ខ្មែរប៉ុស្ដិ៍ Close

    IMF ទម្លាក់​ការ​ព្យាករណ៍ GDP សកល ខណៈ​ទស្សនវិស័យ​សេដ្ឋកិច្ច​កើនឡើងនូវ«ភាពអាប់អួរ ​និង​ភាពមិន​ប្រាកដប្រជា»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 757
    IMF ទម្លាក់​ការ​ព្យាករណ៍ GDP សកល ខណៈ​ទស្សនវិស័យ​សេដ្ឋកិច្ច​កើនឡើងនូវ«ភាពអាប់អួរ ​និង​ភាពមិន​ប្រាកដប្រជា»IMF ទម្លាក់​ការ​ព្យាករណ៍ GDP សកល ខណៈ​ទស្សនវិស័យ​សេដ្ឋកិច្ច​កើនឡើងនូវ«ភាពអាប់អួរ ​និង​ភាពមិន​ប្រាកដប្រជា»

    កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ដោយបានហៅទស្សនវិស័យសេដ្ឋកិច្ចរបស់ពិភពលោកថា «មានភាពអាប់អួរ និងមិនច្បាស់លាស់»។

    ពេលនេះ IMF រំពឹងថា GDP នៃសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងរង្វង់ ៣,២% នៅឆ្នាំនេះ មុននឹងធ្លាក់ចុះដល់អត្រា ២,៩% នៅឆ្នាំ ២០២៣។ ការកែប្រែនេះបានបង្ហាញអំពីការទម្លាក់ចំណាត់ថ្នាក់ចំនួន ០,៤% និង ០,៧% ពីការព្យាករណ៍របស់ខ្លួនកាលពីខែមេសា។

    ស្ថាប័នដែលមាន មូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះបាននិយាយថា ការកែសម្រួលការព្យាករណ៍នេះបានបង្ហាញថា ហានិភ័យនៃការធ្លាក់ចុះនៃកំណើនដែលបានរៀបរាប់នៅក្នុងរបាយការណ៍មុនរបស់ខ្លួន ឥឡូវនេះកំពុងក្លាយជាការពិតហើយ។ ​ បញ្ហា​ប្រឈម​ទាំង​នោះ​រួមមានដូចជា អតិផរណាកំពុង​កើន​ឡើងជាសកល,​ ការ​ធ្លាក់​ចុះនៃកំណើនដែល​អាក្រក់​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ប្រទេស​ចិន និង​ការ​ធ្លាក់​ចុះនៃកំណើនជាបន្តបន្ទាប់ដែល​បណ្ដាលមក​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន។

    របាយការណ៍នោះបាននិយាយថា «ការងើបឡើងវិញដោយមិនប្រាកដប្រជានៅឆ្នាំ ២០២១ ត្រូវបានបន្តដោយការវិវឌ្ឍទៅដ៏អាប់អួរកាន់តែខ្លាំងនៅក្នុងឆ្នាំ ២០២២»។

    របាយការណ៍នោះបានបន្ថែមថា «វិបត្តិជាច្រើនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៃពិភពលោកមួយដែលបានចុះខ្សោយដោយសារជំងឺរាតត្បាតរួចទៅហើយ ពោលគឺរួមមានដូចជា អតិផរណាខ្ពស់ជាងការរំពឹងទុកនៅទូទាំងពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងនៅប្រទេសសេដ្ឋកិច្ចធំៗរបស់អឺរ៉ុបដែលកំពុងបង្កឱ្យលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែមានភាពតឹងរ៉ឹង, ការធ្លាក់ចុះនៃកំណើនកាន់តែអាក្រក់ជាងការរំពឹងទុកនៅក្នុងប្រទេសចិនដែលឆ្លុះបញ្ចាំងអំពីការផ្ទុះឡើងនៃកូវីដ-១៩ និងការបិទខ្ទប់ប្រទេសដោយសារវីរុសនេះព្រមទាំងឥទ្ធិពលអវិជ្ជមានកាន់តែច្រើនដែលរាលដាលពីសង្គ្រាមនៅអ៊ុយក្រែន»។

