ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ «អតីតមេសហជីពដែលមិនចេះច្បាប់ និងខ្សោយបញ្ញា»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 142
ទស្សនៈមិត្តអ្នកអាន៖ «អតីតមេសហជីពដែលមិនចេះច្បាប់ និងខ្សោយបញ្ញា» ទស្សនៈមិត្តអ្នកអាន៖ «អតីតមេសហជីពដែលមិនចេះច្បាប់ និងខ្សោយបញ្ញា»

ក្នុងបទសម្ភាសន៍ជាមួយ VOD កាលពីរសៀលថ្ងៃទី ៨ ឧសភា នាង ឈឹម ស៊ីថរ ដែលគេស្គាល់ថាជាមេដឹកនាំអស់សុពលភាព របស់សហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៏បាននិយាយថា ក្រុមហ៊ុនណាហ្គាវើលដ៏ដែលបដិសេធមិនព្រមទទួលយក សំណើររបស់សហជីពដើម្បីឲ្យបុគ្គលិក ២០០ នាក់ចូលធ្វើការវិញនោះថាជាចេតនាចង់រំលាយ សហជីព។ មិនតែប៉ុណ្ណោះ សកម្មនយោបាយរូបនេះថែមទាំងបានចោទប្រកាន់និងលាបពណ៌ក្រសួងការងារថា បានសម្របសម្រួលឲ្យភាគីថៅកែ ណាហ្គាវើលដ៏សម្រេចបំណងរបស់ខ្លួន។

ឥឡូវយើងក្រឡេកថយក្រោយ បន្តិចទៅមើលដើមហេតុនៃបញ្ហាដែលបានកើតឡើងនៅក្រុមហ៊ុនណាហ្គាវើលដ៏។
ក្រុមហ៊ុនបានប្រកាសកាត់រំសាយបុគ្គលិកមួយចំនួនដែលក្រុមហ៊ុនយល់ឃើញថា មានភាព ចាំបាច់ត្រូវកាត់ដើម្បីបន្ថយការចំណាយពីព្រោះតែវិបត្តិកូវីដ-១៩ ហើយដែលបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន។

នៅក្នុងពិភពលោកយើងនេះ មានក្រុមហ៊ុនរាប់ម៉ឺន រាប់ទាំងក្រុមហ៊ុនខ្នាតយក្សលំដាប់អន្តរជាតិផងក៍បានកាត់បន្ថយបុគ្គលិកដោយសារតែវិបត្តិកូវីដ-១៩។ មនុស្សរាប់លាននាក់ បានបាត់បង់ការងារធ្វើ ក្នុងនោះក៏មានបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលប៉ុន្មានរយនាក់នេះផងដែរ។ គ្រប់បុគ្គលិក និយោជិត ទាំងអស់សុទ្ធតែបានយល់អំពីស្ថានការណ៍ជាក់ស្តែងនេះ ហើយក៍សុខចិត្តទទួលយកសំណងតាមច្បាប់ការងារ។ ប៉ុន្តែចំឡែកអីតែបុគ្គលិកប្រមាណ ២០០ នាក់ដែលស្ថិតក្រោមការដឹកនាំរបស់សកម្មជននយោបាយ ឈឹម ស៊ីថរ បែរជាមិនទទួលយកសំណងតាមច្បាប់ការងារ ហើយ ងាកមកទាមទារបង្ខំឲ្យក្រុមហ៊ុនទទួលយកខ្លួនឲ្យចូលធ្វើការវិញ។ នេះគឺជាការទាមទារដ៏ចំឡែកដែលគេមិនធ្លាប់ដែលបានជួបប្រទះនៅលើលោកយើងនេះ។

អង្គការសហជីពដែលយល់ដឹងអំពីច្បាប់ គេទាមទារឲ្យថៅកែផ្តល់សំណង សមរម្យតាមច្បាប់ការងារនៅពេលដែលមានការ បញ្ឈប់បុគ្គលិកដោយប្រការណាមួយ។ ប៉ុន្តែ សហជីពរបស់ ឈឹម ស៊ីថរ បែរជាមិនព្រមឈប់ពីការងារពេលថៅកែបញ្ឈប់ និងបដិសេធមិនទទួលយកសំណងស្របច្បាប់ទៅវិញ។ នេះហើយជាស្នូលនៃបញ្ហាដែលធ្វើឲ្យមានការអូសបន្លាយវិវាទរហូតមកទល់បច្ចុប្បន្ននេះ។

ក្រៅពីបានបង្កើតបញ្ហាដោយខ្លួនឯងហើយ ឈឹម ស៊ីថរ បែរជា មកចោទប្រកាន់ក្រុមហ៊ុនណាហ្គាវើលដ៏ថា មានចេតនារំលាយសហជីពទៅវិញ។ លើសពីនេះ ឈឹម ស៊ីថរ ថែម ទាំងបានចោទប្រកាន់និងលាបពណ៌ក្រសួងការងារថាបានកាន់ជើងថៅកែ។

