ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីប្រទេសឥណ្ឌូណេស៊ីមិនខ្លាចក្រុមហ៊ុន Huawei?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 70
ហេតុអ្វីប្រទេសឥណ្ឌូណេស៊ីមិនខ្លាចក្រុមហ៊ុន Huawei? ហេតុអ្វីប្រទេសឥណ្ឌូណេស៊ីមិនខ្លាចក្រុមហ៊ុន Huawei?

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់ចិន Huawei និង ZTE ប្រហែលជាបានបង្កើតភាពលេចធ្លោមួយសម្រាប់ខ្លួនពួកគេ នៅក្នុងទីផ្សារទូរគមនាគមន៍ដ៏ធំរបស់ឥណ្ឌូណេស៊ី ប៉ុន្តែក្រុមហ៊ុននានាដែលរកស៊ីនៅក្នុងវិស័យនេះ មានការមន្ទិលសង្ស័យយ៉ាងខ្លាំងទៅលើការអះអាងដែលថា រដ្ឋាភិបាលទីក្រុងហ្សាការតាបានអនុញ្ញាតឱ្យមានការជ្រៀតចូលខាងផ្នែកសន្តិសុខអ៊ីនធឺណិត នៅក្នុងស្ថាប័នរបស់ខ្លួន។

របាយការណ៍ដ៏វែងអន្លាយមួយដែលរៀបចំឡើងដោយក្រុមអ្នកស្រាវជ្រាវនៅឯស្ថាប័នវិភាគ Carnegie Endowment for International Peace បានលើកឡើងថា បើទោះបីជាមានការមិនទុកចិត្ពីសាធារណជនទូទៅនៅក្នុងប្រទេសចិនក៏ដោយ ក៏ក្រុមហ៊ុនទាំង ២ នេះ «បានធ្វើឱ្យខ្លួនពួកគេក្លាយជាទីប្រឹក្សាសន្តិសុខអ៊ីនធឺណិតប្រកបដោយជោគជ័យ និងគួរឱ្យទុកចិត្តបានសម្រាប់រដ្ឋាភិបាលឥណ្ឌូណេស៊ី»។

របាយការណ៍នោះបាននិយាយថា «ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​ប្រឈម​មុខនឹង​ការធ្វើបាតុកម្ម​តវ៉ា​ជុំវិញ​ការ​ព្រួយ​បារម្ភ​ដែលថា ​ពួកគេ​បាននិងកំពុងបំផ្លាញការងារក្នុងស្រុករបស់ពលរដ្ឋឥណ្ឌូណេស៊ី។ ប៉ុន្តែក្រុមហ៊ុន Huawei និង ZTE មិនបានទទួលជោគវាសនាបែបនោះទេ ហើយ​ក៏​មិន​មានសម្ព័ន្ធភាពទូលំទូលាយណាមួយនៃ​សំឡេង​ពលរដ្ឋឥណ្ឌូណេស៊ី​ ដែលប្រឆាំង​ទៅនឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ចិន​ នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដ៏សំខាន់ៗរបស់ពួកគេ​ដែរ»។

នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាអ្នកស្រាវជ្រាវ មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់ត្រូវបានគេដកស្រង់សម្តីមកថា «ប្រសិនបើយើងចេះតែភ័យខ្លាចមិនឈប់បែបនេះ នោះការអភិវឌ្ឍរបស់យើងនឹងនៅទ្រឹង»។

ដោយប្រៀបធៀបទៅនឹងការពិនិត្យពិច័យកាន់តែច្រើនឡើងៗពីសំណាក់លោកខាងលិច ជុំវិញការប្រើប្រាស់បច្ចេកវិទ្យារបស់ចិននៅក្នុងបណ្តាញអ៊ីនធឺណិតល្បឿនលឿន របាយការណ៍នោះបានអះអាងថា ក្រុមហ៊ុនទាំង ២ នេះអាចសម្រេចបានជោគជ័យនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយមិនបង្កការគម្រាមកំហែងណាមួយដល់វិស័យនយោបាយ និងការពារជាតិរបស់ឥណ្ឌូណេស៊ីជុំវិញចេតនារបស់ចិននោះទេ។

