ខ្មែរប៉ុស្ដិ៍ Close

មជ្ឈភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកំពុងជួបប្រទះនឹងបញ្ហាប្រឈម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 125
មជ្ឈភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកំពុងជួបប្រទះនឹងបញ្ហាប្រឈម មជ្ឈភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកំពុងជួបប្រទះនឹងបញ្ហាប្រឈម

កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit-EAS) គឺជាកិច្ចប្រជុំកំពូលដ៏ធំមួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាធម្មតា គេរៀបចំវាឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២ នៃឆ្នាំនីមួយៗ។ ប្រធានអាស៊ានក៏នឹងចូលរួមដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ ជាមួយនឹងផ្តោតការយកចិត្តទុកដាក់មកលើមជ្ឈភាពអាស៊ាន។

ស្ថាប័នក្នុងតំបន់ទាំងអស់នេះបានប្រឈមនឹងភាពខុសៗគ្នានៃការចូលរួមធ្វើការជាមួយបណ្តាប្រទេសជាដៃគូ។ កត្តាប្រឈមទាំងនេះ រួមមានផលលំបាកក្នុងការធ្វើកំណែទម្រង់ និងការបង្កើតឱ្យមានសាមគ្គីភាពដោយផ្អែកលើកុងសង់ស៊ីស ភាពរអាក់រអួលរវាងការអនុវត្តនិងការរំពឹងទុក និងបរិយាកាសយុទ្ធសាស្ត្រដែលកំពុងបន្តវិវឌ្ឍឥតឈប់ឈរ។

ការពិភាក្សាស្តីអំពីការបង្កើតឱ្យមានកិច្ចប្រជុំ EAS គឺមានគោលដៅពង្រីកអាស៊ានឱ្យលើសពីកម្រិតបច្ចុប្បន្ន។ នៅទសវត្សរ៍ឆ្នាំ ១៩៩០ សមាគមអាស៊ីបូព៌ាដំបូង ត្រូវបានលើកឡើងដោយប្រទេសម៉ាឡេស៊ី ដែលត្រូវ បានបង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៩។

ក្រុមការងាររបស់អាស៊ីបូព៌ាចង់កម្រិតកិច្ចប្រជុំអាស៊ីបូព៌ាឱ្យមកនៅត្រឹមជាកិច្ចប្រជុំអាស៊ានបូក ៣ (ASEAN Plus Three-APT)។ ប្រទេសម៉ាឡេស៊ី និងប្រទេសចិនជាពិសេស ចង់ឱ្យមានការកំណត់សមាជិកភាព ខណៈ ដែលប្រទេសឥណ្ឌូណេស៊ី, សិង្ហបុរី និងជប៉ុន ចង់បានការចូលរួមអោយកាន់តែទូលំទូលាយជាងមុន។

នៅឆ្នាំ ២០២២ ប្រទេសឥណ្ឌាបានបង្កើនភាពជាដៃគូរបស់ខ្លួនជាមួយអាស៊ានពីកិច្ចសន្ទនាតូចមួយទៅជាកិច្ចប្រជុំកំពូល។ ប្រទេសឥណ្ឌា, អូស្ត្រាលី និងនូវែលសេឡង់ ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំ EAS នៅឆ្នាំ ២០០៥ ហើយកិច្ចប្រជុំកំពូលដំបូងបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៥។

អ្នកវិភាគខ្លះជឿថា «ចិនមិនមានចំណាប់អារម្មណ៍ចំពោះកិច្ចប្រជុំ EAS នោះទេ ដោយសារតែចិនមិនអាចដឹកនាំនីតិវិធីនៃកិច្ចប្រជុំបាន» ដោយសារអាស៊ានបានបង្វែរកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ឱ្យទៅជាកិច្ចប្រជុំមួយដែលផ្តោតសំខាន់លើអាស៊ាន និងដែលមិនអាចត្រូវបានដឹកនាំដោយចិនឡើយ។

