អាស៊ាន និងការងើបឡើងវិញពីវីរុសរាតត្បាត ៖ សេដ្ឋកិច្ចនៅមុនពេលកើតមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រ
ផលវិបាកដ៏ធំធេងដែលបង្កឡើងដោយវីរុសកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក ជាពិសេសសម្រាប់បណ្តាប្រទេសដែលមិនសូវមានការអភិវឌ្ឍ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលដំណើរការស្តារឡើងវិញកំពុងមានភាពយឺតយ៉ាវ។ សមាជិកអាស៊ានភាគច្រើនកំពុងជួបប្រទះនឹងបញ្ហាប្រឈម ជាពិសេសពាក់ព័ន្ធនឹងបញ្ហាកំណើនសេដ្ឋកិច្ច។
វីរុសរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ទៅក្នុងភាពផុយស្រួយ ហើយភាពតានតឹងផ្នែកសេដ្ឋកិច្ចបាននិងកំពុងកើតមាននៅក្នុងបណ្តាប្រទេសអាស៊ាន ខណៈដែលតំបន់នេះកំពុងវិវឌ្ឍខ្លួនទៅជាទីតាំងប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិក និងចិន។
ប្រទេសអាស៊ីអាគ្នេយ៍ត្រូវតែមានការប្រុងប្រយ័ត្ន ជាពិសេសនៅពេលចុះកិច្ចព្រមព្រៀងជាមួយមហាអំណាចណាមួយដែលសន្យាផ្តល់ការជួយដល់ការស្តារសេដ្ឋកិច្ចរបស់ពួកគេ។ អាទិភាពសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍គួរតែជាបញ្ហាសន្តិសុខក្នុងតំបន់ដែលបង្កឡើងដោយវីរុសរាតត្បាត ហើយរាល់ការសន្យាផ្តល់ជំនួយដ៏សប្បុរសត្រូវតែលើកយកមកពិចារណាឱ្យបានហ្មត់ចត់ មុននឹងទទួលយក។
ករណីសុទិដ្ឋិនិយមសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ដែលបង្ហាញឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា «កំណើនរបស់អាស៊ាននឹងងើបឡើងវិញពី ៤% ទៅ ៥,២% នៅឆ្នាំ ២០២២ ជាមួយនឹងកត្តាជំរុញដ៏សំខាន់ ដែលនោះគឺពាណិជ្ជកម្ម»។
កំណើនបានពឹងផ្អែកលើការជំរុញសមាហរណកម្ម ជាមួយនឹងការចាប់ផ្តើមនូវ «ក្របខណ្ឌនៃការស្តារឡើងវិញ និងផែនការអនុវត្តយ៉ាងទូលំទូលាយរបស់អាស៊ាន» នៅឆ្នាំ ២០២០ (ASEAN Comprehensive Recovery Framework and Implementation Plan)។
អាស៊ានបានយល់ព្រមប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់គឺកិច្ចព្រម ព្រៀង «RCEP» ក្នុងគោលបំណងបង្កើនកម្រិតនៃការចូលរួមឱ្យបានកាន់តែស៊ីជម្រៅជាមួយទីផ្សារអន្តរជាតិ។ វីរុសរាតត្បាតបានជួយជំរុញគោលដៅដ៏យូរអង្វែងរបស់អាស៊ានស្តីពីការធ្វើសមាហរណកម្មក្នុងតំបន់ បូករួមនឹងការជំរុញឱ្យមានរបៀបវារៈរួមសម្រាប់វិស័យសន្តិសុខសុខភាព និងសន្តិសុខរបស់មនុស្ស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូទៅ។
ប៉ុន្តែសមាជិកអាស៊ានមិនអាចទប់ស្កាត់វីរុសរាតត្បាតបានដោយឯកឯង ឬដោយមានការជួយគ្នាទៅវិញទៅមកក្នុងចំណោមពួកគេនោះទេ។ ជំនួយបរទេសមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការបង្កើនអត្រាចាក់វ៉ាក់សាំងដែលជាចំណុចរបត់មួយសម្រាប់ការវិលទៅរក «ស្ថានភាពធម្មតាថ្មី» (New Normal) ហើយជំនួយអន្តរជាតិក៏នឹងក្លាយជាការរួមចំណែកយ៉ាងធំបំផុតផងដែរនៅក្នុងការ ស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ។
