ខ្មែរប៉ុស្ដិ៍ Close

ភាពសុទិដ្ឋិនិយមចំពោះការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈគោលនយោបាយ Zero-Covid និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយគឺជាក្តីកង្វល់ដ៏ធំបំផុត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 63
ភាពសុទិដ្ឋិនិយមចំពោះការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈគោលនយោបាយ Zero-Covid និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយគឺជាក្តីកង្វល់ដ៏ធំបំផុត ភាពសុទិដ្ឋិនិយមចំពោះការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈគោលនយោបាយ Zero-Covid និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយគឺជាក្តីកង្វល់ដ៏ធំបំផុត

ការស្ទង់មតិប្រចាំឆ្នាំថ្មីបានបង្ហាញថា ភាពសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាមេរិកចំពោះលក្ខខណ្ឌអាជីវកម្មនៅក្នុងប្រទេសចិន កំពុងស្ថិតនៅក្នុងកម្រិតទាបបំផុត បើទោះបីជាមានអ្នកចូលរួមក្នុងការស្ទង់មតិចំនួន ៨៩% បាននិយាយថា ប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសចិនទទួលបានផលចំណេញក៏ដោយ ។

ការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) បានរកឃើញថា វិធានការត្រួតពិនិត្យកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលអាជីវករអាមេរិកបានជួបប្រទះនៅពេលធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះកាលពីឆ្នាំមុន។

ក្នុងចំណោមអ្នកឆ្លើយតបចំនួន ១១៧ ក្រុមហ៊ុន ក្នុងនោះមាន ៩៦% បាននិយាយថា ពួកគេបានជួបប្រទះនឹងផលប៉ះពាល់អវិជ្ជមានជាច្រើនចំពោះការធ្វើអាជីវកម្មរបស់ពួកគេ ដែលរួមមានទាំងការផ្អាកការវិនិយោគ ការបាត់បង់ប្រាក់ចំណេញ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

លោក Craig Allen ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) បាននិយាយនៅក្នុងអំឡុងពេលនៃការបង្ហាញលទ្ធផលនៃការស្ទង់មតិកាលពីថ្ងៃចន្ទថា «លទ្ធភាពក្នុងការបង្ខំឱ្យក្រុមហ៊ុនមួយចំនួនត្រូវផ្អាកប្រតិបត្តិការមួយផ្នែកឬទាំងស្រុង ដោយសារតែការបិទខ្ទប់ជាថ្មី និងផលប៉ះពាល់នៃការគ្រប់គ្រងក្នុងតំបន់ទៅលើតម្រូវការអតិថិជនបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ទំនុកចិត្តក្នុងការធ្វើ អាជីវកម្មនៅក្នុងប្រទេសចិន»។

លោក Allen បានសម្តែងនូវការសង្ស័យបន្ថែមទៀតថា «តើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ១ ទ្រីលានយន់ ឬ ១៤៦ ពាន់លានដុល្លាររបស់ប្រទេសចិនដែលទើបនឹងត្រូវបានដាក់ចេញកាលពីសប្តាហ៍មុន ដើម្បីផ្តោតទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអាចជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះបានដែរឬទេ?»

លោក Allen បាននិយាយថា «គេកំពុងមានការព្រួយបារម្ភអំពីអារម្មណ៍របស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ជាពិសេសគឺនៅពេលមានការអនុវត្តគោលនយោបាយ Zero-Covid តែម្តង។ អតិថិជនចិនកំពុងបង្កើនការសន្សំ និងចំណាយតិច ហើយយើងនឹងត្រូវជួបប្រទះនឹងបញ្ហានេះរហូតទាល់តែអារម្មណ៍របស់អតិថិជនទាំងនោះមានការផ្លាស់ប្តូរជាថ្មី»។

គោលនយោបាយ Zero-Covid ដ៏តឹងរឹងរបស់ទីក្រុងប៉េកាំងកំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ហើយក៏បានធ្វើឱ្យទំនុកចិត្តរបស់វិនិយោគិនមានការថយចុះជាខ្លាំង។ គេកំពុងចោទជាសំណួរថា តើប្រទេសចិនអាចសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ ២០២២ ចំនួន ៥,៥% នោះបានដែរឬទេ?