នៅឆ្នាំ ២០១១ រុស្ស៊ីនិងអាមេរិក ត្រូវបានដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំ EAS។ ការធ្វើបែបនេះបាននាំយកមហាអំណាចធំៗទាំងអស់ បូករួមទាំងសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ៣ មកកាន់ស្ថាប័ន ដែលដឹកនាំដោយអាស៊ាន និងបានផ្តល់ឱ្យមេដឹកនាំអាស៊ាននូវឱកាសដ៏ពេញលេញក្នុងការជួបជាមួយមហាអំណាចធំៗជារៀងរាល់ឆ្នាំ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ប្រធានាធិបតីអាមេរិកត្រូវគេចាត់ទុកជា «បុគ្គលដ៏ទាក់ទាញជាងគេ»។ លោក Obama បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ និងកិច្ចប្រជុំបន្តបន្ទាប់ទៀត លើកលែងតែកិច្ចប្រជុំកំពូលឆ្នាំ ២០១៣។ ប៉ុន្តែលោក Trump បានអវត្តមានពីកិច្ចប្រជុំអាស៊ីបូព៌ានៅក្នុងអំឡុងអាណត្តិរបស់លោក។

្របទេសរុស្ស៊ីតែងតែបញ្ជូននាយករដ្ឋមន្ត្រីរបស់ខ្លួនមកកាន់កិច្ចប្រជុំនេះ លើកលែងតែនៅឆ្នាំ ២០១៩ នៅពេលដែលលោក Putin បានចូលរួមនៅសិង្ហបុរី។ ប្រទេសចិនក៏បានបញ្ជូននាយករដ្ឋមន្ត្រីរបស់ខ្លួនឱ្យមកចូលរួមផងដែរ ខណៈដែលប្រធានាធិបតីចិន Xi Jinping នឹងចូលរួមនៅក្នុងកិច្ច ប្រជុំកំពូល APEC។

អាស៊ានមានការធូរស្រាលចិត្តដែលថា «សន្តិសុខតំបន់នៅពេលនេះ មិនមែនជាការទទួលខុសត្រូវរបស់អាមេរិកតែមួយនោះទេ ក៏ប៉ុន្តែរុស្ស៊ីនិងចិនក៏អាចឈានជើងចូលមកដើម្បីរក្សាស្ថិរភាពក្នុងតំបន់បានផងដែរ»។ វិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចប្រជុំអាស៊ីបូព៌ា រួមមានវិស័យថាមពល, អប់រំ, ហិរញ្ញវត្ថុ, សុខភាពសកល បូករួមទាំងការរាតត្បាតនៃវីរុស, បរិស្ថាន និងការគ្រប់គ្រងគ្រោះមហន្តរាយ។

នៅត្រឹមឆ្នាំ ២០១២ ទំនាក់ទំនងអាស៊ាន-ចិនបានរងនូវភាពល្អក់កករ ដោយសារតែឥរិយាបទឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង។ បញ្ហានេះបានបង្កើតជាវិបត្តិអាស៊ាននៅឆ្នាំ ២០១២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ អាស៊ាននៅតែប្រកាន់ជំហរថា «កិច្ចប្រជុំអាស៊ីបូព៌ាមិនគួរពិភាក្សាអំពីសកម្មភាពរបស់ចិននោះទេ»។

បញ្ហាដ៏ធំមួយនៅក្នុងតំបន់ដែលជា «ការទាមទាររបស់ចិនយកខ្សែបន្ទាត់ ៩ ចំណុច» ត្រូវបានអាស៊ានផាត់ចេញពីកិច្ចពិភាក្សានៃកិច្ចប្រជុំអាស៊ីបូព៌ា។ នៅឆ្នាំ ២០១៣ នៅទីក្រុងហ្សាកាតា លោក Xi Jinping បានប្រកាសអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់»។ បញ្ហានេះបានបង្កនូវក្តីបារម្ភនៅក្នុងចំណោមប្រទេសដៃគូផ្សេងទៀតនៃកិច្ចប្រជុំអាស៊ីបូព៌ា ជាពិសេសក្រុម Quad។

