ខ្មែរប៉ុស្ដិ៍ Close

តំបន់អាស៊ីអាគ្នេយ៍កំពុងជួបប្រទះនឹងការផ្លាស់ប្តូរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 50
តំបន់អាស៊ីអាគ្នេយ៍កំពុងជួបប្រទះនឹងការផ្លាស់ប្តូរ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី

នៅក្នុងឆ្នាំនេះ គេបានមើលឃើញអំពីការប្រកាសសំខាន់ៗមួយចំនួនដែលជាសញ្ញាបង្ហាញថា នឹងមានការផ្លាស់ប្តូរដ៏ធំមួយកើតឡើងនៅក្នុងតំបន់ដែលមានលក្ខណៈអភិរក្សយ៉ាងជ្រាលជ្រៅនេះ។ ប៉ុន្តែតើការផ្លាស់ប្តូរនោះអាចមានភាពស៊ីជម្រៅ ឬគ្រាន់តែជាការពង្រឹងស្ថានភាពសង្គមដើមឱ្យនៅដដែល?

នៅខែមិថុនា ប្រទេសថៃបានធ្វើសកម្មភាពដ៏គួរឱ្យកត់សម្គាល់មួយ ក្រោយសភាថៃបានបោះជំហានជាលើកដំបូងដើម្បីទទួលស្គាល់សហជីពអ្នកស្រលាញ់ភេទដូចគ្នា ពោលនេះគឺជាជំហរមួយដែលក្រុមសកម្មជនអ្នក ស្រលាញ់ភេទដូចគ្នាសង្ឃឹមថា នៅថ្ងៃមុខប្រទេសថៃនឹងអាចអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកមានភេទដូចគ្នានៅក្នុងព្រះរាជាណាចក្រមួយនេះ។

កាលពីសប្តាហ៍មុន តុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ីបានសម្រេចឱ្យអតីតនាយករដ្ឋមន្ត្រី Najib Razak ចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំរបស់លោក ក្រោយត្រូវបានរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយប្រាក់រាប់ពាន់លានដុល្លារនៅក្នុងមូលនិធិរដ្ឋ 1MDB

ប្រទេសសិង្ហបុរីក៏បានធ្វើរឿងដ៏គួរឱ្យកត់សំគាល់មួយផងដែរ ក្រោយពេលនាយករដ្ឋមន្ត្រី Lee Hsien Loong បានប្រកាសថា រដ្ឋាភិបាលនឹងធ្វើការនិរាករណ៍មាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសសិង្ហបុរី ដែលនេះគឺជាច្បាប់ដែលត្រូវបានរៀបចំឡើងតាំងពីសម័យអាណានិគម សម្រាប់ផ្តន្ទាទោសដល់អ្នកដែលស្រលាញ់ភេទដូចគ្នា។

ពីដំបូង សេចក្តីប្រកាសនោះពិតជាទទួលបានការកោតសសើរជាខ្លាំង ព្រោះនេះគឺជាពេលវេលាដែលប្រទេសសិង្ហបុរីត្រូវធ្វើជាគំរូល្អក្នុងនាមជាប្រទេសទំនើបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយដែលបានលុបចោលនូវច្បាប់ដែលមិនសមស្របចេញពីក្រមព្រហ្មទណ្ឌរបស់ខ្លួន។

ទោះជាយ៉ាងនេះក៏ដោយ ការកោតសសើរនោះត្រូវបានកែប្រែភ្លាមៗ ក្រោយគ្រប់គ្នាដឹងថា ចំណាត់ការខាងលើនេះប្រហែលជាមិនអាចធ្វើឱ្យមានការប្រែប្រួលអ្វីធំដុំនោះទេ។

នៅពេលដែលច្បាប់ខាងលើបានកំណត់ឱ្យទំនាក់ទំនងផ្លូវភេទរវាងមនុស្សប្រុសជាបទល្មើសនោះ ប្រទេសសិង្ហបុរី មិនមានលក្ខណៈដូចគ្នាជាមួយប្រទេសជិតខាងរបស់ខ្លួននោះទេ។ អាកប្បកិរិយាដែលត្រូវបានគេចាត់ទុកថា «ជាទង្វើអសីលធម៌» មិនដែលត្រូវបានគេតាមឃ្លាំមើលនោះឡើយ មិនថានៅក្នុងប្រទេសម៉ាឡេស៊ី ដែលមន្ត្រីរបស់ប្រទេសនេះតែងតែបានជ្រៀតជ្រែកចូលទៅក្នុងលំហឯកជនដើម្បីអនុវត្តច្បាប់សាសនា ឬនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាទីកន្លែងដែលក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួន អាចអនុវត្តតាមក្រមសីលធម៌របស់ពួកគេដោយមានការអន្តរាគមន៍តិចតួចប៉ុណ្ណោះពីសំណាក់អាជ្ញាធរក៏ដោយ។