យោងតាមរបាយការណ៍ស្រាវជ្រាវឯកជនមួយ ក្រុមហ៊ុន Huawei ដែលជាប់ចំណាត់ថ្នាក់កំពូល បានគ្របដណ្ដប់ចំនួន ៣១,៧% នៃទីផ្សារឧបករណ៍ទូរគមនាគមន៍របស់ប្រទេសឥណ្ឌូណេស៊ីទាំងមូល ហើយក្រុមហ៊ុន Nokia ជាប់ចំណាត់ថ្នាក់លេខ ២ ដោយគ្របដណ្ដប់ចំនួន ១៤%។

ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ខ​របស់​ចិន​មួយនេះ បានធ្វើ​ហួស​ពី​ការ​លក់​ឧបករណ៍​សាមញ្ញៗនេះទៅទៀត ពោលគឺរួមបញ្ចូល​ទាំង​ការ​ដាក់​ឱ្យ​ដំណើរការប្រព័ន្ធ 5G របស់​ប្រទេស​នេះទៀតផង​។ ក្រុមហ៊ុន Huawei ក៏បានចាប់ផ្តើមអនុវត្តកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពដ៏សំខាន់មួយផងដែរ ដើម្បីដោះស្រាយបញ្ហាកង្វះអ្នកមានទេពកោសល្យខាងសន្តិសុខអ៊ីនធឺណិត និងអ្នកដែលដើរទាន់បច្ចេកវិទ្យា។

អ្នក​សរសេររបាយការណ៍នោះបាននិយាយ​ថា​ «​តាម​ទស្សនៈ​របស់​ឥណ្ឌូណេស៊ី​ ​ហានិភ័យនៃ​សន្តិសុខ​អ៊ីនធឺណិត​ដ៏ធំ​បំផុត គឺ​បរិយាកាស​អនឡាញ​របស់​ប្រទេសនេះ​មិន​មាន​ការ​ប្រកួត​ប្រជែង​គ្រប់គ្រាន់ដែលអាចបង្កើត​ការងារ​ឱ្យបានសមល្មម ឬ​ថា ​បរិស្ថាន​សន្តិសុខអ៊ីនធឺណិត ​មិន​មាន​សុវត្ថិភាព​គ្រប់គ្រាន់សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី​ទូទៅ​ក្នុង​ការ​អាចជឿ​ទុក​ចិត្ត​បានទេ»។

ដោយចង្អុលទៅការស្ទង់មតិរបស់វិទ្យាស្ថាន Lowy «គេនៅតែទទួលស្គាល់សកម្មភាពដ៏អាក្រក់របស់ប្រទេសចិនតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែហានិភ័យដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនោះមិនធំណាស់ណានោះទេ បើប្រៀបធៀបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខជាច្រើនផ្សេងទៀត ដូចជាកូវីដ-១៩, អំពើភេរវកម្ម និងបញ្ហាកង្វះស្បៀងអាហារ»។

ដូចគ្នានេះដែរ សៀវភៅសការពារជាតិឆ្នាំ ២០០៨ គឺជាលើកដំបូងបំផុតហើយដែលឥណ្ឌូណេស៊ីទទួលស្គាល់ភាពទន់ខ្សោយខាងផ្នែកសន្តិសុខអ៊ីនធឺណិតរបស់ខ្លួន ដោយសារតែភាពងាយរងគ្រោះចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកំពុងកើនឡើង ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត និងចំនួនអ្នកប្រើប្រាស់ទូរសព្ទដៃដែលបច្ចុប្បន្ននេះមានរហូតដល់ទៅជិត ២០០ លាននាក់។

ការសិក្សានោះបានអះអាងថា ការមិនមានឯករាជ្យខាងបច្ចេកវិទ្យានិងអ៊ីនធឺណិត មិនត្រឹមតែអាចប្រែក្លាយប្រទេសឥណ្ឌូណេស៊ីឱ្យទៅជាទីផ្សារដ៏ធំសម្រាប់ផលិតផលបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រទេសនេះពិបាកគ្រប់គ្រង «ការគំរាមកំហែងខាងផ្នែកបច្ចេកវិទ្យាដ៏មានសក្ដានុពលនានាដែលបង្កឡើងដោយតួអង្គមួយចំនួនដើម្បីធ្វើឱ្យឥណ្ឌូណេស៊ីចុះខ្សោយទៀតផង»។

