ខ្មែរប៉ុស្ដិ៍ Close

តើអ្វីជាគោលនយោបាយ Kishidanomics?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 66
តើអ្វីជាគោលនយោបាយ Kishidanomics? តើអ្វីជាគោលនយោបាយ Kishidanomics?

កាលពីថ្ងៃទី ១៤ ខែតុលាកន្លងទៅ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនគឺលោក Kishida Fumio បានរំលាយសភាតំណាងរាស្រ្ត ដើម្បីបើកផ្លូវឱ្យការបោះឆ្នោតសកលមួយនៅថ្ងៃទី ៣១ ខែតុលា។

នៅក្នុងដំណើរឆ្ពោះទៅរកការ បោះឆ្នោតជាតិនោះ ប្រជាជនជប៉ុនភាគច្រើនមានការព្រួយបារម្ភ អំពីគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលរបស់លោក Kishida ជាខ្លាំង។ តើអ្វីជាលក្ខណៈសម្បត្តិ និងទស្សនវិស័យនៃគោលនយោបាយសេដ្ឋកិច្ចរបស់លោក Kishida ឬ «Kishidanomics»?

កាលពីថ្ងៃទី ៨ តុលាកន្លងទៅ លោក Kishida បានថ្លែងសុន្ទរកថាអំពីគោលនយោបាយទូទៅ របស់លោកនៅឯសភា Diet ដោយបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់លោក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតកូវីដ-១៩ តាមរយៈការបង្កើត «របបមូលធននិយមជប៉ុនថ្មីមួយ»។

ដោយផ្អែកលើ «វដ្ដនៃកំណើន និងការបែងចែកទ្រព្យសម្បត្តិឡើងវិញ ប្រកបដោយសមធម៌» របស់ជប៉ុន គោលនយោបាយសេដ្ឋកិច្ចថ្មីនេះ អាចនឹងដើរតួជំនួសឱ្យយុទ្ធសាស្ត្រ «សេរីនិយមបែបថ្មី» ដែលបានរួមចំណែក នៅក្នុងការពង្រីកគម្លាតសេដ្ឋកិច្ចរវាងអ្នកមាន និងអ្នកក្រនៅក្នុងសង្គមជប៉ុន។

គេរំពឹងថា «លោក Kishida នឹងត្រៀមកញ្ចប់ថវិកាដ៏ធំមួយ សម្រាប់ប្រើនៅក្នុងវិធានការចម្បង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតកូវីដ-១៩»។ សម្រាប់រយៈពេលវែង លោកអាចនឹងព្យាយាមអនុវត្តនូវយុទ្ធសាស្ត្របែងចែកប្រាក់ចំណូលឡើងវិញ ដើម្បីដោះស្រាយបញ្ហាវិសមភាពនៃប្រាក់ចំណូល ហើយលោកក៏មានបំណងបញ្ចប់បញ្ហាបរិត្តផរណា (Deflation) ដែលបានអូសបន្លាយពេលដ៏យូរនៅក្នុងសេដ្ឋកិច្ចរបស់ជប៉ុនផងដែរ។

រដ្ឋបាលរបស់លោក Kishida មានបំណងបន្តប្រកាន់ខ្ជាប់នូវកត្តាជំរុញសេដ្ឋកិច្ចចម្បងៗនៅក្នុង «គោលនយោបាយសេដ្ធកិច្ចរបស់លោក Abe »«Abenomics» ដែលរួមមានគោលនយោបាយរូបិយវត្ថុ, សារពើពន្ធ និងយុទ្ធសាស្ត្រកំណើន ដែលត្រូវបានអនុវត្តដោយអតីតនាយករដ្ឋមន្ត្រី Shinzo Abe និងការកំណត់គោលដៅ ដើម្បីសម្រេចឱ្យបាននូវអត្រាអតិផរណាក្នុងរង្វង់ ២% ដោយសហការជាមួយធនាគារកណ្ដាលរបស់ជប៉ុន។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ លោក Kishida បានគាំទ្រដល់ការអនុវត្តនូវគោលនយោបាយជំនាន់ថ្មីមួយគឺ «ផែនការបង្កើនប្រាក់ចំណូលទ្វេដង» របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន Ikeda Hayato (ឆ្នាំ ១៩៦១) ដោយដាក់ឈ្មោះថ្មីថា «Kishidanomics»។

