ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងការបន្តអូសបន្លាយធ្វើបាតុកម្មដោយក្រុមមេដឹកនាំសហជីព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 101
បទវិភាគ៖ ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងការបន្តអូសបន្លាយធ្វើបាតុកម្មដោយក្រុមមេដឹកនាំសហជីព បទវិភាគ៖ ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងការបន្តអូសបន្លាយធ្វើបាតុកម្មដោយក្រុមមេដឹកនាំសហជីព

វិវាទការងាររវាងអតីតបុគ្គលិក ជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយពេលជាង៩ខែមកហើយ គឺចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ មក ដែលករណីវិវាទនេះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ បានសម្រេចកាត់បន្ថយបុគ្គលិករបស់ខ្លួន ជាមួយនឹងការផ្តល់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ វិបត្តិជំងឺកូវីដ-១៩ ត្រូវបានគេដឹងថា ជះឥទ្ធិពលខ្លាំងជាងគេ លើវិស័យទេសចរណ៍ និងសេវាកម្សាន្ត។

បើយោងតាមប្រភពពីក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសារការបន្តធ្លាក់ចុះនៃភ្ញៀវ ព្រមទាំងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងនៃក្រុមហ៊ុន ឱ្យស្របតាមការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាលផ្សេងទៀត នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានជូនដំណឹងដល់សហជីព និងតំណាងនិយោជិតអំពីគម្រោងកាត់បន្ថយបុគ្គលិក នៅខណៈនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងធ្វើការកាត់បន្ថយបុគ្គលិកក្នុង១២ផ្នែក ដែលមានចំនួន ជាង ១៣០០នាក់ ហើយនឹងអនុវត្តសំណងឱ្យស្របតាមនីតិវិធីច្បាប់។

ទន្ទឹមនឹងនេះ ក៏មានបុគ្គលិកចំនួន ជិត ៣០០នាក់ ផ្សេងទៀត បានស្ម័គ្រចិត្តមកសុំលាឈប់ពីការងារដោយខ្លួនឯង ដែលធ្វើឱ្យចំនួនបុគ្គលិក ដែលត្រូវកាត់បន្ថយបានកើនដល់ ជាង ១៦០០នាក់។ ក្រុមហ៊ុនបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ជូនអតីតបុគ្គលិកទាំងជាង ១៦០០នាក់ ដែលក្នុងនោះជាង ១២០០នាក់ បានយល់ព្រមទទួលយក និងជាង ៣០០នាក់ទៀត មិនព្រមទទួលយកនោះឡើយ ទោះបីក្រុមហ៊ុនបានផ្ទេរប្រាក់ចូលគណនីធនាគារ របស់អតីតបុគ្គលិកម្នាក់ៗរួចហើយក្តី។ ដោយពួកគេបានទាមទារដាក់លក្ខខណ្ឌផ្សេងៗ ដូចជាតម្រូវឱ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ ទាមទារដំឡើងប្រាក់ខែ ៧% និងទាមទារបន្ថែមលក្ខខណ្ឌផ្សេងៗដែលមិនសមរម្យ និងមិនស្របតាមគោលការណ៍ច្បាប់ការងារ។ ការទាមទារបែបនេះ ត្រូវបានភាគីនិយោជកបដិសេដ ដែលបង្កនូវបាតុកម្មតវ៉ាអូសបន្លាយមកដល់បច្ចុប្បន្ននេះ។

តើចំណុចសំខាន់អ្វីខ្លះ ដែលយើងគួរស្វែងយល់ និងចាប់អារម្មណ៍ជុំវិញករណីវិវាទការងារមួយនេះ?

១- ការពិតនៅពីក្រោយសកម្មភាពបាតុកម្មនៅណាហ្គាវើលដ៍

ដើម្បីដឹងពីចេតនា និងគោលដៅពិតប្រាកដ ដែលក្រុមបាតុករបាននិងកំពុងធ្វើ យើងត្រូវចាប់ផ្តើមពីសំណួរថា តើហេតុអ្វីក្រុមបាតុករទាំងនេះ អាចបន្តធ្វើបាតុកម្មអូសបន្លាយរយៈពេលយូរបែបនេះបាន? តើពួកគេបានប្រភពថវិកាមកពីណា? និងតើគោលដៅពិតប្រាកដនៃបាតុកម្មនេះ គឺជាអ្វី?

បាតុកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានគេដឹងថា ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ និងបក្ខពួក។

យោងតាមក្រុមមន្ត្រីសហជីពឯករាជ្យ ដែលបានដឹងយ៉ាងច្បាស់ពីឧបាយកល និងយុទ្ធវិធី របស់មេដឹកនាំបាតុកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្នបាតុកម្មនេះ គឺបានដើរហួសបន្ទាត់ក្រហម នៃការទាមទារសិទ្ធិការងារ និងអត្ថប្រយោជន៍របស់អតីតបុគ្គលិក នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានបញ្ឈប់ពីការងារហើយ។

ក្រុមបាតុករបានធ្វើសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់ ដោយមានការរៀបចំពីអ្នកដឹកនាំ ដើម្បីកេងចំណេញ តាមគ្រប់រូបភាព បម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្តែងជាជនរងគ្រោះ ក្រោមរូបភាពផ្សេងៗ។

ជាក់ស្តែងខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ច អញ្ជើញពួកគេឱ្យឡើងរថយន្ត ទៅសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ពួកគេបែរជាចោទប្រកាន់ថា អាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សាលើពួកគេទៅវិញ។ នេះជាចេតនា បំភ័ន្តសាធារណមតិលើយន្តការច្បាប់ ខណៈដែលវិវាទនេះ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចរួចហើយ។

តាមប្រភពដដែលខាងលើ គឺបាតុកម្មនេះ មានផែនការ រចនាសម្ព័ន្ធដឹកនាំ និងការបណ្តុះបណ្តាលច្បាស់លាស់ ដោយក្រៅពីកម្លាំងបាតុករ និងមេបាតុករ ដែលអនុវត្តផ្ទាល់ គឺនៅមានការដឹកនាំបញ្ជាច្បាស់លាស់ ពីខាងក្រៅថែមទៀត។

ជាក់ស្តែងទន្ទឹមនឹងបាតុកម្មខាងក្នុងក៏មានបាតុកម្មគាំទ្រពីតាមបណ្តាប្រទេសនានា ដោយបណ្តាញសហជីពអន្តរជាតិទៀតផង។ ក្រៅពីរៀបចំផែនការយ៉ាងច្បាស់លាស់ បាតុកម្មនេះ ថែមទាំងមានការគាំទ្រថវិកាពីក្រៅប្រទេសជាបន្តបន្ទាប់ ដើម្បីចិញ្ចឹមសកម្មភាពបាតុកម្មខុស ច្បាប់នេះបន្តទៅមុខទៀត។

ពួកក្រុមបាតុករ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត ហើយបានយករាជរដ្ឋាភិបាល ធ្វើជាចំណាប់ខ្មាំង ក្រោមលេសទាមទារសិទ្ធិការងារ និងការពារផលប្រយោជន៍បុគ្គលិក។ ប៉ុន្តែទង្វើជាក់ស្តែង ពួកគេមិនស្តាប់ការសម្របសម្រួល របស់ស្ថាប័នមានសមត្ថកិច្ចដោះស្រាយជម្លោះឡើយ។

មួយវិញទៀត របៀបនៃការធ្វើបាតុកម្ម និងសញ្ញាផ្សេងៗ ដែលពួកគេប្រើប្រាស់ សុទ្ធសឹងតែមានការទាក់ទងនឹងបណ្តាញនៅបរទេស ដែលធ្លាប់បានប្រើប្រាស់ក្នុងការតវ៉ា និងផ្តួលរំលំរបបដឹកនាំនៅបណ្តាប្រទេសមួយចំនួន។

ជាមួយគ្នានេះ ពួកគេបានបន្តលាបពណ៌រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ថាបំបិទសិទ្ធិសេរីភាពរបស់ពួកគេ និងមិនគិតពីផលប្រយោជន៍របស់កម្មករនិយោជិត ដើម្បីញុះញង់ឱ្យសាធារណមតិយល់ច្រឡំ លើរាជរដ្ឋាភិបាល បង្កើតកំហឹងប្រឆាំងរដ្ឋាភិបាល តែធាតុពិតគឺពួកគេបាននិងកំពុងប្រើប្រាស់ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ជាលេសនយោបាយសុទ្ធសាធ។

អ្នកចូលរួមបាតុកម្មខ្លះ ត្រូវបានបោកប្រាស់ដោយក្រុមជនខិលខូច និងមេដឹកនាំសហជីព ដែលអះអាងថា ការពារផលប្រយោជន៍របស់អតីតបុគ្គលិក ប៉ុន្តែបានគេងចំណេញពីការចូលរួមបាតុកម្មរបស់អតីតបុគ្គលិក ដើម្បីផលប្រយោជន៍ក្រុមបក្ខពួកខ្លួន និងបម្រើនយោបាយបរទេសទៅវិញ។

