ខ្មែរប៉ុស្ដិ៍ Close

មជ្ឈភាពអាស៊ាននៅក្នុងយុគសម័យនៃនយោបាយអំណាចថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 124
មជ្ឈភាពអាស៊ាននៅក្នុងយុគសម័យនៃនយោបាយអំណាចថ្មី មជ្ឈភាពអាស៊ាននៅក្នុងយុគសម័យនៃនយោបាយអំណាចថ្មី

ខែវិច្ឆិកាគឺជារដូវកាលនៃកិច្ចប្រជុំកំពូលសម្រាប់តំបន់អាស៊ី ដោយក្នុងនោះកិច្ចប្រជុំកំពូល G-20 ត្រូវបានធ្វើឡើងនៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូល APEC ត្រូវបានរៀបចំឡើងនៅទីក្រុងបាងកកនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា។ ព្រឹត្តិការណ៍ទាំងនេះមានសារៈសំខាន់កាន់តែខ្លាំងនៅចំពេលកំពុងកើតមានវិបត្តិសកលជាច្រើន រាប់ចាប់ពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនរហូតដល់សម្ពាធលើតម្លៃស្បៀងអាហារនិងថាមពល និងសញ្ញានៃការអាចកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោកដែលសុទ្ធតែទាមទារឱ្យមានការឆ្លើយតបជាលក្ខណៈពហុភាគី។

កិច្ចប្រជុំកំពូល G-20 បានទទួលការយកចិត្តទុកដាក់ជាពិសេស ដោយសារវាគឺជាកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងរវាងប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping និងជាការប្រាស្រ័យទាក់ទងជាលើកដំបូងរវាងលោក Xi ជាមួយបណ្តាមេដឹកនាំពិភពលោកផ្សេងៗ ទាំងជាមួយប្រទេសជាមិត្ត (អូស្ត្រាលី) និងជាមួយប្រទេសមិនមែនជាមិត្ត (កាណាដា)។

នៅចំពេលមានកិច្ចប្រជុំកំពូលកម្រិតខ្ពស់ទាំងនេះ កិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលត្រូវបានដឹកនាំដោយអាស៊ាន និងដែលត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញនៅថ្ងៃទី ១០-១៣ វិច្ឆិកា អាចត្រូវបានគេមើលរំលង។ ស្ថានប័នដូចជាអាស៊ានអាចមានភាពហួសសម័យ ខណៈដែលការទូត «មហាអំណាចកណ្ដាល» បានថយចុះនូវសារៈសំខាន់នៅក្នុងយុគសម័យនៃនយោបាយមហាអំណាចថ្មី។

ទន្ទឹមនឹងនេះដែរ ផែនការថ្នាក់តំបន់ក៏កំពុងទទួលរងនូវការផ្លាស់ប្តូរ ដោយក្នុងនោះគំនិតផ្តួចផ្តើមថ្នាក់តំបន់ ដែលមានលក្ខណៈបើកចំហនិងបរិយាប័ន្ន កំពុងជួបប្រឈមនឹងគំនិតផ្តួចផ្តើមថ្មីៗ រាប់ចាប់ពីក្រុម Quad រហូតដល់គំនិតផ្តួចផ្តើមស្តីពីភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ (Supply Chain Resilience Initiative) និងកតិកាសញ្ញាសន្តិសុខ AUKUS។ ផ្អែកលើបរិបទនេះ គំនិតស្តីពី «មជ្ឈភាពអាស៊ាន» បាននិងកំពុងប្រឈមមុខនឹងសម្ពាធជាច្រើននៅចំពេលសណ្តាប់ធ្នាប់អន្តរជាតិកំពុងមានការប្រែប្រួល។

