ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ឆ្នាំ២០២០នេះ ពុំមានការខ្វះខាតអគ្គិសនីដូចឆ្នាំ២០១៩ ទៀតឡើយ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 66
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ឆ្នាំ២០២០នេះ ពុំមានការខ្វះខាតអគ្គិសនីដូចឆ្នាំ២០១៩ ទៀតឡើយ! លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ឆ្នាំ២០២០នេះ ពុំមានការខ្វះខាតអគ្គិសនីដូចឆ្នាំ២០១៩ ទៀតឡើយ!

នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅឆ្នាំ២០២០នេះកម្ពុជានឹងពុំមានការកាត់អគ្គិសនីដូចឆ្នាំមុនទៀតឡើយដោយសាសារ ប្រភពអគ្គិសនីដែលបានមកពីធ្យូងថ្ម ការប្រើអគ្គិសនីដោយពន្លឺព្រះអាទិត្យ និងការទាញយកអគ្គិសនីពីប្រទេសឡាវ ប្រមាណ២០០ម៉េហ្កាវ៉ាត់បានចូលមកដល់រួចរាល់ហើយ រួមទាំងអគ្គិសនីដែលត្រៀមបម្រុងកំពុងសាងសង់ចំនួន ៤០០ម៉េហ្កាវ៉ាត់ ដែលទិញពីហ្វាំងឡង់ ២០០ម៉េហ្កាវ៉ាត់ ពីអាឡឺម៉ង់ ២០០ម៉េហ្កាវ៉ាត់ និងរួចរាល់មុនចូលឆ្នាំបានខ្លះ និងក្រោយចូលឆ្នាំបានខ្លះបន្តទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកទឹកសម្រាប់វិស័យអគ្គិសនីឆ្នាំនេះ ដោយសារតែមានបទពិសោធន៍កាលពីឆ្នាំមុន ដែលនៅក្នុងខែវិច្ឆិកា ឆ្នាំមុន យើងប្រើប្រាស់ទឹកអស់៧០%នៅក្នុងអាងស្តុកនៃវារីអគ្គិសនី ប៉ុន្តែឆ្នាំនេះ មកដល់ខែមករា យើងនៅសល់ទឹកប្រមាណ៨០% ដូចនេះសមត្ថភាពក្នុងការផលិតអគ្គិសនីមិនពិបាកដូចកាលពីឆ្នាំ២០១៩ នោះទេ។

ពាក់ព័ន្ធនឹងប្រភពទឹកប្រើប្រាស់ និងបង្កបង្កើនផលវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា តាមការព្យាករណ៍ឆ្នាំ២០២០នេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង។ ដូច្នេះ ក្រសួង-ស្ថាប័ពាក់ព័ន្ធ និងឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា។ ត្រូវអប់រំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួមបង្ការអគ្គិភ័យមកលើផ្ទះសម្បែង ចំការ ដំណាំនានា និងចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំងក្តៅហួតហែងនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋយើងដែលឧស្សាហ៍ដាំដុះ ប៉ុន្តែទំហំនៃការដាំដុះបានទៅផុតពីសមត្ថភាព នៃទឹកដែលយើងមានរួចស្រេចទៅហើយ តែយើងនឹងខិតខំដោះស្រាយបញ្ហានេះបន្តទៀត តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់មួយចំនួនដែលប្រុងធ្វើស្រូវគឺសូមកុំបន្តធ្វើស្រូវទៀតអី គួរធ្វើដំណាំដាំដុះផ្សេងៗជំនួសវិញដែលត្រូវការប្រើប្រាស់ទឹកតិចជាង៕

អត្ថបទទាក់ទង