អ្វីដែលលោក Lee បានលើកឡើងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក ពិតជាបានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់នៃសតិអារម្មណ៍របស់ក្រុមអ្នកអភិរក្សរបស់ប្រទេសនេះ។ នៅក្នុងសុន្ទរកថានោះ លោក Lee បានធ្វើការកត់សម្គាល់ថា «និយមន័យនៃពាក្យអាពាហ៍ពិពាហ៍នៅក្នុងរដ្ឋធម្មនុញ្ញ ដែលត្រូវតែធ្វើឡើងរវាងបុរសនិងស្ត្រីនោះ នឹងត្រូវបន្តរក្សាទុកដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីការប្រែប្រួលដ៏គំហុកនៅក្នុងបទដ្ឋានសង្គមរបស់ប្រទេសយើង»។

ការលើកឡើងនេះមានន័យថា បើទោះជាការស្រលាញ់ភេទដូចគ្នាលែងក្លាយជាបទល្មើសក៏ដោយ ក៏អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសសិង្ហបុរី នឹងនៅតែត្រូវបានគេផាត់ចេញពីគោលនយោបាយជាច្រើនដែលតម្រូវឱ្យសមភាគីត្រូវមានភេទផ្ទុយពីគ្នា។

ឧទាហរណ៍ សិទ្ធិក្នុងការទទួលបានផ្ទះសម្បែងស្ថិតក្រោមជំនួយពីរដ្ឋ និងវិធានច្បាប់ជុំវិញការសុំកូនចិញ្ចឹមនឹងត្រូវបន្តផ្តោតទៅលើនិយមន័យជាប្រពៃណីនៃពាក្យអាពាហ៍ពិពាហ៍ ពោលគឺអ្វីដែលលោក Lee បានលើកឡើងប្រៀបដូចជាការដើរថយក្រោយ ២ ជំហាន ក្រោយបានបោះជំហានទៅមុខ ១ ជំហានអញ្ចឹង។ អ្វីដែលជាសញ្ញាចាប់ផ្តើមក្នុងការឆ្ពោះទៅរកឥរិយាបថកាន់តែមានភាពសេរីនោះ តាមពិតគឺជាការពង្រឹងគោល
នយោបាយអភិរក្សនិយមកាន់តែខ្លាំងវិញតែប៉ុណ្ណោះ។

ទោះបែបជាយ៉ាង នេះនោះក្តី ការងាកទៅរកបទដ្ឋានហួសសម័យរបស់ប្រទេសសិង្ហបុរីមិនមែនជារឿងចម្លែកនោះទេ។ ជាក់ស្តែង រដ្ឋាភិបាលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍កំពុងតែនាំគ្នាដើរត្រឡប់ក្រោយនៅក្នុងកម្រិតដ៏គួរឱ្យព្រួយបារម្ភពាក់ព័ន្ធនឹងបញ្ហានៃការផ្តល់សិទ្ធិនិងសេរីភាព ក្រោយពួកគេបានបោះជំហានយ៉ាងល្អនៅក្នុងរយៈពេល ១ ទសវត្សរ៍កន្លងទៅនេះ។

ជារឿយៗដំណើរនៃការដើរថយក្រោយនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា «ដើម្បីការពារសង្គមជាតិ»។ ឧទាហរណ៍ ប្រទេសឥណ្ឌូណេស៊ីបាននិងកំពុងពិចារណាក្នុងការដាក់បញ្ហានៃការប្រមាថប្រមុខរដ្ឋ ឱ្យក្លាយទៅជាបទល្មើសព្រហ្មទណ្ឌសារជាថ្មី។

