ទីបំផុត! កញ្ញា ឈឹម ស៊ីថរ មេក្លោងដែលញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់ នៅមុខណាហ្គាវើលដ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ទីបំផុត! កញ្ញា ឈឹម ស៊ីថរ មេក្លោងញុះញង់ និងរៀបចំឱ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញ។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពី តុលាការក្រុងភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
រហូតមកដល់ពេលនេះ មានអ្នកពាក់ព័ន្ធនឹង ការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ សរុបចំនួន៩នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះមាន៦នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ខណៈដែល២នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃនេះ មុននឹងមានការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ដែលលេចធ្លោរ ក្នុងការរៀបចំធ្វើការប្រមូលផ្តុំនេះ។
ជនត្រូវចោទទាំង៩នាក់ ដែលត្រូវបានឃាត់ និងឃុំខ្លួននេះ រួមមានដូចជា៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩.សុខ គង្គា។ ពួកគេត្រូវបានចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕
ប្រភព៖ Fresh News