ខ្មែរប៉ុស្ដិ៍ Close

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី ២៥០លានដុល្លារ ដើម្បីជួយដល់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 59
ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី ២៥០លានដុល្លារ ដើម្បីជួយដល់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី ២៥០លានដុល្លារ ដើម្បីជួយដល់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតដែលបង្កដោយវីរុសកូរ៉ូណា (COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេស បង្កើនជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងផ្តល់ការគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្ម ដែលរួមមាន សហគ្រាសខ្នាតតូចនិង មធ្យមផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានមាន ប្រសាសន៍ថា ដោយបន្ថែមថា “កម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ COVID-19 គំរាមធ្វើឱ្យថយចុះនូវការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងចំណោម ក្រុមងាយរងគ្រោះដូចជាស្រ្តីនិងកម្មករចំណាកស្រុក។ លោកបានបញ្ជាក់ថា “ការគាំទ្រ នេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតនេះលើសុខភាព សង្គម និងសេដ្ឋកិច្ច។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើការគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់ កម្ពុជា”។ លោកបានបន្ដថា ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីផល ប៉ះ ពាល់អវិជ្ជមាននៃ COVID-19 ដោយសារសេដ្ឋកិច្ច បើកចំហ មូលដ្ឋានសេដ្ឋកិច្ចចង្អៀត និង ប្រជាពលរដ្ឋចល័តច្រើន។ទន្ទឹមនេះ ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ ចុះក្នុងរង្វង់ –៥,៥ភាគរយក្នុងឆ្នាំ២០២០ដោយសារការថយចុះនៃវិស័យទេសចរណ៍ការនាំចេញសម្លៀក បំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ តិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ហានិភ័យ នៃការធ្លាក់ចុះនេះអាចនឹងនាំឱ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ ទៀតធ្លាក់ ក្នុង ភាពក្រីក្រ។

សូមរម្លឹកថា កាលពីខែមីនា ឆ្នាំ២០២០នេះ កម្ពុជាប្រកាសដំណើរការការឆ្លើយតប ស៊ី ជម្រៅ ទៅនឹង COVID-19 ជាមួយនឹង កញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧លាន ដុល្លារដែលស្មើនឹង៣,២ភាគរយនៃផលិតផលក្នុងស្រុកសរុបរំពឹងទុកសម្រាប់ឆ្នាំ២០២០។ទាំងនេះរួមបញ្ចូលនូវការគាំទ្រទៅលើប្រព័ន្ធសុខាភិបាលដើម្បីត្រៀមបង្ការការ កើនឡើង នៃករណី COVID-19 ។ សម្រាប់កម្មករ និងសហគ្រាសដែលរួមមានការចាក់បញ្ចូលដើមទុន ១៥០លានដុល្លារដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូចនិងមធ្យម។កញ្ចប់ ថវិកាគាំទ្រនេះ រួមមាន៣០០លានដុល្លារ សម្រាប់ការផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារ ក្រីក្រ និងងាយរងគ្រោះដែលមាន ក្នុងបញ្ជីទិន្នន័យរបស់រាជរដ្ឋាភិបាល។ ចំពោះបញ្ជីទិន្ន ន័យ (IDPoor)នេះ មានបញ្ចូលគ្រួសារក្រីក្រ២,៤លាន គ្រួសារ ហើយកំពុងត្រូវបានបញ្ចូលបន្ថែម គ្រួសារដែលរងប៉ះពាល់ដោយ COVID-19។ កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតប សកម្មភាពទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES) ត្រូវបាន ផ្តល់ថវិកា តាម រយៈជម្រើសឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 (ហៅកាត់ថា CPRO) ក្រោមការជ្រោមជ្រែងរបស់ ADB ដើម្បីដោះស្រាយដំណើរសេដ្ឋកិច្ចមិនប្រក្រតី។ CPRO ផ្តួចផ្តើម ឡើង តាមរយៈជំនួយរបស់ ADB ដែលត្រូវបានពង្រីករហូតដល់២០ពាន់លានដុល្លារ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សម្រាប់សមាជិកជាប្រទេស កំពុងអភិវឌ្ឍន៍ក្នុងការឆ្លើយតបនឹង ជំងឺរាត ត្បាត។

ក្រៅពីនេះ កម្មវិធីនេះក៏រួមបញ្ចូលនូវក្របខ័ណ្ឌចូលរួមរបស់ប្រទេស ដែល ទទួល បាន ការគាំទ្រ ដើម្បីធានាថារាជរដ្ឋា ភិបាល និងADB បន្តកិច្ចពិភាក្សាគោល នយោបាយ ជុំវិញ ការ អនុវត្ត និងតាមដានការឆ្លើយតបទៅនឹង COVID-19 របស់កម្ពុជា។ ក្របខ័ណ្ឌនេះ ក៏រួម មានការប្រឹក្សាយោបល់ជាមួយវិស័យឯកជន និងអង្គការ សង្គមស៊ីវិល។ កម្មវិធីនេះ ក៏ផ្សា ភ្ជាប់ទៅនឹងសកម្មភាពគាំទ្របច្ចុប្បន្នរបស់ ADB សម្រាប់កំណែទម្រង់ ការគ្រប់គ្រង ហិរញ្ញ វត្ថុ សាធារណៈដើម្បីពង្រឹងអភិបាលកិច្ចនិងតម្លាភាពព្រមទាំងបង្កើនប្រសិទ្ធផល ក្នុងការ បង្កើត គោលនយោបាយ និងថវិកា ការតាមដានការចំណាយ និង សវន កម្ម។

កម្មវិធី CAREនេះ ត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលជាមួយ ដៃគូ អភិវឌ្ឍន៍នានា និងបំពេញបន្ថែមទៅនឹងការគាំទ្ររបស់ ADB បច្ចុប្បន្នដើម្បីផ្គត់ផ្គង់ឧបករណ៍ ត្រួតពិនិត្យសីតុណ្ហភាពសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យអន្តរជាតិ និងធានាការផ្តល់បច្ចុប្បន្នភាព ទៀងទាត់ដល់វេបសាយក្រសួងសុខាភិបាលដែលបង្ហាញរបាយការណ៍តាមដាន COVID-19 និងព័ត៌មានពាក់ព័ន្ធផ្សេងៗរាល់ថ្ងៃ។ នេះគឺជាផ្នែកមួយនៃសក្តានុពលភាពដ៏រឹងមាំនៃគម្រោងវិនិយោគនិងជំនួយបច្ចេកទេសដែលផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសសម្រាប់កម្ពុជា របស់ ADB ចាប់ពីឆ្នាំ២០១៩–២០២៣ ហើយគាំទ្រដល់ការស្តារ ឡើង វិញក្រោយពីការរាតត្បាតនៃ COVID-19។

លោក Masatsugu Asakawa បានបញ្ជាក់បន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានាំ មកនូវវិបុលភាពបរិយាប័ន្ន ភាពធន់ និងនិរន្តរភាពសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយ ស្របពេលជាមួយគ្នានេះក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួនក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ៕

អត្ថបទទាក់ទង