ខ្មែរប៉ុស្ដិ៍ Close

យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីរបស់កាណាដាបានងាកចេញឆ្ងាយពីមហិច្ឆតាមហាអំណាចកណ្តាលរបស់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 57
យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីរបស់កាណាដាបានងាកចេញឆ្ងាយពីមហិច្ឆតាមហាអំណាចកណ្តាលរបស់ខ្លួន យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីរបស់កាណាដាបានងាកចេញឆ្ងាយពីមហិច្ឆតាមហាអំណាចកណ្តាលរបស់ខ្លួន

ទីក្រុងអូតាវ៉ាបានបង្ហាញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលគេគ្រប់គ្នាបានរង់ចាំអស់រយៈពេលជាយូរមកហើយ។ សេចក្តីថ្លែងការណ៍ដ៏ទូលំទូលាយអំពីគោលនយោបាយការបរទេសក្នុងតំបន់ ឬក្នុងពិភពលោក គឺពិតជាកម្រកើតមានណាស់។

យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលខាងលើ នេះ គឺជាកិច្ចខិតខំប្រឹងប្រែងប្រកប ដោយមហិច្ឆតាបំផុតនៅក្នុងជំនាន់ នេះដែលបានផ្តោតការយកចិត្តទុកដាក់ និងធនធានមកលើតំបន់មួយនេះ។ ស្លាកសញ្ញា «ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺ «ជាស្រាចាស់ដែលកំពុងត្រូវបានគេយកមកដាក់ក្នុងដបថ្មី»។

គំនិតស្តីពីតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីពេលមុនបានកើតឡើងនៅក្នុងយុគសម័យនៃការពង្រីក, ពហុភាគីនិយមប្រកបដោយបរិយាប័ន្ន, ការបើកចំហតំបន់, ការចូលរួមជាមួយប្រទេសចិន, ក្តីសុបិននៃកិច្ចសហប្រតិបត្តិការសន្តិសុខដ៏ទូលំ ទូលាយ និងការបញ្ចប់សង្គ្រាមត្រជាក់។ យុគសម័យឥណ្ឌូ-ប៉ាស៊ីហ្វិកនៅពេលនេះ គឺជាលទ្ធផលដែលទទួលបានពីការប្រកួតប្រជែងរវាងមហាអំណាច, ការធានានូវសុវត្ថិភាពផ្នែកបច្ចេកវិទ្យានិងពាណិជ្ជកម្ម, ការបែកបាក់នៃសកលភាវូបនីយកម្ម, ការពង្រឹងសម្ព័ន្ធភាពដែលមានចិត្តគំនិតដូចគ្នា, សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងការចាប់ផ្តើមនៃសង្គ្រាមត្រជាក់។

ការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តដែលមានទំហំទឹកប្រាក់ចំនួន ១,៧ ពាន់លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ បានគ្របដណ្តប់លើគម្រោងចំនួន ២៧ ផ្សេងៗគ្នា។ គម្រោងដែលមានទំហំធំៗ រួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំទឹកប្រាក់ចំនួន ៥៤៩ លានដុល្លារអាមេរិក ដែលស្ថិតក្រោមដឹកនាំរបស់អាមេរិកតាមរយៈ G7, គម្រោងទឹកប្រាក់ចំនួន ៤០៣ លានដុល្លារអាមេរិកសម្រាប់ការបង្កើនវត្តមានយោធាដែលរួមទាំងការបន្ថែមនាវាចម្បាំងទី៣ ទៅក្នុងមហាសមុទ្រឥណ្ឌា និងការពង្រីកការចូលរួមនៅក្នុងសមយុទ្ធយោធាថ្នាក់តំបន់និងគម្រោងទឹកប្រាក់ចំនួន ១៦៥ លានដុល្លារអាមេរិកសម្រាប់ការពង្រឹងសុវត្ថិភាពសាធារណៈ និងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតនៅក្នុងស្រុក និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីនេះ វាក៏នៅមានគម្រោងទឹកប្រាក់ចំនួន ៧៣ លានដុល្លារសម្រាប់សកម្មភាពលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងការធ្វើពិពិធកម្ម, គម្រោងទឹកប្រាក់ ៧៣ លានដុល្លារសម្រាប់ការពង្រីកសមត្ថភាពការទូត និងគម្រោងទឹកប្រាក់ចំនួន ២៥៦ លានដុល្លារសម្រាប់កម្មវិធីជំនួយអភិវឌ្ឍន៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលរួមមានទាំងអាហារូបករណ៍, ការកសាងបណ្តាញ និងការិយាល័យថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ជាដើម។