តម្លៃថោក បានផ្តល់ឱ្យក្រុមហ៊ុន Huawei នូវចំណុចលេចធ្លោមួយនៅក្នុងការប្រកួតប្រជែងរបស់ខ្លួន ប៉ុន្តែនោះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ឯកសារនោះបានកត់សម្គាល់ថា ក្រុមហ៊ុននេះក៏បាននិងកំពុងផ្តល់ការបណ្ដុះបណ្ដាលផ្នែកសន្តិសុខអ៊ីនធឺណិត និងផ្នែកដែលទាក់ទងផ្សេងៗទៀតក្នុងទំហំ «ដ៏ធំមហិមា» ដល់ក្រុមមនុស្សជាច្រើន រាប់ចាប់ពីមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល រហូតដល់និស្សិតនៅតាមជនបទនៃប្រទេសឥណ្ឌូណេស៊ី។

ប្រភពពីខាងវិស័យនេះបានចោទសួរពីការអះអាងរបស់ក្រុមហ៊ុន Huawei ដែលថា បុគ្គលិកចំនួន ១០០ ០០០ នាក់ អាចនឹងត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេល ៥ ឆ្នាំ។ ប្រភពនោះបានលើកឡើងថា «តួលេខនោះជាការបំផ្លើសទាំងស្រុង។ ប៉ុន្តែគេច្បាស់ណាស់ថា ពួកគេ (ជនជាតិចិន) ទាំងនោះគឺជាការគំរាមកំហែងមួយ ដូចអ្វីដែលទង្វើរបស់ពួកគេបានធ្វើនៅក្នុងប្រទេសផ្សេងទៀតដូច្នោះដែរ»។

ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិជ្ជាលោកខាងលិចត្រូវបានបង្ខំឱ្យចែករំលែកទិន្នន័យរបស់ពួកគេ តែជាមួយនឹងទីភ្នាក់ងារអនុវត្តច្បាប់ ហើយបន្ទាប់មកត្រូវសម្របទៅតាមផលប្រយោជន៍ក្នុងស្រុក ក្រុមហ៊ុនដែលកំពុងរកស៊ីនៅក្នុងប្រទេសចិនមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីផ្តល់ព័ត៌មានជាសកល ដល់រដ្ឋាភិបាលចិនតែប៉ុណ្ណោះ។

របាយការណ៍របស់ស្ថាប័ន Carnegie នេះបាននិយាយថា ការពឹងផ្អែកលើបច្ចេកវិទ្យារបស់ចិន អាចនឹងធ្វើឱ្យផលប្រយោជន៍នយោបាយរបស់ប្រទេសដូចជាឥណ្ឌូណេស៊ីនេះ ដើរស្របគ្នាជាមួយនឹងប្រទេសចិន។ របាយការណ៍នោះបាននិយាយថា «ចំណុចព្រួយបារម្ភធំៗផ្សេងទៀតគឺអំពើចារកម្មរបស់ប្រទេសចិន និងហានិភ័យយូរអង្វែង (បើទោះបីជាមិនទាន់មកដល់ក៏ដោយ) ដោយក្រុមហ៊ុនរបស់ចិនណាដែលមានតួនាទីលេចធ្លោនៅក្នុងប្រព័ន្ធអេកូឡូស៊ី ICT អាចនឹងត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំង ដើម្បីអនុវត្តការដាក់សម្ពាធនយោបាយដោយបង្ខិតបង្ខំ»។

ឥណ្ឌូណេស៊ីជាប្រទេសមួយដែលមានវិស័យទូរគមនាគមន៍រីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក ដោយក្នុងនោះរបាយការណ៍មួយបានប៉ាន់ប្រមាណពីតម្លៃទំនិញសរុបនៅក្នុងវិស័យ e-commerce របស់ប្រទេសនេះថាមានទំហំដល់ទៅ ៣២ ពាន់លានដុល្លារ ហើយរដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹងថា សេដ្ឋកិច្ចឌីជីថលដែលកាន់តែទូលំទូលាយជាងមុនរបស់ខ្លួននឹងឈានដល់ទំហំ ១៤៦ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។

