ខ្មែរប៉ុស្ដិ៍ Close

ការផ្លាស់ប្តូរទស្សនៈចង្អៀតចង្អល់ចំពោះចិននៅអាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 70
ការផ្លាស់ប្តូរទស្សនៈចង្អៀតចង្អល់ចំពោះចិននៅអាស៊ីអាគ្នេយ៍ ការផ្លាស់ប្តូរទស្សនៈចង្អៀតចង្អល់ចំពោះចិននៅអាស៊ីអាគ្នេយ៍

នៅថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០២២ ប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យអ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគរបស់ចិនបង្កើត «ប្រព័ន្ធវិន័យ, ការសិក្សា និងសុន្ទរកថា» ស្តីអំពីអរិយធម៌ និងប្រវត្តិសាស្ត្ររបស់ចិន ដើម្បីឱ្យពិភពលោកយល់កាន់តែច្បាស់អំពីប្រទេសចិន។

សេចក្តីថ្លែងការណ៍អំពី «ប្រព័ន្ធដ៏អស្ចារ្យទាំង ៣» នេះបានធ្វើតាមការណែនាំរបស់លោក Xi អំពី «ប្រព័ន្ធឃោសនាខាងក្នុង និងខាងក្រៅ» របស់ប្រទេសចិនដើម្បីកែលម្អភាពទាក់ទាញនៃវប្បធម៌ចិន, ភាពស្និទ្ធស្នាលនៃរូបភាពចិន, អំណាចនៃការថ្លែងសុន្ទរកថារបស់ចិន និងកម្លាំងដឹកនាំមតិសាធារណៈអន្តរជាតិ។

ដោយត្រូវបានប្រើជាផ្នែកមួយនៃយុទ្ធនាការដើម្បីផ្លាស់ប្តូរការនិយាយជាសកល ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតក្រុមអ្នកវិភាគថ្មីតាមបែបចិន និងការពង្រឹងការទូតអ្នកវិភាគចិននៅឯបរទេស។ ដោយសារសារៈសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍នៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈរបស់ចិន តើប្រទេសចិននឹងជះឥទ្ធិពលលើក្រុមអ្នកវិភាគក្នុងតំបន់តាមរបៀបណា ដើម្បីអាចបម្រើផលប្រយោជន៍
ដល់ប្រទេសចិនបាន?

សរុបមក ប្រទេសចិនចាត់ទុកសហគមន៍អ្នកវិភាគជាបណ្តាញដ៏សំខាន់មួយក្នុងការបង្កើតមតិសាធារណៈអន្តរជាតិ ដើម្បីការពារនិងផ្សព្វផ្សាយការនិទានរឿងរ៉ាវរបស់ចិនស្តីពីកិច្ចការពិភពលោកនិងតំបន់ បន្ថែមពីលើការងារការទូតរវាងរដ្ឋនិងរដ្ឋ។ ការទូតអ្នកវិភាគចិនគឺជាកិច្ចការដែលធ្វើពីលើចុះក្រោម (Top-down) ដែលរួមបញ្ចូលទាំងសាកលវិទ្យាល័យរបស់ចិន, ទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, សហគ្រាសរដ្ឋ និងស្ថានទូតចិន។

តួអង្គទាំងនេះបាននិងកំពុងធ្វើពិពិធកម្មទំនាក់ទំនងរបស់ពួកគេជាមួយនឹងក្រុមអ្នកវិភាគក្នុងតំបន់។ ក្រៅពីការបង្កើតបណ្តាញនិងភាពជាដៃគូ ប្រទេសចិនកំពុងឧបត្ថម្ភនិងរៀបចំនូវព្រឹត្តិការណ៍នានា, បង្កើតគម្រោងស្រាវជ្រាវរួមគ្នា និងបោះពុម្ភផ្សាយការស្រាវជ្រាវ រួមគ្នា។

ចាប់តាំងពីប្រធានាធិបតី Xi ចូលកាន់តំណែងនៅក្នុងឆ្នាំ ២០១២ មក ប្រទេសចិនបានផ្តួចផ្តើមបង្កើតបណ្តាញអ្នកវិភាគជាច្រើន ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមគោលនយោបាយការបរទេសរបស់ចិន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI), សហគមន៍ដែលមានអនាគតរួមគ្នា, កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន។

ប្រទេសចិនក៏បានរៀបចំសន្និសីទកម្រិតខ្ពស់ផងដែរ ដើម្បីជំរុញការនិទានរឿងរ៉ាវវិជ្ជមានអំពីរបៀបវារៈការទូតរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងអំឡុងវេទិកា «RCEP Media & Think-Tank» ដែលរៀបចំឡើងដោយប្រទេសចិន នៅក្នុងខែឧសភាឆ្នាំ ២០២២ អ្នកជំនាញចិនបានកំណត់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ថាជា «គំរូដ៏ជោគជ័យនៃតំបន់និយមបើកចំហ» និងបានមើលស្រាលចំពោះក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយបានលើកឡើងថា «វាគឺជាផែនការរបស់លោកខាងលិច ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន»។