គម្រោងជាច្រើនមានបែបបទស៊ីគ្នានឹងចរិតលក្ខណៈរបស់ប្រទេសកាណាដាដែលរួមមានកញ្ចប់ជំនួយសំរាប់ស្ត្រីអន្តរជាតិ (Feminist International Assistance Package), គម្រោងទាក់ទងនឹងការគ្រប់គ្រងធនធានសមុទ្រ និងបេសកកម្មពាណិជ្ជកម្មរបស់ក្រុមការងារកាណាដា។

បើយើងពិចារណាទៅលើការប្តេជ្ញាចិត្ត ដែលមានថវិកាតិចតួច, ក្របខណ្ឌការងារដែលមានរយៈពេល ៥ ឆ្នាំ និងចំនួនសកម្មភាពដែលត្រូវផ្តល់ការគាំទ្រ នោះឥទ្ធិពលអាចនឹងមិននាំទៅរកការផ្លាស់ប្តូរណាមួយនៅក្នុងតំបន់នោះទេ។ ប៉ុន្តែបើយើងបូកបញ្ចូលគ្នាទាំងធនធានការទូត និងធនធានការពារជាតិដែលមានស្រាប់នៅក្នុងតំបន់ យុទ្ធសាស្រ្តនេះពិតជាបានបង្ហាញអំពីភាពស្មោះត្រង់នៃការប្តេជ្ញាចិត្ត និងការវិនិយោគរយៈពេលវែងទៅលើចំណេះដឹង និងបណ្តាញនៃការចូលរួមប្រកបដោយនិរន្តរភាព។

យុទ្ធសាស្ត្រខាងលើបានបង្ហាញថា «ប្រទេសកាណាដាចង់ចូលរួមលេងល្បែងថ្មីនៅក្នុងតំបន់នេះ»។ ពេលនេះវិធីសាស្រ្តរបស់កាណាដាគឺ «ការផ្តោតខ្ពស់ទៅលើសម្ព័ន្ធភាព និងដៃគូដែលចែករំលែកនូវគុណតម្លៃរួម»។ ពាក្យសម្ដីស្រពិចស្រពិលចំពោះប្រទេសចិនមានការប្រែប្រួលយ៉ាងខ្លាំងពីពាក្យសម្តីភ្ជាប់ទំនាក់ទំនងកាលពីជាង ៥០ ឆ្នាំមុន។

ប្រទេសចិននៅពេលបច្ចុប្បន្ននេះត្រូវបានគេដាក់ឈ្មោះថាជា «អ្នកឈ្លានពាន និងគាបសង្កត់», ជា «មហា អំណាចសកលដែលបង្កការរំខានកាន់តែខ្លាំងឡើង», បានបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិដែលពឹងផ្អែកលើច្បាប់ និងបានបង្កការគំរាមកំហែងដល់ផលប្រយោជន៍ និងគុណតម្លៃរបស់ប្រទេសកាណាដា។

ឯកសារខាងលើបានបង្ហាញអំពីសកម្មភាពដែលមានលក្ខណៈជាឯកតោភាគីរបស់ទីក្រុងប៉េកាំង, សកម្មភាពជ្រៀតជ្រែកពីបរទេស, យន្តការសេដ្ឋកិច្ចបែបបង្ខិតបង្ខំ, ការឃុំខ្លួនតាមអំពើចិត្ត និងសហគ្រាសរដ្ឋដ៏គ្រោះថ្នាក់។ យុទ្ធសាស្ត្រនេះក៏បានអំពាវនាវផងដែរឱ្យមានវិធានការក្នុងស្រុកដើម្បីពង្រឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងដើម្បីការពារប្រឆាំងនឹងការលួចកម្មសិទ្ធិបញ្ញា។

