ខ្មែរប៉ុស្ដិ៍ Close

អបអរសាទរ! កូនខ្មែរ ២រូបបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលពីប្រទេសរុស្ស៊ីប្រកបដោយជោគជ័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
អបអរសាទរ! កូនខ្មែរ ២រូបបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលពីប្រទេសរុស្ស៊ីប្រកបដោយជោគជ័យ អបអរសាទរ! កូនខ្មែរ ២រូបបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលពីប្រទេសរុស្ស៊ីប្រកបដោយជោគជ័យ

អតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ សាលាតិចណូ ចំនួនពីររូប បានបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញនុយក្លេអ៊ែរស៊ីវិលដោយជោគជ័យពីសាកលវិទ្យាល័យ មួយនៅប្រទេសរុស្ស៊ី។

លោក កែវ មករា និងលោក កឹម ចាន់ប៉ាលី បានបញ្ចប់ការសិក្សាជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលជំនាន់ទី១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ។ នេះបើតាមការឱ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ លោកបានបន្តថា និស្សិតទាំងពីរ ស្ថិតក្នុងចំណោមនិស្សិតចំនួន៦រូបផ្សេងទៀត ដែលបាននិងកំពុងបន្តការសិក្សាលើជំនាញនេះ ក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន។

លោករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញមោទកភាពដែលកម្ពុជាមានធនធានមនុស្ស ដ៏កម្រលើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលក្នុងសម័យតេជោសែន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវការធនធានមនុស្សក្នុងវិស័យនេះបន្ថែមទៀត ដោយសារការសិក្សាស្រាវជ្រាវ ការអនុវត្តន៍ និងការលើកកម្ពស់ការយល់ដឹងអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរមានសារសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ សាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ក្នុងទិសដៅដើម្បីអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យអាទិភាព ដូចជាឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាពចំណីអាហារ ថាមពល សំណង់ បរិស្ថានជាដើម។

ក្នុងក្របខណ្ឌការងាររបស់ប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) កម្ពុជាយកចិត្តទុកដាក់លើវិស័យអាទិភាពរួមមាន ការកសាងក្របខណ្ឌច្បាប់ សុវត្ថិភាពនុយក្លេអ៊ែរ និងការ សាយភាយកាំរស្មី សុខភាព មនុស្ស កសិកម្ម ការចិញ្ចឹមសត្វ សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងធនធានទឹក ការធ្វើផែនការនិងកម្មវិធីអនុវត្តការងារក្នុងវិស័យថាមពល កិច្ចការពារបរិស្ថាន ត្រួតពិនិត្យនិងការគ្រប់គ្រងសំណល់វិទ្យុសកម្ម ការ ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការរក្សាកេរមរតកវប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស និងការអប់រំជាដើម៕

អត្ថបទទាក់ទង