ការចាត់ទុកកិច្ចព្រមព្រៀង «RCEP» ជានិមិត្តរូបនៃភាពបើកចំហនិងបរិយាប័ន្ន គឺជាចេតនារបស់ចិនក្នុងការបង្ហាញអំពីការគាំទ្ររបស់ខ្លួនចំពោះពាណិជ្ជកម្មសេរី និងពហុភាគីនិយម។ លើសពីនេះ ប្រទេសចិនបាន «បង្កើនការផ្សព្វផ្សាយដោយផ្ទាល់ទៅកាន់អ្នកវិភាគនីមួយៗ ជាពិសេសនៅក្នុងប្រទេសកម្ពុជា, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី» ដើម្បីពង្រឹងការនិទានរឿងរ៉ាវផ្លូវការរបស់ចិន និងដើម្បីជះឥទ្ធិពលលើមតិសាធារណៈក្នុងតំបន់។

ក្រុមហ៊ុន «Huaneng Group» ដែលជាក្រុមហ៊ុនថាមពលរដ្ឋឈានមុខគេរបស់ប្រទេសចិន «បានផ្តល់ការឧបត្ថម្ភដល់ការស្ទង់មតិថ្មីមួយស្តីពីការយល់ឃើញរបស់យុវជនកម្ពុជាចំពោះប្រទេសចិន»។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងរួមគ្នាដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាកិច្ចការបរទេសប៉េកាំង (Beijing Foreign Studies University) ជាមួយនិងមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ (The 21st Century Maritime Silk Road Research Center) (នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) និងបានរកឃើញថា «អ្នកឆ្លើយសំណួរជាទូទៅមានទស្សនៈវិជ្ជមានចំពោះការវិនិយោគរបស់ចិននៅកម្ពុជា»។

មជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ (The 21st Century Maritime Silk Road Research Center) បានបោះពុម្ពសៀវភៅមួយក្បាលគឺ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ : ការចូលរួមនៅក្នុងការអភិវឌ្ឍរបស់កម្ពុជាក្នុងឆ្នាំ ២០១៩»។ ក្នុងពិធីសម្ពោធសៀវភៅនេះ ទីប្រឹក្សានយោបាយរបស់ស្ថានទូតចិន លោក Zuo Wenxing បានលើកឡើងនូវក្តីសង្ឃឹមថា «សៀវភៅនេះនឹងក្លាយជាបង្អួចថ្មី ដើម្បីឱ្យប្រជាជនកម្ពុជាស្វែងយល់អំពី BRI ឱ្យបានកាន់តែច្បាស់»។

នៅក្នុងប្រទេសឥណ្ឌូណេស៊ី សហគមន៍គោលនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី (FPCI) គឺជាដៃគូដ៏ល្អរបស់ប្រទេសចិនពាក់ព័ន្ធនឹងការទូតអ្នកវិភាគ។ FPCI បានរៀបចំព្រឹត្តិការណ៍ជាច្រើនទាក់ទងនឹងប្រទេសចិន ដោយមានការសហការជាមួយស្ថានទូតចិនប្រចាំនៅទីក្រុងហ្សាកាតា ដូចជាវេទិកាប្រទេសចិន (២០២០) និងការប្រកួតប្រជែងវីដេអូ Halo China! (២០២១) ។

បេសកកម្មរបស់ចិនចំពោះអាស៊ាន បានផ្តល់ការឧបត្ថម្ភដល់កម្មវិធីសំឡេងយុវជនសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលរួមមានការប្រកួតសរសេរនិងបង្កើតគោលនយោបាយ (Writing Competition & Policy Lab) ក្នុងចំណោមនិស្សិត សាកលវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន។

អ្នកឈ្នះនឹងមានឱកាសចូលរួមនៅក្នុង «មន្ទីរពិសោធន៍គោលនយោបាយ» រយៈពេល ២ ថ្ងៃ ដែលក្នុងអំឡុងពេលនោះ ពួកគេនឹងបង្កើតអនុស្សរណៈស្តីពីគោលនយោបាយរួម, ចូលរួមជាមួយអ្នកបង្កើតគោលនយោបាយ និងទទួលបានអនុសាសន៍ដើម្បីអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅ ប្រទេសចិនតាមរយៈកម្មវិធីអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន។ FPCI បានធ្វើការស្ទង់មតិអាស៊ាន-ចិនជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០២០ និងតែងបង្ហាញអំពីការយល់ឃើញវិជ្ជមានរបស់អ្នកឆ្លើយតបចំពោះការចូលរួមរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងពិធីចាប់ ផ្តើមការស្ទង់មតិឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន លោក Deng Xijun បានផ្សព្វផ្សាយគំនិតផ្តួចផ្តើមអភិវឌ្ឍសកលរបស់ចិន (Global Development Initiative) និងថែមទាំងបានចំអកដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធភាពតូចតាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយក្នុងនោះលោកបានប្រកាសថា «ការសម្លុតមិនមែនជាចរិតលក្ខណៈរបស់ប្រទេសចិននោះទេ ហើយវាក៏នឹងមិនមានថ្ងៃកើតឡើងដែរ»។

