ខ្មែរប៉ុស្ដិ៍ Close

DW ៖ រុស្ស៊ី ឈ្លានពាន អ៊ុយក្រែន – រឿងរ៉ាវដែលអ្នកត្រូវដឹង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 95

រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយធំមួយទៅលើ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​សូរផ្ទុះបានលាន់លឺកងរំពងពេញផ្ទៃប្រទេស ហើយ​រថក្រោះរបស់​រុស្ស៊ី​បានបើកចូលទៅ​ក្នុង​ទឹកដី​របស់អ៊ុយក្រែន។

ខាងក្រោមនេះ​គឺជាការ​វិវឌ្ឍ​សំខាន់ៗដែលបាននិងកំពុងកើតមាន ព្រមទាំងមូលហេតុ​ដែលបានបង្កឱ្យកើតមាន​ស្ថានការណ៍​នេះឡើង៖

លោក ពូទីន ប្រកាសពីការដាក់ចេញនូវ “ប្រតិបត្តិការពិសេស”

ថ្លែងនៅក្នុងសុន្ទរកថាដែលមិនបានគ្រោងទុកមួយ នៅលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថាលោក «បានសម្រេចចិត្តដាក់ចេញនូវប្រតិបត្តិការយោធាពិសេសមួយ»។

លោក ពូទីន បានអះអាងថា «ប្រតិបត្តិការនេះ» គឺដើម្បីការពារប្រជាជនដែលបានទទួលរងនូវការគំរាមកំហែង និងអំពើប្រល័យពូជសាសន៍… អស់រយៈពេល ៨ ឆ្នាំចុងក្រោយនេះ» ឬចាប់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ នៅពេលដែលរុស្ស៊ីបានបញ្ចូលឧបទ្វីប «គ្រីមៀ» របស់អ៊ុយក្រែនជាដែនដីរបស់ខ្លួន។ ក្រុមផ្តាច់ទឹកដីនិយមដែលគាំទ្រដោយទីក្រុងមូស្គូ បានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលនៅភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីពេលនោះមក។

រដ្ឋាភិបាល​រុស្ស៊ី​បាន​អះអាង​កាលពីប៉ុន្មាន​ម៉ោង​មុន​នេះ​ថា មេដឹកនាំ​ក្រុមផ្តាច់ទឹកដីនិយមបាន​ស្នើសុំ​ជំនួយ​យោធា​ពីរុស្ស៊ី ដើម្បី​ការពារពី​អ្វី​ដែល​ពួកគេ​ហៅ​ថា «​ការ​ឈ្លានពាន​របស់​អ៊ុយក្រែន»។

លោកពូទីនបាននិយាយថា «យើងនឹងខិតខំដើម្បីធ្វើយ៉ាងណាឱ្យតំបន់នោះគ្មានយោធាអ៊ុយក្រែន និងនាំយកឧក្រិដ្ឋជនមកកាត់ទោស» ។

នៅឯកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បេសកជនពិសេសរបស់រុស្ស៊ីលោក Vassily Nebenzia បាននិយាយថា «ប្រតិបត្តិការនេះ» គឺធ្វើឡើងសំដៅទៅលើ «របបយោធា» ដែលកាន់អំណាចនៅក្នុងទីក្រុង Kyiv ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenkskyy បានជាប់ឆ្នោតកាលពីឆ្នាំ ២០១៩ បើទោះបីជាអ្នកមានសិទ្ធិបោះឆ្នោតមួយចំនួនមិនអាចចូលរួមបាន ដោយសារការកាត់បញ្ចូលឧបទ្វីបគ្រីមៀទៅក្នុងដែនដីរបស់រុស្ស៊ី ឬដោយសារការប្រយុទ្ធគ្នានៅតំបន់ភាគខាងកើតនៃតំបន់ Donetsk និង Luhansk ។

អ៊ុយក្រែនៈ សេណារីយ៉ូ​ករណី​អាក្រក់​បំផុត​លេចចេញជារូបរាងហើយ

សម្លេងស៊ីរ៉ែន​ដែលបញ្ជាក់ពីការវាយឆ្មក់​តាម​ផ្លូវអាកាស​ បាន​បន្លឺឡើង​នៅ​រដ្ឋធានី​អ៊ុយក្រែន​ នាពេល​ព្រឹកព្រលឹម។ មេដឹកនាំ​អ៊ុយក្រែន​បាន​និយាយ​ថា: រហូត​មក​ដល់​ពេល​នេះ មានទាហាន​យ៉ាង​តិច 40 នាក់ហើយ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​របស់​រុស្ស៊ី។