បញ្ហាអាចត្រូវបានបង្ហាញឱ្យឃើញតាមរយៈការបែកបាក់គ្នាកាន់តែខ្លាំងឡើងនៅក្នុងអាស៊ាន ជាពិសេសរវាងរដ្ឋជាសមាជិកដែលគាំទ្រចិន និងបណ្តាប្រទេសផ្សេងទៀត ដែលបានបន្តព្យាយាមរក្សាតុល្យភាពនៃគោលនយោបាយការបរទេស។ បញ្ហាបានចាប់ផ្តើមកើតមានចាប់តាំងពីឆ្នាំ ២០១២ នៅក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនៅពេលនោះ អាស៊ានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមដែលមាន លើកឡើងអំពីសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង។

វិធានក្រៅផ្លូវការរបស់អាស៊ានស្តីពីការធ្វើទំនាក់ទំនង ដែលមានបង្កប់នៅក្នុងគោលការណ៍នៃការមិនប្រឈមមុខដាក់គ្នា, ការមិនធ្វើអន្តរាគមន៍ និងការឯកភាពគ្នាក៏បានបង្កើតឱ្យមានបញ្ហាប្រឈមផងដែរ។ បទដ្ឋានទាំងនេះបាននាំមកនូវការលំបាកក្នុងការបង្កើតឱ្យមានការឯកភាពគ្នាលើបញ្ហាចម្រូងចម្រាសមួយចំនួន ដូចជាជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង និងការព្យួរលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។

ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្កើននូវការព្រួយបារម្ភកាន់តែខ្លាំង ជាមួយនឹងការឆ្លើយតបមិនសូវម៉ឺងម៉ាត់របស់អាស៊ានចំពោះសកម្មភាពរបស់រុស្ស៊ី។ ការចូលរួមថ្នាក់តំបន់កំពុងទទួលបានភាពលេចធ្លោរជាមួយនឹងគំនិតផ្តួចផ្តើមទ្វេភាគី, ត្រីភាគីនិងពហុភាគី ក៏ប៉ុន្តែភាគច្រើនត្រូវបានធ្វើឡើងនៅខាងក្រៅក្របខណ្ឌរបស់អាស៊ាន។ ឧទាហរណ៍ដ៏គួរឱ្យកត់សម្គាល់បំផុតគឺ «Quad» ដែលរួមមានប្រទេសអូស្ត្រាលី, ឥណ្ឌា, ជប៉ុន និងសហរដ្ឋអាមេរិក។

គំនិតផ្តួចផ្តើមប្រភេទនេះច្រើនតែត្រូវបានជំរុញដោយតម្រូវការរួម និងច្រើនតែផ្តោតលើបញ្ហាជាក់លាក់។ ជាឧទាហរណ៍ : នៅឆ្នាំ ២០២០ ឥណ្ឌា, ជប៉ុន និងអូស្ត្រាលី បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ (Supply Chain Resilience Initiative) ដោយមានគោលបំណងធ្វើពិពិធកម្ម និងពង្រឹងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់។

បន្ថែមពីលើនេះ ក្រុម Quad បានពង្រីកការទទួលខុសត្រូវរបស់ខ្លួនដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងវីរុសរាតត្បាត, ការប្រែប្រួលអាកាសធាតុ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ កិច្ចសហប្រតិបត្តិការក៏បានកើនឡើងផងដែរ តាមរយៈគំនិតផ្តួចផ្តើមខ្នាតតូចផ្សេងៗទៀត ដែលរួមមានដូចជាក្របខណ្ឌត្រីភាគីរវាងសហរដ្ឋអាមេរិក-ជប៉ុន-ឥណ្ឌា ដែលបានចាប់ផ្តើមនៅកម្រិតលេខាធិការដ្ធាននៅក្នុងឆ្នាំ ២០១១ មុនពេលត្រូវបាន ដំឡើងទៅកម្រិតរដ្ឋមន្ត្រីនៅក្នុងឆ្នាំ ២០១៥ និងកម្រិតកិច្ចប្រជុំកំពូលនៅឆ្នាំ ២០១៨។