អសមត្ថភាពរបស់អាស៊ានក្នុងការទប់ទល់នឹងចិន បាននិងកំពុងជះឥទ្ធិពលមកលើដៃគូ EAS របស់អាស៊ាន។ កិច្ចប្រជុំ EAS ផ្តោតជាចម្បងលើបញ្ហាសំខាន់ៗដូចជា ជំងឺរាតត្បាត, សេដ្ឋកិច្ចបៃតង, សុខភាពសាធារណៈ និងសុខភាពផ្លូវចិត្ត ក៏ដូចជាបញ្ហាផ្សេងៗទៀត និងបានព្យាយាមងាកចេញពីបញ្ហាយុទ្ធសាស្ត្រ។

អាស៊ានកំពុងប្រឈមមុខនឹងការលំបាកក្នុងការពង្រឹងកិច្ចប្រជុំ EAS ដើម្បីធានាឱ្យបាននូវមជ្ឈភាពរបស់ខ្លួន។ ដៃគូ EAS តែងមានការប្រុងប្រយ័ត្នចំពោះចិនដែលជាហេតុធ្វើឱ្យជប៉ុន, ឥណ្ឌា និងអូស្ត្រាលី យល់ព្រមទទួលយកគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក បូករួមនឹងការលេចមុខឡើងរបស់ក្រុម Quad នៅក្រោមការដឹកនាំរបស់លោក Biden នៅ ឆ្នាំ ២០២១។

នៅឆ្នាំ ២០១២ ខណៈពេលដែលចិនបានដណ្តើមយកផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យកិច្ចប្រជុំ EAS ក្លាយជាយន្តការពង្រឹងគោលនយោបាយស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានរងនូវការធ្លាក់ចុះ។ នៅឆ្នាំ ២០១៩ ទីបំផុតអាស៊ានបានបង្កើតឡើងនូវទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។

វាត្រូវបានព្រាងឡើងដើម្បីធ្វើឱ្យចិនធូរចិត្ត និងដើម្បីប្រាប់ទៅកាន់ដៃគូ EAS អំពីចេតនាដ៏មុតមាំរបស់អាស៊ាន។ ចិនមិនបានជំទាស់នឹងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) នោះទេ ដោយសារពាក្យ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ត្រូវបានប្រើតែនៅលើចំណងជើងប៉ុណ្ណោះ និងមិនមានការលើកឡើងនូវពាក្យនេះនៅក្នុងរបាយការណ៍នោះទេ។

គោលការណ៍របស់ AOIP បានក្លាយជាចំណុចស្នូលនៃកិច្ចសហការរបស់អាស៊ានជាមួយបណ្តាដៃគូ ហើយពួកគេមានបំណងនាំយកគោលការណ៍ទាំងនេះមកកាន់កិច្ចប្រជុំ EAS ដើម្បីអាចផ្សព្វផ្សាយវាឱ្យបានកាន់តែទូលំទូលាយក្នុងគោលបំណងជំរុញឱ្យមានការទទួលស្គាល់ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន។

ប្រទេសដែលជាដៃគូនៅក្នុងកិច្ចប្រជុំ EAS មិនមានបញ្ហាជាមួយមជ្ឈភាពអាស៊ានទេ ក៏ប៉ុន្តែពួកគេមានការព្រួយបារម្ភចំពោះការទទួលខុសត្រូវរបស់អាស៊ានឆ្ពោះទៅរកមជ្ឈភាពនេះ និងថា «តើអាស៊ានអាចពង្រឹងការឯកភាពគ្នាបានដែរឬអត់ នៅចំពេលកំពុងកើតមានការខ្វែងគំនិតគ្នាដូចពេលនេះ»។