លោក Zelenskyy បានប្រកាសដាក់ចេញនូវច្បាប់អាជ្ញាសឹក និងបាននិយាយថា រុស្ស៊ីកំពុងវាយប្រហារ «ហេដ្ឋារចនាសម្ព័ន្ធយោធា» របស់ប្រទេសលោកហើយ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា «លោក ពូទីន ទើបតែបានចាប់ផ្តើមការវាយលុកពេញបន្ទុកមកលើទឹកដីអ៊ុយក្រែន។ ទីក្រុងនានារបស់អ៊ុយក្រែនដែលមានសន្តិភាព កំពុងស្ថិតនៅក្រោមការវាយប្រហារហើយ»។

លោកបានបន្ថែមថា «នេះគឺជាសង្រ្គាមឈ្លានពាន។ អ៊ុយក្រែននឹងការពារខ្លួន ហើយអ៊ុយក្រែននឹងឈ្នះ។ ពិភពលោកអាចបញ្ឈប់ និងត្រូវតែបញ្ឈប់លោកពូទីនឱ្យបាន ហើយគ្រប់គ្នាត្រូវតែធ្វើវាក្នុងពេលនេះ» ។

ឆ្មាំការពារព្រំដែនអ៊ុយក្រែនបានរាយការណ៍ថា រថក្រោះរបស់រុស្ស៊ីបានចូលមកក្នុងទឹកដីអ៊ុយក្រែនហើយ ក្នុងតំបន់ Luhansk និង គ្រីមៀ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាស និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនហើយ។

ប្រតិកម្មរបស់លោកខាងលិចៈ ការដាក់ទណ្ឌកម្ម ការថ្កោលទោស និងការពង្រឹងអង្គការ NATO

ពិភពលោក​បាន​ជួបប្រជុំ​គ្នាកាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយមានការចូលរួមពី​ស្ថាប័ន​ជាច្រើន​ ដែល​រួមមាន​សហភាព​អឺរ៉ុប, អង្គការ​ NATO និង​ក្រុមប្រទេស G7។

អង្គការ NATO បានប្រកាសថា ខ្លួននឹងបញ្ជូនកម្លាំងទ័ពបន្ថែមទៀតទៅកាន់អឺរ៉ុបខាងកើត «ដើម្បីចាត់វិធានការបន្ថែមក្នុងការពង្រឹងការរារាំងកងទ័ពរុស្ស៊ី និងដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន»។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបបានសម្រេចយ៉ាងឆាប់រហ័សនូវ «កញ្ចប់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត និងដ៏ឃោឃៅបំផុត» ដែលមិនធ្លាប់មានពីមុនមក ដើម្បីដាក់ទៅលើរុស្ស៊ី។

មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមលើការបន្ថែមការដាក់ទណ្ឌកម្មជុំទី២ ប្រឆាំងនឹងរុស្ស៊ី នៅឯកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍។

សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទណ្ឌកម្មទាំងនេះគ្របដណ្តប់ទៅលើវិស័យហិរញ្ញវត្ថុ, វិស័យថាមពលនិងការដឹកជញ្ជូន, ទំនិញប្រើប្រាស់២មុខព្រួញ, ក៏ដូចជាការត្រួតពិនិត្យការនាំចេញ និងហិរញ្ញប្បទានដែលទ្រទ្រង់ដល់ការនាំចេញ, គោលនយោបាយទិដ្ឋាការ, ការបន្ថែមឈ្មោះជនជាតិរុស្ស៊ីទៅក្នុងបញ្ជីខ្មៅ និងការកែសម្រួលថ្មីនូវលក្ខណៈវិនិច្ឆ័យនៃបញ្ជីខ្មៅ» ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី U von der Leyen បាននិយាយនៅមុនពេលធ្វើបទបង្ហាញស្ដីពីការដាក់ទណ្ឌកម្មទាំងនេះថា «ជាមួយនឹងកញ្ចប់ទណ្ឌកម្មនេះ យើងនឹងកំណត់គោលដៅទៅលើវិស័យយុទ្ធសាស្ត្រនៃសេដ្ឋកិច្ចរបស់រុស្ស៊ី តាមរយៈការបិទមិនឱ្យពួកគេអាចទទួលបានបច្ចេកវិទ្យា និងចូលទៅកាន់ទីផ្សារដែលជាគន្លឹះសម្រាប់ប្រទេសនេះ» ។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែនដោយនិយាយថា «សង្រ្គាមដែលបង្កឡើងដោយលោកពូទីន» ទៅលើប្រទេសរបស់ពួកគេ គឺជាការគ្មានហេតុផលទាំងស្រុង។ សហរដ្ឋអាមេរិក និងអង់គ្លេសបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពានរបស់រុស្ស៊ីនេះ។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងចក្រភពអង់គ្លេស បានបើកបង្ហាញរួចហើយនូវទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ពួកគេប្រឆាំងនឹងរុស្ស៊ីកាលពីដើមសប្តាហ៍នេះ ខណៈពេលដែលអាល្លឺម៉ង់បានផ្អាកគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោកពូទីនបានបញ្ជាកងទ័ពឱ្យចូលទៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមផ្តាច់ទឹកដីនិយម គឺនៅតំបន់ Donetsk និង Luhansk ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីលោកបានទទួលស្គាល់ឯករាជ្យនៃតំបន់ទាំងពីរនេះរួចមក។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី «ដ៏មហន្តរាយមួយ» ក្រោយពីកិច្ចប្រជុំបិទទ្វារតាមប្រព័ន្ធអនឡាញមួយជាមួយក្រុមប្រទេសមហាអំណាច G7 ផ្សេងទៀត។

