ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំកំពូល G20 មានសារៈសំខាន់ខ្លាំង ហេតុដូច្នេះហើយ វាដល់ពេលហើយដែលគេត្រូវសម្របសម្រួលជាមួយរុស្ស៊ី និងសង្គ្រោះសេដ្ឋកិច្ចពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 138
កិច្ចប្រជុំកំពូល G20  មានសារៈសំខាន់ខ្លាំង ហេតុដូច្នេះហើយ វាដល់ពេលហើយដែលគេត្រូវសម្របសម្រួលជាមួយរុស្ស៊ី និងសង្គ្រោះសេដ្ឋកិច្ចពិភពលោក កិច្ចប្រជុំកំពូល G20 មានសារៈសំខាន់ខ្លាំង ហេតុដូច្នេះហើយ វាដល់ពេលហើយដែលគេត្រូវសម្របសម្រួលជាមួយរុស្ស៊ី និងសង្គ្រោះសេដ្ឋកិច្ចពិភពលោក

នៅថ្ងៃទី ១២ និង ១៣ ខែឧសភាខាងមុខនេះ មេដឹកនាំអាស៊ាននឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅសេតវិមាន សម្រាប់កិច្ចប្រជុំកំពូលរវាងអាមេរិក-អាស៊ាន ដែលត្រូវបានរៀបចំឡើងជាលើកដំបូងចាប់តាំងពីវីរុសរាតត្បាតបានចាប់ផ្ដើម។

កិច្ចប្រជុំកំពូលនេះនឹងក្លាយជាមធ្យោបាយមួយសម្រាប់អាស៊ានក្នុងការលើកឡើងអំពីអ្វីដែលខ្លួនចង់បានពីសហរដ្ឋអាមេរិក ហើយវាក៏ជាពេលវេលាដ៏សំខាន់ផងដែរសម្រាប់កិច្ចសន្ទនាបន្ទាន់រវាងសេតវិមាន និងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ។

ហានិភ័យមានកម្រិតខ្ពស់ណាស់ ហើយវាមិនត្រឹមតែជាប់ពាក់ព័ន្ធនឹងសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ការគាំទ្រដល់តួនាទីដឹកនាំរបស់ឥណ្ឌូណេស៊ីដែលកំពុងលេចធ្លោរនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានជាប់ពាក់ព័ន្ធនឹងលទ្ធភាពរបស់វេទិកា G20 ក្នុងការសម្របសម្រួលការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ពីវីរុសរាតត្បាតផងដែរ បូករួមនឹងការដោះស្រាយបញ្ហាជាសកលជាច្រើនផ្សេងទៀត។

តួនាទីរបស់ឥណ្ឌូណេស៊ីនៅក្នុងក្រុម G20 ក៏ដូចជាឥទ្ធិពលរបស់ប្រទេសនេះនៅក្នុងអាស៊ាន បានធ្វើឱ្យឥណ្ឌូណេស៊ីមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់សហរដ្ឋអាមេរិក។ ទេពកោសល្យការទូតរបស់ឥណ្ឌូណេស៊ីគឺ «ការកសាងស្ពានដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍដែលជាកម្លាំងរួមនៅក្នុងក្រុមប្រទេស G20»។

របៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G20 ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាប្រធាននៅឆ្នាំនេះ នឹងផ្តោតលើការនាំមកនូវផលប្រយោជន៍ជាច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងការស្តារឡើងវិញប្រកបដោយសមធម៌ និងនិរន្តរភាព។

ផ្ទៃដីដ៏ធំរបស់ឥណ្ឌូណេស៊ី ព្រមទាំងភាពស្របច្បាប់ និងប្រពៃណីនៃការមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន បានបង្ហាញថា «ប្រទេសនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមប្រទេស G20 នៅក្នុងគ្រាដ៏លំបាកបែបនេះ»។

សហរដ្ឋអាមេរិកក៏ប្រហែលជាត្រូវការប្រទេសឥណ្ឌូណេស៊ីខ្លាំងផងដែរ ដោយផ្អែកលើក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋបាលរបស់ Biden ហើយ អាមេរិកពិតជាត្រូវការការគាំទ្រពីឥណ្ឌូណេស៊ីដើម្បីអាចសម្រេចបាននូវរាល់កិច្ចការដែលខ្លួនធ្វើនៅក្នុងតំបន់អាស៊ី។

ប៉ុន្តែ ឥណ្ឌូណេស៊ីមិនសូវរវីរវល់លើរឿងនយោបាយរបស់ប្រទេសមហាអំណាចឡើយ ដែលនេះក៏ដោយសារតែប្រទេសនេះបានប្រកាន់យកជំហរមិនចូលបក្សសម្ព័ន្ធយ៉ាងម៉ឺងម៉ាត់។

