ខ្មែរប៉ុស្ដិ៍ Close

គោលនយោបាយពាណិជ្ជកម្មរបស់ Bidenកំពុងជាប់គាំង ដោយសារនយោបាយក្នុងស្រុក និងនយោបាយ Trump និយម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 101
គោលនយោបាយពាណិជ្ជកម្មរបស់ Bidenកំពុងជាប់គាំង ដោយសារនយោបាយក្នុងស្រុក និងនយោបាយ Trump និយម គោលនយោបាយពាណិជ្ជកម្មរបស់ Bidenកំពុងជាប់គាំង ដោយសារនយោបាយក្នុងស្រុក និងនយោបាយ Trump និយម

អតីតប្រធានាធិបតីអាមេរិក Donald Trump ហាក់មានឥទ្ធិពលខ្លាំងនៅជុំវិញទិដ្ឋភាពនយោបាយរបស់សហរដ្ឋអាមេរិក។ បេក្ខជនដែលលោក Trump ពេញចិត្ត ដូចជា លោក JD Vance នៅរដ្ឋ Ohio និងលោក Mehmet Oz ក្នុងរដ្ឋ Pennsylvania បានឈ្នះការប្រកួតជាបឋមរបស់ពួកគេរៀងៗខ្លួន ដើម្បីក្លាយជាបេក្ខជនព្រឹទ្ធសភានៃពីគណបក្សសាធារណរដ្ឋនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយអ្នកទាំងពីរទំនងជាអាចទទួលបាននូវអាសនៈនៅក្នុងព្រឹទ្ធសភាអាមេរិកថែមទៀតផង។

បេក្ខភាពដែលលោក Trump មិនពេញចិត្ត គឺលោក David Perdue បានចាញ់ លោក Brian Kemp នៅក្នុងការប្រកួតប្រជែងជាបឋមដើម្បីដណ្តើមតំណែងអភិបាលរដ្ឋ Georgia ។ ការបង្ហាញនូវការគាំទ្រចំពោះលោក Trump បូកផ្សំនឹងការចូលនិវត្តន៍របស់អ្នកកាន់តំណែងរបស់គណបក្សសាធារណរដ្ឋមួយចំនួន ដែលតែងតែមិនយល់ស្របនឹងគោលនយោបាយរបស់លោក Trump គឺពិតជាបានបង្ហាញអំពីការពង្រឹងអំណាចរបស់លោក Trump នៅក្នុងគណបក្ស។

ការកើនឡើងដល់កម្រិតខ្ពស់បំផុតនៃអត្រាអតិផរណាដែលបង្កឡើងដោយការដាក់ចេញនូវផែនការប្រាក់ឧបត្ថម្ភកាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២១ បូកផ្សំនឹងគោលនយោបាយរូបិយវត្ថុដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានលុបបំបាត់ចោលនូវក្តីសង្ឃឹមរបស់គណបក្សប្រជាធិបតេយ្យក្នុងការរក្សាការគ្រប់គ្រងសភារបស់ខ្លួននៅក្នុងការបោះ ឆ្នោតនៅខែវិច្ឆិកាឆ្នាំ ២០២២ ខាងមុខ។

ការគាំទ្រដ៏អង់អាចរបស់ Biden ចំពោះប្រទេសអ៊ុយក្រែន បានធ្វើឱ្យគេបំភ្លេចនូវព្រឹត្តិការណ៍នៃការដកកងទ័ពរបស់អាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយដំណើរការដ៏សកម្មនៃទីផ្សារការងារគឺជាសញ្ញាបង្ហាញថា មនុស្សគ្រប់គ្នាអាចចាកចេញពីផ្ទះដើម្បីមកស្វែងរកការងារធ្វើបាន។ ប៉ុន្តែនៅក្នុងទិដ្ឋភាពនយោបាយនៅពេលបច្ចុប្បន្ននេះ បញ្ហាដែលបង្កឡើងដោយអតិផរណា គឺសំខាន់ជាងអ្វីៗទាំងអស់ ហើយនៅពេលនេះលោក Biden កំពុងត្រូវបានគេស្តីបន្ទោស ហើយគណបក្សរបស់លោក ក៏នឹងមិនអាចទទួលបានលទ្ធផលល្អនៅក្នុងការបោះឆ្នោតខាងមុខនោះដែរ ។