លោក Biden បានសរសេរនៅលើ Twitter ថា មេដឹកនាំ G7 «បានយល់ព្រមឱ្យបន្តទៅមុខនូវកញ្ចប់ទណ្ឌកម្មដ៏មហន្តរាយ ព្រមទាំងវិធានការសេដ្ឋកិច្ចផ្សេងទៀត ដើម្បីចាប់ឱ្យរុស្ស៊ីទទួលខុសត្រូវ។ យើងឈរជាមួយប្រជាជនដ៏អង់អាចក្លាហានរបស់អ៊ុយក្រែន»។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំង ៧ បាននិយាយថា ពួកគេ «ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើសកម្មភាពនានា» ក្នុងការកាត់បន្ថយការរំខានដល់ទីផ្សារថាមពលពិភពលោកដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។

ការទូតបរាជ័យ

អស់រយៈពេលជាច្រើនសប្តាហ៍ ចារកម្មលោកខាងលិចបានបង្ហាញថា ការវាយប្រហារពីសំណាក់រុស្ស៊ីមកលើអ៊ុយក្រែន គឺជិតមកដល់ហើយ ដោយមានទាហានរុស្ស៊ីជាង ១៥ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមព្រំដែនរបស់អ៊ុយក្រែន។ សម្ព័ន្ធមិត្តរបស់ NATO ក៏បានព្រមានផងដែរថា រុស្ស៊ីកំពុងស្វែងរកលេសបន្ថែមទៀតដើម្បីឈ្លានពានមកលើអ៊ុយក្រែនហើយ។

យ៉ាងណាក៏ដោយ ពេលនោះ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបាននិងកំពុងបន្ត ដើម្បីទប់ស្កាត់ការឈ្លានពាននេះ។ ប៉ុន្តែនៅពេលដែលលោកពូទីនបានប្រកាសពីការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនចំនួន២ នៅភាគខាងកើតអ៊ុយក្រែនថាជា «សាធារណរដ្ឋឯករាជ្យ» រួចមក កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះក៏ត្រូវបានបញ្ឈប់។

ប្រធានអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ខណៈពេលដែលយើងកំពុងព្យាយាមស្វែងរកដំណោះស្រាយនយោបាយ ពួកគេកំពុងរៀបចំផែនការសម្រាប់ការឈ្លានពាននេះ» ។ លោកបានបន្ថែមថា «ប្រទេសរុស្ស៊ីបានបិទទ្វារ» ចំពោះដំណោះស្រាយនយោបាយហើយ។

គិតរហូត​មកទល់ល្ងាច​ថ្ងៃ​ពុធ លោក Zelenskyy របស់​អ៊ុយក្រែន​បាន​និយាយ​ថា ​លោក​បាន​ព្យាយាម​ទាក់​ទង​លោក Putin។ នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយ លោក Zelenskyy បាននិយាយថា «ថ្ងៃនេះខ្ញុំបានហៅទូរសព្ទទៅកាន់លោកប្រធានសហព័ន្ធរុស្ស៊ី ប៉ុន្តែលទ្ធផលគឺការមិនឆ្លើយតបអ្វីទាំងអស់»។

កាលពីថ្ងៃពុធ រុស្ស៊ីបានដកបេសកម្មការទូតរបស់ខ្លួនចេញពីទីក្រុង Kyiv ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ៊ុយក្រែន​​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​រុស្ស៊ី។