ករណីនេះអាចនឹងនាំមកនូវបញ្ហាប្រឈម ជាពិសេសនៅពេលមានការកើនឡើងនូវការបញ្ចូលបញ្ហាភូមិសាស្ត្រនយោបាយទៅក្នុងវេទិកាសេដ្ឋកិច្ចនានា ដូចជា APEC និងជាពិសេសគឺវេទិកា G20 នេះ ដែលជាដំណើរការមួយដែលបានបង្កើនល្បឿនយ៉ាងខ្លាំងចាប់តាំងពេលកើតមានការឈ្លានពានរបស់លោក Vladimir Putin លើប្រទេសអ៊ុយក្រែន។

នៅពេលដែលមេដឹកនាំអាមេរិកនិងអាស៊ានជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន ចំណុចមួយដែលនឹងត្រូវលើកយកមកពិភាក្សាគឺ «ការស្វែងរកមធ្យោបាយសម្រាប់ប្រទេសឥណ្ឌូណេស៊ី និងក្រុមប្រទេសលោកខាងលិច ដើម្បីទប់ស្កាត់ការកើតមានវិបត្តិការទូតដែលអាចនឹងបង្កការបំផ្លាញដល់របៀបវារៈនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមាននៅក្នុងកិច្ចប្រជុំកំពូល G20 បូករួមនឹងការដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដទៃទៀត ដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»។

នយោបាយរបស់ក្រុមប្រទេស G20 មានលក្ខណៈស្មុគស្មាញសម្រាប់ប្រធានាធិបតីឥណ្ឌូណេស៊ី Jokowi Widodo។ ជោគជ័យនៃភាពជាប្រធានរបស់ប្រទេសឥណ្ឌូណេស៊ីមានសារៈសំខាន់ណាស់សម្រាប់រូបលោក ដោយក្នុងនោះ វាអាចនឹងក្លាយជាកេរដំណែលដ៏ត្រចះត្រចង់មួយ ខណៈពេលដែលលោកកំពុងត្រៀមខ្លួនចាកចេញពីតំណែងនៅឆ្នាំ ២០២៤។

ផ្អែកលើហេតុផលនេះហើយ ទើបបានជាប្រទេសឥណ្ឌូណេស៊ីត្រូវបង្ខំចិត្តទទួលយកទស្សនៈរបស់សមាជិកក្រុមប្រទេស G20 មួយចំនួនដែលថា «វាគឺជារឿងដ៏ខុសឆ្គងក្នុងការផ្តល់ឱកាសឱ្យលោក Vladimir Putin ចូលរួមនៅក្នុងប្រព័ន្ធអន្តរជាតិ តាមរយៈការចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី»។ ប្រទេសខ្លះថែមទាំងបានលើកឡើងអំពីការធ្វើពហិការ ប្រសិនបើលោក Putin មកចូលរួមនៅក្នុងកិច្ចប្រជុំនេះទៀតផង។

ឥណ្ឌូណេស៊ីអាចដោះស្រាយបញ្ហានេះបាន ហើយអាចធ្វើឱ្យកិច្ចប្រជុំ G20 ដំណើរការទៅមុខតាមការគ្រោងទុក តាមរយៈការអនុវត្ត «ការទូតស្ងៀមស្ងាត់ – Quiet Diplomacy» ដែលជាមធ្យោបាយមួយ ដែលជួយធ្វើឱ្យលោក Putin ស្ថិតនៅឆ្ងាយពីកិច្ចប្រជុំកំពូលនៅកោះបាលីនេះ។

ប៉ុន្តែ មតិសាធារណៈទាក់ទងនឹងបញ្ហានយោបាយនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅក្នុងពេលបច្ចុប្បន្ននេះ កំពុងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ប្រទេសនេះ ដែលមួយផ្នែកគឺដោយសារសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានប្រកាសអំពីគោលជំហររបស់ពួកគេជាសាធារណៈរួចទៅហើយ។

ការមិនអញ្ជើញរុស្ស៊ីឱ្យមកចូលរួមនឹងធ្វើឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីប្រឈម មុខនឹងការចោទប្រកាន់នៅក្នុងស្រុកថា «ខ្លួនកំពុងរងសម្ពាធពីលោកខាងលិច»។

មតិសាធារណៈនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានគាំទ្រលោក Putin តាំងពីដំបូងទី ដោយសារតែមនោសញ្ចេតនាប្រឆាំងនឹងលោកខាងលិចនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែសតិអារម្មណ៍នេះបាននិងកំពុងផ្លាស់ប្តូរនៅពេលដែលពួកគេ ទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីជម្លោះនេះ ជាពិសេសគឺការកើនឡើងយ៉ាងគំហុកនូវតម្លៃម្ហូបអាហារ និងថាមពល។

ការចូលរួមរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អាចនឹងផ្តល់ឱកាសដល់ការគ្រប់គ្រងនិងដោះស្រាយជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ីនៅឯកិច្ចប្រជុំកំពូល G20។ ប្រទេសអ៊ុយក្រែន និងរុស្ស៊ី អាចធ្វើការពិភាក្សាគ្នានៅខាងក្រៅជំនួបកំពូលនេះបាន ដោយមានការសម្របសម្រួលពីសំណាក់ប្រទេសតួកគី ឬពីប្រទេសជា សមាជិក G20 ផ្សេងទៀតដែលជាប្រទេសមិនចូលបក្សសម្ព័ន្ធ។