កិច្ចសន្ទនាខ្នាតតូចកម្រិតលេខាធិការរវាង ឥណ្ឌា-អូស្ត្រាលី-ឥណ្ឌូណេស៊ី ក៏ត្រូវបានប្រារព្ធឡើងចាប់ពីឆ្នាំ ២០១៧ ផងដែរ។ ជាមួយនឹងភាពអសកម្មនៃស្ថាប័នរបស់អាស៊ាន និងការលេចឡើងនូវគំនិតផ្តួចផ្តើមថ្មីៗថ្នាក់តំបន់ សារៈសំខាន់របស់អាស៊ាននឹងបន្តស្ថិតនៅក្នុងការសង្ស័យ ជាពិសេសនៅក្នុងបរិបទនៃការផ្លាស់ប្តូរសណ្តាប់ធ្នាប់តំបន់ និងពិភពលោក ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈការប្រកួតប្រជែងរវាងមហាអំណាច។

អាស៊ានត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីជាមធ្យោបាយក្នុងការរក្សាភាពរួបរួម និងស្វ័យភាព នៅក្នុងតំបន់នៅចំពេលកំពុងកើតមានការប្រកួតប្រជែងគ្នា នៅក្នុងសង្រ្គាមត្រជាក់។ អាស៊ានទទួលបានសារៈសំខាន់ជាថ្មីនៅក្នុងសម័យក្រោយសង្គ្រាមត្រជាក់ ដែលជាពេលដែលសកលភាវូបនីយកម្មកំពុងលេចខ្លួនឡើងជាតួអង្គដ៏សំខាន់ក្នុងការជំរុញប្រព័ន្ធអន្តរជាតិ ដែលបានបង្កើតឱ្យមានគំនិតផ្តួចផ្តើមថ្នាក់តំបន់ និងអន្តរជាតិដែលមានលក្ខណៈបើកចំហ និងបរិយាប័ន្ន។

អាស៊ានបានឈានមុខគេ តាមរយៈគំនិតផ្តួចផ្តើមមួយចំនួនដូចជាវេទិកាតំបន់អាស៊ាន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤, កិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅក្នុងឆ្នាំ ២០០៥ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងឆ្នាំ ២០១២។ ដោយសារសណ្តាប់ធ្នាប់អន្តរជាតិសេរីតាមបែបថ្មីកំពុងស្ថិតក្រោមភាពតានតឹងកាន់តែខ្លាំងឡើងៗ គោលការណ៍រៀបចំដែលបង្កើតបានជាមូលដ្ឋាននៃវេទិកាអាស៊ានទាំងនេះ ចាំបាច់ត្រូវកែសម្រួល ឬត្រួតពិនិត្យមើលឡើងវិញ។

ខណៈដែលការប្រជែងគ្នាជាយុទ្ធសាស្ត្ររវាងចិន និងអាមេរិកកាន់តែមានភាពតានតឹងខ្លាំង ការបែកបាក់នៃប្រព័ន្ធអន្តរជាតិកំពុងបង្កហានិភ័យចំពោះការប្តេជ្ញាចិត្តចំពោះផែនការថ្នាក់តំបន់ដែលមាលក្ខណៈបើកចំហ និងបរិយាប័ន្ន ដូចដែលមានចែងនៅក្នុងគោលការណ៍មជ្ឈភាពអាស៊ាន។ ជាឧទាហរណ៍ : ការពិតដែលថា «សហរដ្ឋអាមេរិក, រុស្ស៊ី និងចិន សុទ្ធតែជាសមាជិកនៃគំនិតផ្តួចផ្តើមមួយចំនួន ដែលដឹកនាំដោយអាស៊ាន បូករួមទាំងវេទិកាតំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង ADMM+» នឹងធ្វើឱ្យវេទិកាទាំងនេះជួបប្រឈមនឹងភាពតានតឹងកាន់តែខ្លាំង។