ជាលក្ខណៈអន្តរជាតិ វាក៏បានអំពាវនាវឱ្យមានការធ្វើការឱ្យបានកាន់តែជិតស្និទ្ធជាមួយអង្គការ Five Eyes, អង្គការ NATO និងស្ថាប័នអន្តរជាតិមួយចំនួនទៀតដើម្បីតាមដាន និងទប់ទល់នឹងភាពឈ្លានពានរបស់ប្រទេសចិន។ ដោយមានភាពផ្ទុយគ្នាពីវិធីសាស្រ្ត 4C កាលពីមុន ដែលរួមមានការរួមរស់ជាមួយគ្នា, កិច្ចសហប្រតិបត្តិការ ការប្រកួតប្រជែង និងបញ្ហាប្រឈម, យុទ្ធសាស្រ្តថ្មីនេះបានបញ្ជាក់ថា «ទីក្រុងអូតាវ៉ានឹងប្រកួតប្រជែងជាមួយប្រទេសចិននៅពេលវេលាសមគួរហើយនឹងសហការនៅពេលណាដែលចាំបាច់»។

យុទ្ធសាស្ត្រនេះបានពឹងផ្អែកទៅលើសកម្មភាពជាក់លាក់មួយចំនួនដែលត្រូវបានអនុវត្តរួចហើយ ដែលរួមមានទាំងការហាមប្រាមក្រុមហ៊ុន Huawei 5G, ការបដិសេធការវិនិយោគរបស់ចិននៅក្នុងវិស័យរ៉ែ, ការដាក់ចេញនូវសេចក្តីសម្រេចនៅក្នុងសភាស្តីអំពីអំពើប្រល័យពូជសាសន៍ទៅលើជនជាតិ Uyghur, ការរិះគន់ជាសាធារណៈចំពោះច្បាប់សន្តិសុខជាតិនៅហុងកុង និងការប្រកាសនៅពេលថ្មីៗនេះអំពីការចុះបញ្ជីជាភ្នាក់ងារបរទេស (Foreign Agent Registry)។

យុទ្ធសាស្ត្រនេះបានបង្ហាញអំពីទស្សនៈអវិជ្ជមានជាសាធារណៈនៅក្នុងស្រុកអំពីប្រទេសចិន, ការរិះគន់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឥតឈប់ឈរ, គោលនយោបាយដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសដែលមានចិត្តគំនិតដូចគ្នាផ្សេងទៀតដែលបានរួមគ្នាបង្កើតការមូលមតិគ្នាថ្មីនៅក្នុងទីក្រុងអូតាវ៉ា។

យុទ្ធសាស្រ្តនេះក៏មានរួមបញ្ចូលនូវធាតុផ្សំមួយចំនួនផងដែរទាក់ទងនឹងអ្វីដែលពួកគេត្រូវ និងមិនត្រូវនិយាយ។ ប្រទេសកាណាដាមិនបានប្រើប្រាស់ពាក្យថា «មិត្តភ័ក្តិ, ការផ្តាច់ទំនាក់ទំនង ឬអំពីប្រល័យពូជសាសន៍» ទេ។ ប្រទេសនេះបានរក្សាភាពស្ងាត់ស្ងៀមចំពោះបច្ចេកវិទ្យាជាតិនិយម និងតម្រូវការសម្រាប់គោលនយោបាយឧស្សាហកម្មដើម្បីទប់ទល់នឹងការ រះឡើងរបស់ចិន។

ពួកគេក៏មិនមានការប្តេជ្ញាចិត្តក្នុងការចូលជាសមាជិកភាពនៅក្នុងសម្ព័ន្ធក្រុម Quad ឬកិច្ចព្រមព្រៀង AUKUS នោះដែរ។ ប្រទេសកាណាដាបានកោតសរសើរការធ្វើពិពិធកម្មពាណិជ្ជកម្មទាំងនៅក្រៅ និងនៅក្នុងប្រទេសចិន បើទោះបីជាពួកគេបានគូសបញ្ជាក់អំពីហានិភ័យថ្មីៗនៅក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសចិនក៏ដោយ។ ប្រទេសកាណាដាបានបង្កើតករណីមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការ និងការសន្ទនានៅ លើបញ្ហាដែលមានស្រាប់ ដូចជាការប្រែប្រួលអាកាសធាតុ, ការបាត់បង់ជីវចម្រុះ, សុខភាពសកល និងការរីកសាយអាវុធនុយក្លេអ៊ែរ។

