ខ្មែរប៉ុស្ដិ៍ Close

ខណៈប្រទេសរុស្ស៊ីកំពុងតែទន់ខ្សោយ ប្រទេសចិនចង់បង្ហាញភាពស្មោះត្រង់របស់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 65
ខណៈប្រទេសរុស្ស៊ីកំពុងតែទន់ខ្សោយ ប្រទេសចិនចង់បង្ហាញភាពស្មោះត្រង់របស់ខ្លួន ខណៈប្រទេសរុស្ស៊ីកំពុងតែទន់ខ្សោយ ប្រទេសចិនចង់បង្ហាញភាពស្មោះត្រង់របស់ខ្លួន

ក្រោយរយៈពេល ២ ឆ្នាំនៃការធ្វើដំណើរទស្សនកិច្ចទៅបរទេសជាលើកចុងក្រោយរបស់ខ្លួន នៅពេលនេះលោក Xi Jingping បានចាប់ផ្តើមធ្វើដំណើរទៅបរទេសសារជាថ្មីម្តងទៀត។

ដោយសារវិបត្តិកូវីដ-១៩ លោក Xi បានស្ថិតនៅក្នុងប្រទេសចិននិងហុងកុង ខណៈដំណើរទស្សនកិច្ចជាលើកចុងក្រោយរបស់លោក ត្រូវបានធ្វើឡើងតាំងពីខែមករា ឆ្នាំ ២០២០ នៅក្នុងប្រទេសមីយ៉ាន់ម៉ាមកម្លេះ។

ព័ត៌មានផ្លូវការមួយបានឱ្យដឹងថា លោក Xi នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេស Kazakhstan បន្ទាប់មកលោកនឹងជួបជាមួយប្រមុខរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ ដែលមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកទាំង ៨ នៅក្នុងប្រទេស Uzbekistan។ ប៉ុន្តែអ្វីដែលនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺលោក Xi នឹងជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ជំនួបរបស់លោក Xi ជាមួយលោក Putin ត្រូវបានធ្វើឡើងនៅចំពេលវេលាដ៏សំខាន់សម្រាប់ភាគីទាំងសងខាង។ សម្រាប់ប្រទេសរុស្ស៊ី ការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន បានឈានទៅរកស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយកងកម្លាំងវាយបករបស់អ៊ុយក្រែនបានបង្កឱ្យមានគ្រោះមហន្តរាយដ៏ធំនៅក្នុងតំបន់ Kharkiv ភាគឦសាន ហើយកំពុងតែបន្តដាក់សម្ពាធមកលើកងកម្លាំងរុស្ស៊ីនៅភាគខាងត្បូង។

ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev ជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅ Nur-Sultan ថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2022។ (រូបថត៖ AFP/Handout/ការិយាល័យសារព័ត៌មានប្រធានាធិបតីកាហ្សាក់ស្ថាន)

សម្រាប់ប្រទេសចិន សេដ្ឋកិច្ចរបស់ពួកគេនៅតែមានភាពយឺតយ៉ាវ ខណៈការបន្តអនុវត្ត «គោលនយោបាយគ្មានកូវីដ» និងឧស្សាហកម្មអចលនទ្រព្យកំពុងតែស្ថិតនៅក្នុងភាពរអាក់រអួល។ ដូច្នេះ ទាំងលោក Xi និងលោក Putin សុទ្ធតែកំពុងប្រឈមមុខនឹងស្ថានភាពដ៏ពិបាកដូចគ្នា។

ទន្ទឹមនឹងនោះ លោក Xi កំពុងផ្តោតការយកចិត្តទុកដាក់ជាខ្លាំងចំពោះសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិន Chinese Communist Party (CCP) ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ខែតុលាដើម្បីជ្រើសរើសគណៈកម្មាធិការកណ្តាលថ្មី។