ការចាក់ស្រេះផ្នែកនយោបាយហាក់ដូចជាបង្ខំឱ្យលោក Biden ត្រូវអនុវត្តតាមគោលនយោបាយអន្តរជាតិរបស់លោក Trump បើទោះបីជាលោក Biden បានជ្រើសយកវិធីដឹកនាំនៅក្នុងស្រុកផ្សេងគ្នាក៏ដោយ។ លោក Trump បានកំណត់ដំណាក់កាលសម្រាប់ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ហើយលោក Biden គឺជាអ្នកអនុវត្តការចាកចេញដ៏អាម៉ាស់នេះ។ ហើយលោក Trump និងឯកអគ្គរដ្ឋទូតពាណិជ្ជកម្មរបស់គាត់ គឺលោក Robert Lighthizer ក៏បានលុបចោលនូវគោលនយោបាយពាណិជ្ជកម្មដែលត្រូវបានគេប្រកាន់ខ្ជាប់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នៅលើផ្នែកពាណិជ្ជកម្មសេរី និងពហុភាគីនិយមផងដែរ។

តាមរយៈការដាក់សម្ពាធពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនដូចជា សមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren និងសមាជិកសភា លោកស្រី Alexandria Ocasio-Cortez លោក Biden និងឯកអគ្គរដ្ឋទូតពាណិជ្ជកម្មរបស់លោកគឺលោកស្រី Katherine Tai បានងាកចេញពីការផ្តល់យោបល់នានាដែលថា «ទីផ្សារបើកចំហអាចនឹងជាជម្រើសល្អសម្រាប់អាមេរិក»។ ផ្ទុយទៅវិញ គោលនយោបាយពាណិជ្ជកម្មដែលពួកគេបានរៀបចំ បានផ្តោតសំខាន់ទៅលើបុគ្គលិក, ការកែលម្អសិទ្ធិការងារ ការលើកកម្ពស់សមភាពយេនឌ័រ, ការលើកកម្ពស់ជនជាតិភាគតិច និងការលើកកម្ពស់ការថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរឡើងទៅវិញ។

នៅក្នុងការអនុវត្តជាក់ស្តែង ការផ្ដោតទៅលើបុគ្គលិកមានន័យថា ការការពារការងារក្នុងវិស័យផលិតកម្ម បើទោះបីជាការងារទំនេរនៅក្នុងវិស័យផលិតកម្មកំពុងតែកើនឡើងក៏ដោយ។

ឯកអគ្គរដ្ឋទូត Tai អាចជំរុញឱ្យប្រទេសផ្សេងទៀតអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ និងគាំទ្រដល់គោលដៅ Paris Club ស្តីអំពីការបញ្ចេញសារធាតុកាបូន ប៉ុន្តែវាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះថា ប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកនឹង អាចអនុវត្តនូវច្បាប់ដែលមានភាពតឹងរ៉ឹងជាងច្បាប់ដែលមាន នៅក្នុងស្រុករបស់ពួកគេនោះ។ ហើយទន្ទឹមនឹងនេះ អង្គការពាណិជ្ជកម្មពិភពលោក ក៏នៅតែត្រូវបានសហរដ្ឋអាមេរិកព្រងើយកន្តើយដាក់ដដែល។

លោក Biden បានបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយ Trumpian តាមរយៈការបន្តការធ្វើសង្រ្គាមត្រជាក់ជាមួយប្រទេសចិន។ ចាប់តាំងពីជំនាន់ Thucydides មក អ្នកប្រាជ្ញបានសង្កេតមើលវដ្តនៃសកម្មភាពនិងវដ្តនៃប្រតិកម្មដែលបង្ហាញអំពីទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងឡាយ។

ទំនាក់ទំនងចិន-អាមេរិកអាចនឹងមានភាពខុសប្លែកគ្នានៅថ្ងៃនេះ ប្រសិនបើលោក Trump បានដាក់ចេញនូវគោលនយោបាយទាក់ទាញជាមួយទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១៨ ជាជាងការធ្វើសង្រ្គាមពាណិជ្ជកម្ម។ ដូចគ្នានេះដែរ ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីក៏អាចនឹងមានភាពខុសប្លែកគ្នានៅថ្ងៃនេះ ប្រសិនបើលោក George HW Bush បានគោរពតាមការសន្យារបស់គាត់ មិនធ្វើការពង្រីកអង្គការ NATO បន្ទាប់ពីមានការដួលរលំនៃជញ្ជាំងប៊ែរឡាំងហើយនោះ។