ក្រុម Quad បាន បញ្ចេញសំឡេងកាន់តែខ្លាំងដើម្បីជំរុញឱ្យអាស៊ានបង្កើនការព្រួយបារម្ភចំពោះប្រតិកម្មរបស់ចិន។ ក៏ប៉ុន្តែអាស៊ានមិនបានយល់ថា «សមាជិករបស់ក្រុម Quad គឺជាផ្នែកមួយរបស់ EAS នោះទេ»។ ការលេចមុខឡើងរបស់ក្រុម Quad បានបង្ហាញអំពីកង្វះប្រសិទ្ធភាពរបស់ EAS។

បញ្ហាទាំងនេះបានធ្វើឱ្យកិច្ចប្រជុំ EAS ឈានទៅរកផ្លូវបំបែកនៅឆ្នាំ ២០២២។ វាគឺជាស្ថាប័នដ៏ធំបំផុតដែលផ្តោតលើអាស៊ាន និងដែលមានការចូលរួមពីសំណាក់មេដឹកនាំពិភពលោក។ ក៏ប៉ុន្តែដោយសារតែវាមិនបានបង្ហាញនូវលទ្ធផលគួរឱ្យកត់សម្គាល់ តម្លៃរបស់វាក៏បានថយចុះ ហើយនៅប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចប្រជុំ EAS បានងាកមកផ្តោតការយកចិត្តទុកដាក់លើការគំរាមកំហែងខុសពីពេលមុន បូករួមទាំងការនេសាទខុសច្បាប់, ជំនួយមនុស្សធម៌, ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើចំណាកស្រុកជាដើម។

កិច្ចប្រជុំ EAS បានជួបប្រទះនូវការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងប្រទេសចិន ជាមួយនឹងសហរដ្ឋអាមេរិក, ឥណ្ឌា, ជប៉ុន, អូស្ត្រាលី និងអ្នកផ្សេងទៀតដែលមានបំណងចង់លើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (FOIP)។ ការប្រជែងគ្នាជាយុទ្ធសាស្ត្រនេះមានលក្ខណៈកាន់តែធ្ងន់ធ្ងរ នៅពេលដែលគំនិតផ្តួចផ្តើម BRI បានរងនូវការប្រកួតប្រជែងពីគំនិតផ្តួចផ្តើមផ្សេងៗរបស់ក្រុម Quad ហើយការទូតវ៉ាក់សាំងរបស់ចិនក៏កំពុងរងនូវការប្រជែងពីគំនិតផ្តួចផ្តើមវ៉ាក់សាំង របស់ក្រុម Quad ផងដែរ។

បើទោះបីជាចេតនាចង់ធ្វើកំណែទម្រង់ EAS ត្រូវបានលើកឡើងនៅឆ្នាំ ២០១៥ ក៏ដោយ ក៏រហូតមកដល់ពេលនេះ វានៅមិនទាន់បានកើតឡើងនៅឡើយនោះទេ។ ក្នុងនាមជាអ្នកបង្កើត EAS អាស៊ានចាំបាច់ត្រូវតែទទួលស្គាល់អំពី «បញ្ហាបាត់បង់ទំនុកចិត្ត» ដែល EAS កំពុងជួបប្រទះ។ តួនាទីរបស់ EAS ក្នុងនាមជាផែនការអាទិភាពរបស់តំបន់ដែលផ្តោតលើអាស៊ាន ចាំបាច់ត្រូវទទួលបាននូវការកែសម្រួល ជាពិសេសនៅពេលដែលកិច្ចប្រជុំ EAS បាននិងកំពុងរងសម្ពាធពីបញ្ហាភូមិសាស្ត្រយុទ្ធសាស្ត្រ។