ប្រទេសចិនកំពុងជួបប្រទះនឹងកំណើនដ៏យឺតជាងឆ្នាំមុនៗ ដោយសារសេដ្ឋកិច្ចរបស់ខ្លួនបានកើនឡើងត្រឹមតែ ០,៤% ប៉ុណ្ណោះនៅក្នុងត្រីមាសទី២ នៃឆ្នាំ ២០២២ បើធៀបនឹងឆ្នាំមុន។ ការបិទខ្ទប់ទីក្រុងសៀងហៃដែលជាមជ្ឈមណ្ឌលរបស់ក្រុមហ៊ុនពហុជាតិធំៗជាច្រើនរយៈពេល ១ ខែ បានធ្វើឱ្យទីក្រុងនេះធ្លាក់ចូលទៅក្នុងភាពជាប់គាំងដែលមិនធ្លាប់មានពីមុនមក។

ការស្ទង់មតិខាងលើបានរកឃើញថា បើប្រៀបធៀបទៅនឹងកាលពី ១០ ឆ្នាំមុន ទំនុកចិត្តរបស់បណ្តាក្រុមហ៊ុនអាមេរិកទាក់ទងនឹងទស្សនវិស័យរយៈពេល ៥ ឆ្នាំរបស់ពួកគេបានធ្លាក់ចុះពីជិត ៩០% មកនៅត្រឹមតែជាង ៥០% ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។

ភាពសុទិដ្ឋិនិយមចំពោះការធ្វើអាជីវកម្មបានធ្លាក់ចុះ ១៨% ធៀបនឹងឆ្នាំមុន ហើយចំនួនក្រុមហ៊ុនដែលមាន «ទុទិដ្ឋិនិយម» បានកើនឡើងពី ៥% ដល់ជិត ២០% នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ក្រុមប្រឹក្សា USCBC មានសមាជិកច្រើនជាង ២៧០ ក្រុមហ៊ុន ដែលរួមមានទាំងក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតរបស់អាមេរិកមួយចំនួន ដូចជា Amazon និង Nike ផងដែរ។ ក្រុមប្រឹក្សានេះបាននិយាយថា ការស្ទង់មតិខាងលើត្រូវបានធ្វើឡើងនៅក្នុងខែមិថុនា បន្ទាប់ពីទីក្រុងសៀងហៃត្រូវបានបិទខ្ទប់ ដោយសារតែការផ្ទុះឡើងនៃមេរោគអូមីក្រុង ។

ការស្ទង់មតិខាងលើបានឱ្យដឹងថា បើទោះបីជា ៨៩% នៃក្រុមហ៊ុនដែលបានចួលរួមឆ្លើយតប នៅតែអាចរក្សាបាននូវប្រាក់ចំណេញក៏ដោយ ក៏តួលេខនេះគឺជាតួលេខរបស់ក្រុមហ៊ុនឆ្លើយតបដែលនៅអាចរក្សាប្រាក់ចំណេញបានទាបបំផុតសម្រាប់រយៈពេល ៧ ឆ្នាំកន្លងមកនេះ។ អ្នកចូលរួមឆ្លើយតប បានចាត់ថ្នាក់ «ការបិទខ្ទប់ដោយសារកូវីដ-១៩» គឺជាមូលហេតុទី១ និង «ការរារាំងការធ្វើដំណើរដោយសារកូវីដ-១៩» គឺជាមូលហេតុ ទី៣ នៅក្នុងចំណោមបញ្ហាប្រឈមជាច្រើនផ្សេងទៀតដែលពួកគេបានជួបប្រទះនៅក្នុងប្រទេសចិន។

អ្នកចូលរួមក្នុងការស្ទង់មតិបានបញ្ជាក់ថា «ការបិទខ្ទប់កាលពីឆ្នាំមុនបានធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើងយ៉ាងខ្លាំង ហើយការបិទរោងចក្រភ្លាមៗ ក៏ជាមូលហេតុបង្កឱ្យមានការបាត់បង់នូវប្រាក់ចំណូលផងដែរ»។

