ខ្មែរប៉ុស្ដិ៍ Close

ថៃគ្មានសិទ្ធិបិទមាត់កម្ពុជាលើឆាកអន្តរជាតិទេ

ដោយ៖សូ សែនឬទ្ធា | អម្បាញ់មិញ ទស្សនៈ - នយោបាយ 2
ថៃគ្មានសិទ្ធិបិទមាត់កម្ពុជាលើឆាកអន្តរជាតិទេ ថៃគ្មានសិទ្ធិបិទមាត់កម្ពុជាលើឆាកអន្តរជាតិទេ

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែលស្នើឱ្យកម្ពុជាកុំលើកយក​បញ្ហាវិវាទកម្ពុជា-ថៃ មកពិភាក្សាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជា​ចំណុច​​មួយដែលគួរឱ្យចាប់អារម្មណ៍។ ថៃអះអាងថា បញ្ហាទ្វេភាគីមិនស្ថិតក្នុងក្របខណ្ឌនៃកិច្ច​ប្រជុំ​នេះ​ទេ។ ប៉ុន្តែសំណួរដែលគួរត្រូវបានចោទសួរគឺ ហេតុអ្វីបានជាថៃបារម្ភខ្លាំងចំពោះលទ្ធភាពដែលកម្ពុជាអាច​លើកឡើងពីបញ្ហាវិវាទនៅលើឆាកអន្តរជាតិ?

ជាការពិតណាស់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីមិនមែនជាវេទិកាសម្រាប់ដោះស្រាយវិវាទព្រំដែនរវាង​កម្ពុជានិងថៃ​នោះទេ។ កម្ពុជាក៏មិនចាំបាច់ប្រើប្រាស់ឱកាសនេះដើម្បីបង្កើនភាពតានតឹងជាមួយប្រទេសជិតខាងដែរ។ ប៉ុន្តែការគោរពគោលបំណងនៃកិច្ចប្រជុំ មិនមានន័យថាកម្ពុជាត្រូវបោះបង់សិទ្ធិក្នុងការបង្ហាញជំហរ និង​ទស្សនៈរបស់ខ្លួនចំពោះបញ្ហាសន្តិភាព និងវិវាទអន្តរជាតិនោះឡើយ។ ថៃគួរបែងចែកឱ្យច្បាស់រវាងការ​លើកឡើងពីបញ្ហាមួយ ដើម្បីបង្ហាញទស្សនៈ និងការប្រើប្រាស់វេទិកានោះដើម្បីស្វែងរកដំណោះស្រាយ​ជំនួសយន្តការដែលមានស្រាប់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រធានបទនៃកិច្ចប្រជុំកំពូលនេះផ្តោតលើ ការកសាងសន្តិភាព វិបុលភាពរួម និងស្ថិរភាពយូរអង្វែង។ ដូច្នេះ តើការចែករំលែកបទពិសោធន៍អំពីជម្លោះ ការខិតខំស្វែងរកដំណោះស្រាយ​ដោយ​សន្តិវិធី និងការគោរពច្បាប់អន្តរជាតិ មានអ្វីដែលផ្ទុយពីគោលបំណងនៃកិច្ចប្រជុំនេះ? សន្តិភាព​មិនមែនគ្រាន់តែជាពាក្យល្អៗសម្រាប់តែដាក់ក្នុងប្រធានបទនៃកិច្ចប្រជុំអន្តរជាតិនោះទេ។ ការកសាង​សន្តិភាពពិតប្រាកដត្រូវចាប់ផ្តើមពីការហ៊ាននិយាយអំពីបញ្ហា និងស្វែងរកដំណោះស្រាយចំពោះអ្វី​ដែល​កំពុងរារាំងសន្តិភាព។

ប្រសិនបើថៃមានទំនុកចិត្តលើជំហររបស់ខ្លួន និងមានឯកសារ ភស្តុតាងគាំទ្រការអះអាង នោះថៃគួរតែ​ឆ្លើយ​តបដោយហេតុផល និងការពិត ជាជាងផ្តោតលើការស្នើឱ្យកម្ពុជាកុំលើកឡើងពីបញ្ហានេះ។ ក្នុងទំ​នាក់​ទំនងអន្តរជាតិ ការខ្វែងគំនិតមិនអាចដោះស្រាយបានដោយការទាមទារឱ្យភាគី​ម្ខាងទៀតស្ងៀមស្ងាត់​នោះទេ។ ប្រសិនបើថៃមិនយល់ស្របនឹងការលើកឡើងរបស់កម្ពុជា ថៃមានសិទ្ធិបង្ហាញទស្សនៈរបស់​ខ្លួន​តបត ដោយយកការពិត និងមូលដ្ឋានច្បាប់មកបញ្ជាក់។ នេះទើបជាវិធីសាស្ត្រដែលសមស្របនឹងគោល​ការណ៍​​ការទូតប្រកបដោយវិជ្ជាជីវៈពិតប្រាកដ។