មុខតំណែងជា ច្រើននៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Joko Widodo ត្រូវបានផ្តល់ទៅឱ្យបុគ្គលដែលមានភាពជិតស្និទ្ធនឹងប៉ូលិសនិងយោធា ដែលនេះគឺជាការដើរបញ្ច្រាសទៅនឹងការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្នុងការរក្សាកងកម្លាំងសន្តិសុខ មិនឱ្យទទួលបានអំណាចខ្លាំងពេក ដើម្បីទប់ស្កាត់ការឈានទៅដល់ការបង្កើតបដិវត្តបង្ហូរឈាមដូចកាលពីឆ្នាំ ១៩៩៨។

នៅក្នុងប្រទេសថៃ ឥស្សរជនអភិរក្សនៅក្នុងជួររដ្ឋាភិបាលបានធ្វើការប្រឆាំងដាច់ខាតចំពោះការអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយម និងលុបចោលច្បាប់ប្រមាថព្រះមហាក្សត្រ ។

ព្រឹត្តិការណ៍ខាងលើកាន់តែត្រូវបានបង្ហាញយ៉ាងច្បាស់ថែមទៀតនៅក្នុងប្រទេសហ្វីលីពីន ខណៈដែលលោក Ferdinand Marcos Jr. ទើបតែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះដើម្បីឡើងទៅដឹកនាំរដ្ឋាភិបាល បើទោះបីជាឪពុករបស់លោកគឺលោក Marcos Sr. ត្រូវបានគេចាត់ទុកថាជាបុគ្គលដែលបានលួចប្រាក់រាប់ពាន់លានដុល្លារពីរតនាគារហ្វីលីពីន នៅក្នុងរយៈពេលនៃការកាន់អំណាចជាង ៣ ទសវត្សរ៍របស់គាត់ក៏ពិតមែនក្តី។

រឿងរ៉ាវដ៏ចម្លែកទាំងនេះ មិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ព្រោះស្ថានភាពនៃការវិវត្តិន៍សង្គមនិងនយោបាយនៅក្នុងតំបន់នេះ តែងតែមានការវិលចុះវិលឡើង ហើយពលរដ្ឋជា ទូទៅតែងតែភ័យខ្លាចចំពោះការផ្លាស់ប្តូរ។

ការភ័យខ្លាចចំពោះការផ្លាស់ប្តូរ និងចំពោះផ្នត់គំនិតចាស់ៗ អាចបង្កើតជាបច្ច័យអាក្រក់។ នៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា «The War That Ended Peace» ដែលត្រូវបានសរសេរកាលពីឆ្នាំ ២០១៣ ដោយលោកស្រី Margaret Macmillan បានកត់សម្គាល់ថា នៅពេលមុនឈានដល់សង្គ្រាមលោកលើកទី១ ពួកអឺរ៉ុបដែលតែងតែមានការភ័យខ្លាចចំពោះការផ្លាស់ប្តូរដ៏ធំនៅក្នុងសង្គមដែលបង្កឡើងដោយបដិវត្តឧស្សាហកម្មនោះ បានទទួលស្វាគមន៍អ្វីៗគ្រប់យ៉ាងដោយរាប់ចាប់តាំងពីក្បួនព្យុះហយាត្រាយោធា រហូតដល់ទស្សនវិជ្ជាសម័យកណ្តាលដែលបានបង្កជាបច្ច័យដ៏មហន្តរាយ។

អ្វីដែលកំពុងកើតមានឡើងនៅក្នុងតំបន់នេះ ត្រូវបានពិពណ៌នាដោយអ្នកនិពន្ធជនជាតិបារាំងម្នាក់គឺលោក Alhonese Karr កាលពីឆ្នាំ ១៨៤៩ ថា «នៅពេលដែលអ្វីៗចាប់ផ្តើមផ្លាស់ប្តូរកាន់តែច្រើន ពួកគេនឹងនៅតែបន្តមានអត្ថិភាពដដែល»។

ទោះបីជាបែបនោះក្តី ការផ្លាស់ប្តូរដែលបានកើតមានឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានជំរុញឱ្យមានក្តីសង្ឃឹម។ ទោះបីជាមានឧបសគ្គនិងដាននៃប្រវត្តិសាស្ត្រជាច្រើនក្តី ក៏ប្រទេសនៅក្នុងតំបន់កំពុងព្យាយាមបោះបង់ចោលនូវទម្លាប់ចាស់ ហើយកំពុងវិវត្តន៍ខ្លួនទៅតាមពេលវេលានិងធ្វើការផ្លាស់ប្តូរ ដែលនេះពិតជារឿងដ៏មានសារៈសំខាន់៕

Bangkok Post

អត្ថបទទាក់ទង