តាមការផ្សព្វផ្សាយពត៍មានជាសាធារណះ ការពិតគឺក្រសួងការងារបានខិតខំសម្របសម្រួលឲ្យមានជំនួបចរចាគ្នាជិត ១០ ដងទៅហើយ ប៉ុន្តែដំណោះស្រាយ នៅតែមិនអាចទៅរួចនោះទេដោយសារតែសំណើរនិងការទាមទារខុសទំនងរបស់សហជីពដឹកនាំដោយសកម្មជននយោបាយឈឹម ស៊ីថរ នេះឯង។

ក្នុងកិច្ចសម្ភាសន៍ជាមួយ VOD ដដែល អតីតមេសហជីពរូបនេះ បាននិយាយទៀតថា ខ្លួនបានធ្វើ សម្បទាន ដោយសុខចិត្តឲ្យបុគ្គលិកធ្វើការតែពីរសប្តាហ៍និងបើកប្រាក់ខែតែ ៥០% សម្រាប់ខែដំបូង បន្ទាប់មក ៧០% ក្នុងខែទី២ តរហូតដល់ ខែទី៣ ទើបធ្វើការពេញលេញដូចបុគ្គលិកធម្មតា ប្រសិនបើថៅកែព្រមទទួលឲ្យពួកគេចូលធ្វើការវិញ។ តើនេះឬជាសម្បទាន? ធ្វើការ ៥០% បើកប្រាក់ខែ ៥០% មិនមែនជាសម្បទានទេ។ តាមពិតគោលដៅ របស់ ឈឹម ស៊ីថរ គឺតោងទាមចូលធ្វើការវិញតែដដែលនៅទីបំផុត។

ម្យ៉ាងទៀត សកម្មជននយោបាយរូបនេះក៍បាននិយាយថា បុគ្គលិកទាំង២០០ នាក់អាចជំនួសបុគ្គលិក ៣០០ នាក់ដែលស្ម័គ្រចិត្តឈប់។ «តើមានក្រុមហ៊ុនណានៅលើពិភពលោកយើងនេះអាចអនុញ្ញាតឲ្យសហជីពរើសមនុស្ស មកជំនួសបុគ្គលិកក្នុងក្រុមហ៊ុនរបស់គេដែរឬទេ?»

«ការរើសបុគ្គលិកជាសិទ្ធិផ្តាច់មុខរបស់និយោជក» រីឯ «ចំណែកសហជីពវីញ គឺគ្មានសិទ្ធិស្នើដាក់បុគ្គលិកនេះជំនួសឲ្យបុគ្គលិកនោះឡើយ»។ នេះជាអ្វីដែល ឈឹម ស៊ីថរ ត្រូវយល់ដឹង បើចង់ធ្វើជាមេសហជីព។

សរុបមកវិញ បញ្ហាដែលកើតនៅក្រុមហ៊ុនណាហ្គាវើលដ៏គឺបណ្តាលមកពីមេសហជីពដែលមិនយល់ច្បាប់ និងមិនយល់អំពីវិបត្តិសកលដែលកំពុងកើតឡើង។ ធ្វើមេសហជីពតែខ្សោយ ល្ងិតល្ងង់ខាងផ្លូវច្បាប់ និងខ្សោយចំណេះដឹងទូទៅបែបនេះមិនអាចការពារផលប្រយោជន៍របស់បុគ្គលិក និយោជិតបានទេ។ ផ្ទុយទៅវិញ មេសហជីពរបៀបនេះគឺគ្មាននាំមកអ្វីក្រៅតែពីការបង្កបញ្ហាដែលធ្វើឲ្យខូចប្រយោជន៍និងក្រេឌិតរបស់សហជីពទៅវិញតែប៉ុណ្ណោះ ដូចដែលយើងបានឃើញជាក់ស្តែងនូវករណីបុគ្គលិកណាហ្គាវើលប្រមាណ ២០០ នាក់នេះជាឧទាហរណ៍ស្រាប់។

អ្នកដែលសុខចិត្តទទួលយកសំណងពីក្រុមហ៊ុន ហើយមិនដើរតាមការញុះញង់ ចាក់ដោត អុជអាលនិងពង្វក់របស់ឈឹម ស៊ីថរ ពិតជាបានទទួលនូវផលចំណេញ ២យ៉ាង៖

ទី១៖ បានទទួលសំណងសមរម្យពីក្រុមហ៊ុន

និងទី២៖ ពួកគេបានចេញទៅរកការងារថ្មីហើយទទួលបានប្រាក់ខែថ្មីសម្រាប់ផ្គត់ផ្គង់ខ្លួននិងក្រុមគ្រួសារ។ ចំណែកឯបុគ្គលិកដែលនៅបន្តទាមទារនិងដើរតាមសកម្មជននយោបាយឈឹម ស៊ីថរ ពិតជា ខាតពេល ខាតប្រយោជន៍
ស្អុយឈ្មោះ ដោយគ្មានលទ្ធផល ពីព្រោះតែការទាមទារនោះវាខុសច្បាប់ និងខុសទំនង។

នេះហើយជាលទ្ធផលរបស់អតីតមេដឹកនាំសហជីពដែល មិនចេះច្បាប់និងខ្សោយបញ្ញា៕

ដោយ: អ្នកនយោបាយតុកាហ្វេ