លោក Allen បាននិយាយថា «ក្រៅពីការយកពន្ធ ការបិទខ្ទប់គឺជាហេតុផលមួយក្នុងចំណោមហេតុផលកំពូលទាំង ៣ ដែលបានធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេនៅក្នុងរយៈ ពេល ១២ ខែចុងក្រោយនេះ»។

លោកបានបន្ថែមទៀតថា «ជិត ១/៤ នៃអ្នកចូលរួមឆ្លើយតបបានធ្វើការផ្លាស់ប្តូរផ្នែកខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេចេញពីប្រទេសចិន ដែលតួលេខនេះហាក់មានការកើនឡើងច្រើន បើធៀបនឹងតួរលេខឆ្នាំមុន។ ភាគច្រើននៃក្រុមហ៊ុនដែលបានធ្វើដូច្នេះកំពុងផ្លាស់ទីទៅទីតាំងផ្សេងក្រៅពីសហរដ្ឋអាមេរិក»។

នៅក្នុងរបាយការណ៍កាលពីឆ្នាំមុនបានឱ្យដឹងថា មានអ្នកឆ្លើយតបតែ ១៤% ប៉ុណ្ណោះដែលបាននិយាយថា ពួកគេបានផ្ទេរផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេចេញពីប្រទេសចិន។ តែនៅក្នុងឆ្នាំនេះចំនួនភាគរយបានកើនឡើងដល់ ២៤%។

របាយការណ៍បានបញ្ជាក់ឱ្យដឹងទៀតថា ទំនាក់ទំនងដ៏តានតឹងរវាងអាមេរិកនិងចិន បូករួមជាមួយនឹងគោលនយោបាយរបស់ចិនលើបញ្ហាជាច្រើន ដោយរាប់ចាប់ពីទិន្នន័យព័ត៌មានផ្ទាល់ខ្លួន និងសន្តិសុខតាមអ៊ីនធឺណិត រហូតដល់លទ្ធកម្មរបស់រដ្ឋាភិបាល និងកម្មសិទ្ធិបញ្ញាកំពុងបន្តបង្កឱ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុននានា។

លោក Allen បាននិយាយថា «បញ្ហាប្រឈមដែលបានកើតឡើងជាយូរមកហើយដោយសារគោលនយោបាយឧស្សាហកម្មរបស់ចិននៅតែកំពុងបន្តកើតឡើង ខណៈដែលការព្រួយបារម្ភថ្មីៗកំពុងតែរីករាលដាលកាន់តែខ្លាំង ហើយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិននិងគោលនយោបាយសន្តិសុខ ទិន្នន័យក៏កំពុងតែចូលរួមចំណែកដល់ការភ័យខ្លាចផ្នែកបច្ចេកវិទ្យាផងដែរ»។

ទីក្រុងប៉េកាំងបានបង្កើនការប្រមូលទិន្នន័យសំខាន់ៗមួយចំនួន ជាពិសេសទិន្នន័យផ្សេងៗដែលបម្រើឱ្យការផ្ទេរប្រាក់ឆ្លងព្រំដែន ក្រោយមានការដាក់ចេញនូវច្បាប់ស្តីពីសុវត្ថិភាពទិន្នន័យ និងការការពារព័ត៌មានផ្ទាល់ខ្លួនកាលពីឆ្នាំមុន។

ក្រុមហ៊ុនមួយដែលបានចូលរួមនៅក្នុងការស្ទង់មតិបានលើកឡើងថា «ការធ្វើមូលដ្ឋានីយកម្មទិន្នន័យមិនត្រឹមតែជាការបង្កើនការចំណាយជាច្រើនលានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវចំណាយថវិកាបន្ថែមទៀតសម្រាប់ការថែទាំ ជួសជុល និងកែលម្អប្រចាំឆ្នាំថែមទៀតផង»។