អ្នកសេដ្ឋកិច្ចជប៉ុនមួយចំនួនធ្លាប់បានលើកឡើងរួចមកហើយ អំពីដែនកំណត់នៃផែនការប្រកបដោយមហិច្ឆតារបស់នាយករដ្ឋមន្រ្តីថ្មីនេះ ដោយក្នុងនោះ លោកសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច Sato Motohiro នៃសាកលវិទ្យាល័យ Hitotsubashi University បានចង្អុលបង្ហាញថា «ក្នុងពេលបច្ចុប្បន្ននេះ ផែនការនេះនៅមិនទាន់មានភាពលម្អិតគ្រប់គ្រាន់នៅឡើយទេ ជាពិសេសពាក់ព័ន្ធនឹងរបៀបដែលរដ្ឋបាលថ្មីនេះនឹងទទួលបានប្រាក់ចំណូលដើម្បីអាចធ្វើការបែងចែកទ្រព្យសម្បត្តិឡើងវិញ។ លោក Kaya Keiichi អ្នកយកព័ត៌មាន របស់កាសែត Newsweek ក៏បានអះអាងដូចគ្នាដែរថា «គោលនយោបាយ Kishidanomics មានភាពស្មុគស្មាញណាស់»។

ដោយលើកឡើងអំពីឧទាហរណ៍ជាក់លាក់មួយ លោក Kishida បានសន្យាថានឹងពង្រឹងប្រព័ន្ធប្រាក់សោធននិវត្តន៍របស់ជប៉ុនឡើងវិញ តាមរយៈការលើកទឹកចិត្តឱ្យកម្មករ និយោជិតដែលធ្វើការងារក្រៅម៉ោង អាចចូលរួមនៅក្នុងប្រព័ន្ធនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក Kaya បានអះអាងថា «បើទោះបីជាកម្មករ និយោជិតដែលធ្វើការងារក្រៅម៉ោងទាំងអស់នាំគ្នាបង់ថ្លៃសោធននិវត្តន៍ក៏ដោយ ក៏វានឹងមិនគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការពង្រីកប្រព័ន្ធនេះនៅក្នុងរយៈពេលវែងនោះដែរ»។

ជាការពិតណាស់ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់រដ្ឋបាល Kishida អាចមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងអ្វីដែលគេបានឃើញរួចមកហើយនៅក្រោមអាណត្តិរបស់លោក Abe និងលោក Suga។

លោក Suzuki Shunichi ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន បានប្តេជ្ញាថា «លោកនឹងប្រកាន់ខ្ជាប់នូវការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ, ភាពបត់បែននៃការចំណាយផ្នែកសារពើពន្ធ និងធានាឱ្យបាននូវយុទ្ធសាស្ត្រកំណើន» ខណៈដែល លោក Yamagiwa Daishiro ដែលជារដ្ឋមន្រ្តីទទួលបន្ទុកផ្នែកស្តារសេដ្ឋកិច្ចឡើងវិញ បានថ្លែងថា «រដ្ឋាភិបាលជប៉ុននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ» ។

លើសពីនេះ លោក Kishida ខ្លួនឯងក៏បានប្តេជ្ញាផង ដែរថា «លោកនឹងផ្តល់កញ្ចប់ថវិកាសង្គ្រោះមួយដែលមានទំហំរាប់សិបទ្រីលានយ៉េន»។ តាមពិតទៅ មូលហេតុដែលលោក Kishida ចាំបាច់ត្រូវកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតឱ្យបានលឿនជាងការគ្រោងទុកនោះ គឺដោយសារតែរដ្ឋបាលរបស់លោកចង់ផ្តោតលើការរៀបចំកញ្ចប់ថវិកានេះឯងនៅក្រោយការបោះឆ្នោតសកល។