បញ្ហានេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ដែលទើបតែបានបញ្ចប់នៅទីក្រុងហ្សាកាតាដែលជាកន្លែងដែលមនុស្សមួយចំនួនបានលើកឡើងនូវការព្រួយបារម្ភអំពីវត្តមាន របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ការព្រួយបារម្ភនេះត្រូវបានរំសាយទៅវិញ នៅពេលដែលលោក Putin សម្រេចចិត្តមិនចូលរួម និងបានបញ្ជូនរដ្ឋមន្ត្រីការបរទេស រុស្ស៊ី Sergei Lavrov ឱ្យមកចូលរួមជំនួស។

គោលនយោបាយការបរទេសកាន់តែម៉ឺងម៉ាត់ និងកាន់តែឈ្លានពានរបស់មហាអំណាចផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានបង្កការបង្អាក់ដល់វឌ្ឍនភាពរបស់អាស៊ានផងដែរ។ ឧទាហរណ៍ដ៏គួរឱ្យកត់សម្គាល់បំផុតគឺ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន» ដែលបានបង្ហាញអំពីការគោរពតិចតួចបំផុតចំពោះគោលគំនិតស្តីពីមជ្ឈភាពអាស៊ាន ជាមួយនឹងការបន្តឱបក្រសោបការចូលរួមជាលក្ខណៈទ្វេភាគី ជាជាងការចូលរួមជាលក្ខណៈពហុភាគីជាមួយតំបន់។

ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកដែលបាននិយាយឱ្យរួចតែពីមាត់អំពីមជ្ឈភាពអាស៊ាន ក៏បានបង្ហាញផងដែរនូវការងាកឆ្ពោះទៅរកការចូលរួមជាមួយតំបន់ តាមរយៈក្របខណ្ឌដែលស្ថិតនៅខាងក្រៅអាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលថ្មីៗនេះដែល មានការចូលរួមដោយផ្ទាល់ពីសំណាក់លោក Biden ទំនាក់ទំនងអាស៊ាន-អាមេរិកត្រូវបានពង្រឹងឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

ការវិវឌ្ឍនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីដើមឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ការផ្តោតសំខាន់របស់អាមេរិកលើការទប់ទល់នឹងការឈ្លានពានរបស់ប្រទេសចិន បានដើរផ្ទុយពីចំណាប់អារម្មណ៍របស់អាស៊ានដែលចង់រក្សាតុល្យភាពជាមួយគ្រប់ភាគីសំខាន់ៗនៅក្នុងប្រព័ន្ធអន្តរជាតិ។ សហរដ្ឋអាមេរិកបានផ្តល់អាទិភាពដល់ការពង្រឹងឡើងវិញនូវសម្ព័ន្ធភាពទ្វេភាគីនិងការបង្កើតនូវការភ្ជាប់ទំនាក់ទំនងថ្មីៗខ្នាតតូច ដែលស្ថិតនៅខាងក្រៅក្របខណ្ឌអាស៊ាន ដូចជា Quad និង AUKUS ជាដើម។

ការដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតប្រចាំអាស៊ាននៅក្នុងខែឧសភាឆ្នាំនេះបន្ទាប់ពីត្រូវបានទុកចោលឱ្យទំនេរអស់រយៈពេល ៥ ឆ្នាំ គឺជាសញ្ញានៃការធ្វេសប្រហែសរបស់អាមេរិកចំពោះតំបន់នេះ ក៏ប៉ុន្តែវាក៏បានបង្ហាញឱ្យឃើញផងដែរអំពីការផ្តោតអារម្មណ៍ជាថ្មីរបស់អាមេរិកមកលើអាស៊ាន។ និន្នាការស្រដៀងគ្នានេះត្រូវបានបង្ហាញឱ្យឃើញនៅក្នុងការប្តេជ្ញាចិត្តដ៏តិចតួចរបស់សហរដ្ឋអាមេរិក ចំពោះមូលនិធិមួយ ដែលមានគោលបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

