ខ្មែរប៉ុស្ដិ៍ Close

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាស៊ានគួរឯកភាពចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប៉ុន្តែមិនគួរគាំទ្រចំពោះសម្ព័ន្ធភាពសន្តិសុខនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 54
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាស៊ានគួរឯកភាពចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប៉ុន្តែមិនគួរគាំទ្រចំពោះសម្ព័ន្ធភាពសន្តិសុខនោះទេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាស៊ានគួរឯកភាពចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប៉ុន្តែមិនគួរគាំទ្រចំពោះសម្ព័ន្ធភាពសន្តិសុខនោះទេ

មេដឹកនាំអាស៊ានគួរតែស្វាគមន៍ចំពោះក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប៉ុន្តែមិនគួរចូលរួមនៅក្នុងផ្នែកណាមួយនៃយុទ្ធសាស្ត្រសន្តិសុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះទេ។

ផ្ទុយទៅវិញ នៅក្នុងជំនួបរវាងមេដឹកនាំអាស៊ានជាមួយលោក Biden នៅក្នុងទីក្រុងវ៉ាស៊ីនតោននៅខែ ក្រោយ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jokowi គួរតែជំរុញឱ្យលោក Biden បញ្ចូលគំនិតផ្តួចផ្តើមរបស់គាត់ទៅក្នុងទស្សនវិស័យរបស់អាស៊ានស្តីអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ខណៈពេលដែលភាគីទាំង២ កំពុងតែសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចក្របខណ្ឌដែលត្រូវបានដាក់ចេញដោយលោក Biden មិនបានរាប់បញ្ចូលប្រទេសចិននោះទេ។ អាស៊ានមានចក្ខុវិស័យក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចដែលមានការរួមបញ្ចូលនូវប្រទេសទាំងអស់នៅ ក្នុងតំបន់ដែលរួមមានទាំងចិនផងដែរ។

សេតវិមានបានប្រកាសថា លោក Biden នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសជាមួយ មេដឹកនាំអាស៊ាននៅថ្ងៃទី ១២-១៣ ខែឧសភា ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន ហើយក៏ជាការទទួលស្គាល់តួនាទីស្នូលរបស់អាស៊ានក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមដ៏លំបាកបំផុតនៅក្នុងតំបន់ផងដែរ។

អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Jen Psaki បាននិយាយថា «អ្វីដែលជាសេចក្តីប្រាថ្នារួមគ្នារបស់យើងសម្រាប់តំបន់ គឺការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានលក្ខណៈសេរីនិងបើកចំហ មានសុវត្ថិភាព មានការតភ្ជាប់ទំនាក់ទំនងនិងមានភាពធន់»។

លោក Biden ត្រូវបានគេរំពឹងថា នឹងធ្វើការពន្យល់លម្អិតបន្ថែមទៀតអំពីក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរូបគាត់បានលើកយកមកបង្ហាញជាលើកដំបូងកាលពីក្នុងខែតុលា ឆ្នាំ២០២១ ដើម្បីធានាបាននូវការយល់ព្រមពីសំណាក់មេដឹកនាំអាស៊ាន។

ច្បាស់ណាស់មេដឹកនាំអាស៊ាននឹងទទួលយកនូវគំនិតផ្តួចផ្តើមរបស់លោក Biden ដែលជាគំនិតផ្តួចផ្តើមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចបន្ថែមទៀតជាមួយប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្នុងជំនាន់នៃការកាន់តំណែងរបស់លោក Donald Trump សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់តំបន់នេះ ហើយអាមេរិកក៏បានដកខ្លួនចេញពីការ ចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ២០១៧ ថែមទៀត។

កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៨ ដោយមានប្រទេសចូលរួមចំនួន ១១ ដែលរួមមានទាំងប្រទេសជាសមាជិកអាស៊ានមួយចំនួន និងមិនមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិកនោះទេ។

ភាពអវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់កាន់តែបង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង នៅពេលដែលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាមួយនឹងប្រទេសមួយចំនួនទៀត ដូចជា ប្រទេសចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង នូវែលហ្សេឡង់ បានចូលជាធរមាននៅក្នុងខែមករា។

ក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោក Biden គឺជាការប៉ះប៉ូវសងនូវបំណែកដែលបាត់បង់ និងជាការធានាថា ប្រទេសជាសមាជិកអាស៊ានទាំង១០ នឹងនៅតែបន្តមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ហើយក៏ជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរបស់ពួកគេ។

វិធីដែលក្របខណ្ឌថ្មីនេះត្រូវបានបង្ហាញ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា វាពិតជាផ្នែកមួយនៃយុទ្ធសាស្រ្តរួមរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីទប់ស្កាត់ការកើនឡើងនៃប្រទេសចិន។ ហើយក្របខណ្ឌថ្មីនេះនឹងមិនសូវមានភាពខុសគ្នាពីគំនិតផ្តួចផ្តើមមុនៗដែលមានគោលបំណងដើម្បីស្វែងរកការពង្រឹងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីឱ្យមានភាពសមាមាត្រជាមួយប្រទេសចិននោះទេ។

សម្ព័ន្ធក្រុមប្រទេស Quad ដែលមានការ ចូលរួមពីសំណាក់សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ត្រូវបានគេពង្រីកដើម្បីធ្វើការពិភាក្សាទៅលើបញ្ហាដែលមិនមែនជារឿងសន្តិសុខ ដូចជាបញ្ហាកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការប្រឆាំងភេរវកម្ម ហើយអ្វីដែលសំខាន់នោះ គឺសម្ព័ន្ធក្រុមប្រទេសនេះនៅតែជាសម្ព័ន្ធភាពដែលមានគោលបំណងប្រឆាំងនឹងប្រទេសចិន។