ប្រវត្តិសង្ខេបនៃទំនាក់ទំនងអ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន ដែលជាប្រទេសធំជាងគេនៅទ្វីបអឺរ៉ុប ធ្លាប់មានប្រវត្តិទទួលបានឯករាជ្យរយៈពេលខ្លីមួយ នៅក្រោយសង្គ្រាមលោកលើកទី ១។ ប្រទេសនេះត្រូវបានលេបត្របាក់យកដោយសហភាពសូវៀត រួចហើយត្រូវបានបង្ខំឱ្យមានគ្រោះទុរ្ភិក្សនៅទូទាំងប្រទេសកាលពីទសវត្សរ៍ឆ្នាំ ១៩៣០ ក្រោមការដឹកនាំរបស់លោក Josef Stalin។

នៅឆ្នាំ ១៩៩១ អ៊ុយក្រែនបានប្រកាសឯករាជ្យរបស់ខ្លួនជាផ្លូវការ។ រុស្ស៊ីបានទទួលស្គាល់ព្រំដែនអ៊ុយក្រែនតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួន។

ជាមួយនឹងការដួលរលំនៃសហភាពសូវៀត អ៊ុយក្រែនបានចាប់ផ្តើមសម្លឹងមើលទៅលោកខាងលិចខាងផ្លូវនយោបាយ ហើយចាប់ផ្តើមនិយាយជាមួយទាំងសហភាពអឺរ៉ុប និងជាមួយអង្គការ NATO ។

កាលពីឆ្នាំ ២០០៤ បដិវត្តន៍ដ៏សំខាន់ចំនួន២ នៅលើទីលានម៉ៃដាន់បានកើតមានឡើង ហើយដែលត្រូវបានគេដាក់ឈ្មោះថា «បដិវត្តពណ៌ទឹកក្រូច» ។ នៅឆ្នាំនោះ អ្នកបោះឆ្នោតបានជ្រើសរើសយកបេក្ខជនដែលគាំទ្រលោកខាងលិច គឺលោក Viktor Yushchenko ជំនួសលោក Viktor Yanukovych ដែលគាំទ្រដោយរុស្ស៊ី ដែលក្រោយមកបានឈ្នះការបោះឆ្នោតនៅឆ្នាំ ២០១០ ។

កាលពីឆ្នាំ ២០១៣ លោក Yanukovych បានលុបចោលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃទំនាក់ទំនងជាមួយ EU ដែលរូបលោកខ្លួនឯងធ្លាប់បានគាំទ្រកាលពីពេលមុន។

ការតវ៉ាបានកើតមានឡើង និងបង្កជាបដិវត្តន៍នៅទីលានម៉ៃដាន់ជាលើកទី២ ដែលមានឈ្មោះថា «បដិវត្តដើម្បីសេចក្តីថ្លៃថ្នូរ» របស់អ៊ុយក្រែន និងដែលបានឈានដល់ទីបញ្ចប់ដោយកងកម្លាំងសន្តិសុខរបស់លោក Yanukovych បានបាញ់រះទៅលើបាតុករដែលបានប្រមូលផ្តុំគ្នានៅលើទីលានម៉ៃដាន់។ លោក Yanukovych បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីតាមឧទ្ធម្ភាគចក្រនៅថ្ងៃបន្ទាប់ ដោយនាំយកកាបូបលុយ និងឯកសារមួយចំនួនទៅជាមួយផង។

មួយឆ្នាំក្រោយមក រុស្ស៊ីបានកាត់បញ្ចូលឧបទ្វីបគ្រីមៀ។ ការប្រយុទ្ធបង្ហូរឈាម និងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក៏បានបន្តកើតមានតាំងពីពេលនោះមក។

នៅតំបន់ភាគខាងកើតអ៊ុយក្រែន ក្រុមអ្នកផ្ដាច់ទឹកដីនិយមដែលគាំទ្រដោយរុស្ស៊ី កំពុងប្រយុទ្ធដើម្បីទទួលបាននូវអ្វីដែលពួកគេហៅថា «សាធារណរដ្ឋប្រជាមានិត» នៅក្នុងតំបន់ Donetsk និង Luhansk ហើយគិតមកទល់ពេលនេះ មានមនុស្សជាង ១៣.០០០ នាក់ត្រូវបានសម្លាប់ នេះបើយោងតាមតួរលេខរបស់អង្គការសហប្រជាជាតិ។

ពលរដ្ឋ​អ៊ុយក្រែន​ប្រមាណ ១,៤ លាន​នាក់​បន្ថែមទៀត ត្រូវ​បាន​ជម្លៀស​នៅផ្ទៃក្នុងប្រទេស​ដោយសារ​ជម្លោះនេះ៕ DW

អត្ថបទទាក់ទង