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 35
ធនាគារពិភពលោកដំឡើងការព្យាករអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពី ៤.៥% ដល់ ៤.៨% សម្រាប់ឆ្នាំ២០២២ ធនាគារពិភពលោកដំឡើងការព្យាករអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពី ៤.៥% ដល់ ៤.៨% សម្រាប់ឆ្នាំ២០២២

ធនាគារពិភពលោក (World Bank) បានចេញការព្យាករណ៍ជាថ្មី ដោយបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ពីកំណើន ៤.៥% ដល់ ៤.៨% នៅក្នុងឆ្នាំ២០២២ និងឆ្នាំ ២០២៣ មានកំណើន ៥.២%។ នេះបើតាមរបាយការណ៍របស់ World Bank នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ធនាគារពិភពលោកបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ ថាមានកំណើន ៤.៥% ប៉ុន្ដែនៅពេលនេះបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ រហូតដល់ ៤.៨%។

នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករនូវកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ មានកំណើន ៥.៣% ប៉ុន្តែបានបន្ទាបការព្យាករណ៍អត្រាកំណើននៅឆ្នាំ២០២៣ ពី ៦.៥% មកនៅត្រឹម៦.២% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញ សម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ លើកលែងតែប្រទេសចិន ត្រូវបានព្យាករថានឹងឡើងដល់ ៥.៣% ក្នុងឆ្នាំ២០២២ ពី ២.៦% ក្នុងឆ្នាំ២០២១។

ប្រទេសចិន ដែលមុននេះធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនត្រឹម ២.៨%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨.១% ក្នុងឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់តំបន់ទាំងមូលកំណើនត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣.២% ក្នុងឆ្នាំនេះ ពី ៧.២% ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤.៦% វិញនៅឆ្នាំក្រោយ។

លោកស្រី ម៉ានូអែលឡា ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកបានថ្លែងថា «សេដ្ឋកិច្ច កំពុងតែស្តារស្ថានភាពឡើងវិញ ហើយនៅក្នុងប្រទេសភាគច្រើននៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក»។

លោកស្រី ម៉ានូអែលឡា ហ្វេររ៉ូ បានបន្ថែមទៀតថា ទន្ទឹមគ្នានឹងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយផងដែរ នូវគោលនយោបាយអន្តរាគមន៍ក្នុងស្រុក ដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ។

លោក Aaditya Mattoo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិកនៃធនាគារពិភពលោក បានថ្លែងថា «អ្នកធ្វើគោលនយោបាយប្រឈមមុខនឹងថ្នូរដ៏លំបាកមួយ រវាងភាពចាំបាច់ដោះស្រាយ បញ្ហាអតិផរណា និងការត្រូវជួយ (អន្តរាគមន៍) ឲ្យសេដ្ឋកិច្ចងើបឡើងវិញ»។

លោក Aaditya Mattoo បានគូសបញ្ជាក់ថា វិធានការគ្រប់គ្រង និងការឧបត្ថម្ភធនធ្វើឲ្យព័ត៌មានតម្លៃមានភាពមិនច្បាស់លាស់ និងប៉ះពាល់ដល់ផលិតភាព។ ដូច្នេះគោលនយោបាយកាន់តែល្អ សម្រាប់ស្បៀងអាហារឥន្ធនៈ និងហិរញ្ញវត្ថុនឹងជួយជំរុញកំណើន និងការពារប្រឆាំងនឹងអតិផរណាបានទៀតផង។

បើតាមរបាយការណ៍កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនសម្រេចបាន អាស្រ័យដោយការកម្រើកឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ៕

អត្ថបទទាក់ទង