ការនោះទាមទារឱ្យមានការផ្ទុកទិន្នន័យដែលកាន់តែមានប្រសិទ្ធភាពជាងមុន។ បច្ចុប្បន្ន មានមជ្ឈមណ្ឌលទិន្នន័យជាង ៣០ កន្លែងនៅក្នុងទីក្រុងហ្សាកាតា ដែលគ្រប់គ្រាន់សម្រាប់ជួយដល់ការរំពឹងទុកនោះ បើទោះបីជាប្រភពមួយនៅក្នុងឧស្សាហកម្មនេះបាននិយាយថា មានមជ្ឈមណ្ឌលទិន្នន័យតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានដំណើរការល្អ។

ក្នុង​ចំណោម​មជ្ឈមណ្ឌលទិន្នន័យ​ទាំង​នោះ មាន​ ៣ កន្លែង​ដែល​ទើប​ដំឡើង​រួចរាល់ដោយ​ក្រុមហ៊ុន Amazon និងដែលមានតម្លៃ​ជិត ១ ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនរដ្ឋ PT Telkom របស់ឥណ្ឌូណេស៊ី កំពុងសហការគ្នាលើសេវាកម្មដែលពឹងផ្អែកលើបច្ចេកវិទ្យា Cloud ហើយក្រុមហ៊ុន IBM ក៏កំពុងសាងសង់មជ្ឈមណ្ឌលមួយរបស់ខ្លួននៅតំបន់ Karawang ភាគខាងកើតនៃទីក្រុងហ្សាកាតាផងដែរ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់យ៉ាងច្បាស់ហើយថា ខ្លួនចង់សាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិផ្ទាល់ខ្លួនសម្រាប់ក្រសួង និងទីភ្នាក់ងារជាតិនានារបស់ខ្លួន ដោយមិនមានការចូលរួមពាក់ព័ន្ធពីសំណាក់បរទេសណាមួយឡើយ ក្រៅតែពីការផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះ។ ក្នុងនោះ ប្រទេសកូរ៉េខាងត្បូងបានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ១០០ លានដុល្លារ សម្រាប់ការចាប់ផ្តើមជំហានដំបូង។

នាយកប្រតិបត្តិបច្ចេកវិទ្យាបរទេសជាន់ខ្ពស់ម្នាក់ ដែលមានចំណេះដឹងពាក់ព័ន្ធនឹងទីផ្សារក្នុងវិស័យនេះបាននិយាយថា «មានការមិនទុកចិត្តជាច្រើនទៅលើក្រុមហ៊ុនផ្តល់សេវាកម្ម Cloud បរទេស ប៉ុន្តែខ្ញុំមិនដឹងថា តើវាជាការព្រួយបារម្ភអំពីសុវត្ថិភាព ឬមួយក៏ជាការចង់គ្រប់គ្រងដោយខ្លួនឯងនោះទេ»។

ក្រសួងទូរគមនាគមន៍ឥណ្ឌូណេស៊ីកំពុងគ្រោងតម្លើងមជ្ឈមណ្ឌលទិន្នន័យជាតិនៅទីក្រុងហ្សាកាតា, ទីក្រុង Batam ដែលជាកោះមួយនៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី, ទីក្រុង Flores នៅភាគខាងលិចប្រជុំកោះ West Nusa Tenggara និងនៅភាគខាងកើតកោះ Kalimantan ជាកន្លែងដែលរដ្ឋបាលរបស់លោក Widodo មានបំណងចង់សាងសង់ជារដ្ឋធានីជាតិថ្មីមួយ ដែលមានតម្លៃ ៣២ ពាន់លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ឥណ្ឌូណេស៊ី លោក Johnny Plate បាននិយាយថា ដោយសារតែទិន្នន័យគឺជា «យុទ្ធសាស្ត្រ» ដូច្នេះ វាទាមទារឱ្យមានការគ្រប់គ្រង និងមានហេដ្ឋារចនាសម្ព័ន្ធដែលកាន់តែប្រសើរជាងមុន ខណៈពេលដែលការប្រើប្រាស់ភ្លើងបានកើនឡើងពី ១ វ៉ាត់ទៅ ១០ វ៉ាត់ក្នុងមនុស្សម្នាក់ ដែលបង្កើតឱ្យមានតម្រូវការអគ្គិសនីកើនឡើងក្នុងទំហំ ២ ៧០០ មេហ្គាវ៉ាត់។