តម្រូវការសម្រាប់ជំនួយបរទេសនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេស មានឱកាសពង្រីកឥទ្ធិពលរបស់ពួកគេ។ អាស៊ាននឹងនៅតែជាទីតាំងយុទ្ធសាស្ត្រភូមិសាស្រ្ត និងជាមជ្ឈមណ្ឌលសម្រាប់ដំណើរការផលិតកម្ម និងការធ្វើពាណិជ្ជកម្ម។ ការមានអាស៊ានជាដៃគូសេដ្ឋកិច្ចគឺជារឿងដ៏ចាំបាច់សម្រាប់សហរដ្ឋអាមេរិក ឬចិន។
បទពិសោធន៍ទាក់ទងនឹង «ការទូតវ៉ាក់សាំង» បានលាតត្រដាងអំពីឱកាសដែលអាមេរិក និងចិនបានខិតខំផ្តល់ការគាំទ្រដល់បណ្តាប្រទេសអាស៊ាន តាមរយៈការផ្តល់វ៉ាក់សាំងកូវីដ-១៩ រាប់លានដូសដែលជាឱកាសដែលប្រទេសមហាអំណាចទាំង ២ អាចពង្រឹងឥទ្ធិពលរបស់ពួកគេនៅក្នុងពេលដំណាលគ្នា។ ផលចំណេញក្នុងរយៈពេលខ្លីសម្រាប់អាស៊ានគឺ «ការជួយជំរុញអត្រានៃការងើបឡើងវិញទាំងនៅក្នុងផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ និងផ្នែកសេដ្ឋកិច្ច» ដូច្នេះការគាំទ្រនឹងបន្តទទួលបានការស្វាគមន៍។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលអាស៊ីអាគ្នេយ៍មួយចំនួននៅតែមានការប្រុងប្រយ័ត្នចំពោះមហាអំណាចធំៗ ដែលអាចប្រើប្រាស់ការផ្តល់ជំនួយ ជាថ្នូរនឹងភាពស្មោះត្រង់និងការប្តេជ្ញាចិត្ត។ ករណីនេះមានលក្ខណៈស្របគ្នានឹងបទពិសោធន៍ប្រវត្តិសាស្ត្រ ខណៈដែលអាស៊ានត្រូវបានបង្កើតឡើងដោយអតីតរដ្ឋអាណានិគមដែលមានបំណងចង់បង្កើត «ទីកន្លែងសុវត្ថិភាព» នៅក្នុងតំបន់សម្រាប់ខ្លួនពួកគេ។
ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជាពិសេសដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលស្ថិតនៅក្រោម RCEP មានជាប់ពាក់ព័ន្ធនឹងប្រទេសចិន ហើយក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលស្នើឡើងដោយអាមេរិកសម្រាប់វិបុលភាព នឹងផ្តល់ការគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់សមាជិកអាស៊ាននៅក្នុងអំឡុងពេលងើបឡើងវិញពីផលប៉ះពាល់នៃវីរុសរាតត្បាត បណ្តារដ្ឋាភិបាលអាស៊ីអាគ្នេយ៍គួរតែបន្តរក្សាតុល្យភាពឱ្យបានល្អរវាងពួកគេ និងការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ។
ដោយសារសន្តិសុខសេដ្ឋកិច្ចគឺជាផលប្រយោជន៍ចម្បងរបស់អាស៊ាន កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងការធ្វើសមាហរណកម្មក្នុងតំបន់រវាងប្រទេសជាសមាជិកអាស៊ាន គួរតែត្រូវបានចាត់ទុកជាកិច្ចពិភាក្សាដ៏សំខាន់។ អ្វីដែលរដ្ឋអាស៊ានត្រូវការបំផុតពីមហាអំណាចគឺ «ការផ្តល់នូវការគាំទ្រចំពោះបញ្ហាកង្វះខាតទំនិញសាធារណៈ ដូចជាវ៉ាក់សាំង និងអុកស៊ីសែន»។ ការប្រកួតប្រជែង និងការខិតខំប្រឹង ប្រែងក្នុងការទាក់ទាញយក «ជម្រើស» ណាមួយ គួរតែជារឿងដែលត្រូវចៀសវាង៕
The Interpreter/ Lowy Institute