បញ្ហាប្រឈមរបស់លោក Biden នៅពេលនេះគឺ លោកត្រូវធានាឱ្យបានថា ការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយប្រទេសចិននឹងមិនត្រូវបញ្ចប់ដោយគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនោះទេ។

អរិភាពកាន់តែច្រើនឡើងរបស់លោក Biden ចំពោះប្រទេសចិនដែលបានផ្តើមចេញពីគោលនយោបាយ Trumpian ឥឡូវនេះបានរួមបញ្ចូលទាំងការនាំចេញ ការនាំចូល ការវិនិយោគបច្ចេកវិទ្យា និងការផ្លាស់ប្តូរបច្ចេកវិទ្យា។

ខណៈកំពុងប្រឈមមុខនឹងជម្លោះជាមួយប្រទេសអមិត្ត ក៏ដូចជាគោលនយោបាយដែលបានដាក់កម្រិតលើការចូលរួមនៅក្នុងសេដ្ឋកិច្ចអន្តរជាតិ លោក Biden បានរកឃើញនូវចំណុចពិសេសមួយដែលគ្រប់គ្នាតែងតែបានមើលរំលង ដែលចំណុចនោះគឺការចូលរួមផ្នែកសេដ្ឋកិច្ចពិតជាមានសារៈសំខាន់សម្រាប់ការពង្រឹងសម្ព័ន្ធភាព។

ដោយមិនចង់ទទួលយកទីផ្សារទៅវិញទៅមកនៅក្នុងការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្ម ក៏ដូចជាខ្លាចថា ការវិនិយោគទៅវិញទៅមកដោយផ្ទាល់ពីបរទេសអាចធ្វើឱ្យសាជីវកម្មកាន់តែមានភាពសម្បូរបែប ប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍ ដល់បុគ្គលិកនោះ លោក Biden និងក្រុមការងាររបស់គាត់ បានប្រមូលផ្តុំនូវធាតុ សំខាន់ៗពីក្របខ័ណ្ឌដែលអាមេរិកបានចូលរួមពីមុនៗដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃទ្វីបអាមេរិក (FTAA), ភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគឆ្លងមហាសមុទ្រអាត្លង់ទិក (TTIP) និងភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP) ដែលពេលនេះត្រូវបានក្លាយទៅជាកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដ៏ទូលំទូលាយ និងរីក ចម្រើន (CPTPP) ។

ជាមួយសហភាពអឺរ៉ុប លោក Biden ដាក់ចេញនូវក្របខណ្ឌថ្មីដែលត្រូវបានកំណត់ថាជាក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យាអាមេរិក-សហភាពអឺរ៉ុប (TTC)។ ក្របខណ្ឌ TTC បាន បង្កើតនូវក្រុមការងារជាច្រើនដើម្បីដោះស្រាយបញ្ហាបញ្ញាសិប្បនិម្មិត, ស្តង់ដារផលិតផល, ខ្សែសង្វាក់ផ្គត់ផ្គង់សឺមីកុងឌុចទ័រ, វេទិកាឌីជីថល, សិទ្ធិការងារ និងអ្វីៗជាច្រើនទៀត។

ប៉ុន្តែអ្វីដែលជាគោលបំណងពិតប្រាកដដ៏សំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការនេះគឺ ការដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ី និងចិន។ សរុបមក គោលបំណងនៃការដាក់ចេញនូវក្របខណ្ឌ TTC គឺដើម្បីការពារសន្តិសុខ ហើយត្រូវបានគេបិទបាំងដោយប្រើប្រាស់រូបភាពនៃការចូលរួមផ្នែកសេដ្ឋកិច្ច។

ក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) ដែលទើបនឹងត្រូវបានប្រកាសកាលពីពេលថ្មីៗរវាងសហរដ្ឋអាមេរិកនិងប្រទេសជាដៃគូនៅអាស៊ីទាំង ១៣ ក៏មានលក្ខណៈដូចគ្នា។