វិធីណាក៏ដោយ ដែលអាចជួយឱ្យកិច្ចប្រជុំកំពូល G20 ផ្តោតលើរបៀបវារៈនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបាន គឺសុទ្ធតែជារឿងអាទិភាព។

ការបង្កើតក្របខណ្ឌមួយដែលផ្តោតទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីសង្គ្រាម បូករួមនឹងក្របខណ្ឌសម្រាប់ដំណោះស្រាយក្រោយពេលដែលសង្គ្រាមនៅអឺរ៉ុបត្រូវបានបញ្ចប់ ដែលរួមមានទាំងលក្ខខណ្ឌក្នុងការដកទណ្ឌកម្ម និងការកសាងសេដ្ឋកិច្ចរបស់អ៊ុយក្រែននិងរុស្ស៊ីឡើងវិញ គឺសុទ្ធតែជារឿងដ៏សំខាន់។

នៅក្រោយពេលសង្គ្រាមត្រូវបានបញ្ចប់ ប្រទេសរុស្ស៊ីត្រូវតែក្លាយជាប្រទេសអាល្លឺម៉ង់នៅក្រោយសង្រ្គាមលោកលើកទី២  មិនមែនជាប្រទេសអាល្លឺម៉ងក្រោយសង្គ្រាមលោកលើកទី១ នោះឡើយ។

លោកប្រធានាធិបតី Widodo បានយល់យ៉ាងច្បាស់អំពីទំហំនៃការខាតបង់ ប្រសិនលោកទទួលបរាជ័យ តួយ៉ាងដូចជាការដែលលោកអាចនឹងត្រូវប្រឈមមុខនឹងការវាយប្រហារផ្នែកនយោបាយ ដោយសារតែការកើនឡើងនៃតម្លៃម្ហូបអាហារជាដើម។ ជាការឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឆាដែលចម្រាញ់ចេញពីប្រេងដូង រដ្ឋាភិបាលឥណ្ឌូណេស៊ីបានធ្វើការកំណត់ពិដានតម្លៃនៃផលិតផលនេះកាលពីខែមករា។

ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ក្នុងស្រុក និងតម្លៃ ឥឡូវនេះរដ្ឋាភិបាលឥណ្ឌូណេស៊ី បានហាមឃាត់ការ នាំចេញប្រេងដូងឆៅ ដែលជាហេតុធ្វើឱ្យទីផ្សារពិភពលោកធ្លាក់ទៅក្នុងភាពច្របូកច្របល់ និងបានធ្វើឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីខាតបង់ចំណូលពន្ធអស់រាប់ពាន់លានដុល្លារក្នុងមួយខែៗ។ ប្រសិនបើគោលនយោបាយហាមឃាត់ការនាំចេញបែបនេះត្រូវបានគេអនុវត្តនៅទូទាំងពិភពលោក នោះការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយវីរុសរាតត្បាតនឹងរងនូវការរាំងស្ទះ។

ជាមួយនឹងប្រព័ន្ធពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងស្ថានភាពលំបាក កិច្ចប្រជុំកំពូល G20 គឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់ពិភពលោកសម្រាប់ការសន្ទនា និងការសម្របសម្រួលគោលនយោបាយ ដើម្បីទប់ស្កាត់ការឆ្លើយតបមិនសមស្របរបស់ប្រទេសនីមួយៗទៅនឹងបញ្ហាអតិផរណា, ការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ។

របៀបវារៈនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងការធ្វើពាណិជ្ជកម្ម គឺជាបន្ទុកដែលលើសពីសមត្ថភាពគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងក្រុមប្រទេស G7 (ដែលទំហំពាណិជ្ជកម្មសរុបរវាងពួកគេមានចំនួនត្រឹមតែ ២៧%ប៉ុណ្ណោះនៃទំហំពាណិជ្ជកម្មពិភពលោក) ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងក្រុមប្រទេស G20។

ផ្អែកលើហេតុផលទាំងនេះកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានមានសារៈសំខាន់ណាស់ ពីព្រោះវាគឺជាឱកាសមួយដែល ភាគីពាក់ព័ន្ធសំខាន់ៗ នៅក្នុងផែនការតំបន់ អាចផ្ញើសារទៅកាន់មេដឹកនាំអាមេរិកទាក់ទងនឹងបញ្ហាអាទិភាពសំខាន់ៗ។ សម្រាប់ប្រទេសឥណ្ឌូណេស៊ី វាគឺជាឱកាសមួយដែលអាចធ្វើឱ្យសហរដ្ឋអាមេរិកទទួលស្គាល់អំពីភាពជាអ្នកដឹកនាំរបស់ឥណ្ឌូណេស៊ីនៅក្នុងកិច្ចការពិភពលោក ដោយផ្អែកលើគុណតម្លៃនិងទិដ្ឋភាពនយោបាយក្នុងស្រុក៕ East Asia Forum

អត្ថបទទាក់ទង