ម្យ៉ាងវិញទៀត កម្ពុជាបានបង្ហាញជំហរច្បាស់លាស់ណាស់ក្នុងការដោះស្រាយវិវាទតាមមធ្យោបាយសន្តិវិធី និងច្បាប់អន្តរជាតិ រួមទាំងការប្រើប្រាស់យន្តការផ្សះផ្សាក្រោមអនុសញ្ញាច្បាប់សមុទ្រអង្គ​ការសហ​ប្រជា​ជាតិ (UNCLOS)។ ដូច្នេះ ការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយដោយសន្តិវិធី មិន​គួរ​ត្រូវបានបកស្រាយថាជាការប្រើប្រាស់វេទិកាអន្តរជាតិដើម្បីប្រឆាំងនឹងភាគីថៃនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញថា កម្ពុជាចង់ការពារសិទ្ធិស្របច្បាប់របស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព និង​ច្បាប់​អន្តរជាតិរួចស្រេចទៅហើយ។

ថៃខ្លួនឯងគួរយល់ឱ្យច្បាស់ថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងជាសមាជិកនៃ​សហ​គមន៍​អន្តរជាតិ។ ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយ មិនមានន័យថា​កម្ពុជាត្រូវ​កំណត់​ជំហររបស់ខ្លួនតាមការគាប់សង្កត់ឬការចង់បានរបស់ថៃនោះទេ។ ថៃអាចបង្ហាញការមិនយល់ស្រប ឬជំទាស់​ចំពោះ​ទស្សនៈ​របស់កម្ពុជាបាន ប៉ុន្តែថៃក៏មិនអាចកំណត់ជំនួសឱ្យ​កម្ពុជាថាតើ​កម្ពុជាគួរ​និយាយ​អ្វីឬមិនគួរ​និយាយអ្វីនៅលើវេទិការអន្តរជាតិមួននេះបានឡើយ។

អ្វីដែលកម្ពុជាត្រូវធ្វើនៅពេលនេះ គឺរក្សាភាពស្ងាត់តែមិនស្ងៀម កម្ពុជានឹងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ​ដើម្បី​បង្ហាញភាពចាស់ទុំផ្នែកនយោបាយនិងការទូត តាមរយៈការលើកកម្ពស់សន្តិភាព ការគោរពអធិប​តេយ្យ​​ភាព និងការ​ដោះ​​ស្រាយវិវាទដោយផ្អែកលើច្បាប់អន្តរជាតិ។ រាល់ការលើកឡើងណាមួយ​របស់​កម្ពុជា​គឺមាន​ឯក​សារ និង​ភស្តុ​តាងរឹងមាំណាស់ ដើម្បីគាំទ្រជំហររបស់ខ្លួន និងដើម្បីទទួល​បានការយល់​ដឹង​ពីសហ​គមន៍​អន្តរជាតិ។

នៅទីបំផុត ប្រសិនបើថៃពិតជាចង់បានសន្តិភាព និងការកសាងទំនុកចិត្តឡើងវិញរវាងប្រទេស​ទាំងពីរ​មែននោះ ថៃគួរបង្ហាញឆន្ទៈតាមរយៈសកម្មភាពជាក់ស្តែង និងការគោរពគ្នាទៅវិញទៅមក មិនមែនគ្រាន់​តែអំពាវនាវឱ្យកម្ពុជាកុំលើកឡើងពីបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ ដែលជារឿងរស៊ីបនិងប៉ះពាល់ដល់មុខ​មាត់​​​របស់ថៃលើឆាកអន្តរជាតិនិងដែលខ្លួនមិនចង់ឮនោះទេ។

សន្តិភាពមិនអាចកើតឡើងដោយការទាមទារឱ្យភាគីម្ខាងទៀតបិទមាត់ស្ងៀមស្ងាត់បានឡើយ។ សន្តិភាព​ត្រូវកើត​ចេញ​ពីការហ៊ានប្រឈមមុខនឹងបញ្ហា ការគោរពការពិត និងការស្វែងរកដំណោះស្រាយដោយ​យុត្តិធម៌៕

ដោយ៖ ពិន វិជ័យ