លោក Hagiuda Koichi ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបានបញ្ជាក់ថា «គោលនយោបាយនេះហាក់ដូចជាមិនមានភាពប្រាកដនិយមនោះទេ ក្នុងការសម្រេចឱ្យបាននូវផែនការកំណើនទ្វេដងនៃប្រាក់ចំណូល»។ ក៏ប៉ុន្តែ លោកបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបែងចែកឡើង វិញនូវទ្រព្យសម្បត្តិរបស់ប្រជាជន និងក្រុមហ៊ុនជប៉ុន។

ដូចគ្នានេះដែរ លោក Kumano Hideo ដែលជាប្រធានសេដ្ឋវិទូនៃនាយកដ្ឋានស្រាវជ្រាវ សេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវអំពីជីវិត «Dai-ichi» បានអះអាងថា «វាគឺជារឿងដែលស្ទើតែមិនអាចទៅរួចក្នុងការអាច សម្រេចបាននូវគោលដៅបង្កើនប្រាក់ចំណូលឱ្យបានទ្វេដង»។

កាលពីឆ្នាំ ២០២០ ប្រាក់ខែប្រចាំឆ្នាំជាមធ្យមសម្រាប់កម្មករនិយោជិតម្នាក់ នៅក្នុងវិស័យឯកជនរបស់ជប៉ុនមានចំនួន ៤.៣៣០.០០០ យ៉េន (ឬ ៣៨.១៨៨,២២ ដុល្លារអាមេរិក)។ ដើម្បីបង្កើនតួលេខនេះទ្វេដង គេចាំបាច់ត្រូវបង្កើនប្រាក់ខែប្រចាំឆ្នាំឱ្យបាន ៥% ក្នុងរយៈពេល ១៥ ឆ្នាំឬ ៧% ក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។

លោក Kumano បានអះអាងថា «គោលដៅនេះហាក់ដូចជាមិនអាចសម្រេចបាននោះទេដោយសារតែប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៅក្នុងវិស័យឯកជនមានចំនួនប្រហែល ៤.១៣០.០០០ យ៉េន (ឬ ៣៦.៤២៤,៣៣ ដុល្លារអាមេរិក) ប៉ុណ្ណោះកាលពីឆ្នាំ ២០១៣»។ ដូច្នេះហើយ នៅក្នុងដំណាក់កាលនេះ លទ្ធភាពនៃគោលនយោបាយរបស់លោក Kishida គឺមិនមានភាពច្បាស់លាស់នោះទេ។

ទោះជាយ៉ាងណាក៏ដោយគោលដៅនៃគោលនយោបាយនេះនឹងអាចជួយបង្កើនចំណូលប្រចាំឆ្នាំរបស់កម្មករនិយោជិតជប៉ុន នៅក្នុងកម្រិតជាក់លាក់ណាមួយ ហើយនៅទីបំផុត វានឹងអាចធ្វើឱ្យសេដ្ឋកិច្ចជប៉ុនងើបឡើងវិញពីភាពត្រដាបត្រដួស ដែលបង្កឡើងដោយវីរុសរាតត្បាត។

ទន្ទឹមនឹងនេះដែរ មហិច្ឆតាសន្តិសុខសេដ្ឋកិច្ចរបស់លោក Kishida ទំនងជានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជំហរសន្តិសុខជាតិរបស់ជប៉ុន។ គួរកត់សម្គាល់ផងដែរថា «លោក Kishida បានបង្កើតមុខតំណែងរដ្ឋមន្ត្រីថ្មីមួយដើម្បីឱ្យទទួលបន្ទុកលើការអនុម័តច្បាប់ថ្មីៗ ដែលនឹងអាចជួយលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសជាតិ»។