គោលនយោបាយឧស្សាហកម្មចិនដែលបានការពារក្រុមហ៊ុនក្នុងស្រុកពីការប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស កំពុងបន្តធ្វើឱ្យអាជីវករអាមេរិកមានការខឹងសម្បា។ ការបង្កើតថ្មីក្នុងស្រុក និងគោលនយោបាយពឹងផ្អែកទៅលើខ្លួនឯងដែលកំពុងក្លាយទៅជារឿងបន្ទាន់ ជាពិសេសសម្រាប់ទីក្រុងប៉េកាំងនៅក្នុងវិស័យបច្ចេកវិទ្យា គឺជាចំណុចកង្វល់ដ៏ធំបំផុតអស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នាហើយ។

ការស្ទង់មតិបានបន្ថែមថា «ការចូលទៅកាន់ទីផ្សារលទ្ធកម្ម, ឧបសគ្គនៃការវិនិយោគបរទេស, ការឧបត្ថម្ភធន និងស្តង់ដារក៏ត្រូវបានគេជ្រើសរើសជាបញ្ហាផងដែរ»។

ទាក់ទងនឹងភាពតានតឹងរវាងអាមេរិកនិងចិន អ្នកចូលរួមឆ្លើយតបប្រហែលពាក់កណ្តាលបាននិយាយថា ពួកគេមានអារម្មណ៍ថាទទួលរងសម្ពាធក្នុងការធ្វើសេចក្តីថ្លែងការណ៍នយោបាយ ដោយសម្ពាធភាគច្រើនគឺត្រូវបានដាក់ចេញពីសំណាក់រដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ប៉ុន្តែចំនួនក្រុមហ៊ុនដែលទទួលរងសម្ពាធពីសំណាក់ភាគីអាមេរិកក៏មានច្រើនដូចគ្នា។

ដោយសារត្រូវប្រឈមមុខនឹងបញ្ហាច្រើន ក្រុមហ៊ុនជាច្រើនកាន់តែមិនមានឆន្ទៈក្នុងការវិនិយោគ។ ១/៤ នៃអ្នកចូលរួមឆ្លើយតបគ្រោងនឹងធ្វើការពន្លឿនការវិនិយោគរបស់ពួកគេ នៅក្នុងទីផ្សារប្រទេសចិននៅឆ្នាំក្រោយ ប៉ុន្តែតួលេខនេះគឺស្មើតែពាក់កណ្តាលនៃតួលេខកាលពី ៥ ឆ្នាំមុនតែប៉ុណ្ណោះ។

ចំនួនក្រុមហ៊ុនដែលគ្រោងនឹងកាត់បន្ថយការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការវិនិយោគបានកើនឡើងច្រើនជាង ៣ ដងនៅក្នុងរយៈពេលដូចគ្នានេះ ដោយបានកើនឡើងពី ៤% ដល់ ១៣%។

អ្នកចូលរួមឆ្លើយតបភាគច្រើនកំពុងបន្តរង់ចាំមើល ហើយមិនមានគំរោងធ្វើការផ្លាស់ប្តូរណាមួយនៅក្នុងរយៈពេល ១២ ខែបន្ទាប់ បើទោះបីជាពួកគេកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយ កូវីដ-១៩ របស់ប្រទេសចិន, ភាពតានតឹងរវាងចិន-អាមេរិក និងបញ្ហាផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។

តួលេខអ្នកវិនិយោគផ្ទាល់ពីបរទេសជាផ្លូវការពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានបង្ហាញថា «ការវិនិយោគពីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៣,៨% នៅក្នុងឆ្នាំ ២០២០ ប្រៀបធៀបនឹង ១០ ឆ្នាំមុន។

លោក Allen បាននិយាយថា «យើងកំពុងតែព្រួយបារម្ភថាទំនាក់ទំនងសេដ្ឋកិច្ចដែលតែងតែបានជួយរក្សាឱ្យមានស្ថិរភាពនៅក្នុងទំនាក់ទំនងទាំងមូល មិនត្រូវបានគេផ្តល់អាទិភាពដោយត្រឹមត្រូវនោះទេ»។ លោកបានជំរុញឱ្យប្រទេសទាំងពីរបន្តរក្សាឱ្យបាននូវវឌ្ឍនភាពពាណិជ្ជកម្មដែលពួកគេសម្រេចបានទាំងលំបាកនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ និងដោះស្រាយឱ្យបាននូវឧបសគ្គក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសចិន៕

South China Morning Post

អត្ថបទទាក់ទង