នៅប្រទេសម៉ាឡេស៊ីមជ្ឈមណ្ឌល «Centre for New Inclusive Asia» (CNIA) ដែលបានចាត់ទុកខ្លួនឯងជា «សំឡេងឯករាជ្យរបស់តំបន់អាស៊ី ដែលមានលក្ខណៈបរិយាប័ន្ន» បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រផ្តាច់មុខជាមួយក្រុមអ្នកវិភាគចិន។ ការបោះពុម្ពផ្សាយរបស់មជ្ឈមណ្ឌល CNIA តែងតែលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

ក្នុងនាមជាសមាជិកស្ថាបនិកនៃបណ្តាញសិក្សាកិច្ចការអន្តរជាតិសម្រាប់សហគមន៍ ដែលមានអនាគតរួមគ្នា មជ្ឈមណ្ឌល CNIA បានសហការរៀបចំសន្និសីទ «ប្រទេសចិននិងពិភពលោក : ការផ្លាស់ប្តូរការពិត និងអនាគតរួម» នៅក្នុងខែកក្កដា ឆ្នាំ ២០២០។

នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធអ៊ីនធឺណិតរបស់ «Global Think Tanks» ដែលមានការចូលរួមពីប្រទេសចំនួន ២០ ដែលរៀបចំឡើងដោយវិទ្យាស្ថាន «Chongyang Institute for Financial Studies» របស់ប្រទេសចិនក្នុងខែឧសភា ឆ្នាំ ២០២២ ប្រធានមជ្ឈមណ្ឌល CNIA លោក Ong Tee Keat បានសម្តែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រធានាធិបតី Xi ។

ការចូលរួមយ៉ាងជិតស្និទ្ធរវាងចិននិងមជ្ឈមណ្ឌល CNIA គឺជាឧទាហរណ៍ដ៏រស់រវើកអំពីរបៀបដែលចិនប្រើប្រាស់សំឡេងរបស់អ្នកវិភាគក្នុងតំបន់ ដើម្បីពង្រីកការនិទានរឿងរ៉ាវរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ប៉ុន្តែ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង និងការវិនិយោគយ៉ាងច្រើនក៏ដោយ ក៏ការទូតអ្នកវិភាគរបស់ចិននៅតែជួបប្រទះនឹងបញ្ហាប្រឈម។

ដូចដែលបានបង្ហាញនៅក្នុងការស្ទង់មតិប្រចាំឆ្នាំលើរដ្ឋអាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ «ប្រទេសចិននៅតែជាមហាអំណាចដែលទទួលបានការទុកចិត្តតិចបំផុតពីឥស្សរជនគោលនយោបាយការបរទេសរបស់តំបន់អាស៊ីអាគ្នេយ៍» ដែលនេះបានបង្ហាញថា «កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការពង្រឹងមុខមាត់របស់ខ្លួនក្នុងនាមជាអ្នកគាំទ្រពហុភាគីនិយម និងការធ្វើពាណិជ្ជកម្មសេរីមិនទទួលបានផលច្រើននោះទេ»។

ជាងនេះទៅទៀត វិធីសាស្រ្តរបស់ចិនចំពោះការទូតអ្នកវិភាគបានផ្តោតជាចម្បងតែទៅលើការលើកកម្ពស់ការនិទានរឿងរ៉ាវដែលត្រូវបានជ្រើសរើសផ្ទាល់ដោយចិនខ្លួនឯង ជាជាងការសម្របសម្រួលឱ្យមានការផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់ជាមួយដៃគូរបស់ខ្លួន។ បញ្ហានេះនឹងរារាំងការចូលរួមដ៏ពិតប្រាកដជាមួយក្រុមអ្នកវិភាគក្នុងតំបន់ ដែលអាចផ្តល់នូវទស្សនវិស័យផ្សេងៗ និងការបំផុសគំនិតដើម្បីបំពេញតាមតម្រូវការ និងដោះស្រាយកង្វល់របស់ភាគីទាំងអស់។

ដើម្បីអាចយកឈ្នះលើបេះដូងនិងគំនិតរបស់ប្រជាជនអាស៊ីអាគ្នេយ៍ វាទាមទារឱ្យមានការធ្វើកិច្ចការជាច្រើន ក្រៅតែពីការព្យាយាមបង្ហាញរូបភាពវិជ្ជមានហួសហេតុរបស់ប្រទេសចិន និងការទទួលយកគំនិតតែពីភាគី ម្ខាង។ គេនៅរង់ចាំមើលថា «តើចិនពិតជាគោរពមតិយោបល់របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយនឹងមានចិត្តទូលាយក្នុងការទទួលយកការរិះគន់និងទស្សនៈផ្ទុយពីខ្លួនដែរឬទេ»៕

Fulcrum

អត្ថបទទាក់ទង