លោក Kobayashi Takayuki ដែលមានវ័យ ៤៦ឆ្នាំ និងដែលជាសមាជិកសភាមកពីគណបក្សសេរីប្រជាធិបតេយ្យ (LDP) និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុននឹងទទួលភារកិច្ចក្នុងការ «រៀបចំយុទ្ធសាស្ត្រជាតិ» ដើម្បីដោះស្រាយបញ្ហា «ចោរកម្មកម្មសិទ្ធិបញ្ញា និងចារកម្មតាមប្រព័ន្ធអ៊ីនធឺណិត» ដែលជាការព្រួយបារម្ភដ៏ចម្បងរបស់ទីក្រុងតូក្យូ។

ដោយសារភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកនៅតែបន្តកើតមានហើយស្ថានភាពជម្លោះនៅច្រកសមុទ្រតៃវ៉ាន់នៅតែមិនអាចទាយទុកជាមុនបាន លោក Kishida ហាក់ដូចជាបានរងនូវសម្ពាធយ៉ាងខ្លាំង ដែលតម្រូវឱ្យលោក ដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ជប៉ុនឱ្យបានឆាប់រហ័ស។

ប្រសិនបើមានការប្រឈមមុខដាក់គ្នាណាមួយខាងផ្នែកភូមិសាស្រ្តនយោបាយនៅជិតដែនកោះរបស់ជប៉ុន ការរស់រានមានជីវិតខាងផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងតូក្យូអាចនឹងស្ថិតនៅក្នុងហានិភ័យដូចគ្នាទៅនឹងផ្នែកសន្តិសុខជាតិដែរ។ ក្នុងនាមជាប្រទេសនាំចូលដ៏ធំមួយ សេដ្ឋកិច្ចរបស់ជប៉ុនពឹងផ្អែកលើការដឹកទំនិញឆ្លងកាត់ទៅមក ដោយគ្មានឧបសគ្គ តាមរយៈផ្លូវទឹកជុំវិញកោះតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូង ហើយតំបន់ទាំង២នេះ អាចនឹងក្លាយជាចំណុចផ្ទុះឡើងនៃជម្លោះនៅគ្រប់ពេលទាំងអស់។

លើសពីនេះទៅទៀត សេដ្ឋកិច្ចរបស់ជប៉ុនត្រូវបានរាំងស្ទះអស់ជាច្រើនទសវត្សរ៍មកហើយ។ វានឹងរងនូវផលប៉ះពាល់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនបើមានការវាយប្រហារណាមួយ ឬការរាំងខ្ទប់កោះតៃវ៉ាន់ក៏ដូចជាដែនទឹកនៅជុំវិញនោះ។

លោក Kishida ក៏អាចនឹងត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាកៗជាច្រើនផងដែរ នៅពេលនិយាយដល់ការសម្រេចចិត្តសំខាន់ៗខាងផ្នែកសេដ្ឋកិច្ចក៏ដូចជាការបញ្ចៀសនូវការប្រេះឆានានាខាងផ្នែកការទូត។ ម៉្យាង ការតែងតាំងលោក Kobayashi ជារដ្ឋមន្រ្តីទី១ ទទួលបន្ទុកផ្នែកសន្តិសុខសេដ្ឋកិច្ច ក៏បានបង្ហាញអំពីភាពមិនស៊ីសង្វាក់គ្នាជាមួយនឹងអតីតនាយករដ្ឋមន្ត្រី Abe ផងដែរ។

តាមរយៈការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងការមានចំណេះដឹងផ្នែកវិស័យការពារជាតិ ដ៏ជ្រៅជ្រះ លោក Kobayashi ទំនងជានឹងអាចប្រកាន់ជំហរយ៉ាងតឹងរ៉ឹងជាមួយទីក្រុងប៉េកាំង ហើយវិធានការនេះអាចនឹងត្រូវបានទទួលការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ទីក្រុងវ៉ាស៊ីនតោនដែលជាអ្នកតែងតែជំរុញឱ្យជប៉ុនប្រឆាំងនិងរិះគន់ប្រទេសចិនឱ្យកាន់តែសកម្ម។