សសរស្តម្ភទាំង ៤ រួមមាន ការតភ្ជាប់សេដ្ឋកិច្ច, ភាពធន់មាំនៃសេដ្ឋកិច្ច សេដ្ឋកិច្ចដែលមិនប៉ះពាល់ដល់បរិស្ថាន និងសេដ្ឋកិច្ចដោយយុត្តិធម៌ ហើយប្រទេសដែលជាសមាជិក IPEF អាចជ្រើសរើសយកសសរស្តម្ភណាមួយដែលត្រូវចូលរួម។ បើទោះបីជាមិនបានបញ្ជាក់នៅក្នុងសេចក្តីប្រកាស IPEF ប៉ុន្តែមកដល់ពេលនេះ អ្វីដែលជាចំណុចសំខាន់បំផុតនោះ គឺការធានាសុវត្ថិភាពពីសំណាក់សហរដ្ឋអាមេរិកចំពោះប្រទេសជាដៃគូនៅអាស៊ីដែលកំពុងតែមានជម្លោះជាមួយប្រទេសចិន។

សូម្បីតែភាពជាដៃគូជាមួយអាមេរិកសម្រាប់វិបុលភាព សេដ្ឋកិច្ច (APEP) ដែលទើបនឹងត្រូវបានលើកបង្ហាញដោយលោក Biden នៅក្នុងកិច្ចប្រជុំកំពូលអាមេរិកនៅថ្ងៃទី ៨ ខែមិថុនា កន្លងមកនេះ ក៏មានភាពវែងអន្លាយតែនៅក្នុងវោហាសាស្ត្រតែប៉ុណ្ណោះ តែបើនិយាយពីខ្លឹមសារគឺមានយ៉ាងខ្លី។ ប៉ុន្តែបញ្ហាសន្តិសុខមិនត្រូវបានគេដាក់បញ្ចូលទៅក្នុងទំនាក់ទំនងអឌ្ឍគោលនោះទេ។

ខណៈប្រធានាធិបតីអាមេរិកនឹងត្រូវប្រឈមមុខជាមួយនឹងសភារបស់គណបក្សសាធារណៈរដ្ឋនៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ខាងមុខ តើតំបន់អឺរ៉ុបឬអាស៊ីអាចរំពឹងថា នឹងមានការផ្លាស់ប្តូរនៅក្នុងផ្នែកយុទ្ធសាស្ត្ររបស់ Biden ដែរឬទេ? ប្រសិនបើលោក Biden បានធ្វើការសម្រេចចិត្តដោយសម្ងាត់ថា លោកនឹងមិនចង់បន្តកាន់តំណែងនៅក្នុងអាណត្តិទី២ ទេ នោះលោកនឹងអាចដោះលែងខ្លួនឯងចេញពីភាពច្របូកច្របល់រវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបែប Trump និយមនេះបាន។

នៅក្នុងសេណារីយ៉ូនោះ រដ្ឋបាល Biden អាចនឹងត្រូវចាប់ផ្តើមធ្វើសកម្មភាពដ៏មានអត្ថន័យបន្ថែមដើម្បីធ្វើឱ្យអង្គការ WTO រស់ឡើងវិញ និងបន្ថែមនូវចំណុចពាក់ព័ន្ធនឹងសេដ្ឋកិច្ចមួយចំនួនចូលទៅក្នុងក្របខណ្ឌ TTC, IPEF និង APEP ។ លោក Biden ក៏អាចនឹងធ្វើការបញ្ចប់ជម្លោះជាមួយទីក្រុងប៉េកាំងទៀតផង។

ប៉ុន្តែប្រសិនបើលោក Biden ចង់បន្តការកាន់តំណែងនៅក្នុងអាណត្តិទី២ រយៈពេល ២ ឆ្នាំខាងមុខនឹងមានលក្ខណៈដូចជាអ្វីដែលបានកើតឡើងនៅ២ឆ្នាំមុន ពោលគឺមានការប្រើប្រាស់វោហាសព្វច្រើន តែខ្លឹមសារពាក់ព័ន្ធនឹងការចូលរួមជាមួយសេដ្ឋកិច្ចអន្តរជាតិនឹងមានតិចតួចតែប៉ុណ្ណោះ៕ East Asia Forum

អត្ថបទទាក់ទង