    IMF បាននិយាយថា វាគឺជាការធ្លាក់ចុះលើកដំបូងបំផុតនៃកំណើនប្រចាំត្រីមាសទី១ នៃGDP ពិតប្រាកដរបស់ពិភពលោក គិតចាប់ពីឆ្នាំ ២០២០ មក។ សេណារីយ៉ូដែលអាចជឿជាក់បានមួយ ប៉ុន្តែទំនងមិនមែនជាជម្រើសនោះ អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះមកនៅត្រឹមប្រហែល ២,៦% ក្នុងឆ្នាំ ២០២២ និង ២% ក្នុងឆ្នាំ ២០២៣។

    កាលពីខែមុន ធនាគារពិភពលោកបានកាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ពិភពលោកឆ្នាំ ២០២២ របស់ខ្លួនមកនៅត្រឹម ២,៩% ពីការប៉ាន់ប្រមាណ ៤,១% កាលពីលើកមុន ដោយបានលើកឡើងអំពីសម្ពាធម៉ាក្រូសេដ្ឋកិច្ចដែលស្រដៀងគ្នានេះ។ ចក្ខុវិស័យកំណើនកាន់តែអាក្រក់ទៅនៅសហរដ្ឋអាមេរិក ចិន និងឥណ្ឌា បានជំរុញឱ្យមានការទម្លាក់ការព្យាករណ៍កំណើនរបស់ IMF ។

    ការព្យាករណ៍ GDP របស់សហរដ្ឋអាមេរិកត្រូវបានទម្លាក់អស់ ១,៤% មកនៅត្រឹម ២,៣% ដោយសារតែកំណើនតិចជាងការរំពឹងទុកនៅក្នុងឆមាសទី១ នៃឆ្នាំ ២០២២, ការកាត់បន្ថយអំណាចទិញរបស់ពលរដ្ឋអាមេរិក និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសនេះ។

    គេមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានការកើនឡើងចំនួន ១,១% តិចជាងការប៉ាន់ប្រមាណកាលពីលើកមុន បន្ទាប់ពីមានការបិទខ្ទប់ដែលកាន់តែរីកធំឡើងដោយសារកូវីដ-១៩ និងការផុងជ្រៅទៅក្នុងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ពេលនេះ គេរំពឹងថាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២ របស់ពិភពលោកមួយនេះ នឹងមានកំណើន ៣,៣% នៅឆ្នាំ ២០២២ ដែលជាកំណើនមួយទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៤ ទសវត្សរ៍ និងជាការងើបចេញជាលើកដំបូងពីវិបត្តិកូវីដ-១៩ ដែលបានផ្ទុះឡើងកាលពីឆ្នាំ ២០២០។

    ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ត្រូវបានកាត់បន្ថយចំនួន ០,៨% មកនៅត្រឹម ៧,៤% ដែលភាគច្រើនដោយសារតែលក្ខខណ្ឌមិនសូវអំណោយផលពីកត្តាខាងក្រៅ និងការរឹតបន្តឹងគោលនយោបាយកាន់តែខ្លាំងឡើងៗរបស់ប្រទេសនេះ។

    ទន្ទឹមនេះ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានទម្លាក់ចំនួន ០,២% មកនៅត្រឹម ២,៦% បើទោះបីជា IMF បាននិយាយថា ការធ្លាក់ចុះនៃកំណើននឹងមានទំហំកាន់តែធំជាងនេះនៅឆ្នាំ ២០២៣ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសនៅបណ្ដាប្រទេសសេដ្ឋកិច្ចធំៗដូចជាអាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ។

    IMF បាននិយាយថា សេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះតិចជាងការរំពឹងទុកនៅក្នុងត្រីមាសទី ២ បើទោះជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយជុំវិញការឈ្លានពានដោយឥតញញើតដៃរបស់ប្រទេសនេះមកលើអ៊ុយក្រែនក៏ដោយ។ ការព្យាករណ៍កំណើនឆ្នាំ ២០២២ របស់រុស្ស៊ីត្រូវបានតម្លើង ២,៥% បើទោះបីជាអត្រាកំណើនដែលបានប៉ាន់ប្រមាណទុករបស់ប្រទេសនេះនៅតែស្ថិតក្នុងអត្រាអវិជ្ជមាន -៦% ក្ដី។