បើសិនជាពួកគេពិតជាមានឆន្ទៈការពារសិទ្ធិ និងផលប្រយោជន៍អតីតបុគ្គលិកណាហ្គាវើលដ៍ ពិតប្រាកដ ពួកគេនឹងយកច្បាប់ប្រទេសមកដោះស្រាយ មិនមែនបន្តប្រមាថច្បាប់ និងទាមទារទាំងបំពាន រហូតដល់រៀបចំផែនការរុញបាតុកម្ម ឱ្យជល់នឹងកម្លាំងសមត្ថកិច្ច តាមរយៈវិធីសាស្ត្រសាច់កម្ម ឱ្យសមត្ថកិច្ចចាប់ខ្លួនបាតុករ ដើម្បីពួកគេងាយស្រួល នឹងអនុវត្តផែនការបន្តបន្ទាប់ទៀត របស់ចៅហ្វាយនាយរបស់ពួកគេ។

តាមប្រភពពីក្រុមមន្ត្រីសហជីពឯករាជ្យ បានបន្តឱ្យដឹងថា សកម្មជន និងសមាជិកសហជីព ដែលដឹកនាំបាតុកម្ម បានគម្រាមបាតុករផ្សេងទៀត មិនឱ្យទទួលយកដំណោះស្រាយដែលស្របតាមច្បាប់ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានរៀបចំផែនការផ្សេងៗដើម្បីបន្តបាតុកម្មនេះ។

ទាំងអស់នេះច្បាស់ណាស់ថា ពួកគេមិនអាចធ្វើអ្វីបានដោយខ្លួនឯងឡើយ តែមានការជួយជ្រោមជ្រែងពីក្រៅប្រទេស។ ក្រុមមេដឹកនាំបាតុកម្ម ធ្លាប់បានទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ លើការធ្វើបាតុកម្ម និងអ្នកដែលបណ្តុះបណ្តាលនោះ គឺជាបណ្តាញបរទេស ដែលជាតួអង្គសំខាន់មួយដែលតែងតែធ្វើសកម្មភាពនៅតាមបណ្តាប្រទេសនានា ក្នុងការផ្តួលរំលំរបបដឹកនាំ ដែលពួកគេមិនពេញចិត្ត ឬមិនបានដើរតាមបន្ទាត់នយោបាយរបស់ពួកគេ។

2- ការធ្វើសកម្មភាពបំពានកិច្ចសន្យា និងចចេសរឹងរូសមិនទទួលយកការសម្របសម្រួលតាមផ្លូវច្បាប់

ក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ច បានខិតខំរិះរកគ្រប់លទ្ធភាព និងបានសម្របសម្រួលជាច្រើនលើកច្រើនសារ ដើម្បីដោះស្រាយបញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្តែក្រុមបាតុករ មិនមានឆន្ទៈដោះស្រាយបញ្ចប់បញ្ហានោះឡើយ។ ពួកគេបានបន្តចេញធ្វើបាតុកម្មទាំងបំពានច្បាប់ និងមិនគោរពតាមកិច្ចសន្យា ដែលបានអះអាងក្នុងការសុំឱ្យដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន ដែលពួកគេទាំង11នាក់ បានស្នើសុំទៅសមត្ថកិច្ច។

តាមលិខិតសុំសិទ្ធិនៅក្រៅឃុំជាបណ្តោះអាសន្ន ពួកមេក្លោងបាតុកម្ម បានសន្យាថា រក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កឱកាសល្អក្នុងការចរចាជាមួយក្រុមហ៊ុន និងក្រសួង ឈានទៅស្វែងរកដំណោះស្រាយ និងការទូទាត់សំណងតាមផ្លូវច្បាប់។ ប៉ុន្តែពួកគេមិនបានគោរពតាមកិច្ចសន្យាទេ ដោយនៅតែបន្តដឹកនាំធ្វើបាតុកម្មខុសច្បាប់ដដែល បន្ទាប់ពីត្រូវបានដោះលែង។

ក្រុមបាតុករ នៅតែរក្សាការទាមទារ ដូចមុនការស្នើសុំនៅក្រៅឃុំដដែល ដែលជាការអនុវត្តផ្ទុយពីកិច្ចសន្យា ហើយអ្វីដែលគួរឱ្យសោកស្តាយ គឺពួកគេបែរជានៅតែទាមទារយកបុគ្គលិកចំនួន ជាង 300នាក់ ឱ្យចូលធ្វើការវិញដដែល ជាមួយនឹងការបញ្ជាក់ថា បើក្រុមហ៊ុនមិនទទួលទេ ពួកគេមិនសុខចិត្តជាដាច់ខាត។ នេះជាការដើរត្រឡប់ថយក្រោយវិញ ដែលការទាមទារនេះ គឺខាងនិយោជក មិនសុខចិត្តទទួលយក បុគ្កលិកទាំងនោះជាដាច់ខាត។