តាមរយៈការលើកឡើងថា «យុទ្ធសាស្ត្រនេះនៅមិនទាន់បានរៀបចំរួចរាល់ទាំងស្រុងនៅឡើយទេ» រដ្ឋមន្ត្រីការបរទេសកាណាដានៅតែបន្តសង្កត់ធ្ងន់ទៅលើគុណធម៌នៃការធ្វើការជាមួយប្រទេសចិន, ការបង្កើតបណ្តាញសន្ទនា និងការធានាថា «ស្ថាប័នដែលមានស្រាប់ក៏បានរួមបញ្ចូលទាំងប្រទេសចិនផងដែរ»។ វោហាសាស្ត្រដែលបានលើកឡើងពាក់ព័ន្ធនឹងសារៈសំខាន់កាន់តែខ្លាំងរបស់ប្រទេសឥណ្ឌាបានផ្តោតទៅលើបញ្ហាសេដ្ឋកិច្ចនិងអន្តោប្រវេសន៍ ក៏ប៉ុន្តែវាមិនបានផ្តោតទៅលើបញ្ហាយុទ្ធសាស្ត្រនិងសិទ្ធិមនុស្សនោះទេ។

ប្រតិកម្មដែលគេទទួលបានមកដល់ពេលនេះ រួមមានការគាំទ្រពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ, អ្នកដែលមិនចូលចិត្តប្រទេសចិនបានអះអាងថា «យុទ្ធសាស្ត្រនេះនៅមិនទាន់មានភាពម៉ឺងម៉ាត់គ្រប់គ្រាន់», ប្រទេសជប៉ុនបានធ្វើការអបអរសាទរចំពោះសំណើកិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងកាណាដា-អាមេរិក ពាក់ព័ន្ធនឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការចំអកពីសំណាក់ប្រជាជនចិនចំពោះការបាត់បង់ឯករាជ្យភាពរបស់ប្រទេសកាណាដា។

ប្រតិកម្មដែលទទួលបានពីតំបន់អាស៊ីអាគ្នេយ៍មានសារៈសំខាន់កាន់តែខ្លាំង។ យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើមជ្ឈភាពរបស់អាស៊ាន ហើយស្ទើរតែពាក់កណ្តាលនៃគម្រោងជាក់លាក់ចំនួន ២៧ សុទ្ធតែបានរួមបញ្ចូលនូវសមាសភាពពីតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែកាណាដាអាចនឹងមិនទទួលបានការគាំទ្រនោះទេនៅក្នុងតំបន់មួយដែលទស្សនវិស័យអាស៊ានសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានបន្តផ្តោតលើការលើកកម្ពស់របៀបវារៈតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានទាំងទម្រង់ផ្សេងៗនៃការមិនចូលបក្សសម្ព័ន្ធ, អព្យាក្រឹតភាពនៅក្នុងជម្លោះមហាអំណាច និងការប្រឆាំងទៅនឹងការបែកបាក់នៃសេដ្ឋកិច្ចពិភពលោក។

សំណួរមានច្រើនដែលរួមមានទាំងសំណួរដែលថា «តើការរក្សាតុល្យភាពរវាងការគាំទ្រចំពោះបរិយាប័ន្ននៃស្ថាប័នដែលផ្តោតទៅលើអាស៊ាននិងសម្ព័ន្ធភាពក្នុងចំណោមប្រទេសដែលមានចិត្តគំនិតដូចគ្នា រួមមាន AUKUS, Quad, APEC និងវេទិកាសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីរបស់សហរដ្ឋអាមេរិកនឹងក្លាយទៅជាយ៉ាងណា?»

«តើការរក្សាតុល្យភាពរវាងប្រព័ន្ធពាណិជ្ជកម្មបើកចំហ និងបច្ចេកវិទ្យានឹងក្លាយទៅជាយ៉ាងណា បើប្រៀបធៀបទៅនឹងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការពឹងពាក់ទៅលើមិត្តភាព?» ប៉ុន្តែរឿងមួយដែលច្បាស់លាស់បំផុតគឺ «នៅចំពេលមានការផ្លាស់ប្តូរទាំងនេះ ប្រទេសកាណាដាកំពុងតែងាកខិតទៅជិតសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួន និងបានងាកចេញកាន់តែឆ្ងាយពីតួនាទីជាមហាអំណាចកណ្តាលនៅក្នុងតំបន់របស់ខ្លួន»៕

East Asia Forum