ការព្រួយបារម្ភទ្វេនៅក្នុងបណ្តារដ្ឋអាស៊ីប៉ាស៊ីហ្វិកជាច្រើនពាក់ព័ន្ធនឹងការកើនឡើងនៃការឈ្លានពានរបស់ចិន និងភាពអាចជឿទុកចិត្តបាននៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់បានជំរុញឱ្យមានរលកនៃគំនិតផ្តួចផ្តើមថ្នាក់តំបន់ជាច្រើន ដែលរាប់ចាប់ពី «គោលនយោបាយឆ្ពោះទៅទិសខាងកើត» របស់ឥណ្ឌា និង «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ» របស់ជប៉ុន រហូតដល់ «គោលនយោបាយភាគខាងត្បូងថ្មី» (New Southern Policy) របស់កូរ៉េខាងត្បូង និង «គោលនយោបាយទិសខាងត្បូងថ្មី» (New Southbound Policy) របស់កោះតៃវ៉ាន់។

គំនិតផ្តួចផ្តើមទាំងអស់នេះបានលើកឡើងឱ្យតែរួចពីមាត់អំពីមជ្ឈភាពអាស៊ានជាមួយនឹងការបន្តព្យាយាមពង្រឹងការចូលរួមនៅក្នុងតំបន់ ក៏ប៉ុន្តែនៅខាងក្រៅក្របខណ្ឌរបស់អាស៊ាន។ ទោះបីជាវេទិកាដែលដឹកនាំដោយអាស៊ាននៅតែមានសារៈសំខាន់ក៏ដោយ ក៏សកម្មភាពសំខាន់ៗបំផុតមួយចំនួន តែងត្រូវបានធ្វើឡើងនៅក្រៅក្របខណ្ឌអាស៊ានតាមរយៈវេទិកាខ្នាតតូច។ ជាឧទាហរណ៍ : សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅឆ្នាំនេះគឺជា «សេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញដោយមេដឹកនាំអាមេរិក, ជប៉ុន និង កូរ៉េខាងត្បូង» ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការត្រីភាគី។

បញ្ហាប្រឈមដែលអាស៊ានកំពុងប្រឈមមុខនៅក្នុងទសវត្សរ៍ទី៦ របស់ខ្លួនគឺ «ការនៅមិនទាន់បានប្រើប្រាស់អំណាច ឱ្យបានគ្រប់គ្រាន់នៅក្នុងបរិយាកាសយុទ្ធសាស្ត្រដែលពោរពេញទៅដោយការផ្លាស់ប្តូរ ដែលត្រូវបានជំរុញដោយការកើនឡើងនៃឥទ្ធិពលរបស់ចិន និងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិក»។ អាស៊ានអាចនៅតែឈរជើងបាននៅក្នុងប្រព័ន្ធអន្តរជាតិ ដែលកាន់តែបែកបាក់ដោយសារការឱបក្រសោបរបស់តំបន់នេះ ចំពោះការរក្សាអព្យាក្រឹតភាពដែលរួមមានដូចជាការអំពាវនាវឱ្យមានតំបន់សន្តិភាព, សេរីភាព និងអព្យាក្រឹតភាព (Zone of Peace, Freedom and Neutrality) ក្នុងឆ្នាំ ១៩៧១។

«ក្នុងពេលដំណាលគ្នា តើរដ្ឋជាសមាជិកអាស៊ានអាចនៅតែជាផ្នែកមួយនៃផែនការសន្តិសុខដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអាចនៅតែជាផ្នែកមួយនៃផែនការសេដ្ឋកិច្ចដែលដឹកនាំដោយប្រទេសចិនបានដែរឬទេ?» តាមទស្សនៈរបស់អាស៊ាន វិធីសាស្រ្តនេះធ្លាប់ត្រូវបានអនុវត្តយ៉ាងរលូនរហូតមកដល់ពេលនេះ ក៏ប៉ុន្តែវាមានភាពកាន់តែលំបាកជាងមុននៅក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងត្រូវបានកំណត់ដោយការប្រកួតប្រជែងយកឈ្នះ-ចាញ់ដាច់ខាត។

