សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP
សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍៤ចំណុចដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង អាសិប នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង ការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ។
អនុសាសន៍ទាំង៤ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានគូសបញ្ជាក់នោះរួមមាន៖
ទី១- ភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀង អាសិប ទាំងអស់ ជាពិសេសភាគីសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀង អាសិប នេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។
ទី២- សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់នៃ អាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀតឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើង នឹងអនុញ្ញាតឱ្យមានការស្នើសុំចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ។
ទី៣- កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និងភាគីហត្ថលេខីនៃអាសិប សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិក ប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា។
ទី៤- វិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា៕
ុ