ក្រសួងការងារបានបញ្ជាក់ថា តាមច្បាប់ការងារ សិទ្ធិរបស់ថៅកែក្រុមហ៊ុន គឺអាចបញ្ឈប់បុគ្គលិកបាន ឱ្យតែដោះស្រាយតាមគោលការណ៍កំណត់ដោយច្បាប់ ហើយបើបុគ្គលិកកម្មករ មិនសុខចិត្តនឹងការបញ្ឈប់ ឬបណ្តេញចេញនោះ ពួកគេអាចមានសិទ្ធិប្តឹងទៅតុលាការ។

ករណីថៅកែបញ្ឈប់ពីការងារហើយ គឺគ្មានទេការអនុញ្ញាតឱ្យចូលធ្វើការងារវិញ គឺមានតែយល់ព្រមទទួលយកសំណងតែប៉ុណ្ណោះ ហើយបន្ទាប់ពីបញ្ឈប់ពីការងារ ពួកគេក៏គ្មានសិទ្ធិយកអ្នកថ្មីមកប្តូរជំនួសបានដែរ។

កន្លងមកពួកបាតុករ បានព្យាយាមលាបពណ៌ដើម្បីបញ្ឆេះកំហឹងសាធារណៈ ដោយចោទប្រកាន់ថា អាជ្ញាធរលំអៀងទៅរកក្រុមហ៊ុន ហើយពួកគេបានបំផុសព័ត៌មានបំពុលថា ក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិកជាង ៦០០នាក់ទៀត ដែលនឹងនាំឱ្យមានភាពច្របូលច្របល់។

ក្រៅពីបន្តធ្វើបាតុកម្មដោយខុសច្បាប់ លើសពីនេះពួកបាតុករ បានប្រើពាក្យសំដីអសីលធម៌ ញុះញង់បង្កហេតុ និងថែមទាំងបង្កហិង្សាមកលើសមត្ថកិច្ចទៀតផង។

៣- ការបង្កអសន្តិសុខ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ

តាមការបញ្ជាក់ពីមន្ត្រីមានសមត្ថកិច្ច ការប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម បំពានវិធានការរបស់អាជ្ញាធរ ព្រមទាំងផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាទង្វើខុសច្បាប់ ហើយបាននិងកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបំពាននូវវិធានការសុខាភិបាលស្តីពីការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលសាលារាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងឱ្យក្រុមបាតុករ ទៅបញ្ចេញមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីចៀសវាងការបង្កអសន្តិសុខ និងខូចសណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែក្រុមបាតុករ មិនត្រឹមតែមិនធ្វើតាមការណែនាំ ថែមទាំងជេរប្រមាថលើកងកម្លាំងមានសមត្ថកិច្ច ដែលចុះរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយព័ត៌មានបំភ្លៃចោទប្រកាន់ថា សមត្ថកិច្ចបានប្រើអំពើហិង្សាលើក្រុមបាតុករ ដែលនាំទៅរកការយល់ច្រឡំពីសាធារណៈមតិ អំពីស្ថានការណ៍ពិតប្រាកដនៃបាតុកម្ម ព្រមទាំងអាចនាំទៅរកការចលាចលណាមួយ ជាពិសេសគឺគៀកនឹងពេលវេលា ដែលកម្ពុជាកំពុងខិតជិតការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែដើមមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ការដឹកនាំ ធ្វើបាតុកម្ម ដោយនិយាយថា ជាការធ្វើកូដកម្ម និងបានយកផ្លូវសាធារណៈ និងសួន ធ្វើជាចំណាប់ខ្មាំង គឺជាចេទនាបំភ័ន្តសាធារណមតិ។ ជាងនេះទៅទៀត ក្រុមអ្នកតវ៉ា បានចោទប្រកាន់ថា ក្រុមហ៊ុនលុបបំបាត់សហជីព ដែលនោះជាការចោទប្រកាន់ដោយគ្មានភស្តុតាងទាល់តែសោះ។ ជាការពិតការសម្តែងមតិ ឬការទាមទារសិទ្ធិណាមួយ ត្រូវស្ថិតនៅក្រោមច្បាប់ជាធរមាន មិនអាចចេះតែទាមទារស្រេចតែចិត្តនោះទេ។

