ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល នឹងចុះផាកពិន័យអ្នកជក់បារី នៅតាមទីសាធារណៈ និងតំបន់ហាមឃាត់ តាមភោជនីយដ្ឋាន និងសណ្ឋាគារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ កីឡា - សុខភាព 87
ក្រសួងសុខាភិបាល នឹងចុះផាកពិន័យអ្នកជក់បារី នៅតាមទីសាធារណៈ និងតំបន់ហាមឃាត់ តាមភោជនីយដ្ឋាន និងសណ្ឋាគារ ក្រសួងសុខាភិបាល នឹងចុះផាកពិន័យអ្នកជក់បារី នៅតាមទីសាធារណៈ និងតំបន់ហាមឃាត់ តាមភោជនីយដ្ឋាន និងសណ្ឋាគារ

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ លោក អ៊ឹង ភីរុន បានថ្លែងថា ក្នុងពេលឆាប់ខាងមុខនេះ ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ។ លោកថ្លែងបែបនេះ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ «ថ្នាំជក់ និងជំងឺបេះដូង» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសុខាភិបាល។

លោក អ៊ឹង ភីរុន បានបញ្ជាក់ថា «ក្រសួងសុខាភិបាល សហការជាមួយក្រសួងយុត្ដិធម៌ យើងមានក្រុមធិការកិច្ចជាង៥០០នាក់ សម្រាប់ធ្វើការទៅលើច្បាប់អនុក្រឹត្យ ហើយបើកសិនជាជនណាល្មើសជក់បារី ក្នុងតំបន់ហាមឃាត់ នឹងធ្វើការផាកពិន័យ ម្នាក់២ម៉ឺនរៀល។ លើសពីនោះ បើចាប់បានអ្នកជក់ក្នុងភោជនីយដ្ឋាន ឬសណ្ឋាគារ នឹងផាកពិន័យគុណនឹង២ ទៅលើម្ចាស់ហាងតែម្ដង ដែលស្មើ៤ម៉ឺនរៀលក្នុងមួយដង»។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារជក់ និងស្របផ្សែងបារី ក្រសួងសុខាភិបាល បានសហការជាមួយដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល បានបង្កើតអនុក្រឹត្យស្ដីពី ការរៀបចំ និងប្រព្រឹត្ដិទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានតំណាងពាក់ព័ន្ធចំនួន២០ក្រសួង ភាគីពាក់ព័ន្ធទូទាំង ក្នុងការពង្រឹង និងអនុវត្ដន៍ឲ្យមានតម្លាភាព»។

លោកថ្លែងទៀតថា «ជាលទ្ធផលយើងសង្កេតឃើញថា ការប្រើប្រាស់ផលិតផលថ្នាំជក់ នៅកម្ពុជា បានថយចុះជាងឆ្នាំមុនៗ ហើយបើតាមការស្រាវជ្រាវ ទូទាំងប្រទេស រៀងរាល់៥ឆ្នាំម្ដង ស្ដីពីការប្រើប្រាស់ថ្នាំជក់ ក្នុងចំណោមមនុស្សពេញវ័យ ដោយវិទ្យាស្ថានជាតិ ស្ថិតិនៃក្រសួងផែនការ បានបង្ហាញថា ប្រេវ៉ាឡង់នៃការប្រើប្រាស់ថ្នាំជក់ ក្នុងចំណោមមនុស្សពេញវ័យ អាយុចាប់ពី១៨ឆ្នាំឡើងទៅ បានថយចុះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺ ចុះ១៣.៦៨ គឺពី៤៨% មកនៅត្រឹម ៣៥.៣% ចំពោះបុរស និងថយចុះ៨.៩៣% ស្ដ្រី ២០.៥% មកនៅត្រឹម១១.៦%»។

ទន្ទឹមនឹងនោះ លោក យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងផងដែរថា «ថ្នាំជក់ ជាមូលហេតុចម្បង នៃការបង្កឲ្យកើតជំងឺសរសៃឈាមបេះដូង ហើយយើងឃើញអត្រាស្លាប់ដោយជំងឺបេះដូងមានការកើតច្រើន ដោយទូទាំងពិភពលោក ការស្លាប់ដោយសារថ្នាំជក់នេះ មានរហូតដល់ទៅជាង៧លាននាក់ក្នុងមួយឆ្នាំ ក្នុងនោះ ជាង៦លាននាក់អ្នកដែលជក់បារី និងជិត១លាននាក់ ដែលស្រូបផ្សែងបារីពីគេ។ ដោយឡែកកម្ពុជា អត្រាអ្នកស្លាប់បណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់នេះ មានប្រមាណជិត១ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹង២៨នាក់ក្នុងមួយថ្ងៃ»។

បើយោងតាមវិទ្យាស្ថានជាតិ ស្ថិតិនៃក្រសួងផែនការបានបង្ហាញថា ឆ្នាំ២០១១-២០១៤ មានការថយចុះការជក់បារី មានថយចុះ ហើយបើក្រសួងសុខាភិបាល បានអង្កេតថ្មីទៀតនៅឆ្នាំ២០១៦ ការជក់បារីរបស់បុរស បានថយចុះដែរ។ បច្ចុប្បន្ននេះ អត្រាបុរសជក់បារី វ័យចាប់ពី១៥ឆ្នាំឡើងទៅ ឃើញមានតែប្រមាណ៣៣% ដែលចំនួននេះ ថយចុះច្រើន បើយើងធៀបទៅឆ្នាំមុនៗ ដូច្នេះអត្រាបុរសជក់បារី ចុះមកត្រឹម៣៣% ស្ដ្រី២.៤% ដោយឡែក អ្នកជក់ថ្នាំជក់ក៏ថយចុះដែរ តែដោយកំនើនចំនួនប្រជាពលរដ្ឋ អ្នកដែលប្រើប្រាស់ថ្នាំជក់ មានចំនួន២លាននាក់នៅឡើយ មានន័យថា ជាង១,៦លាននាក់ និងជិតកន្លះលាននាក់ជក់ និងចុកថ្នាំជក់។

ព្រមជាមួយគ្នានេះ មន្ដ្រីក្រសួងសុខាភិបាល និងដៃគូសហការ បានធ្វើការអំពាវនាវព្រមគ្នា ដល់ប្រជាពលរដ្ឋ ឲ្យឈប់ជក់បារី ដែលធ្វើឲ្យប៉ះពាល់សុខភាពខ្លួនយើង គ្រួសារ និងអ្នកជុំវិញ រហូតដល់ស្លាប់បាត់បង់ជីវិត។ ចំណែកឯម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ទាំងនៅតាមទីប្រជុំ សាធារណៈ សូមបិទស្លាកសញ្ញា ហាមជក់បារី និងហាមដាក់ចានគោះបារី ជាដាច់ខាត។

សូមជម្រាបថា ប្រជាជនកម្ពុជា ប្រមាណ២លាននាក់ កំពុងប្រើបា្រស់ផលិតផលថ្នាំជក់ និងចំណាយថវិកាសម្រាប់ទិញបារី ប្រមាណ២០១.៥លានដុល្លារ និងលើការព្យាបាលជំងឺ និងការបាត់បង់កម្លាំងពលកម្មបណ្តាលពីជំងឺ ដែលបង្កដោយថ្នាំជក់ប្រមាណ១៦២.៧លានដុល្លារជារៀងរាល់ឆ្នាំផងដែរ ៕

 

អត្ថបទទាក់ទង