ខ្មែរប៉ុស្ដិ៍ Close

មេដឹកនាំអាស៊ានគួរតែគិតឲ្យច្បាស់ ពាក់ព័ន្ធនឹងជំនួបកំពូលជាមួយសហរដ្ឋអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 58
មេដឹកនាំអាស៊ានគួរតែគិតឲ្យច្បាស់ ពាក់ព័ន្ធនឹងជំនួបកំពូលជាមួយសហរដ្ឋអាមេរិក មេដឹកនាំអាស៊ានគួរតែគិតឲ្យច្បាស់ ពាក់ព័ន្ធនឹងជំនួបកំពូលជាមួយសហរដ្ឋអាមេរិក

ប្រទេសដែលចង់រក្សាទំនាក់ទំនងល្អជាមួយប្រទេសដទៃ ត្រូវតែពិចារណាអំពីកាលៈទេសៈ។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden មិនបានគិតគូរអំពីបញ្ហាខាងលើឱ្យបានគ្រប់គ្រាន់នោះទេ សម្រាប់ការអញ្ជើញមេដឹកនាំអាស៊ានឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងវ៉ាស៊ីនតោននៅក្នុងខែនេះ។

ខណៈពេលដែលរបៀបវារៈរបស់កិច្ចប្រជុំនេះកំពុងតែមានភាពមិនច្បាស់លាស់ ការចូលរួមនៅក្នុងកិច្ចប្រជុំអាចនឹងក្លាយជាការបញ្ជូនសញ្ញាខុសទៅកាន់ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មនិងវិនិយោគិនដ៏ធំបំផុតរបស់អាស៊ាន ហើយក៏ជាដៃគូប្រជែងផ្នែកយុទ្ធសាស្ត្ររបស់អាមេរិកផងដែរ។

ដោយសារហេតុផលបែបនេះហើយទើបរដ្ឋាភិបាល នៅក្នុងតំបន់តែងតែមានក្តីកង្វល់ ហើយមិនចង់ងាកទៅគាំទ្រចំពោះផលប្រយោជន៍ របស់ភាគីណាមួយឡើយដើម្បីធានាបាននូវការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជាមហាអំណាចទាំងពីរ និងបើកចំហទទួលយកនូវឱកាសនានា។

កិច្ចការការទូតមិនមែនជាចំណុចអទិភាពសម្រាប់លោក Biden នោះទេ ដោយគាត់ចង់ជំរុញរបៀបវារៈដើម្បីបង្កឱ្យមានការបែកបាក់ដើម្បីទាញយកឥទ្ធិពលពីទីក្រុងប៉េកាំងមកវិញ។ លោក Biden ក៏កំពុងតែតាមដានសង្គ្រាម របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយក៏កំពុងតែស្វែងរកការគាំទ្រចំពោះការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកផងដែរ។

ចំណុចខាងលើនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសរបស់សេតវិមានអំពីកិច្ចប្រជុំកំពូល ដែលដើមឡើយ គ្រោងត្រូវធ្វើនៅចុងខែមីនា ប៉ុន្តែត្រូវបានពន្យារពេលដោយសារបញ្ហាជាន់កាលវិភាគ។

អ្នកនាំពាក្យរបស់សេតវិមានបានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃទី ១២ និង ១៣ ខែឧសភា គឺជាការរំលឹកខួបលើកទី ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន ហើយក៏ជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការធ្វើជា ដៃគូជាមួយតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី អ្នកនាំពាក្យបាននិយាយថា «អ្វីដែលជាសេចក្តីប្រាថ្នារួមគ្នារបស់យើងសម្រាប់តំបន់គឺការប្តេជ្ញាចិត្តក្នុងការ ជំរុញឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានលក្ខណៈសេរីនិងបើកចំហ មានសុវត្ថិភាព មានការតភ្ជាប់ទំនាក់ទំនងនិងមានភាពធន់»។

លោក Biden កំពុងព្យាយាមស្វែងរកនូវឥទ្ធិពលរបស់សហរដ្ឋអាមេរិកត្រលប់មកវិញក្រោយត្រូវបានបាត់បង់ដោយសារតែគោលនយោបាយការបរទេសឯកោនិយមរបស់លោក Donald Trump ។ អ្វីដែលជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះគឺយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់រដ្ឋបាលរបស់លោក Biden ដែលយុទ្ធសាស្ត្រនេះមានគោលបំណងផ្តោតសំខាន់ទៅលើផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីប្រឆាំងនឹងអ្វីដែលត្រូវបានគេយល់ថា ជាផែនការរបស់ទីក្រុងប៉េកាំងក្នុងការបង្កើនឥទ្ធិពល នៅក្នុងតំបន់។

មានធាតុសំខាន់ៗមួយចំនួននៅក្នុងយុទ្ធសាស្ត្រខាងលើ ដែលរួមមានការបង្កើតក្រុមពាណិជ្ជកម្ម, ក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចសន្ទនាសន្តិសុខ ដែលត្រូវបានគេស្គាល់ជាទូទៅថា សម្ព័ន្ធក្រុមប្រទេស Quad ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយ ចំនួនបានចាត់ទុកវត្តមានយោធារបស់ទីក្រុងវ៉ាស៊ីនតោនថា ជារបងការពារប្រឆាំងនឹងអ្វីដែលពួកគេយល់ថាជាការឈ្លានពានកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន នៅក្នុងតំបន់ ជាពិសេសគឺនៅក្នុងសមុទ្រចិនខាងត្បូង។

ប៉ុន្តែសម្រាប់អាស៊ាន និងប្រទេសជាសមាជិកភាគច្រើនតែងតែរក្សាការប្រុងប្រយ័ត្ន និងមិនជ្រើសរើសក្នុងការប្រកាន់យកជំហរណាមួយនោះទេ។

ពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសចិនជាមួយតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងដល់ ៦៨៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២០ ច្រើនជាងពាណិជ្ជកម្មទ្វេភាគីរបស់អាមេរិកជាមួយតំបន់អាស៊ីអាគ្នេយ៍ ដែលមានត្រឹមតែ ៣៦២ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

ជាងនេះទៅទៀត ផែនការ BRI របស់ទីក្រុងប៉េកាំងក៏បានផ្តល់នូវថវិការាប់សិបពាន់លានដុល្លាបន្ថែម ទៀតសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍដែលចាំបាច់នានានៅក្នុងតំបន់ទៀតផង។

កិច្ចប្រជុំកំពូលនេះត្រូវបានគេអះអាងថា គឺជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប៉ុន្តែតាមពិតគឺច្រើនតែផ្តោតទៅលើផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះ ហើយប្រទេសដែលត្រូវបានគេផ្តោតសំខាន់បំផុតនោះ គឺប្រទេសចិន។

មេដឹកនាំទាំងឡាយដែលកំពុងពិចារណាអំពីការចូលរួមត្រូវតែសម្លឹងមើលឱ្យបានច្បាស់អំពីរបៀបវារៈ និងដឹងឱ្យបានច្បាស់អំពីមូលហេតុដែលពួកគេត្រូវបានអញ្ជើញ៕ South China Morning Post