ជាមួយគ្នានេះដែរ មេសហជីពមិនមានអភ័យឯកសិទ្ធិទេ ប៉ុន្តែបច្ចុប្បន្នពួកគេបាននិងកំពុងធ្វើការតវ៉ា ដោយប្រើសិទ្ធិជាប្រធានសហជីពក្អេងក្អាង និងបំពានលើច្បាប់ការងារ។

៤- ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ នៅតែរក្សាជំហរបន្តដោះស្រាយដោយសន្តិភាពវិធី ជាមួយក្រុមបាតុករ

ក្រសួងការងារបានបញ្ជាក់ឱ្យដឹងថា កន្លងមក ក្រសួងបានខិតខំដោះស្រាយវិវាទនេះ ស្របតាមនីតិវីធីច្បាប់ ចាប់តាំងពីដំបូង រហូតដល់ពេលនេះ ដោយបានផ្សះផ្សាចំនួន៩លើករួចមកហើយ។ ក្រសួងបានបន្តនីតិវិធីនៃការចរចាសម្របសម្រួលដោយអញ្ជើញភាគីនិយោជិត និងភាគីនិយោជកមកប្រជុំដោះស្រាយបន្ត ប៉ុន្តែត្រូវបានភាគីនិយោជិតបដិសេដ។

ក្រសួងក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសហជីព និងអតីតបុគ្គលិក ឱ្យឈប់ធ្វើបាតុកម្ម ហើយងាកមករកការដោះស្រាយវិវាទរួមគ្នា ដោយបញ្ជូនរឿងនេះទៅតុលាការ។ ក្រសួងក៏បានសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការគណនាប្រាក់សំណងស្របតាមច្បាប់ និងតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបន្ថែមអត្ថប្រយោជន៍ខ្លះទៀត ដល់កម្មករនិយោជិតដែលត្រូវបានបញ្ឈប់។

ជាលទ្ធផល គឺក្រុមហ៊ុនបានឯកភាព និងបានអនុវត្តការទូទាត់សំណងថ្មី និងផ្តើមទូទាត់ប្រាក់បំណាច់អតីតភាពការងារក្នុង ឆ្នាំ២០២១ ឡើងវិញ។ បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី ១៥មីនា ២០២២ មានអតីតបុគ្គលិកចំនួន ជាង ១៥០នាក់ ក្នុងចំណោម ជាង ៣០០នាក់ បានយល់ព្រមទទួលយកសំណង។

នៅសល់ត្រឹម ជាង ២០០នាក់ប៉ុណ្ណោះ ដែលបន្តចចេសរឹងរូស។ ជាក់ស្តែង ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច បានខិតខំដោះស្រាយវិវាទនេះ តាមនីតិវិធីច្បាប់ ដោយឈរលើស្មារតី អត់ធ្មត់ និងយោគយល់ខ្ពស់បំផុត។ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលវឌ្ឍនភាពថ្មីៗនៃកិច្ចចរចា មិនត្រូវបានក្រុមបាតុករ ទទួលយកនោះឡើយ ព្រោះតែការញុះញង់ពីមេដឹកនាំសហជីពរបស់ពួកគេ។

គួរបញ្ជាក់ថា ការខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមក គឺដើម្បីផ្តល់ឱកាសឱ្យក្រុមបាតុករធ្វើការពិចារណា និងភ្ញាក់រលឹក ព្រោះថាអ្វីដែលល្អសម្រាប់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ នៅពេលនេះ គឺវិលទៅរកការចរចា ពិភាក្សាដោះស្រាយជម្លោះដោយសន្តិវិធី។ ពួកគេមិនគួរបន្តចាញ់បោកក្រុមសហជីពទៀតឡើយ។

ពួកមេក្លោងបាតុកម្ម គឺទទួលបានជំនួយសម្រាប់ចាយវាយពេញៗដៃ ប៉ុន្តែបងប្អូនអតីតបុគ្គលិកដែលកំពុងធ្វើបាតុកម្មតាមការរុញរបស់មេសហជីពវិញ គឺត្រូវជួបការលំបាក និងខាតបង់ទាំងពេលវេលា ដូច្នេះសូមទុកចិត្តលើស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហានេះ ហើយយកពេលវេលា និងថវិកា ទៅប្រកបមុខរបរចិញ្ចឹមជីវិតតទៅមុខទៀត៕

ពីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី

អត្ថបទទាក់ទង