ទីភ្នាក់ងាររដ្ឋាភិបាលអូស្ត្រាលីមានពេល ២ ឆ្នាំ ដើម្បីឈប់ប្រើសេវាកម្មរបស់ក្រុមហ៊ុន Global Switch ដែលថ្ងៃផុតកំណត់នឹងត្រូវបន្តដល់ខែកក្កដា ឆ្នាំ ២០២២។ វាជាកិច្ចការដ៏មានតម្លៃថ្លៃមួយ ដោយសារតែការបង់ថ្លៃលើការបញ្ចប់កិច្ចសន្យាមុនកាលកំណត់ និងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ទួនគ្នា។

ការិយាល័យ​ពន្ធដារ​អូស្ត្រាលី​ត្រូវ​បង្ខំ​ចិត្ត​ចំណាយ​ថវិកាចំនួន ៤៥ ​លាន​ដុល្លារ​ដើម្បីទាញយកទិន្នន័យមកដាក់ក្នុងមជ្ឈមណ្ឌល​ទិន្នន័យ​កង់បេរ៉ា ដែល​គ្រប់គ្រង​ដោយ​អូស្ត្រាលីខ្លួនឯង។ ក្រសួងការពារជាតិអូស្ត្រាលីបានដកចេញនូវទិន្នន័យសម្ងាត់ស្ទើរតែភ្លាមៗ ប៉ុន្តែបានចំណាយពេលយូរណាស់ដើម្បីបង់ថ្លៃចំនួន ១៥១ លានដុល្លារ។

ក្រសួងមហាផ្ទៃ, ក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងគណៈកម្មការមូលបត្រ និងវិនិយោគអូស្ត្រាលី សុទ្ធតែបានអនុវត្តតាមរបៀបដូចគ្នានេះ។ សូម្បីតែក្រុមហ៊ុន Amazon ដែលបានប្រើសេវាកម្មរបស់ក្រុមហ៊ុន Global Switch នៅពេលដែលខ្លួនបានចូលមកក្នុងទីផ្សាររបស់អូស្ត្រាលីដំបូងនៅឆ្នាំ ២០១៧ ក៏បានផ្លាស់ទីទិន្ន័យរបស់ខ្លួនទៅកន្លែងផ្សេងទៀតដែរ ដោយបានចំណាយយ៉ាងច្រើនដើម្បីធានាថា ខ្លួនអាចបន្តធ្វើអាជីវកម្មជាមួយរដ្ឋាភិបាលអូស្ត្រាលីតទៅទៀតបាន។

អ្នកជំនាញនានាបាននិយាយថា បន្ទះសៀគ្វីរបស់ក្រុមហ៊ុន Huawei មានភាពល្បីល្បាញខ្លាំងណាស់ ប៉ុន្តែគុណវិបត្តិរបស់វាគឺក្រុមហ៊ុននេះអាចបង្កើត «ច្រកទ្វារក្រោយ – backdoors» ហើយបង្កប់ទៅក្នុងឧបករណ៍របស់ពួកគេបានយ៉ាងងាយស្រួល ដោយជួយឱ្យក្រុមហ៊ុននិងភ្នាក់ងារចារកិច្ចរបស់ចិន អាចចូលអានព័ត៌មានរសើបៗបាន។

ការព្រួយបារម្ភពិតប្រាកដសម្រាប់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតនោះគឺថា ប្រទេសចិនអាចបង្កើតមេរោគកុំព្យូទ័រដែលដូចគ្នាទៅនឹងមេរោគមានឈ្មោះថា Stuxnet ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើដើម្បីជ្រៀតចូលទៅបំផ្លាញទីតាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងមានប្រសិទ្ធភាព៕

Asia Times