ការប្រកាន់យកជំហរប្រឆាំងនឹងចិន នឹងបំពេញចិត្តក្រុមអភិរក្សនិយមនៅក្នុងជួរគណបក្ស LDP ហើយក៏អាចនឹងពង្រឹងប្រជាប្រិយភាពរបស់លោក Kishida ផងដែរ។ ជាពិសេស វាក៏ជាជំហានមួយដែលអាច នឹងទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់កោះតៃវ៉ាន់ ដែលទំនាក់ទំនងរបស់កោះនេះជាមួយប្រទេសជប៉ុនបាននិងកំពុងកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់នៅ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ទោះជាយ៉ាងណាក៏ដោយ ការអនុញ្ញាតឱ្យរដ្ឋមន្ត្រីដៃធ្ងន់ម្នាក់ជាអ្នកដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស អាចនឹងបង្កឱ្យមានការសង្ស័យមួយចំនួន ដោយសារតែរបៀបវារៈនយោបាយមិនច្បាស់លាស់។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំចិនគឺលោក Xi Jinping លោក Kishida បានដកថយបន្តិចពីការប្រកាន់ជំហរម៉ឺងម៉ាត់ លើការឈ្លានពានរបស់ទីក្រុងប៉េកាំង ដោយក្នុងនោះលោក Kishida បាន បញ្ជាក់សារជាថ្មីថា «លោកមានបំណងបង្កើតទំនាក់ទំនងប្រកបដោយស្ថិរភាព និងដែលមានលក្ខណៈ ស្ថាបនាជាមួយនឹងប្រទេសជិតខាងអាស៊ីបូព៌ារបស់ខ្លួន»។

ប្រសិនបើគោលនយោបាយ «Kishidanomics» ទទួលបានផ្លែផ្កានៅក្នុងបរិយាកាសដែល ពោរពេញទៅដោយវោហាសាស្ត្រប្រឆាំងនឹងចិនដ៏ខ្លាំងក្លាបែប នេះ រដ្ឋបាលថ្មីនេះនឹងត្រូវតែគិតគូរឱ្យបានហ្មត់ចត់ ដោយមិនត្រូវបិទទ្វាររបស់ខ្លួនច្រើនពេកនោះទេ។

ដូច្នេះវាអាចទៅរួចដែលថា «កង្វះព័ត៌មានលម្អិតអំពីរបៀបដែលរដ្ឋបាលថ្មីគ្រោងនឹងផ្តល់មូលនិធិ ដល់ការបែងចែកទ្រព្យសម្បត្តិឡើងវិញនេះ អាចត្រូវបានធ្វើឡើងដើម្បីចៀសវាងកុំឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារ»។ ម៉្យាងវិញទៀត ការមិនអាចបញ្ជាក់ឱ្យបានច្បាស់លាស់នូវគោលបំណង និងមហិច្ឆតារនៃគោលនយោបាយនេះ អាចនឹងធ្វើឱ្យគោលនយោបាយ «Kishidanomics» បាត់បង់ការគាំទ្រ នៅមុនពេលត្រូវបានអនុវត្តជាផ្លូវការ។

ប្រធានការិយាល័យហិរញ្ញវត្ថុកំពូលរបស់ជប៉ុន គឺលោក Yano Koji បានព្រមានថា «ស្ថានភាពសារពើពន្ធរបស់ជប៉ុនគឺប្រៀបដូចជាកប៉ាល់ Titanic ដែលកំពុងបើកឆ្ពោះ ទៅរកផ្ទាំងទឹកកកមួយអញ្ចឹង»។ តើគោលនយោបាយ «Kishidanomics» អាចនឹងទទួលបានជោគជ័យដែរឬក៏អត់ គឺវាអាស្រ័យលើឆន្ទៈនយោបាយរបស់ប្រជាជនជប៉ុនប៉ុណ្ណោះ៕ The Diplomat