កម្ពុជា-វៀតណាម ប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ការប្ដេជ្ញានេះត្រូវបានធ្វើឡើងនាឱកាសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
នាជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលបានជួយជំរុញឱ្យមានកំណើននៃការវិនិយោគទុន និងពាណិជ្ជកម្មកាន់តែកើនឡើង បង្កើតនូវឱកាសមុខរបរ និងការងារជូនប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរៀងៗខ្លួន។
លោក អ៉ិត សំហេង បានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិ បុព្វហេតុជាតិមាតុភូមិនៃប្រទេសទាំងពីរក្នុងឱកាសខួបទី៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ លោក អ៉ិត សំហេង បានមើលឃើញពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជាកន្លងមក។
លោកជឿជាក់ថា វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់វៀតណាមមានទាំងគុណភាព បទពិសោធន៍ ហើយសង្ឃឹមថា វៀតណាមនឹងបង្កើនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាច្រើនបន្ថែមទៀត។
លោក Dao Ngoc Dung រីករាយដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ក្រសួងការងារកម្ពុជា ហើយលោកសន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យបានកាន់តែច្រើនទៀតលើផ្នែកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនេះ ដើម្បីជាធនធានមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
លោក Dao Ngoc Dung ក៏បានឯកភាពចំពោះសំណើររបស់លោក អ៉ិត សំហេង ដែលស្នើឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចសិក្សាដកស្រង់នូវបទពិសោធន៍ពីគ្នាលើការអនុវត្តល្អនានា ដោយប្រទេសទាំងពីរ មានស្ថានភាពប្រហាក់ប្រហែលគ្នា ជាពិសេសគឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើនដូចគ្នា។
ភាគីវៀតណាមក៏បានសន្យានឹងជួយគាំទ្រកម្ពុជាទៅលើគម្រោងជាច្រើន សំដៅជំរុញបង្កើនល្បឿនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី អាស៊ាន និងក្របខណ្ឌតំបន់។
យោងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ រយៈពេល៥ឆ្នាំ បន្តទៀតដែលទើបចុះហត្ថលេខានៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព ភាគីទាំងពីរបានឯកភាពឱ្យក្រុមការងារបច្ចេកទេសទាំងពីរ រៀបចំឱ្យមានផែនការសកម្មភាពប្រចាំឆ្នាំដើម្បីតាមដានការអនុវត្ត។
តបតាមការអញ្ជើញរបស់លោក Dao Ngoc Dung លោក អ៉ិត សំហេង នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាខែមករា ឆ្នាំ២០២៣ខាងមុខ។
គួរបញ្ជាក់ថា គោលបំណងសំខាន់នៃអនុស្សរណៈនេះគឺ៖
- ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានារួមទាំង (តែមិនកំណត់ត្រឹម) ការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្មសេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។
- ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។
- ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។
- ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។
- ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិស័យការងារ៕
Fresh News