ការចែកចាយវ៉ាក់សាំងរបស់ប្រទេសជាសមាជិក Quad ទៅកាន់ប្រទេសផ្សេងៗកាលពីឆ្នាំមុន គឺជាការធ្វើសកម្មភាពដើម្បីប្រកួតប្រជែងជាមួយនឹងសម្មភាពការទូតវ៉ាក់សាំងដ៏គឃ្លើនរបស់ចិន។ គេក៏បានធ្វើការពិភាក្សារួចទៅហើយអំពីការពង្រីកសមាជិកភាព «Quad-Plus»។

នៅខែតុលា ឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានប្រកាសអំពីការបង្កើតកិច្ចព្រមព្រៀងសន្តិសុខ AUKUS ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយកិច្ចព្រមព្រៀងនេះក៏បានជួយគាំទ្រឱ្យប្រទេសអូស្ត្រាលីធ្វើការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយខ្លួនឯងផងដែរ។

អាស៊ានក៏មានការព្រួយបារម្ភចំពោះការកើនឡើងនៃប្រទេសចិនដូចគ្នា ជាពិសេសនៅពេលដែលប្រទេសចិនបាន ចាប់ផ្តើមបញ្ចូនកងយោធារបស់ខ្លួនទៅឈរជើងនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាទឹកដីត្រួតស៊ីគ្នារវាងប្រទេសចិន ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ ការចូលរួម ឬការបង្ហាញការគាំទ្រចំពោះសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក ដូចជា Quad ឬ AUKUS ពីសំណាក់អាស៊ាន គឺជាមធ្យោបាយមួយដែលខុសឆ្គង ហើយវាគ្រាន់តែជាការធ្វើឱ្យប្រទេសចិនមានការខឹងសម្បាតែប៉ុណ្ណោះ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្រោមលេសនៃការធានាការពារព្រំដែនរបស់ខ្លួនប្រឆាំងនឹងការ ពង្រីកខ្លួនរបស់អង្គការណាតូ គឺជាមេរៀនមួយដែលបានបង្ហាញថា ប្រទេសចិនអាចនឹងធ្វើអ្វីមួយស្រដៀងគ្នានេះនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីធានាការពារផលប្រយោជន៍របស់ខ្លួន ប្រសិនបើមានការរុញច្រានខ្លាំងពេក។

គេមិនគួរបង្កើតឱ្យមានសម្ព័ន្ធភាពសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បន្ថែមទៀតនោះទេនៅក្នុងស្ថានភាពនេះ។ ផ្ទុយទៅវិញ អាស៊ានគួរតែស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ចដ៏រឹងមាំមួយជាមួយសហរដ្ឋអាមេរិក និងជាមួយបណ្តាប្រទេសផ្សេងៗ ទៀតដើម្បីបន្ធូរបន្ថយភាពតានតឹងនិងទប់ស្កាត់ការកើតមាននៃ សង្គ្រាម។

ទស្សនវិស័យរបស់អាស៊ានចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំ ២០១៩ ពិតជាទទួលបានការទទួលស្គាល់ពីសំណាក់ប្រទេសជាច្រើនផ្សេងទៀត។

នៅក្នុងជំនួបកំពូលតាមប្រព័ន្ធអនឡាញជាមួយមេដឹកនាំអាស៊ានកាលពីខែតុលា ឆ្នាំ ២០២១ លោក Biden បានទទួលស្គាល់មជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មួយខែក្រោយមក នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយមេដឹកនាំអាស៊ាន ប្រធានាធិបតីចិនលោក Xi Jinping ក៏បានស្នើសុំយកគំនិតផ្តួចផ្តើម BRI របស់ចិន ដើម្បីធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចពីអាស៊ីទៅកាន់អឺរ៉ុបផងដែរ។

ក្នុងគោលបំណង ដើម្បីលើកកម្ពស់សន្តិភាពនិងវិបុលភាពនៅក្នុងតំបន់ ទស្សនវិស័យរបស់អាស៊ានមានគោលការណ៍មួយចំនួនដូចជា ភាពបើកចំហ, តម្លាភាព, បរិយាប័ន្ន, ក្របខណ្ឌដែលផ្អែកទៅលើច្បាប់, អភិបាលកិច្ចល្អ ការគោរពអធិបតេយ្យភាព និងការមិនធ្វើអន្តរាគមន៍។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺវាបានសង្កត់ធ្ងន់ទៅលើមជ្ឈភាពរបស់អាស៊ាននៅក្នុងការកសាងតំបន់ដែលកំពុងរីកចម្រើននេះ។

ដោយសារតែទស្សនវិស័យនេះគឺជាគំនិតផ្តួចផ្តើមរបស់ប្រទេសឥណ្ឌូណេស៊ី ដូចនេះវាអាស្រ័យទៅលើប្រធានាធិបតី Jokowi ដើម្បីធ្វើការបញ្ចុះបញ្ចូលលោក Biden នៅក្នុងកិច្ចប្រជុំកំពូលខែឧសភាខាងមុខដើម្បីតម្រឹមក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាមួយនឹងទស្សនវិស័យរបស់អាស៊ាន។

ឯកសារទាំង ២ ខាង លើគឺសុទ្ធតែមានគោលបំណងដូចគ្នាក្នុងការលើកកម្ពស់វិបុលភាពរួមដោយគ្រាន់តែមានភាពខុសគ្នានៅក្នុងវិធីសាស្រ្តតែប៉ុណ្ណោះ៕ The Jakarta Post

អត្ថបទទាក់ទង