គណៈកម្មាធិការថ្មីនោះត្រូវបានគេរំពឹងថា នឹងអាចជួយពង្រឹងដល់អាណត្តិទី៣ នៃការកាន់តំណែងរបស់លោក Xi ជាអគ្គលេខាធិការ CCP និងអាចជួយដំឡើងតំណែងឱ្យសម្ព័ន្ធមិត្តរបស់គាត់ឱ្យទទួលបាននូវមុខតំណែងជាន់ខ្ពស់ផ្សេងៗនៅក្នុងគណបក្ស។

ដំណើរទស្សនកិច្ចទៅក្រៅប្រទេស គឺជាការវិលត្រឡប់របស់លោក Xi និងជាឱកាសដើម្បីឱ្យរូបគាត់បង្ហាញខ្លួនក្នុងនាមជារដ្ឋបុរស នៅលើឆាកអន្តរជាតិ។ ហើយវាក៏ជាឱកាសមួយដើម្បីគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងចិន-រុស្ស៊ី នៅក្នុងពេលដែលទីក្រុងម៉ូស្គូកំពុងត្រូវការមិត្តភក្តិជាខ្លាំងផងដែរ។

ប្រទេសចិនមានឆន្ទៈច្រើនក្នុងការផ្តល់ការគាំទ្រចំពោះប្រទេសរុស្ស៊ី។ នៅមុនជម្លោះនៅអ៊ុយក្រែន លោក Putin និងលោក Xi បានជួបគ្នានៅក្រុងប៉េកាំងកាលពីខែកុម្ភៈ ដែលពេលនោះប្រទេសទាំង២ បានលើកឡើងថា «ភាពជាដៃគូរបស់ពួកគេគឺគ្មានដែនកំណត់នោះទេ»។

ប្រយោគដ៏អស្ចារ្យនេះត្រូវបានគេយកមកសាកល្បងភ្លាម។ នៅពេលជម្លោះនៅអ៊ុយក្រែនបានចាប់ផ្តើមនៅចុងខែកុម្ភៈ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះរុស្ស៊ីបន្តិចម្តងៗ។

ការមិនជ្រៀតជ្រែកចំពោះកិច្ចការ និងអធិបតេយ្យភាពជាតិរបស់ប្រទេសដទៃ គឺជាវោហាសាស្ត្រជាមូលដ្ឋាន ដែលអ្នកការទូតចិនបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍ ហើយក៏ជាលេសដើម្បីវាយប្រហារជាសាធារណៈទៅលើសមភាគីអាមេរិកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីហាក់ដូចជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលមិនអាចឱ្យប្រទេសចិនបោះបង់ចោលបាន។ ប្រទេសចិនបានផ្លាស់ប្តូរវោហាសាស្ត្រងាកទៅបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ស្របតាមអ្វីដែលប្រទេសរុស្ស៊ីតែងតែលើកឡើងថា «វាគ្រាន់តែជាប្រតិបត្តិការយោធាពិសេស» របស់ខ្លួនតែប៉ុណ្ណោះ ។ ប្រទេសចិនក៏បានធ្វើការស្តីបន្ទោសទៅលើប្រទេសផ្សេងៗ ពោលគឺស្តីបន្ទោសទៅលើសហរដ្ឋអាមេរិក ដែលបានញុះញង់ឱ្យប្រទេសរុស្ស៊ីធ្វើសកម្មភាព ក្រោយអង្គការណាតូបានពង្រីកខ្លួនទៅភាគខាងកើត ។

ក្រៅពីការបង្ហាញនូវការគាំទ្រដល់ប្រទេសរុស្ស៊ីតាមរយៈវោហាសាស្ត្រ ប្រទេសចិនក៏បានទិញប្រេងនៅក្នុងតម្លៃយ៉ាងទាបផងដែរ។ គិតត្រឹមខែឧសភា ការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ីបានកើនឡើង ៥៥% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រទេសចិនក៏បានព្យាយាមងាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ខ្លួនទៀតផង។