    ការទម្លាក់ការព្យាករណ៍នេះបានកើតឡើងនៅពេលដែលអតិផរណាបន្តកើនឡើងខ្ពស់ពេញមួយឆ្នាំ ២០២២ ដោយសារតែការឡើងថ្លៃម្ហូបអាហារ និងថាមពល។ បច្ចុប្បន្ននេះ អតិផរណានៅក្នុងពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងកើនដល់ ៦,៦% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និង ៩,៥% នៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន និងនៅប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំនេះ ដែលជាការតម្លើងចំនួន ០,៩% និង ០,៨%។

    លោក Tobias Adrian ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងទីផ្សារមូលធន នៅ IMF បានឱ្យដឹងកាលពីថ្ងៃអង្គារថា «គេត្រូវការពេលវេលាយូរណាស់ដើម្បីឱ្យអតិផរណាត្រឡប់មករកប្រក្រតីភាពឡើងវិញ ហើយគេរំពឹងថា ទំហំខ្ពស់បំផុតនៃអតិផរណានឹងមកដល់នៅចុងឆ្នាំនេះ»។

    លោកបានបន្ថែមថា «យើងប៉ានប្រមាណថានឹងមានសង្ខេបកម្ម (Recession) តិចតួច។ សង្ខេបកម្មធ្ងន់ធ្ងរដែលមានអត្រាកំណើនប្រហែល ០% នៅឆ្នាំក្រោយ នោះគឺនៅក្នុងសេណារីយ៉ូអាក្រក់បំផុត មិនមែនជាវិបត្តិសេដ្ធកិច្ចស្រួចស្រាល់នោះទេ» ពោលគឺដូចគ្នាទៅនឹងអ្វីដែលយើងបានឃើញនៅអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ ២០០៨ ដូច្នោះដែរ។

    ជាមួយនឹងការកើនឡើងនៃតម្លៃទំនិញដែលជំរុញឱ្យមានវិបត្តិក្នុងការចាយវាយប្រចាំថ្ងៃជាសកល IMF បាននិយាយថា ការកាត់បន្ថយអតិផរណាគួរតែជាអាទិភាពទី១ របស់អ្នកបង្កើតគោលនយោបាយ។ របាយការណ៍នោះបាននិយាយថា «គោលនយោបាយរូបិយវត្ថុដែលកាន់តែរឹតបន្តឹងជាងមុន នឹងចៀសមិនផុតពីការបង់ខាតខាងផ្នែកសេដ្ឋកិច្ចនោះទេប៉ុន្តែការពន្យារពេលណាមួយនឹងធ្វើឱ្យពួកគេកាន់តែបង់ខាតធ្ងន់ធ្ងរជាង នេះ»។

    របាយការណ៍នោះបានបន្ថែមថា គោលនយោបាយក្នុងការដោះស្រាយតម្លៃថាមពល និងឥន្ធនៈដែលឡើងថ្លៃខ្ពស់គួរតែផ្តោតទៅលើក្រុមដែលងាយរងគ្រោះបំផុត ដោយមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃសរុបនៃទំនិញទាំងនោះទេ។

    អស់រយៈពេលជាច្រើនខែមកនេះ ធនាគារកណ្តាល នានាបាននិងកំពុងបន្តអនុវត្ត គោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹងជាងមុន។ ធនាគារកណ្តាលអ៊ឺរ៉ុបកាលពីសប្តាហ៍មុនបានចូលរួមតម្លើងអត្រាការប្រាក់ជាមួយធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក និងធនាគារកណ្តាលអង់គ្លេសដែលជាវិធានការដំបូងបំផុតមិនធ្លាប់មានក្នុងរយៈពេល ១១ ឆ្នាំមកនេះ។

    ទោះយ៉ាងណា អតិផរណានៅតែបន្តកើនឡើងដោយបានកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៤០ ឆ្នាំ នៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសកាលពីខែមុន៕

    CNBC

    អត្ថបទទាក់ទង