ខ្មែរប៉ុស្ដិ៍ Close

តំបន់អាស៊ីកំពុងជួបប្រទះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 70
តំបន់អាស៊ីកំពុងជួបប្រទះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុន ថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងតូក្យូ។ រូបថត៖ JIJI Press

ខណៈពេលដែល លោក Joe Biden កំពុងព្យាយាមសម្រាលក្តីព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច ហើយលោកស្រី Christine Lagarde នៃធនាគារកណ្ដាលអឺរ៉ុបកំពុងបង្កការភ័យខ្លាចនៅក្នុងទីផ្សារជាមួយនឹងគោលនយោបាយបង្កើនការផ្គត់ផ្គង់ថវិកា (QE) រីឯធនាគារកណ្តាលនៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ក៏កំពុងព្យាយាមផ្គាប់ចិត្តវិនិយោគិនរបស់ពួកគេ ដោយប្រើប្រាស់វិធីសាស្ត្ររៀងៗខ្លួនផងដែរ។

បើទោះបីជាប្រទេសជប៉ុនបានធ្វើអន្តរាគមន៍នូវទឹកប្រាក់ ១៩,៧ ពាន់លានដុល្លារអាមេរិកនៅក្នុងទីផ្សារប្តូរប្រាក់បរទេសនៅសប្តាហ៍ចុងក្រោយនៃខែកញ្ញានេះក៏ដោយ ក៏ប្រាក់យ៉េននៅតែត្រូវបានជួញដូរក្នុងកម្រិតខ្ពស់ជាង ១៤៨ យ៉េន ធៀបនឹងប្រាក់ដុល្លារដដែល។ បើទោះបីជាប្រាក់យ៉េនដ៏ទន់ខ្សោយអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក៏ដោយ ក៏គេមិនរំពឹងទុកទេថា «និយតករនឹងចាត់វិធានការច្រើនដើម្បីដោះស្រាយបញ្ហានេះនោះទេ»។

ធនាគារកណ្តាលជប៉ុន (BOJ) អាចបន្តដាក់ចេញនូវការធ្វើអន្តរាគមន៍ដើម្បីផ្តល់ការគាំទ្រដល់រូបិយបណ្ណក្នុងស្រុក ក៏ប៉ុន្តែវាអាចផ្តល់នូវផលសម្រាប់រយៈពេលខ្លីតែប៉ុណ្ណោះ។ ជាមួយនិងកម្រិតបំណុលបច្ចុប្បន្ន ធនាគារកណ្តាលជប៉ុនមិនអាចមានលទ្ធភាពផ្លាស់ប្តូរទិសដៅនៃគោលនយោបាយរូបិយវត្ថុរបស់ខ្លួនបានទេ។

ការផ្លាស់ប្តូរណាមួយអាចធ្វើឱ្យប្រទេសនេះប្រឈមមុខនឹងស្ថានភាពក្ស័យធុន។ យោងតាម Fitch Ratings «ទិន្នផលមូលបត្របំណុលកាន់តែខ្ពស់នឹងធ្វើឱ្យប្រទេសជប៉ុនជួបការលំបាកកាន់តែខ្លាំង ក្នុងការរក្សាស្ថិរភាព ឬកាត់បន្ថយសមាមាត្របំណុលសាធារណៈ ធៀបនឹង GDP»។

ការស្រាវជ្រាវរបស់ AMRO បានរកឃើញថា «ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសជប៉ុនអាចធ្លាក់ចុះពី ១ ទៅ ៣ នៅក្នុងទសវត្សរ៍ខាងមុខនេះ ប្រសិនបើរដ្ឋាភិបាលមិនដាក់ឱ្យអនុវត្តនូវផែនការបង្រួបបង្រួមសារពើពន្ធដែលអាចជឿទុកចិត្តបានទេ»។ ប៉ុន្តែ បច្ចុប្បន្ននេះការវាយតម្លៃឥណទានរបស់ប្រទេសជប៉ុនត្រូវបានកែសម្រួលជាថ្មីដោយស្ថាប័ន Fitch Ratings ដោយត្រូវបានចាត់ថ្នាក់នៅកម្រិត «A» ជាមួយនឹងទស្សនវិស័យ «ដែលមានស្ថិរភាព»។

សម្រាប់ប្រទេសកូរ៉េខាងត្បូង រូបិយបណ្ណក្នុងស្រុកបានធ្លាក់ចុះមកនៅកម្រិតមួយយ៉ាងទាប។ ការដំឡើងនៅពេលថ្មីៗនេះនូវអត្រាការប្រាក់គោលចំនួន 50 ពិន្ទុ គឺមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការស្តារទំនុកចិត្តនៅលើទីផ្សារ។ អ្វីៗអាចផ្លាស់ប្តូរបាន ប្រសិនបើនិយតករបន្តការទិញមូលបត្របំណុលសាជីវកម្ម និងរូបិយបណ្ណជំនួញ (Commercial Paper) ដែលមានតម្លៃរហូតដល់ ១,៦ ទ្រីលានវ៉ុន (១,១២ ពាន់លានដុល្លារ)។

ប៉ុន្តែ «តើគោលនយោបាយរូបិយវត្ថុតឹងតែង បូករួមនឹងគោលនយោបាយ QE អាចកើតមានព្រមគ្នាបានឬទេ?» វាអាចទៅរួច។ ជាក់ស្ដែង បើទោះបីជាមានការកើនឡើងនូវអត្រាការប្រាក់ក៏ដោយ ក៏ម៉ាស៊ីនបោះពុម្ព របស់ធនាគារកណ្តាលអឺរ៉ុប អាចនឹងមិនប្រញាប់ប្រញាល់ក្នុងការបញ្ឈប់ដំណើរការ បោះពុម្ភប្រាក់ភ្លាមៗនោះទេ។

ផែនការក្នុងការដាក់ចេញនូវគោលនយោបាយកាត់បន្ថយការផ្គត់ផ្គង់ថវិកា (QT) ត្រូវបានគេលើកឡើង ក៏ប៉ុន្តែវានៅមិនទាន់មានសកម្មភាពជាក់ស្តែងអ្វីនៅឡើយនោះទេ។ ធនាគារអង់គ្លេសក៏ត្រូវបានបង្ខំឱ្យបន្តអនុវត្តកម្មវិធីទិញមូលបត្របំណុលរបស់ខ្លួនឡើងវិញផងដែរ ដើម្បីបង្កើនការសន្សំប្រាក់សោធននិវត្តន៍ និងប្រាក់ផោន។

បញ្ហាចោទគឺថា «យន្តការមួយតែងមានលក្ខណៈផ្ទុយគ្នាពីយន្តការមួយទៀត»។ និយតករអឺរ៉ុបកត់សម្គាល់ថា «កម្មវិធី បែបនេះនឹងផ្តល់ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងជំរុញអត្រាអតិផរណា»។ ដូច្នេះ បើទោះបីជាអត្រាការប្រាក់កើនឡើងខ្ពស់ជាងមុនក៏ដោយ ក៏សម្ពាធអតិផរណានឹងនៅតែបន្តកើនឡើង ហើយហានិភ័យទាក់ទងនឹងបំណុលនឹងបន្តកើនឡើងកាន់តែខ្ពស់៕

Asia Times

អត្ថបទទាក់ទង