អ្វីដែលច្បាស់នោះគឺ «តំបន់អាស៊ីអាគ្នេយ៍នឹងនៅតែស្ថិតនៅជួរមុខនៃភាពតានតឹងនៅក្នុងទំនាក់ទំនងចិន-អាមេរិក» មិនថាជាជម្លោះដែលអាចកើតមាននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលអាចនាំមកនូវការរំខានចំពោះផ្លូវដឹកជញ្ជូនឆ្លងកាត់សមុទ្រចិនខាងត្បូង ឬជាការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងប្រទេសចិននិងអាមេរិក ដែលកំពុងឈានឆ្ពោះទៅរកការប្រកួតប្រជែងជាសកលដើម្បីកំណត់ច្បាប់ និងស្តង់ដារគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗ។

ភាពរួបរួមគ្នាកាន់តែខ្លាំងចំពោះទស្សនវិស័យថ្នាក់តំបន់គឺជារឿងដ៏ចាំបាច់បំផុតនៅក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់ ខណៈពេលដែលពួកគេកំពុងតែបាត់បង់ភាពល្អូកល្អើនរវាងគ្នា។ ប្រទេសខ្លះបានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះសណ្តាប់ធ្នាប់តំបន់ ដែលផ្តោតជាចម្បងលើប្រទេសចិន (ឡាវ និងកម្ពុជា) ខណៈដែលប្រទេសផ្សេងទៀតបានបង្ហាញអំពីការពេញចិត្តចំពោះសណ្តាប់ធ្នាប់តំបន់ដែលដឹកនាំដោយអាមេរិក (ហ្វីលីពីន)។ ប្រទេសដទៃទៀតបានឈរនៅកណ្តាល (សិង្ហបុរី) ខណៈដែលខ្លះទៀតបានបង្ហាញអំពីការសង្ស័យកាន់តែខ្លាំងចំពោះអាស៊ាន (ឥណ្ឌូណេស៊ីក្រោមប្រធានាធិបតី Joko Widodo)។

ការបញ្ជាក់ឡើងវិញនូវគោលបំណង យុទ្ធសាស្ត្រស្តីពីការចូលរួមរបស់អាស៊ានជាមួយភាគីខាងក្រៅ នឹងនាំមកនូវការទទួលស្គាល់ថា «អត្ថិភាពរបស់អាស៊ានត្រូវបានជំរុញដោយការពង្រីកការធ្វើពាណិជ្ជកម្ម, ការវិនិយោគ និងការតភ្ជាប់ បូករួមនឹងបំណងប្រាថ្នាក្នុងការធានាឱ្យបាននូវតុល្យភាពនៅក្នុងផែនការថ្នាក់តំបន់ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់មហាអំណាចណាមួយ»។

ជាក់ស្តែង គោលការណ៍នេះតែងត្រូវបានគេទទួលស្គាល់និងគាំទ្រដោយប្រយោលនៅក្នុងផែនការថ្នាក់តំបន់របស់អាស៊ាន ក៏ប៉ុន្តែការសង្កត់ធ្ងន់សារជាថ្មីលើចំណុចនេះ ដោយបណ្តារដ្ឋជាសមាជិកអាស៊ាននឹងអាចជួយបញ្ជាក់ឱ្យបានកាន់តែច្បាស់អំពីបទដ្ឋាន, គុណតម្លៃ និងគោលការណ៍ដែលគ្រប់គ្រងលើការចូលរួមរបស់អាស៊ានជាមួយភាគីខាងក្រៅ និងអាចបន្តធានាបាននូវសារៈសំខាន់របស់អាស៊ាននៅក្នុងយុគសម័យនៃនយោបាយអំណាចថ្មី៕

The Diplomat