សម្រាប់ទីក្រុងមូស្គូ ការស្វែងរកវិធីទប់ទល់នឹងការដាក់ទណ្ឌកម្មប្រេងពីសំណាក់អឺរ៉ុប និងការស្វែងរកដៃគូពាណិជ្ជកម្មជំនួសដែលអាចទុកចិត្តបាន គឺជាផលប្រយោជន៍មួយ។ ប្រទេសចិនក៏មានបំណងចង់ជំនួសការផ្គត់ផ្គង់ពីសំណាក់លោកខាងលិចនៅក្នុងឧស្សាហកម្មផ្សេងៗដូចគ្នា បើទោះបីជាធនាគាររបស់ប្រទេសនេះ នៅតែបន្តរក្សាការប្រុងប្រយ័ត្នចំពោះទណ្ឌកម្មបន្ទាប់បន្សំរបស់អាមេរិកក៏ដោយ។

បើទោះបីជាពួកគេធ្លាប់មានការព្រួយបារម្ភមួយចំនួនទាក់ទងនឹងទំនាក់ទំនងប្រតិបត្តិការកាលពីមុនក៏ដោយ ពេលនេះការឈរនៅខាងរុស្ស៊ីពីសំណាក់ប្រទេសចិន កំពុងក្លាយទៅជារឿងយុទ្ធសាស្ត្រ។ ទំនាក់ទំនងចិន-រុស្ស៊ីបានកើតមានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយពួកគេបានផ្តោតទៅលើការនាំចេញថាមពល និងការនាំចេញសំភារៈការពារជាតិពីសំណាក់ទីក្រុងម៉ូស្គូ ទៅកាន់ទីក្រុងប៉េកាំង ហើយនៅក្នុងកំឡុងពេលនោះ ប្រទេសទាំងពីរ ក៏កើតមានការមិនទុកចិត្តគ្នាខ្លះៗផងដែរ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការមិនទុកចិត្តគ្នាទាំងនោះត្រូវបានបញ្ចប់ដោយការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការបង្កើនការយល់ដឹងអំពីគោលដៅយុទ្ធសាស្ត្ររួមគ្នា ជាពិសេសក្នុងការកសាងកម្លាំងការពារប្រឆាំងនឹងឥទ្ធិពលរបស់អាមេរិកនៅតំបន់អាស៊ី។

ជំនួបរវាងលោក Xi និងលោក Putin គឺជាឱកាសមួយសម្រាប់អ្នកទាំងពីរ ដើម្បីបង្ហាញអំពីចំណងមិត្តភាពដែលកំពុងតែរីកធំឡើងរបស់ពួកគេ ដល់ប្រជាពលរដ្ឋក្នុងស្រុក និងអន្តរជាតិ។ ហើយវាក៏បានបង្ហាញអំពីការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងទំនាក់ទំនង ដែលពេលនេះទីក្រុងម៉ូស្គូកាន់តែត្រូវការការគាំទ្រពីសំណាក់ទីក្រុងប៉េកាំង។

សម្រាប់ពេលនេះ ភាគីទាំងពីរ នឹងប្រើប្រាស់ឱកាសនេះដើម្បីបង្ហាញអំពីកម្លាំងរួបរួម បើទោះបីជារុស្ស៊ីមានការលំបាកនៅអ៊ុយក្រែនខ្លះៗក៏ដោយ។ ប្រធានបទនៃកិច្ចប្រជុំត្រូវបានគេកំណត់រួចហើយក្រោយមន្ត្រីលំដាប់ថ្នាក់ទី៣ របស់គណបក្ស CCP លោក Li Zhanshu បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន ហើយពេលនោះគាត់បាននិយាយអំពី «ការសម្របសម្រួលយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងកម្រិតដែលមិនធ្លាប់មានពីមុន»។

ប្រទេសចិននិងរុស្សី នៅតែមានការប្រុងប្រយត្ន័ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែកាលៈទេសៈ និងភាពចាំបាច់ គឺជាយុទ្ធសាស្ត្រកំពុងរុញច្រានពួកគេឱ្យកាន់តែជិតស្និតនឹងគ្នា៕

Channel News Asia