«តើអាស៊ានអាចបន្តដឹកនាំកិច្ចប្រជុំEAS ឱ្យនៅតែមានសារៈសំខាន់ដែរឬទេ នៅចំពេលដែលបណ្តាដៃគូរបស់ខ្លួនកំពុងរងនូវការបែកបាក់គ្នា ហើយការឯកភាពគ្នាក្នុងរង្វង់អាស៊ានក៏កំពុងធ្លាក់ចុះខ្សោយ ដូចដែលត្រូវបានបង្ហាញឡើងតាមរយៈបញ្ហានៅមីយ៉ាន់ម៉ានិងវិបត្តិនៅអ៊ុយក្រែន?» ដើម្បីអាចបន្តរក្សាសារៈសំខាន់របស់កិច្ចប្រជុំ EAS អាស៊ាននិងបណ្តាប្រទេសជាដៃគូខ្លួន ចាំបាច់ត្រូវតែបង្កើនការធ្វើការរួមគ្នា ដើម្បីកសាងទំនុកចិត្តរវាងគ្នាជាថ្មីម្តងទៀត។

ប៉ុន្តែការនិយាយគឺមានភាពងាយស្រួលជាងការអនុវត្តជាក់ស្តែង។ ប្រទេសចិននៅតែបន្តអូសបន្លាយការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ខណៈដែលសម្ព័ន្ធមិត្តរបស់អាមេរិកកំពុងបន្តពង្រឹងខ្លួន តាមរយៈ AUKUS និង Quad ហើយសមាជិកអាស៊ានក៏កំពុងបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងផងដែរក្នុងការធ្វើការជាមួយប្រទេសកាន់តែច្រើនថែមទៀត។ ប្រទេសអាស៊ានចំនួន ៧ បានចូលរួមនៅក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលដឹកនាំដោយអាមេរិក។

អាស៊ានចាំបាច់ត្រូវបង្កើនការធ្វើការជាមួយបណ្តាដៃគូ EAS ទាំងអស់។ ស្មារតីទទួលខុសត្រូវរបស់ពួកគេចំពោះកិច្ចប្រជុំ EAS ចាំបាច់ត្រូវតែពង្រឹងឡើងវិញ។ ជាញឹកញាប់ អាស៊ានមិនអាចបំពេញការងារបាន ដោយស្រួលក្នុងនាមជាប្លុករួមមួយនោះទេ។ ដូច្នេះ វាដល់ពេលហើយដែលអាស៊ានត្រូវចូលរួមធ្វើការជាមួយដៃគូ EAS ផ្សេងទៀត ក្នុងនាមជាប្រទេសដាច់ដោយឡែកពីគ្នា។

ទំនាក់ទំនងត្រីភាគីរវាង ឥណ្ឌា-អូស្ត្រាលី-ឥណ្ឌូណេស៊ី និង ឥណ្ឌា-វៀតណាម-ជប៉ុន អាចជួយដោះស្រាយបញ្ហាប្រកួតប្រជែងរវាងអាមេរិកនិងចិន និងអាចបង្កើតឱ្យមានទំនាក់ទំនងកាន់តែច្នៃប្រឌិតថែមទៀត។ គំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក (IPOI) របស់ឥណ្ឌា នឹងផ្តល់ឱកាសដ៏ល្អក្នុងការឈានទៅសម្រេចកិច្ចការនេះ។

ប្រទេសឥណ្ឌូណេស៊ីនិងសិង្ហបុរី គឺ ជាប្រទេសអាស៊ាន ២ ដែលបានចូលរួមនៅក្នុងគំនិតផ្តួចផ្តើម IPOI ។ ប្រសិនបើវៀតណាមនិងហ្វីលីពីន អាចចូលរួមជាមួយ IPOI នោះវានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុង EAS, ពង្រឹងមជ្ឈភាពអាស៊ាន និងការដឹកនាំរបស់អាស៊ាននៅក្នុងកិច្ចប្រជុំ EAS៕

Observer Research Foundation

អត្ថបទទាក់ទង