ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្ដីក្រសួងការងារ៖ ការ​នាំចេញផលិតផលពីកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក មិនមានការ​ធ្លាក់ចុះនោះទេ បើទោះជាជំងឺកូវីដ-១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 9
រដ្ឋមន្រ្ដីក្រសួងការងារ៖ ការ​នាំចេញផលិតផលពីកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក មិនមានការ​ធ្លាក់ចុះនោះទេ បើទោះជាជំងឺកូវីដ-១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ រដ្ឋមន្រ្ដីក្រសួងការងារ៖ ការ​នាំចេញផលិតផលពីកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក មិនមានការ​ធ្លាក់ចុះនោះទេ បើទោះជាជំងឺកូវីដ-១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ​បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកបន្តទៀត ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជូន​បងប្អូន​កម្មករ និយោជិត។ បើទោះជាជំងឺកូវីដ ១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ ក៏ការ​នាំ​ចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអាម៉េរិកមិនមានការធ្លាក់ចុះទេ មានតែកើនឡើង​បើ​ប្រៀបជាមួយទីផ្សារប្រទេសផ្សេងទៀត។ ការអះអាងបែបនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជា​ណា​ចក្រ​កម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ ដើម្បី ពិភាក្សា​ការងារលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសកិច្ចសហប្រតិ​បត្តិការ​លើ​ការអនុវត្តគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនិងបទដ្ឋាន​ការងារអន្តរ​ជាតិ ដែល​កម្ពុជាធ្លាប់បានអនុវត្តន៍ប្រកបដោយជោគជ័យជាមួយសហរដ្ឋអាមេរិក តាំងពី ឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន។

លោក អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះភាគីសហរដ្ឋអាមេរិក ដែល​ទទួល​ស្គាល់នូវវឌ្ឍនភាពនៃការអនុវត្តសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ការធានាបាននូវ​លក្ខ​ខណ្ឌ​ការងារ ស្របតាមបទដ្ឋានការងារអន្តរជាតិ ដែលជាកត្តាស្នូលសម្រាប់ភាគី​សហ​រដ្ឋ​អាមេរិក​បន្តផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជារហូតមកទល់បច្ចុប្បន្ន។ លោក​បន្ដថា តាមរយៈ គម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា ដែលអនុវត្តន៍ដោយ​អង្គការ​អន្តរជាតិខាង​ការងារ (ILO) ជាគម្រោងវាយតម្លៃប្រកបដោយតម្លាភាពនូវលក្ខខណ្ឌ​ការងារ នៅក្នុងវិស័យ​កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង ហើយដែលបច្ចុប្បន្ន​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម កំពុងជំរុញការពង្រីក​វិសាលភាព​អនុវត្តន៍​ដល់រោងចក្រផលិត ផលិតផលធ្វើដំណើរ និងកាបូប (TGB)។ ក្រៅពី​នេះ កម្ពុជា និងសហរដ្ឋអាមេរិក​ក៏បាន​ពិភាក្សាក្នុងការបន្តពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការលើ​ការបន្តលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការពង្រឹងសមត្ថភាពអធិការការងារ​តាម​រយៈការ​ទសន្សកិច្ចសិក្សានៅ​សហរដ្ឋ​អាមេរិកតាមរយៈ កម្មវិធី International Visitors Leadership Program on Demand និងការបន្ត​អនុស្សរណៈ នៃការយោគយល់គ្នារវាង​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​មជ្ឈមណ្ឌលអាម៉េរិកកាំងសម្រាប់សាមគ្គីភាពការ​ងារអន្តរជាតិ (ACILS)។ កិច្ចសហប្រតិ្ត​រវាង​ក្រសួង និងមជ្ឈមណ្ឌលអាម៉េរិកកាំងសម្រាប់​សាមគ្គីភាពការងារអន្តរជាតិ ក្នុងរយពេល​កន្លងមកក៏ទទួលបានសមិទ្ធផលជាច្រើន ក្នុង​ការ​ចូលរួមជួយឱ្យភាគីពាក់ព័ន្ធ ជាពិសេស​អង្គការវិជ្ជាជីវៈ កាន់តែមានភាពចាស់ទុំក្នុងការ​ចូលរួមអនុវត្តន៍ច្បាប់ស្តីពីការងារ ច្បាប់ស្តីពី​សហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់​ស្តីពីរបបបេឡាជាតិសន្តិសុខសង្គម និង​លិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធនឹងវិស័យ​ការងារ ដែលទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុង​ការកាត់បន្ថយនូវវិវាទការងារ ហើយឈាន​ទៅបង្កើតឱ្យមានសុខដុមនីយកម្មនៃទំនាក់​ទំនង​វិជ្ជាជីវៈ។

លោក W. Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអនុវត្តន៍បានយ៉ាងល្អក្នុងការចូលរួម​ធានា​នូវ​និរន្តរ​ភាពនៃដំណើរការអាជីវកម្ម ផលិតកម្ម និងពាណិជ្ជកម្ម តាមរយៈការដាក់ចេញនូវ​វិធានការ សេចក្តីណែនាំ និងតាមដានត្រួតពិនិត្យមើលការអនុវត្តរបស់រោងចក្រ សហ​គ្រាស គ្រឹះស្ថាននៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ក្រសួងការងារបានការចូលរួមដោះ​ស្រាយ​រាល់​​បញ្ហានានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការទូទាត់អត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតពេលរោង​ចក្រព្យួរការងារ និងដោះស្រាយ​ទូទាត់ប្រាក់អតីភាពការងារ និងអត្ថប្រយោជន៍ពេលរោង​ចក្របិទទ្វារលែងដំណើរការ ឬរោងចក្រក្ស័យធន ឬម្ចាស់រត់ចោល។

លោក អ៊ិត សំហេង បានចាត់ទុកភាគី​សហរដ្ឋ​អាមេរិក ដែលបានបន្ត​នូវការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការល្អ ចូលរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការខិតខំបន្តអនុវត្តន៍បានយ៉ាងល្អនូវការប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស ការផ្តល់កិច្ច​គាំពារដល់ពលករទេសន្តរប្រវេសន៍ ការលុបបំបាត់​នូវទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការ​បន្ត​លើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ សិទ្ធិ​ការងារ សំវាទសង្គម និងការផ្តល់នូវកិច្ច​គាំ​ពារសង្គម៕

អត្ថបទទាក់ទង