ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើវិបត្ដិបាតុកម្មអាមេរិកនឹងទៅជាយ៉ាងណា?

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 64
អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើវិបត្ដិបាតុកម្មអាមេរិកនឹងទៅជាយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើវិបត្ដិបាតុកម្មអាមេរិកនឹងទៅជាយ៉ាងណា?

(ភ្នំពេញ)៖ បច្ចុប្បន្នបើនិយាយពីសហរដ្ឋអាមេរិក ដែលកំពុងជួបវិបត្ដិមេរោគកូវីដ-១៩ ទន្ទ្រានពេញទឹកពេញដី ធ្វើឲ្យប្រជាពលរដ្ឋឆ្លងជំងឺជិត ២លាននាក់ និងស្លាប់ជាង ១០ម៉ឺននាក់ ច្រើនលើសពីប្រទេសនានាក្នុងលោកនោះ។ ឥលូវនេះ ស្រាប់តែទទួលរងនូវវិបត្ដិដ៏ធ្ងន់ធ្ងរមួយទៀត គឺវិបត្ដិមនុស្សលោកបង្កើតដោយខ្លួនឯង គឺមហាបាតុកម្ម បះបោរទូទំាងប្រទេស ដែលបណ្ដាលមកពីប៉ូលីសស្បែកសម្នាក់ បានឃាត់ខ្លួនជនជាតិស្បែកខ្មៅ ហើយសង្កត់កនឹងជង្គង់រហូតដល់ដាច់ខ្យល់ស្លាប់។

តើវិបត្ដិបាតុកម្មអាមេរិកនឹងទៅជាយ៉ាងណា?

អ្នកជំនាញអាររ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា សព្វថ្ងៃបើពិនិត្យអំពីស្ថានភាពនយោបាយ សហរដ្ឋអាមេរិកកំពុងជួបនូវវិបត្ដិធំៗ ចំនួន២ ក្នុងប្រវត្ដិសាស្រ្ដគឺ៖

* ទី១៖ រឿងមេរោគឆ្លងកូវីដ-១៩ ត្រង់ចំណុចនេះប្រធានាធិបតី លោក ដូណាល់ ត្រំា បាននិងកំពុងចាត់វិធានការណ៍ជាបណ្ដើរៗហើយ។ ក្នុងនោះចំណាត់វិធានការ ការពារ ទប់ទល់ ព្យាបាល និងការស្រាវជ្រាវរកវ៉ាក់សំាង កំពុងតែដំណើរការយ៉ាងសស្រាក់សស្រំា ដែលត្រូវចំណាយថវិកា ពាន់ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីដោះសា្រយវិបត្ដិទំាងនេះ ព្រោះសហរដ្ឋអាមេរិកជាប្រទេសមហាសេដ្ឋី គេមានឃ្លំាងប្រាក់សម្រាប់ចំណាយ។

* ទី២៖ ចំពោះរឿងមហាបាតុកម្មជាវិបត្ដិមនុស្សលោកបង្កើតខ្លួនឯង ដែលផ្ដើមពីប៉ូលីសស្បែកសម្នាក់ បានឃាត់ខ្លួនជនជាតិស្បែកខ្មៅ ហើយសង្កត់កនឹងជង្គង់រហូតដល់ដាច់ខ្យល់ស្លាប់ ត្រូវបណ្ដាញព័ត៌មានសង្គម សារព័ត៌មានផ្សាយពេញប្រទេស និងពង្រីកផ្សាយពេញពិភពលោក ជាដើមចមបញ្ឆេះកំហឹងដល់ការរើសអើងពួកស្បែកខ្មៅ និងជនជាតិភាគតិចមួយចំនួនទៀត រួមគ្នាធ្វើបាតុកម្មនឹងឈានដល់កុបកម្ម ហើយក៏ឈានដល់ការឆក់ប្លន់កំទេចជាប្រព័ន្ធ ដុតឆេះ រាលដាលអាគារឯកជនពាសពេញប្រទេសនោះ។

ត្រង់ចំណុចនេះ យើងឃើញថារដ្ឋាភិបាល លោក ដូណាល់ ត្រំា បានចាត់វិធានការណ៍ជាបណ្ដើរៗ ដែលក្នុងនោះមានការបង្រ្កាបតាមវិធានការណ៍ជាក់ស្ដែងរបស់ច្បាប់ មានស្លាប់ និងរបួសជាច្រើននាក់ និងការចាប់ខ្លួនជាង ១ម៉ឺននាក់ ដែលប្រទេសភាគច្រើនក្នុងលោក ក៏មានការប្រើប្រាស់វិធានការណ៍ទំាងនេះដែរ តែមានប្រទេសខ្លះ ក៏បានមើលឃើញថាជាវិធានការណ៍ដ៏សាហាវផងដែរ។

ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានថ្លែងទាំងអស់សំណើចថា «តែអ្វីដែលចាប់អារម្មណ៍នៅត្រង់ទង្វើបង្រ្កាបដ៏សាហាវហួសហេតុរបស់ប៉ូលីស ឬសមត្ថកិច្ចអាមេរិក គឺពុំត្រូវបានអង្គការសិទ្ធិមនុស្ស ឬប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការគំាទ្របក្សប្រឆំាងនៅកម្ពុជា រិះគន់ ឬផ្សព្វផ្សាយនោះទេ»។

លោក រត្ន័ សណ្ដាប់ បានបន្ដថា ទន្ទឹមនឹងនេះបើពិនិត្យមើលនៅមួយជ្រុងទៀត ចំពោះបាតុកម្មដែលកំពុងក្លាយជាវិបត្ដិនេះ មានគណបក្សនយោបាយមួយ កំពុងយកបញ្ហានេះបំភ្លៃនឹងបន្ដសាច់រឿង ឲ្យទៅជាកម្លំាងនយោបាយយុទ្ធនាការបោះឆ្នោត គឺការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្ដិទៅនៅដើមខែវិច្ឆិកាខាងមុខនេះ។
មានន័យថាលោក ដូណាល់ ត្រំា ត្រូវឈរឈ្មោះ បន្ដមួយអាណត្ដិទៀត រីឯខាងគណបក្សប្រជាធិបតេយ្យមានលោកអតីតអនុប្រធានាធិបតី ជោរ បាយដិន (Joe Bidden) ជាបេក្ខជន។

«អ៉ីចឹងខាងអ្នកគំាទ្រគណបក្សលោក បាយដិន គេនឹងខិតខំធ្វើយ៉ាងណាបំប៉ោងឲ្យរឿងរ៉ាវនេះកាន់តែឃើញរូបភាពសន្ធោរសន្ធៅទៅៗ។ សម្រាប់សង្គមប្រជាធិបតេយ្យ សហរដ្ឋអាមេរិកជាដើម ក្នុងរឿងរ៉ាវល្បែងនយោបាយ ដែលយកបាតុកម្មជាដើមទុននេះ គឺគ្មានអ្វីចម្លែកនោះទេ។ បើហេតុនេះចំពោះអ្វី ដែលកំពុងកើតទ្បើងនៅសហរដ្ឋអាមេរិកនេះ គឺយើងទេដែលអាចប្រៀបខ្លួនយើងកំពុងតែទស្សនាភាពយន្ដក្នុងរោងកុនមួយ ខំតាមសាច់រឿងរហូតដល់ចប់បិតរោង ដល់ពេលដើរចេញពីរោងមានអារម្មណ៍យ៉ាងរំភើយ»។ លោក រ័ត្ន សណ្តាប់ គូសបញ្ជាក់បន្ថែម។

លោក រត្ន័ សណ្ដាប់ បានសរុបថា បើដូចនេះចំពោះវិបត្ដិបាតុកម្មនៅសហរដ្ឋអាមេរិក បើយើងពិនិត្យតាមដានគ្រប់ជំហានយើងអាចយល់ថា ប្រទេសមហាអំណាចទីមួយលើលោក គេប្រយ័ត្នប្រយែងណាស់ គេចាត់ការអ្វីៗមួយ គេឈរលើគោលការណ៍ច្បាប់របស់គេ។ ជាពិសេសកម្លំាងសេដ្ឋកិច្ច និងយោធារបស់គេ វាមានពាក់ព័ន្ធទៅនឹងប្រទេសមហាសេដ្ឋកិច្ចនានាផងដែរ។

អ៉ីចឹងពួកគេនឹងរត់រកគ្នាទៅវិញទៅមក នឹងជួយគ្នាទៅវិញទៅមក ពួកគេមិនបណ្ដោយឲ្យប្រទេសមួយស្លាប់ងាយៗនោះទេ។ ក្នុងសម័យទំនើបនេះផងដែរ ចំពោះប្រទេសមហាអំណាច ប្រសិនបើមានការធ្លាក់ចុះវិញ ពុំធ្លាក់ចុះភ្លាមៗនោះទេ គឺមានភាពសន្សឹមៗ ដែលយើងពិបាកនឹងមើលឃើញ។

បើដូច្នេះចំពោះការប្រកួតប្រជែងដណ្ដើមកៅអីប្រធានាធិបតីវិញ បើពិនិត្យជាក់ស្ដែងប្រវត្ដិតៗមក ទោះជាគណបក្សណាឈ្នះ ក៏អាមេរិកំាងនៅតែជាប្រទេសមហាអំណាចដដែល មានតែប្រទេសតូចតាចទេដែលពិបាក តែបើឈ្លោះគ្នាហើយ គឺកំទេចគ្នាទាល់តែខ្ទេច ឯប្រទេសជិតខាងគេឈរមើល ឬជួយថែម៕